ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។
ជាលទ្ធផលនៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខកំណើនចំនួន ១៤ ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានខ្លឹមសារទាំងស្រុងថា «ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង៩ៈ០០នាទីព្រឹក ដល់ម៉ោង ១២ៈ៣០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃនេះ នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន១លើក ភាគីទាំងពីរបាន បន្តលើកហេតុផលនិងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញ ទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ អំពីសំណើរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំទាំង ៤លើកនេះ តំណាងភាគីរាជរដ្ឋាភិបាល បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខកំណើនចំនួន១៤ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក និងតំណាងភាគី និយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង១០ៈ០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ មេត្តាជ្រាបជាព័ត៌មានតាមការគួរ»៕