ភ្នំពេញ ៖ កាលពី ៥៤ឆ្នាំមុន គឺក្នុងខែសីហា ឆ្នាំ១៩៧០ មានបទសម្ភាសន៍របស់ទូរទស្សន៍មួយដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន ជាមួយយុវតីម្នាក់ ឈ្មោះគីម ស៊ីថាណារី អាយុ ១៩ ឆ្នាំ ជាសិស្សត្រៀមប្រឡងបាក់ឌុប នៃវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ដែលនាងបានស្ម័គ្រចិត្តចូលធ្វើជាយុទ្ធនារី កាន់អាវុធការពារជាតិ អំឡុងពេលចលាចលក្នុងប្រទេស ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីអំណាច ហើយចំពេលមានការគំរាមកំហែងខ្លាំងឡើងនៃកងកម្លាំងវៀតណាមខាងជើង និងវៀតកុង។ បទសម្ភាសន៍នោះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ដោយមើលឃើញនូវភាពក្លាហានរបស់យុវតី គីម ស៊ីថាណារី ជាពិសេសការនិយាយភាសាអង់ គ្លេសរបស់នាង បានយ៉ាងល្អ។ ប៉ុន្តែបន្ទាប់ពីនោះមក គេពុំបានដឹងថា ខ្សែជីវិតយុទ្ធនារីវ័យក្មេងរូបនេះ ទៅជាយ៉ាងណានោះទេ ស្រាប់តែមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ មានការបង្ហាញមុខអតីតយុទ្ធនារីដ៏ក្លាហានរូបនេះជាថ្មី ដែលពេលនេះ គាត់បានប្រែរូបឆោម ក្លាយជាស្ត្រីចំណាស់ម្នាក់ ដែលមានវ័យ ៧៤ឆ្នាំ បានទៅរស់នៅឯទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ហើយពេលនេះបាន មកលេងមាតុភូមិកម្ពុជា ។
យោងតាម លោក អែនឌី ប៊្រូវើរ (Andy Brouwer) អ្នកស្រាវជ្រាវឯករាជ្យ ជាជនជាតិអាមេរិក បាបញ្ជាក់ថា លោកបានជួបលោកស្រី គីម ស៊ីថាណារី នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ លោកអែនឌី ប៊្រូវើរ បានឱ្យដឹងថា បន្ទាប់ពីគាត់ចាកចេញពីប្រទេសកម្ពុជា ដោយបង្ខំ នៅដើមឆ្នាំ១៩៧២ ដោយសារតែការគំរាមកំហែងពីវៀតណាមខាងជើង លោកស្រី គីម ស៊ីថាណារី បានទៅតាំងលំនៅថ្មី នៅលើទឹកដីសហរដ្ឋ អាមេរិក នៅវ៉ាស៊ីនតោន ឌីស៊ី។ អ្នកស្រី គីម ស៊ីថាណារី បានជួបជុំជាមួយបងស្រីវិញ ហើយបានបន្តការសិក្សា និងបានរៀបការជាមួយសង្សារនៅវិទ្យាល័យ មានកូនពីរនាក់។
លោក អែនឌី ប៊្រូវើរ បានឲ្យដឹងថា បទសម្ភាសដែលធ្វើឡើងដោយលោក លូ ហ្គាដណឺរ (Llew Gardner) ជាមួយយុវនារី គីម ស៊ីថាណារី កាលពីខែសីហា ឆ្នាំ១៩៧០ នោះ ធ្វើឡើងដោយអ្នកយកព័ត៌មានទូរទស្សន៍ ថេមស៍ (Thames) របស់អង់គ្លេស សម្រាប់កម្មវិធី «This Week» បង្ហាញពីការត្រៀមខ្លួនរបស់យុវតី គីម ស៊ីថាណារី ក្នុងឆន្ទៈការពារប្រទេសរបស់នាង។
នៅមុខកាមេរ៉ានៃបទសម្ភាសន៍ អំឡុងពេលហ្វឹកហាត់មួយ យុវតី គីម ស៊ីថាណារី និងមិត្តរួមថ្នាក់ បានកាន់កាំភ្លើងវែង និងហាត់សមយុទ្ធដោយនាយទាហានកុម្មង់ដូ។ នៅពេលត្រូវសួរអំពីឆន្ទៈក្នុងការប្រយុទ្ធ យុវតី គីម ស៊ីថាណារី ដែលអាចស្តាប់ និងនិយាយភាសាអង់គ្លេស បានល្អ នាងបានឆ្លើយតបដោយក្លាហានថា នាងបានត្រៀមខ្លួនរួចស្រេច ដើម្បីប្រឆាំងពួកវៀតកុង បើចាំបាច់។ ស៊ីថាណារី កើតនៅបាត់ដំបង ហើយក្រោយមក បានមករស់នៅនិងបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ក្រោយពីនោះមក គេមិនដឹងអំពីជោគវាសនារបស់យុទ្ធនារីរូបនេះ ក្នុងអំឡុងឆ្នាំបន្តបន្ទាប់ ជាពិសេសក្នុងសម័យខ្មែរក្រហម ប្រល័យពូជសាសន៍នោះទេ ទើបតែមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ មានការទម្លាយចេញដ៏គួរឲ្យភ្ញាក់ផ្អើលពីលោក អែនឌី ប៊្រូវើរ (Andy Brouwer) អ្នក ស្រាវជ្រាវឯករាជ្យ ជាជនជាតិអាមេរិក ថាលោកបានជួបលោកស្រី គីម ស៊ីថាណារី នៅរាជធានីភ្នំពេញ ដែលពេលនេះលោកស្រីមានអាយុ ៧៤ឆ្នាំហើយ។
លោកអែនឌី ប៊្រូវើរ (Andy Brouwer) បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ថា «ខ្ញុំរីករាយណាស់ដែលបានជួបផ្ទាល់នៅថ្ងៃនេះ មិនមែនអ្នកណាក្រៅពី ស៊ីថាណារី គីម ជាក្មេងជំទង់ដែលមានទំនុកចិត្តលើខ្លួនឯងនៅពេលនោះ ដែលត្រូវបានសម្ភាសដោយទូរទស្សន៍អង់គ្លេស ក្នុងឆ្នាំ១៩៧០។ ទំនុកចិត្តខ្ពស់បំផុតរបស់នាង និងអាកប្បកិរិយាមិនរញ៉េរញ៉ៃ រួមជាមួយនឹងការយល់ច្បាស់ពីភាសាអង់គ្លេសរបស់នាង បានធ្វើឱ្យមានផលប៉ះពាល់ដល់អស់អ្នកដែលបានឃើញការសម្ភាសន៍ រយៈពេលប្រាំនាទី។ មនុស្សជាច្រើន រួមទាំងខ្ញុំផ្ទាល់ផងដែរ ចង់ដឹងថាតើ ស៊ីថាណារី បានរស់រានមានជីវិតពីភាពច្របូក ច្របល់នៃទសវត្សរ៍ឆ្នាំ១៩៧០ នៅកម្ពុជា ដែរឬទេ? នាងបានធ្វើ ប៉ុន្តែសម្ភាសន៍តាមទូរទស្សន៍នោះ នឹងមានឥទ្ធិពលដល់ជីវិតដែលនៅសល់របស់នាង។ នេះជារឿងរបស់នាង ហើយខ្ញុំ នឹងបង្ហោះវីដេអូឡើងវិញ នៅល្ងាចនេះ ៖
ទំនុកចិត្តរបស់យុវតី ស៊ីថាណារី គីម មានអាយុ ១៩ឆ្នាំ ហើយនៅក្នុងឆ្នាំសិក្សារបស់គាត់ នៅវិទ្យាល័យបឹង ត្របែក ក្នុងទីក្រុងភ្នំពេញ ដើម្បីត្រៀមប្រលងបាក់ឌុប (សញ្ញាបត្រមធ្យមសិក្សាទទុតិយភូមិ) នៅពេលអ្នកយកព័ត៌មានរបស់ទូរទស្សន៍ Thames សម្រាប់វិធី «This Week» (សប្តាហ៍នេះ) លោក Llew Gardner និងអ្នកថតរូបរបស់គាត់ បានថត ស៊ីថាណារី នាងនិងមិត្តភក្តិរួមសាលា ចូលរួមក្នុងការហាត់សម កាន់កាំភ្លើង និងការប្រើយុទ្ធវិធីតាមបែបកុម្មង់ដូ ( Commando)។ វាជាពេលវេលាមួយក្នុងប្រវត្តិសាស្ត្រ ខែសីហា ឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ បានដឹកនាំរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ហើយកងទ័ពវៀតណាមខាងជើង និងវៀតកុង បានគ្រប់គ្រងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ អ្នកយកព័ត៌មាន បានផ្តោតទៅលើសំណួររបស់គាត់ ចំពោះក្មេងស្រីជំទង់ ស៊ីថាណារី ដោយសារតែភាសាអង់គ្លេសរបស់នាង គឺពិតជាពិសេស នាងអាចស្តាប់ និងនិយាយដោយឯកឯង ដោយមិនចាំបាច់មានការបកប្រែអ្វីទាំងអស់ ខណៈដែលនាងសារភាពដោយក្លាហានថា នាងត្រៀមខ្លួនជាស្រេច ដើម្បីសម្លាប់សត្រូវដែលការយល់ឃើញរបស់នាង គឺពួកវៀតកុង។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់នាង ក្នុងការការពារប្រទេស ជាទីស្រឡាញ់របស់នាង ពីការឈ្លានពាន។ ស៊ីថាណារី កើតនៅបាត់ដំបង ប៉ុន្តែរស់នៅទីក្រុងភ្នំពេញ ជាមួយបងប្អូនប្រុសស្រី ៤នាក់ ចំណែកឪពុកឈ្មោះ កង សាំង សម្ភព-រោគស្ត្រី និងម្តាយ ជាស្ត្រីមេផ្ទះ រស់នៅខេត្តប៉ៃលិន។ ភាសាអង់គ្លេស ដ៏ល្អឥតខ្ចោះរបស់នាង ត្រូវបានអភិវឌ្ឍ ដោយការរស់នៅសហរដ្ឋអាមេរិក ជាមួយពូរបស់នាង ដែលជាអ្នកការទូត អស់រយៈពេល ៤ឆ្នាំ ចាប់ពីអាយុ ៩ឆ្នាំ។ ពេលត្រឡប់មកផ្ទះវិញ នាងបានសិក្សានៅសាលាភាសាអង់គ្លេស-ខ្មែរ នៅក្នុងទីក្រុងភ្នំពេញ ដែលភាសាអង់គ្លេស ជាភាសាចម្បង ទោះបីជានាងក៏អាចសរសេរ និងនិយាយភាសាបារាំង បានផងដែរ។ ទោះយ៉ាងណាក៏ដោយ នៅដើមឆ្នាំ១៩៧២ ជីវិតរបស់នាង នឹងផ្លាស់ប្តូរជារៀងរហូត។ នាងត្រូវបានគេប្រាប់ថាជន ជាតិវៀតណាមខាងជើង កំពុងតាមប្រមាញ់នាង ដោយសារតែបទសម្ភាសន៍តាមទូរទស្សន៍ ហើយនាងត្រូវចាកចេញពីប្រទេសកម្ពុជា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង។ ខណៈដែល ស៊ីថាណារី បានចេញទៅរស់នៅម្នាក់ឯង ក្នុងជីវិតថ្មី នៅសហរដ្ឋអាមេរិក នាងមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគ្រួសារ មិត្តភក្តិក្នុងសាលា និងបងប្អូនខ្មែរ ក្នុងគ្រាដ៏អាក្រក់នៃទសវត្សរ៍ដែលនៅសល់»។
លោកអែនឌី ប៊្រូវើរ (Andy Brouwer) បានបន្តថា «ពេលមកដល់វ៉ាស៊ីងតោន ឌីស៊ី (Washington DC) សហរដ្ឋអាមេរិក ក្នុងនាមជានិស្សិត ដើម្បីចូលរួមជាមួយបងស្រីរបស់នាង នាងបានផ្លាស់ប្តូរលំនៅជាបន្តបន្ទាប់ រវាងអាលីងតុន (Arlington) រដ្ឋម៉ារីឡែនដ៍ (Maryland) និងរដ្ឋផ្លរីដា (Florida) អស់រយៈពេល ១៨ឆ្នាំ ហើយបន្ទាប់មក នាងបានត្រលប់ទៅម៉ារីឡែនដ៍ (Maryland) វិញ។ បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិក បានតែ ២ឆ្នាំ នាងបានរៀបការជាមួយសង្សារកាលនៅវិទ្យាល័យរបស់នាង (ឈ្មោះដើមរបស់នាង គឺ ស៊ីថាណារី គង់) ហើយពួកគេមានកូនពីរនាក់ ប្រុសម្នាក់ ដែលធ្វើការនៅធនាគារពិភពលោកជាចុងភៅ និងកូនស្រីម្នាក់ ធ្វើការនៅក្រុមហ៊ុន Apple ។ ប្រវត្តិការងាររបស់នាងផ្ទាល់គឺខុសគ្នាគួរសម។ នាងបានធ្វើការនៅក្នុងហាងលក់រាយសម្លៀកបំពាក់ ជាអ្នកបកប្រែ និងអ្នកបកប្រែសម្រាប់សកលវិទ្យាល័យ សេវាកម្មបដិសណ្ឋារកិច្ចក្នុងសណ្ឋាគារ និងជាបុគ្គលិករដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងបើកភោជនីយដ្ឋានខ្មែរ នៅ ទីក្រុង ចចថោន (Georgetown) រដ្ឋវ៉ាស៊ីងតោន (Washington) និងក្រោយមក ជាភោជនីយដ្ឋានថៃ-ខ្មែរ នៅរដ្ឋផ្លរីដា។ នាងក៏បានបើកហាងលក់ផ្កាផ្ទាល់ខ្លួនរបស់នាង ហើយឥឡូវនេះ កំពុងរចនា និងលក់គ្រឿងអលង្ការធ្វើដោយដៃ នៅលើគេហទំព័ររបស់នាង»។
លោកអែនឌី ប៊្រូវើរ បន្តទៀតថា «ឥឡូវនេះ ស៊ីថាណារី មានអាយុ ៧៤ឆ្នាំ ដោយរស់នៅជាមួយប្តីរបស់គាត់ នៅរដ្ឋម៉ារីឡែនដ៍ (Maryland) ហើយបានត្រលប់ទៅស្រុកកំណើតរបស់គាត់ ជាលើកដំបូង ក្នុងឆ្នាំ២០០៣ ។ គាត់បានឃើញខ្លួនឯង និងបទសម្ភាសន៍ជាមួយ Llew Gardner នៅលើ YouTube ក្នុងឆ្នាំ២០២២ មានការយល់ច្រលំខ្លះអំពីការកែសម្រួលបទសម្ភាសន៍ និងរបៀបដែលបង្ហាញពីនាង ទោះបីជានៅឆ្នាំ១៩៧០ គាត់មានគំនិតតិចតួចថា វានឹងផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត»។
លោកអែនឌី ប៊្រូវើរ (Andy Brouwer( បានសរសេរបន្ថែមនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ថា «សូមអរគុណអ្នកទាំងអស់គ្នា ចំពោះការឆ្លើយតបយ៉ាងខ្លាំងចំពោះការបង្ហោះរបស់ខ្ញុំទាក់ទងនឹងជំនួបរបស់ខ្ញុំ កាលពីម្សិលមិញ នៅភ្នំពេញ ជាមួយ ស៊ីថាណារី គីម ដែលហាក់បីដូចជាចំណាប់អារម្មណ៍ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លើយតបជាមួយនឹងការ Like និង Share រាប់ពាន់នាក់។ បច្ចុប្បន្ន ស៊ីថាណារី កំពុងនៅកម្ពុជា ជា មួយស្វាមី មកលេងក្រុមគ្រួសារ មុនពេលពួកគេនឹងត្រឡប់ទៅផ្ទះវិញ នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ គាត់ពិតជារីករាយដោយមិនដឹងពីវីដេអូនៃបទសម្ភាសន៍របស់គាត់ ជាមួយទូរទស្សន៍អង់គ្លេស ក្នុងឆ្នាំ១៩៧០ រហូតដល់ពីរបីឆ្នាំមុន ទោះបីជាគាត់ចង់បញ្ជាក់ឱ្យច្បាស់ថា នាងជាសិស្សសាលា នៅពេលនោះ ហើយមិនមែនជាសមាជិកនៃកងជីវពល ឬកងកម្លាំងប្រដាប់អាវុធណាមួយក៏ដោយ។ គាត់ត្រូវបានសួរសំណួរជាច្រើន ដោយអ្នកកាសែតជនជាតិអង់គ្លេស ដែលបានជ្រើសរើសគាត់ ដោយសារតែជំនាញភាសាអង់គ្លេសពិសេសរបស់គាត់ ហើយគាត់បានឆ្លើយពួកគេដោយស្មោះត្រង់ និងដោយគ្មានការបង្ខិតបង្ខំ។ ការកែសម្រួលបទសម្ភាសដែលប្រើក្នុងកម្មវិធីទូរទស្សន៍នេះ មិនមែនជាការពេញចិត្តរបស់គាត់ទេ ប៉ុន្តែហួសពីការគ្រប់គ្រងរបស់គាត់។ មិនដល់ពីរឆ្នាំក្រោយមក គាត់ត្រូវបានគេប្រាប់ថា វៀតណាមខាងជើង កំពុងតាមប្រមាញ់គាត់ ដោយសារតែឃើញទូរ ទស្សន៍នោះ ហើយគាត់ត្រូវចាកចេញពីប្រទេសកម្ពុជា និងក្រុមគ្រួសាររបស់គាត់ ជាបន្ទាន់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចាប់តាំងពីឆ្នាំ១៩៧២ គាត់បានរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ នៅសហរដ្ឋអាមេរិក។ ខ្ញុំសូមអរគុណ ស៊ីថាណារី សម្រាប់ការបើកចំហរបស់គាត់ និងសម្រាប់ការជជែកដ៏គួរឱ្យចាប់អារម្មណ៍របស់យើង កាលពីម្សិលមិញ»៕ ខៀវទុំ