Saturday, November 23, 2024
Homeសេដ្ឋកិច្ចជាតិមមាចត្នោត រា.../តត្បាតស្រូវ ៦០ហិកតារ

មមាចត្នោត រា…/តត្បាតស្រូវ ៦០ហិកតារ

ខេត្តបាត់ដំបង ៖ មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវដល់កសិករផ្តល់ព័ត៌មានឱ្យបានឆាប់ ក្រោយសត្វមមាចត្នោត បានកើតឡើងរាតត្បាតលើដំណាំស្រូវ ជាង៦០ហិកតារ ក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកឯកភ្នំ។ក្នុងពេលចុះពិនិត្យ ណែនាំពីវិធីទប់ស្កាត់ និងការពារ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកឈឹម វជិរា ប្រ ធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ពិសេសចាប់ តាំងពីចុងខែកក្កដា មានសត្វល្អិត (មមាចត្នោត) បកើតមានឡើង ហើយរាតត្បាតដោយអន្លើ នៅក្នុងភូមិសាស្ត្រ ឃុំចំនួន៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង រួមមាន ឃុំបវេល ឃុំព្រៃខ្ពស់  ឃុំក្តុលតាហែន ឃុំល្វា បានប៉ះពាល់ដល់ដំណាំស្រូវ របស់ប្រជាកសិករ ចំនួន ៦៥ហិកតារ និងនៅរវាងថ្ងៃទី១៤ ខែសីហា ថ្មីៗនេះ សត្វចង្រៃនេះបានកើតឡើងលើដំណាំស្រូវ ទំហំមួយហិកតារផ្សេងទៀត នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មន្ត្រីជំនាញដដែល បានបញ្ជាក់បន្ថែមថា ករណីកើតឡើងនូវការរាតត្បាតដោយសត្វល្អិតបំផ្លាញនេះ បងប្អូនប្រជាកសិករ បានសហការផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរ បានលឿនទាន់ពេលវេលា ភ្លាមៗលោកនិងមន្ត្រីជំនាញ បានរួសរាន់ចុះទៅពិនិត្យផ្ទាល់ និងបានណែនាំពីវិធានការទប់ស្កាត់តាមបច្ចេកទេសបានយ៉ាងរួសរាន់ ចំពោះមុខដំណាំស្រូវដែលរងការយាយីដោយសត្វល្អិតនេះ មានស្ថានភាពប្រសើរ អាចគ្រប់គ្រងបានល្អវិញហើយ។

លោកឈឹម វជិរា បានលើកឡើងពីវិធានការទប់ស្កាត់ចំពោះមុខដែរថា មិនត្រូវធ្វើស្រែពេញ ១ឆ្នាំនោះទេ ទុកចន្លោះពីរដូវមួយ ទៅរដូវមួយ ឱ្យឃ្លាតគ្នាយ៉ាងតិចពី ២០ទៅ៣០ថ្ងៃ ត្រូវប្រើប្រាស់ពូជដែលធន់ជំងឺ សត្វមមាច ត្នោត កុំព្រោះស្រូវ ឬសន្ទូងក្រាស់ពេក រក្សាទឹកក្នុងស្រែឱ្យបានសមស្រប ប្រើប្រាស់ជី ឱ្យបានត្រឹមត្រូវ ចៀស វាងប្រើជីអាសូត លើសកម្រិតជាដើម។

វិធានការកម្ចាត់បឋម ចំពោះស្រែដែលមានទឹក ត្រូវបង្កើនកម្រិតទឹក រួចប្រើស្បៃមុងអូសយកសត្វមមាចតាមដែលអាចធ្វើបាន ឬប្រើដីខ្សាច់លាយជាមួយប្រេងម៉ាស៊ូត ៣ទៅ៤លីត្រ ក្នុងមួយហិកតារ រួចបាចចូលក្នុងស្រែ ឱ្យបានសព្វល្អ បន្ទាប់មកយកមែកឈើគោះទម្លាក់ទឹក ចំពោះ ស្រែគ្មានទឹក ត្រូវប្រើប្រេងម៉ាស៊ូត ៣ ទៅ៤លីត្រ លាយជាមួយអង្កាម ឬកន្ទក់ ឱ្យសព្វរួចបាចចូលទៅក្នុងស្រែ ដើម្បីដេញសត្វមមាច ឬលែងទាចូលក្នុងស្រែ និងជម្រើសចុងក្រោយ ត្រូវប្រើប្រាស់ថ្នាំកសិកម្ម៕

RELATED ARTICLES