ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដែលជាកេរដំណែលដូនតា បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើត អស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។
លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការគាំទ្រនិងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិ សេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើប អង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ែនហាតថាន។ ក្រសួង សូមសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon និងលោក Steve Andrew Heimberg ជាទីប្រឹក្សាផ្នែកច្បាប់ ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមការងារកម្ពុជា ដើម្បីទាមទារយកមរតកវប្បធម៌ដែលបានបាត់បង់ ត្រឡប់មកវិញ។
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ និងថ្លែងនូវការកោតសរសើរជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូសហការទាំងអស់ ដែលបានខិតខំក្នុងសិក្សាស្រាវជ្រាវភ័ស្តុតាង និងទាមទារវត្ថុសិល្បៈទាំងអស់ ត្រឡប់មកវិញ។ សម្តេច បន្តថា សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា បានផ្តល់ឱកាសឱ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់កន្លងមក ត្រឡប់មកមាតុភូមិវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែរ និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា សម្បត្តិវប្បធម៌ខ្មែរ សរុបចំនួន៧០រូប ដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពីគ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះ មានបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីត ដូចជា បដិមាទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ ព្រះនាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជ ធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេស្វរៈ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ស្ថិតនៅសារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម ការលួច និងការជួញដូរខុសច្បាប់៕ ខៀវទុំ