ភ្នំពេញ ៖ បុរសម្នាក់រួមនិងបុរសម្នាក់ទៀតត្រូវជាភក្តិរួមការងារជាមួយគ្នាបានបបួលគ្នាទៅច្រៀង ខារ៉ាអូខេដល់ពេលផឹកស្រាបៀរអស់មួយកេះពេលគិតលុយឈ្លោះប្រកែកគ្នាដេញវៃគ្នាផ្អើល ពេញផ្លូវត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនទាំងសងខាងយកទៅសួរនាំ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅមុខផ្ទះលេខ៦ហ្សិត ស្ថិតនៅក្នុងក្រុម៧៧ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសទាំង២នាក់ឈ្លោះប្រកែកគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១មានឈ្មោះ ចាន់ វណ្ណរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអ្នកជួសជុលអគ្គិសនីនិងប្រចាំនៅខារ៉ាអូខេរ៉ូមេនទិច ស្នាក់នៅផ្ទះលេខ១៨៤ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងឈ្មោះកៅ យាន់ស៊ាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាបុគ្គិលិកនៅខារ៉ាអូខេរ៉ូមេនទិច ស្នាក់នៅផ្ទះជួលផ្លូវ៤៨០កែង ផ្លូវ១៥៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុពួកគេទាំង២នាក់ត្រូវជាមិត្តរួមការងារជាមួយគ្នាហើយក៏បានបបួលគ្នាទៅច្រៀងខារ៉ាអូខេយីហោបៀរស្តេសិននៅម្តុំផ្សារដើមថ្កូវ តាំងពីម៉ោង៩ព្រឹករហូតដល់ម៉ោងកើតហេតុខាងលើបុរសឈ្មោះ កៅ ហាន់ស៊ាន បានហៅគិត លុយ ប៉ុន្តែឈ្មោះ រាជ វណ្ណរ៉ា គាត់មិនព្រមជួយចេញលុយទេចង់រត់គេចខ្លួន ធ្វើឲ្យពួកគេទាំង២ នាក់បានឈ្លោះប្រកែកគ្នាមួយប្រាវនៅក្នុងខារ៉ាអូខេក៏បុរសឈ្មោះកៅ យាន់ស៊ាន ដឹងថាបុរសឈ្មោះ ចាន់ វណ្ណរ៉ា បានចាំនៅខាងក្រៅចាំកាក់វ៉ៃទើបគាត់យកទុលឡឺវីសយកមកទុកនៅក្នុងកែបម៉ូតូម៉ាក Nex ពណ៌ក្រហមលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BE1087 ខណៈពេលចេញមកក្រៅកំពុងតែជិះតាមផ្លូវក៏បុរសឈ្មោះ
ចាន់ វណ្ណរ៉ា គាត់យកមួកសុវត្ថិភាពដេញវ៉ៃត្រូវឈ្មោះកៅ ហាន់ស៊ាន យកទុលឡឺវីសយក
មកចាក់ចំដៃខាងស្តាំ បណ្តាលអោយរងរបួសយ៉ាងដំណំ ភ្លាមៗនោះដែរនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះទៅអន្តរាគមន៍ភ្លាមៗនិងឃាត់ភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់។
ក្រោយពេលកើតហេតុបុរសទាំង២នាក់នោះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវ ៕ ឥន សាន់ស៊ីដេត