ភ្នំពេញ ៖ លក្ខខណ្ឌផ្តល់គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់ ដោយលំដាប់ថ្នាក់ទី១ គឺ «លោកអ្នកឧកញ៉ា» លំដាប់ថ្នាក់ទី២ គឺ «អ្នកឧកញ៉ា» និងលំដាប់ថ្នាក់ទី៣ គឺ «ឧកញ៉ា» ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាថ្មី ដោយក្នុងនោះ លោកអ្នកឧកញ៉ា ត្រូវបង់លុយប្រចាំឆ្នាំ ជូនរដ្ឋ ចំនួន៤០០លានរៀល ស្មើនឹង១០ម៉ឺនដុល្លារ អ្នកឧកញ៉ា ត្រូវបង់លុយចូលរដ្ឋ ៦០លានរៀល ស្មើនឹង ១៥០០០ដុល្លារ និងឧកញ៉ា ត្រូវបង់លុយចូលរដ្ឋ ៣២លានរៀល ស្មើនឹង ៨ពាន់ដុល្លារ ក្នុង១ឆ្នាំ ។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យថ្មី ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ។ អនុក្រឹត្យថ្មី មាន១១ជំពូក និងមាន៣៩មាត្រា ។
តាមមាត្រា២២ ត្រង់ជំពូកទី៦ ស្ដីពីរបកគំហើញបច្ចេកវិទ្យាថ្មីៗ ឬស្នាដៃពិសេស ដែលត្រូវផ្ដល់គោរមងារឧកញ៉ា នៃអនុក្រឹត្យខាងលើ បានកំណត់ថា របកគំហើញនូវបច្ចេកវិទ្យាថ្មីៗមានដូចជា របកគំហើញក្នុងវិស័យឧស្សា ហកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ ឬវិស័យប្រហាក់ប្រហែល ឬស្នាដៃពិ សេស មានជាអាទិ៍ ក្នុងវិស័យសិល្បៈ កីឡា ស្ថាបត្យកម្ម វប្បធម៌ ប្រពៃណី សាសនា ជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
មាត្រា២៣ នៃជំពូកទី៦ដដែល បានចែងថា របកគំហើញបច្ចេកវិទ្យាថ្មីៗ ឬស្នាដៃពិសេស ដែលជាកម្មវត្ថុនៃការវាយតម្លៃផ្តល់គោរមងារឧកញ៉ា ត្រូវមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិ អន្តរជាតិ ឬតាមរយៈការទទួលបានពានរង្វាន់វិទ្យាសាស្ត្រនានា ។
នៅក្នុងជំពូកទី៧ នៃអនុក្រឹត្យខាងលើ ស្ដីពីការបង់វិភាគទានប្រចាំឆ្នាំ ត្រង់មាត្រា២៤ គោរមវន្ដ ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
-៤០០ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះលោកអ្នកឧកញ៉ា,
– ៦០ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះអ្នកឧកញ៉ា
-៣២ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ចំពោះឧកញ៉ា។
ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាល អាចកំណត់ឡើងវិញនូវទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ ចំពោះគោរមវន្តទាំងអស់ ផ្អែកតាមលទ្ធផលនៃការពិនិត្យនិងវាយតម្លៃរបស់ គ.ព.វ.គ ។
គោរមវន្តដែលទទួលបានគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ដោយមានស្នាដៃលើរបកគំហើញ នូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ត្រូវបានលើកលែង ចំពោះការបង់វិភាគទានប្រចាំឆ្នាំនេះ។
គោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។
មាត្រា២៥ បានចែងថា ការបន្ធូរបន្ថយទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ ឬការលើកលែងការបង់វិភាគទានប្រចាំឆ្នាំជាករណីពិសេស ចំពោះគោរមវន្ត ត្រូវផ្អែកតាមលទ្ធផលនៃការពិនិត្យនិងវាយតម្លៃរបស់ គ.ព.វ.គ និងការសម្រេចរបស់នាយករដ្ឋមន្ត្រី។
មាត្រា២៦ បានចែងថា ទឹកប្រាក់ដែលបានមកពីការបង់វិភាគទានប្រចាំឆ្នាំ ត្រូវយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍សង្គមជាតិ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។
គោរមវន្តទាំងអស់ ត្រូវបង់វិភាគទានប្រចាំឆ្នាំតាមរយៈសមាគមឧកញ៉ាកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា ត្រូវផ្ទេរវិភាគទានប្រចាំឆ្នាំនេះ ចូលគណនីធនាគារ នៃធនាគារជាតិនៃកម្ពុជា ឬធនាគារពាណិជ្ជណាមួយ ដែលគ្រប់គ្រងដោយទីស្តីការគណៈរដ្ឋមន្ត្រី តាមការសម្រេចរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គ.ព.វ.គ.។
លេខាធិការដ្ឋាន គ.ព.វ.គ. ត្រូវសហការជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងការប្រមូលវិភាគទាន ប្រចាំឆ្នាំរបស់គោរមវន្ត។
លេខាធិការដ្ឋាន គ.ព.វ.គ. ទទួលនិងគ្រប់គ្រងវិភាគទានប្រចាំឆ្នាំតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។
មាត្រា២៧ បានចែងថា លេខាធិការដ្ឋាន គ.ព.វ.គ. មានកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដំណើរការការងាររបស់ខ្លួន។
ជំពូកទី៨ ស្ដីពីបែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រង់មាត្រា២៨ គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណីណាមួយដូចខាងក្រោម៖
– គោរមវន្ត សុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
– គោរមវន្ត មិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី) ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
– គោរមវន្ត ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
– ត្រូវបានរកឃើញសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរបស់គោរមងារឧកញ៉ា
-ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្ត មានការក្លែងបន្លំ ។
មាត្រា៣៣ ជំពូកទី៩ ស្ដីពីបទប្បញ្ញតិដោយឡែក បានកំណត់ថា សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងត្រូវបានទទួលស្គាល់ជាដៃគូរដ្ឋាភិបាល ក្នុងការធ្វើបច្ចុប្បន្នកម្មបញ្ជីគោរមវន្តឧកញ៉ាទាំងអស់ នៅកម្ពុជា និងការងារផ្សេងៗទៀត ស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ៕ កុលបុត្រ