ខេត្តក្រចេះ ៖ លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បានបន្តអំពាវនាវស្នើសុំលោកស្រី ទ្រី ដាណា ថៅកែពេជ្រ ចិត្តធម៌ ផ្តល់ជំនួយជាលើកទី២ ចំនួន ២០០០ដុល្លារ ដើម្បីយកមកជួសជុលផ្ទះរបស់លោក ដែលពេលនេះមាន សភាពពុកផុយ ជញ្ជាំង ដំបូលធ្លុះធ្លាយ ជិតរលំចូលទៅក្នុងទឹកទន្លេ។
លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បានបង្ហោះរូបក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញនូវផ្ទះឈើចាស់ទ្រុឌទ្រោម រកកល់រំលំ ដែលស្ថិតនៅភូមិកាំពី ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ ស្នើសុំលោកស្រី ទី្រ ដាណា ថៅកែហាងពេជ្រ និងក្រុមហ៊ុន NNP ផ្តល់ជំនួយដល់លោក ដើម្បីបានជួលជុលផ្ទះ ។
លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថា កន្លងមក លោកស្រី ទ្រី ដាណា ធ្លាប់បានជួយឧបត្ថម្ភដល់លោកនូវទឹកប្រាក់ ២០០០ដុល្លារ ម្ដងហើយ ដើម្បីយកមកធ្វើ បុណ្យសពប្រពន្ធរបស់លោក ដែលគុណបំណាច់ ទឹកចិត្តសប្បុរសដ៏ថ្លៃថ្លានេះ លោកមិនអាចបំភ្លេចបានឡើយ តែពេលនេះលោកស្នើសុំថៅកែពេជ្រចិត្តធម៌រូននេះ ជួយឧបត្ថម្ភដល់លោកជាលើកទី២ ចំនួន ២០០០ដុល្លារទៀត ដើម្បីលោកមានលទ្ធភាពជួសជុលផ្ទះដែលជិតរលំនេះ ព្រោះនៅលើផ្ទះនេះ មានសមាជិកដល់ទៅ ១២នាក់ ហើយបន្ទុកស្ថិតនៅលើរូបលោកទាំងអស់ ។ ដូច្នេះបើផ្ទះនេះដួលរលំទៅ លោកនិងក្រុមគ្រួសារ មិនដឹងទៅជ្រកនៅឯណាទេ ព្រោះលោកគ្មានលុយសង់ផ្ទះថ្មី ។
លោកហ៊ត់ ប៉ូ បន្តថា ផ្ទះចាស់ដែលកំពុងជិតរលំនេះ ជាកេរមរតករបស់ខ្មោចម្ដាយលោក ដែលគាត់ស្លាប់ទៅ បានបន្សល់ទុកផ្ទះនេះឲ្យ ដោយសង្ឃឹមថា លោកនឹងជួសជុលឲ្យបានល្អ តែលោកមិនអាចរកលុយមកជួសជុលផ្ទះនេះដោយខ្លួនឯងបាន ទើបដាច់ចិត្តសុំជំនួយពីលោកស្រី ទ្រី ដាណា ឬសប្បុរសជនណាផ្សេងទៀតក៏បាន ឲ្យតែជួយ លោកទទួលដោយដៃទាំងទ្វេ ព្រោះទឹកដល់ច្រមុះហើយ មិនដឹងទៅពឹងអ្នកណាទេ គឺមានតែពឹងលើលោកស្រីទ្រី ដាណា និងសប្បុរសជននានាដែលមានទឹកចិត្តសប្បុរសធម៌។
លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បាននិយាយថា “បាទ! មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពីប្អូនទ្រី ដាណា នៅឡើយទេ ។ ដូច្នេះអាចនិយាយថា ខ្ញុំកំពុងតែទន្ទឹងរង់ចាំការឆ្លើយតបពីគាត់ក៏បានដែរ ព្រោះអីខ្ញុំឥឡូវនេះ មិនថាតែគាត់ម្នាក់ទេ និយាយឲ្យចំទៅ រដ្ឋាភិបាល ឬក៏សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលខ្ញុំធ្លាប់បានរស់នៅជាមួយ ក៏ដូចជាសម្ដេចតេជោ ហើយអ្នកដែលមានសប្បុរសទាំងអស់ ពីណាក៏ដោយ ដែលខ្ញុំទន្ទឹងរង់ចាំជួយខ្ញុំ។ ប៉ុន្តែឥឡូវហាក់ដូចជាគ្មានពន្លឺណាមួយសូម្បីតែប៉ុនក្រចក ខណៈដែលផ្ទះហ្នឹង ចង់រលំហើយ ។ និយាយទៅ បើនិយាយអំពីស្ថានភាពរស់នៅឥឡូវ បើប្រៀបធៀបជាមួយអ្នកសុំទាន អាចគ្រាន់បើជាងខ្ញុំផង គឺខ្ញុំវេទនារកលេខដាក់គ្មានតែម្ដង ។ ដូច្នេះខ្ញុំចង់ប្អូនស្រី ទ្រី ដាណា ជួយជួសជុលផ្ទះនេះឲ្យមានសុវត្ថិភាព មិនចាំបាច់ជួយទាំងស្រុង ដើម្បីលើកផ្ទះ លើកអី ចំណាយអស់ច្រើនទេ គ្រាន់តែជួសជុល ធ្វើម៉េចឲ្យមានសុវត្ថិភាព ដូរសសរ រនូត ជាដើម ដែលចំណាយមិនប៉ុន្មានទេ លុយគាត់ប៉ុនក្រចក យ៉ាងច្រើនថា ២០០០ដុល្លារទៅចុះ ។ ប៉ុន្តែ ២០០០ដុល្លារ គាត់ក៏ធ្លាប់ឲ្យខ្ញុំដែរ ហើយកាលហ្នឹង ខ្ញុំក៏អត់បានឆ្លៀតពេលដើម្បីធ្វើផ្ទះនេះ ដោយសារថា ខ្ញុំមានផ្ទះមួយនៅភ្នំពេញ អ៊ីចឹងខ្ញុំថា ជួសជុលផ្ទះធ្វើអី បើបន្តិចទៀតនាំប្អូនមកនៅភ្នំពេញ អ៊ីចឹង ។ ក៏ប៉ុន្តែឥឡូវវាហួសពេល ខ្ញុំទាល់ច្រកមែនទែន ហើយអ្នកផ្សេងនិយាយថា ខ្ញុំមានដៃជើងធម្មតាដែរ ម៉េចក៏មិនធ្វើការ? ក៏វាត្រូវដែរ ប៉ុន្តែតាមពិតមនុស្សទាល់ច្រក តើខ្ញុំមានលុយឯណាដើម្បីជួសជុលផ្ទះ? បានន័យថា គាត់ធ្លាប់ចូលបុណ្យប្រពន្ធខ្ញុំស្លាប់ ចំនួន២០០០ដុល្លារ ។ ប្រពន្ធខ្ញុំស្លាប់ រយៈពេល ៥ឆ្នាំហើយ អ៊ីចឹងគាត់ជួយខ្ញុំហ្នឹង រយៈពេល៥ឆ្នាំដូចគ្នា“ ។
លោកហ៊ត ប៉ូ បានបន្តថា បើលោកស្រី ទ្រី ដាណា ឬសប្បុរសជនទាំងឡាយ មិនជឿថា ផ្ទះរបស់លោកចាស់ទ្រុឌទ្រោម រកកល់រលំ អាចមកមើលផ្ទាល់ឲ្យឃើញជាក់ស្ដែងនឹងភ្នែកបាន ក៏ដូចជាដើម្បីឲ្យបានដឹងច្បាស់ថា អ្វីដែលលោកនិយាយ គឺជាការពិត ដោយមិនបានកុហក ហើយអ្វីដែលលោកចង់ប្រាប់ដែរនោះ ដោយសារតែខ្វះលទ្ធភាព លំបាកលំបិនក្នុងជីវភាពខ្លាំងពេក លោកគិតចង់ឲ្យក្មួយនិងកូនរបស់លោក ឈប់រៀនទាំងអស់គ្នាហើយ ព្រោះលោកគ្មានលុយឲ្យពួកគេ និងមិនអាចរកមធ្យោបាយធ្វើដំណើរឲ្យពួកគេទៅរៀនបាន ។
ជាចុងក្រោយ លោកហ៊ត ប៉ូ បានអំពាវនាវបន្ថែមទៅកាន់លោកស្រី ទ្រី ដាណា ថា “ខ្ញុំចង់បញ្ជាក់ប្រាប់ប្អូនស្រី ទ្រី ដាណា ថាកន្លងទៅ ថ្វីត្បិតតែបងស្រលាញ់រាប់អានប្អូន ហើយពាក្យខ្លះក៏បងមិនហាមឃាត់ខ្លួនឯង ចង់រិះគន់ឲ្យប្អូនល្អ សូមកុំប្រកាន់បងអី ភាគច្រើនគឺរិះគន់ឲ្យល្អ ហើយបើប្រកាន់ពាក្យសម្ដីត្រង់ណាមួយ សូមមេត្តាខន្តីអភ័យទោសដល់ខ្ញុំផង ហើយក្រឡេកមកជួយជីវិតខ្ញុំវិញល្អជាង បើផ្ទះនេះរលំទៅ ចប់ហើយ បើទៅនៅវត្ត ក៏លោកមិនឲ្យនៅដែរ បើមួយពូជ ទៅនៅហ្នឹងម៉េច? បីបួនគ្រួសារ នៅក្នុងហ្នឹង បន្ទុកខ្ញុំទាំងអស់ ហើយគ្មានវត្តណាគេយកមនុស្សមានដៃមានជើង ទៅនៅទេ មានតែផ្ទះខ្លួនឯងហ្នឹង ។ អ៊ីចឹងទេ ខ្ញុំសុំចិត្តប្អូនស្រី ទ្រី ដាណា ទោះយ៉ាងណា កុំប្រកាន់អីថាដល់ខ្ញុំខ្វិនដូចអ្នកខ្លះថា កុំទៅប្រៀបធៀបអ៊ីចឹងអី សុំមេត្តាជួយមនុស្ស ទាន់នៅមានដង្ហើមដក កុំចាំតែដល់ពេលរលំគ្រាំង! ទៅ មនុស្សអស់ដង្ហើមដក ហក់មកធ្វើបុណ្យជាមួយមនុស្សស្លាប់ មិនដូចធ្វើបុណ្យជាមនុស្សរស់ទេ ។ ធ្វើបុណ្យជាមួយមនុស្សរស់ ដូចយើងសង់ចេតិយ ៧វត្តអ៊ីចឹង តែបើធ្វើបុណ្យជាមួយមនុស្សស្លាប់បានតែបោះចោលនៅលើធរណីតែប៉ុណ្ណឹង គឺសូមប្រាប់ប្អូនស្រីអ៊ីចឹង ជួយបងផង! លើកម្រាបដៃដប់សំពះ…” ៕ កុលបុត្រ