បាងកក (ថៃ) ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សភាតំណាងរាស្រ្តថៃ បានបោះឆ្នោតគាំទ្រលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ ដែលត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ ដោយសំឡេងឆ្នោតជាងពាក់កណ្តាលនៃសភាតំណាងរាស្រ្តទាំងមូល បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងនាយករដ្ឋមន្ត្រី កាលលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១២:១៥នាទីរសៀល សភាតំណាងរាស្រ្ត មានរបៀបវារៈពិសេសសម្រាប់សម័យប្រជុំសភាតំណាងរាស្រ្ត នីតិកាលទី២៦ ដើម្បីពិចារណាផ្តល់ការយល់ព្រមលើការតែងតាំងជានាយករដ្ឋមន្ត្រីថ្មី យោងតាមមាត្រា ១៥៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រថៃ។
លោក វ៉ាន់ មហាមម៉ាដ ណ ម៉ាថា ប្រធានសភាតំណាងរាស្រ្តថៃ បានអនុញ្ញាតឱ្យសមាជិកសភា បោះឆ្នោតដោយប្រើវិធីសាស្រ្តរាប់សន្លឹកឆ្នោតបើកចំហ បន្ទាប់ពីរដ្ឋាភិបាលចម្រុះ បានតែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ទី៣១។
លទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ទី៣១ ត្រូវបានប្រកាសជាសាធារណៈ ដោយសមាជិកសភា ដោយមានសំឡេងគាំទ្រជាងពាក់កណ្តាល ច្រើនជាង ២៤៨សំឡេង នៅម៉ោង ១២និង១៥នាទីថ្ងៃត្រង់ បានធ្វើឱ្យលោកស្រី ថែថងថាន ស៊ីណាវ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រី ទី ៣១ នៃប្រទេសថៃ។
សភាថៃ បានបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ទី៣១ នេះ ធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី ពីលោក សេដ្ឋា ថាវីស៊ីន ដោយសារកំហុសក្នុងតែងតាំងលោក ភិជិត ឈឺនបាន ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ីង ប្រធានគណបក្សភឿថៃ ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ នេះ គឺជាកូនស្រីពៅរបស់ថាក់ស៊ីន ស៊ីណាវ៉ាត់ និងត្រូវជាក្មួយស្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលអតីតនាយករដ្ឋមន្ត្រីថៃ ២នាក់បងប្អូនបង្កើតនេះ សុទ្ធតែត្រូវបានទម្លាក់តំណែងដោយរដ្ឋប្រហារយោធា៕ ខៀវទុំ