ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសារទីទ័លក្រ ចំនួន២គ្រួសារ រស់នៅក្នុងឃុំជាមួយគ្នា បង្កើតបានកូនភ្លោះ ២នាក់ ដូចគ្នា ជួបការលំបាក គ្មានលទ្ធភាពទិញទឹកដោះគោឱ្យកូនភ្លោះបៅ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងសាខាកាកបាទក្រហម ស្រុកកំពង់លែង នាំយកអំណោយឧបត្ថម្ភ ទៅផ្តល់ជូន សម្រាលទុក្ខលំបាក។
ក្រុមគ្រួសារទាំង២ ដែលបង្កើតបានកូនភ្លោះ ក្រុមគ្រួសារទី១- បុរសជាប្តីមានឈ្មោះសុខ សាន្ត អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះម៉ៅ ស៊ីណា អាយុ៣៥ឆ្នាំ មានកូនក្នុងបន្ទុក៦នាក់ ដោយក្នុងនោះកូនពៅភ្លោះ ចំនួន២នាក់។ ចំណែកក្រុមគ្រួសារទី២- បុរសជាប្តី មានឈ្មោះខឹម ខា អាយុ៣៥ឆ្នាំ ម្តាយឈ្មោះដួង វ័ន អាយុ២៩ឆ្នាំ មានកូននៅក្នុងបន្ទុក៥នាក់ ដោយកូនពៅចុងក្រោយ ភ្លោះចំនួន ២នាក់ផងដែរ។ ក្រុមគ្រួសារទាំង២ ខាងលើ សព្វថ្ងៃមានលំនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោកឈួន ឈឿន មេភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បានឱ្យដឹងថា ដោយមើលឃើញពីជីវភាពខ្វះខាតរបស់គ្រួសារទាំង២ ខាងលើនេះ លោកបានប្រកាសស្នើសុំដល់សប្បុរសជន និងសាខាកាកបាទក្រហម ដើម្បីសុំជួយឧបត្ថម្ភដល់គ្រួសារ ក្រីក្រដែលមានកូនភ្លោះ ទាំង២គ្រួសារ និងកំពុងជួបការលំបាកដោយមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពក្នុងការរកប្រាក់ទិញទឹកដោះឱ្យកូនបៅ។
លុះនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារសហការជាមួយសាខាកាកបាទក្រហមស្រុកកំពង់លែង បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់ គ្រួសារក្រីក្រទាំង២ ខាងលើនេះ រួមមាន ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បេ ស្មើនឹង២០គីឡូក្រាម មី១កេះ ទឹកត្រី ១យួរ ត្រីខ ១យួរ សារុង១ មុង១ និងថវិកា ២០ម៉ឺនរៀល។
បន្ទាប់ពីទទួលបាននូវអំណោយនិងថវិកាខាងលើ ក្រុមគ្រួសារដែលមានកូនភ្លោះទាំង២ បានសម្តែងនូវអារម្មណ៍រំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងកាកបាទក្រហមកម្ពុជា សាខាស្រុកកំពង់លែង ដែលបានលះបង់ពេលវេលាជិះទូកផ្លូវឆ្ងាយ នាំយកអំណោយមកជូនដល់ពួកគាត់ ដែលកំពុងជួបការលំបាក នៅឆ្ងាយដាច់ស្រយាល៕