ខេត្តក្រចេះ ៖ ក្រោយពីទទួលបានព័ត៌មានថា មានអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយកម្លាំងមានសមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសនៅចំណុចបឹងរំលាច ស្រុកចិត្តបុរី។
មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយ ស្ថិតក្នុងភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ដូចជា ធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង ចំនួន៣៨ខ្សែ ប្រវែង១៩០០ម៉ែត្រ។ លូស្បៃមុងចំនួន៤១មាត់លូ។ បង្គោលចម្រឹងប្ញស្សី ចំនួន៥២០ដើម។ ព្រមទាំងចាក់លែងត្រីចម្រុះ ទម្ងន់ប្រមាណ ១៣០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ធបាលជលផលក្រចេះ បានសំណូមពរដល់បងប្អូនប្រជានេសាទ សូមចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងអស់គ្នា ជាពិសេសនៅរដូវបិទនេសាទ ដោយបញ្ឃប់ ការប្រើប្រាស់ឧបករណ៍ដែលនាំឱ្យអន្តរាយដល់មច្ឆជាតិ៕