Wednesday, January 15, 2025
Homeព័ត៌មានជាតិអភិបាលខេត្តកណ្តាល ព្រមានម្ចាស់អាជីវកម្មទឹកស្អាត ដោះស្រាយទឹកស្អាតជូនពលរដ្ឋ

អភិបាលខេត្តកណ្តាល ព្រមានម្ចាស់អាជីវកម្មទឹកស្អាត ដោះស្រាយទឹកស្អាតជូនពលរដ្ឋ

ខេត្តកណ្តាល ៖ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានព្រមានចាត់វិធានការតាមច្បាប់ និងទុករយៈពេល ១ខែ ឱ្យម្ចាស់អាជីវកម្មទឹកស្អាត នៅស្រុកស្អាង និងក្រុងតាខ្មៅ ធ្វើការដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋ។

ការព្រមាននេះ បន្ទាប់រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកមិនមានគុណ ភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។

តាមរយៈលិខិតរបស់លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានប្រាប់ទៅកាន់លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត ជ្រាបថា «រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសា ប៉ុន្តែបញ្ហានេះអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជា ពលរដ្ឋ ក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ឱ្យបានល្អប្រសើរ ដោយទុករយៈពេល ១ខែ ដើម្បីកែលម្អបញ្ហានិងភាពអសកម្មខាងលើ ប្រសិនបើមិនកែ រដ្ឋបាលខេត្ត នឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន…»៕

RELATED ARTICLES