ភ្នំពេញ ៖ លោក នី ណាក់ សកម្មជននិងជាគ្រូកសិកម្មមួយរូប ដែលតែងតែរិះគន់លើភាពអវិជ្ជមាននៃនយោ បាយរាជរដ្ឋាភិបាល ជាពិសេសលើវិស័យកសិកម្ម បច្ចុប្បន្នកំពុងជាប់គុកព្រៃស បានសរសេរលិខិតស្នេហាពីក្នុងគុក បញ្ជាក់ពីទំហំចិត្តនឹករលឹក និងសេចក្តីស្រឡាញ់ចំពោះភរិយា ដោយបញ្ជាក់ថា “បងស្រឡាញ់អូន នឹកអូនគ្រប់ដង្ហើម”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកនី ណាក់ ដែលកំពុងជាប់គុកព្រៃស បានសរសេរលិខិតដោយផ្ទាល់ដៃ ចំនួន ២ទំព័រ ផ្ញើជូនភរិយារបស់លោក ហើយត្រូវបានភរិយារបស់លោក យកមកបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកនី ណាក់ ជាមួយសំណេរឆ្លើយតបទៅស្វាមីលោកស្រីថា “រាល់លើកដែលអូនទៅជួប សួរសុខទុក្ខប្តី បងតែងប្រាប់ថា បងមិនអីទេ បងសុខសប្បាយ បងមិនកើតអ្វីឡើយ តែអូនដឹងតាមរយៈកែវភ្នែក និងរូបរាងស្គមស្គាំងរបស់បង។ ចង់ប្រាប់ថា អូនមានមោទកភាពដែលមានបងជាបង…”។
ចំពោះលិខិតស្នេហា ចំនួន២សន្លឹក (ទំព័រសៀវភៅសរសេរ) ដែលលោកនី ណាក់ បានសរសេរផ្ទាល់ដៃ នៅក្នុងពន្ធនាគារ ផ្ញើជូនភរិយាជាទីស្រឡាញ់របស់លោកនោះ មានខ្លឹមសារថា “ចំណារដួងចិត្តរបស់ប្តីដែលនឹករលឹកប្រពន្ធ “ណាក់ ស្រលាញ់ណែត” ៖ បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបងធ្លាប់ច្រៀងឱ្យអូនស្តាប់ គីបទ “នឹកគ្រប់វេលា” បានបកស្រាយអស់ហើយនូវទឹកចិត្តរបស់ប្តីដែលនឹកដល់ឧត្តមភរិយារបស់បង គឺអូនណែត! ក្តីស្នេហ៍ដ៏ស្មោះសរ ចិត្តស្រឡាញ់ដ៏ធំធេងដូចចក្រវាលរបស់បង ដែលមានសម្រាប់អូន គឺនៅតែមានយ៉ាងពេញលេញ និងថែមទាំងកើនទ្វេលើសមុន បន្ទាប់ពីបងឃ្លាតចាកឆ្ងាយពីអូន មកនៅក្នុងគុក ចាប់ពីថ្ងៃ០៥ មករា ២០២៤ មកដល់ថ្ងៃនេះ គឺប្រាំពីរខែ ហើយណាប្រពន្ធសម្លាញ់។ មួយថ្ងៃ នៅក្នុងគុក វាយូរសែនយូរ ស្ទើរស្មើដប់ថ្ងៃ នៅខាងក្រៅ ប្តីរងទុក្ខលំបាកច្រើន រៀបរាប់មិនអស់ ដូចអូនបានដឹងហើយ ឃេញប្តីស្គម ស្រក 13kg គឺជាភ័ស្តុតាងស្រាប់ ប៉ុន្តែប្តីនៅតែរឹងមាំ នៅតែតស៊ូ ព្រោះតែបងតែងទទួលបាននូវការយក ចិត្តទុកដាក់ពីអូន ក្នុងការផ្តល់នូវកម្លាំងចិត្តដល់បង វាធ្វើឱ្យបងមានសង្ឃឹមយ៉ាងមុតមាំថា បងប្រាកដជាអាចត្រឡប់ទៅផ្ទះវិញ ដើម្បីមើលថែ ថ្នាក់ថ្នមភរិយារបស់បងយ៉ាងល្អបំផុត តបស្នងអំពើល្អ និងការលះបង់គ្រប់បែបយ៉ាងរបស់អូន ដើម្បីបង កន្លងមក»។
លិខិតលោកនី ណាក់ បន្តថា «លិខិតនេះខ្លីណាស់ បងមិនអាចរៀបរាប់អ្វីបានឡើយ! បងមានតែពាក្យយ៉ាងខ្លី គឺ “បងស្រឡាញ់អូនខ្លាំងណាស់” ណែត បងអើយ…! សូមអូនរឹងមាំ សូមអូនថៃរក្សាខ្លួនឱ្យបានល្អណាអូន! បងសុំទោសដែលមិនបានមើលថែអូន ក្នុងពេលកន្លងមក។ មានតែការជូនពរដល់អូន សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយឃុំគ្រងថែរក្សាអូន បានសុខ សុវត្ថិភាពគ្រប់ពេលវេលា។ ប្តីសន្យាចំពោះអូនថា ប្តីរឹងមាំ ស្វាហាប់ មើលថែខ្លួនឯងឱ្យបានល្អ មិនឱ្យអូនបារម្ភឡើយ។ បងសង្ឃឹមយ៉ាងមុតមាំថា អូនអាចមើលខុសត្រូវលើគ្រួសាររបស់ពួកយើងបានយ៉ាងល្អ ជាក់ជាមិនខានឡើយ។ បងផ្តាំសួរសុខទុក្ខលោកប៉ា និងសាច់ញាតិនៅសៀមរាប ផងណា! នឹកអូនគ្រប់បង្ហើម! ណាក់…”។
សូមរំលឹកថា លោក នី ណាក់ ដែលជាសកម្មជន និងជាគ្រូកសិកម្ម ដែលតែងបង្ហោះពីចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល ដោយបើកចំហ ជាពិសេសលើវិស័យកសិកម្ម លោកធ្លាប់ត្រូវបានជាប់ឃុំនៅពន្ធនាគារ ២លើកម្ហើយ រាប់ទាំងលើកនេះ និងមិនជាប់គុកលើកទី២នេះ លោកត្រូវបានគេវាយតាមដងផ្លូវ បណ្តាលឲ្យបែកក្បាល បែកមុខបែកមាត់ មុននឹងត្រូវបានអាជ្ញាធរចាប់ខ្លួន ជាលើកទី២ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង”៕