Sunday, January 19, 2025
Homeសង្គម និងជីវិតតួយ.../ក្សល្ខោនបាសាក់ ប្រកាសលក់ គំនូរកណ្តៀរស៊ី ១០០០ដុល្លារ

តួយ…/ក្សល្ខោនបាសាក់ ប្រកាសលក់ គំនូរកណ្តៀរស៊ី ១០០០ដុល្លារ

ភ្នំពេញ ៖ តួយក្សល្ខោនបាសាក់ កញ្ញា វន ឆវី បានប្រកាសលក់គំនូររបស់នាង ដែលទុកចោលយូរឆ្នាំ កណ្ដៀរស៊ី ក្លាយជាសិល្បៈថ្មីប្លែក ក្នុងតម្លៃ ១០០០ដុល្លារ ។

 កញ្ញា វន ឆវី បានបង្ហោះរូបគំនួវកណ្ដៀរស៊ី នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់នាង ភ្ជាប់ជាមួយសំណេរថា “សួស្ដីពុកម៉ែបងប្អូន នេះជាស្នាដៃគំនូររបស់ខ្ញុំ ហើយខ្ញុំនឹងដាក់លក់ក្នុងតម្លៃ 1000$ ក្រោយពីត្រូវបានកណ្ដៀរកោរ ក្លាយជាសិល្បៈថ្មីប្លែក បើបងប្អូនពេញចិត្ដ ទំនាក់ទំនងមកខ្ញុំបាន សូមអរគុណ“ ។

 បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ កញ្ញា វន ឆវី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ថា រូបគំនូរបែបកូននេនសើច បន្ថែមដោយកំណាព្យប៉ុន្មានល្បះ និយាយពីស្រា នៅខាងលើនោះ នាងបានគូរ តាំងពីឆ្នាំ២០១៩ មកម៉្លេះ ដែលគិតមកទល់ពេលនេះ មានរយៈពេល ៥ឆ្នាំហើយ ។ នាងថា របស់ដែលកណ្ដៀរកោរ កណ្ដុរកាត់ ដាក់លក់ក្នុងតម្លៃថ្លៃបែបនេះ មានអ្នកខ្លះសើចហើយ ប៉ុន្តែសម្រាប់អ្នកសិល្បៈដូចគ្នា អត់សើចទេ ព្រោះជាស្នាដៃថ្មីប្លែក ហើយច្នៃប្រឌិត ។ តាមពិតទៅ គំនូរនេះ នាងបានដាក់តាំងនៅផ្ទះទេ សម្រា ប់ពេលនាងចេញចូល ឃើញកូននេនសើចទៅ (រូបក្នុងគំនូរ) នាងមានស្នាមញញឹម ដោយសារនាងកាន់ព្រះពុទ្ធសាសនាផង ហើយពេលឃើញកូននេន សើចអស់ពីចិត្តអ៊ីចឹងទៅ វាមានបរិសុទ្ធនៅក្នុងហ្នឹង ។

 កញ្ញា វន ឆវី បានបញ្ជាក់ថា “វាត្រូវទឹកភ្លៀង ខ្ញុំមកភ្នំពេញទៅ ខ្ញុំអត់បានយកគំនូរហ្នឹងមកតាម ដល់ពេលមានអ្នកមើលទៅ ស្រាប់តែកណ្ដៀរ វាចូលស៊ី ប៉ុន្តែវាច្នៃទៅជាសិល្បៈមួយថ្មី ប៉ុន្តែគំនូរហ្នឹង ខ្ញុំអត់ទាន់បានដាក់ស៊ុម រៀបចំឡើងវិញទេ ដោយសារយើងត្រូវការជួសជុលឡើងវិញ គឺយើងអត់គូរឡើងវិញទេ ប៉ុន្តែយើងដាក់ឲ្យមានរបៀប ហើយយើងដាក់ស៊ុមថ្មីអ៊ីចឹង ប៉ុន្តែក្នុងលក្ខណៈថា រូបភាពកណ្ដុរកាត់ហ្នឹង គឺនៅដដែល វាជាសិល្បៈថ្មីប្លែកមួយ ។ វាមិនខុសពីបរទេសដែលមានសិល្បករម្នាក់ គាត់គូររូបបានហើយ គាត់យកឡានបង្កប់ក្នុងហ្នឹង ហើយដល់ពេលគេដេញថ្លៃគំនូរទៅ បានតម្លៃខ្ពស់ ។ អ៊ីចឹងចំពោះរូបគំនួរ គេត្រូវការអ្វីដែលថ្មីប្លែកខុសគេហើយ យខ្លឹមសារគំនូរហ្នឹង ខ្ញុំគូរបែបស្រស់ស្រាយ មើលទៅឃើញស្នាមញញឹមទៅ មានក្ដីសុខ ។ ដល់ពេលកណ្ដៀរ​ស៊ីអ៊ីចឹងទៅ មានរូបភាពថ្មីចូលក្នុងហ្នឹង អាហ្នឹងយើងអាចពិចារណាដោយខ្លួនឯង យើងអាចគិតដោយខ្លួនឯង“ ។

 យ៉ាងណា កញ្ញា វន ឆវី បង្ហើបប្រាប់ថា ក្រោយការប្រកាសដាក់លក់គំនូរនេះ ក្នុងតម្លៃ១០០០ដុល្លារ មិនទាន់មានអ្នកទាក់ទងមកទិញជាផ្លូវការទេ តែមានអ្នកខ្លះទាក់ទងមកបន្ថោកតម្លៃថា ៣ដុល្លារ បានហើយ ដែលធ្វើឲ្យនាងជាម្ចាស់គំនូរ បានឮហើយ មានការអស់សំណើចដែរ និងគិតថា ហាក់ដូចជាមិនឲ្យតម្លៃដល់ស្នាដៃរបស់នាង ។ ប៉ុន្តែមិនថ្វីទេ នាងគ្រាន់តែបង្ហោះឲ្យគេបានឃើញ បើចាប់អារម្មណ៍ ចង់ទិញ នាងក៏លក់ឲ្យទៅ តែបើគ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកទិញទេ នាងនឹងទុកគំនូរសម្រាប់ដាក់តាំងពិព័រណ៍ នាពេលខាងមុខ ដើម្បីឲ្យបានឃើញស្នាដៃគំនូររបស់នាង បន្ថែមលើជំនាញសិល្បៈល្ខោនបាសាក់ ។

 ក្នុងចំណុចនេះ កញ្ញា វន ឆវី គិតថា សម្រាប់តម្លៃ ១០០០ដុល្លារ នៃគំនូររបស់នាងនេះ អត់ថ្លៃទេ ព្រោះគំនូរ មានតែមួយ ហើយដោយសារនាងជាអ្នកសិល្បៈបុរាណ ដែលមានកេរ្តិ៍ឈ្មោះស្រាប់ហើយ ទាំងផ្នែកល្ខោនបាសាក់ និងផ្នែកគំនូរ ។ អ៊ីចឹងបើចំពោះសិល្បករ គេឲ្យតម្លៃទៅលើផ្នែកអ្វីដែលអ្នកសិល្បៈបានធ្វើ តែនៅក្នុងប្រទេសយើង រាងពិបាកបន្តិច ដោយសារមហាជនអត់សូវយល់អំពីតម្លៃនៃសិល្បករ ទើបពួកគាត់ឃើញថាថ្លៃ ក៏គិតថា វាមិនសមតម្លៃ ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើសម្រាប់បរទេស ហ៊ានឲ្យតម្លៃលើគំនូររបស់នាងមួយនេះ ដូចដែលនាងចង់បាន នាងប្រហែលជាអត់សាញទេ នឹងលក់គំនូរនេះទៅឲ្យបរទេស ។

  កញ្ញា វន ឆវី បញ្ជាក់បន្ថែមថា “សម្រាប់ការគូរគំនូរហ្នឹង អត់ច្បាស់ដែរ ប្រហែល ៥ថ្ងៃ ទៅ ១អាទិត្យ ព្រោះកាលហ្នឹងប្រិតប្រៀន ព្រោះយើងចំណាយពេលយូរ ព្រោះកាលហ្នឹងអត់ទាន់ចេះស្ទាត់ផង ហើយគូរហ្នឹង គឺព្យាយាមគូរឲ្យល្អ ហើយស្រលាញ់មែនទែនគំនូរហ្នឹង ។ សម្រាប់ខ្ញុំ ពេលមើលគំនូរហ្នឹង ខ្ញុំមានក្ដីសុខ ហើយកំណាព្យហ្នឹង និយាយពីស្រា ដល់ពេលកណ្ដៀរកោរទៅ វាដាច់អក្សរខាងលើមួយចំនួនធំ ខាងក្រោមនៅប៉ុន្មានឃ្លា ដូចជា ៣ឃ្លា នៅល្អ ចំណែកប៉ុន្មានឃ្លាទៀត គឺខូចខ្លះ តែទាល់តែចាំនឹងមាត់ ទើបអានបានចេញ តែឥឡូវភ្លេចបាត់ហើយ ។ ប៉ុន្តែកំណាព្យហ្នឹង អប់រំកុំឲ្យផឹកសា្រ ព្រោះស្រា អត់មានផលប្រយោជន៍អីនៅក្នុងសង្គម ឬក៏នៅក្នុងធនធានមនុស្សទេ ។ ពេលអានកំណាព្យហ្នឹង បានយើងយល់ដឹងថា ស្រា វាអត់មាននាំផលប្រយោជន៍សោះមកកាន់យើង ស្រានាំកាប់ចាក់ឯណាឯណីអ៊ីចឹងទៅ ស្រានាំខូចអីណាណីអ៊ីចឹងទៅ គឹច្រើន ខ្ញុំភ្លេចឃ្លាចកំណាព្យដែលខ្ញុំសរសេរក្នុងហ្នឹងហើយ តែកំណាព្យហ្នឹង ជាកំណាព្យគេទេ មិនមែនជាកំណាព្យខ្ញុំទេ ព្រោះខ្ញុំឃើញឃ្លាអត្ថបទកំណាព្យហ្នឹងល្អ ក៏ខ្ញុំយកមកដាក់ចូលក្នុងគំនូររបស់ខ្ញុំហ្នឹងទៅ ព្រោះវាស័ក្ដិសមជាមួយរូបបែបពុទ្ធសាសនា កូននេន សើចអ៊ីចឹង“ ។

 ចុងក្រោយ កញ្ញា វន ឆវី តួយក្សល្ខោនបាសាក់ និងជាអ្នកសិល្បៈគំនូរម្នាក់ បានផ្ដាំផ្ញើថា គួរតែនាំគ្នាជួយលើកស្ទួយសិល្បៈគំនូរ ឲ្យដូចបរទេសដែលគេបានឲ្យតម្លៃទៅលើគំនូរ ឲ្យតម្លៃទៅលើអ្វីជាការច្នៃប្រឌិតថ្មីប្លែក ដោយកុំគិតថា នាងដាក់លក់គំនូរកណ្ដៀរស៊ី ក្នុងតម្លៃ១០០០ដុល្លារ ជាគំនិតឆ្កួតៗនោះ ព្រោះសិល្បៈគំនូរ ជាទម្រង់សិល្បៈមួយ ដែលមិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់ទេ ហើយមកដល់ពេលនេះ នាងឃើញប្រទេសយើងមានវិចិត្រករ ឬសិល្បករផ្នែកគំនូរច្រើនដែរ គ្រាន់តែទីផ្សារគំនូរនៅចង្អៀតនៅឡើយ ដូច្នេះហើយទើបនាងចង់ឲ្យលើកស្ទួយ ឲ្យតម្លៃសិល្បគំនូរទាំងអស់គ្នា ហើយសិល្បៈគ្រប់ទម្រង់ ក៏គួរតែលើកស្ទួយ ថែរក្សាដែរ ដើម្បីកុំឲ្យបាត់បង់ ៕ កុលបុត្រ

RELATED ARTICLES