Thursday, November 28, 2024
Homeសង្គម និងជីវិតលិខិតស្នេហា ចារចេញពីគុ.../ក គ្រូកសិកម្ម ផ្តាំប្រពន្ធ រក្សាសីល៥

លិខិតស្នេហា ចារចេញពីគុ…/ក គ្រូកសិកម្ម ផ្តាំប្រពន្ធ រក្សាសីល៥

ភ្នំពេញ ៖ លោក នី ណាក់ សកម្មជនសង្គម និងជាគ្រូកសិកម្ម ដែលតែងបង្ហោះពីចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល ហើយបច្ចុប្បន្នកំពុងជាប់គុកព្រៃស ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមាន ការរើសអើង” តាមបណ្តឹងរបស់លោកហឹង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:នោះ បានសរសេរលិខិតស្នេហាមួយ ពីក្នុងគុក ផ្ញើជូនភរិយាជាទីស្រឡាញ់របស់លោក បង្ហាញពីការនឹករលឹក និងស្រ ឡាញ់ ចំពោះភរិយា ក្រោយបែកគ្នាអស់ជាង ៨ខែមកហើយ។ ជាមួយការនឹករលឹកនេះ លោក នីណាក់ ក៏បានផ្តាំឲ្យភរិយា រក្សាសីល៥ នឹករំលឹកនឹកគុណព្រះរតនត្រៃ ឲ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីជាស្ពាន ឈានទៅរកសេចក្តីសុខ។

លិខិតស្នេហា និងបណ្តាំរបស់លោក នី ណាក់ ផ្ញើជូនអ្នកស្រី ស៊ីណែត ជាភរិយា ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារថា «សំណេររបស់បង ជូនអូនណែត ! សួស្តីឧត្តមភរិយារបស់បង! គឺដូចសព្វដង គឺបងលួចសរ សេរកូនសំបុត្រជូនអូន ដើម្បីបន្ថែមដំណឹងដល់អូន ។ រឿងទី១នោះ គឺបងនឹកអូន នឹកជារៀង រាល់ថ្ងៃ នឹកគ្រប់ដង្ហើមចេញចូល ហើយស្រលាញអូនខ្លាំងបំផុត ។ ប្តីអរគុណខ្លាំងៗដល់អូន ដែលស្មោះស្ម័គ្រភក្តី ចំពោះប្តី ហើ យមកលេង សួរសុខទុក្ខ ឧបត្ថម្ភដល់បងជាប្រចាំ ។ ជីវិតរបស់បង ៤ខែ ក្នុងគុក បើគ្មានអូនជួយ គឺបងច្បាស់ជាមិនអាចរស់បានឡើយ! នៅក្នុងគុក បងមានតែអូន គឺជាកម្លាំងចិត្ត ខិតខំតែស៊ូឆ្លងកាត់ការលំបាកមួយនេះ ដ៏ស្វាហាប់ និងរឹងមាំជានិច្ច ។ ជីវិតប្រចាំថ្ងៃបង ប្រើប្រាស់ពេលវេលាដ៏មានប្រយោជន៍ និងមានប្រសិទ្ធ ភាព ។ មួយថ្ងៃ 24ម៉ោង បងសម្រាក ឬដេក ត្រឹម 6ឬ7 ម៉ោងតែប៉ុណ្ណោះ ។ សល់ពីនោះ បងរៀនសូត្រ ហាត់ ប្រាណ សូត្រធម៌រំលឹកគុណព្រះរតនត្រៃទាំង៣ អង្គុយសមាធិ ដាំបាយ ធ្វើម្ហូប ថែរក្សាសុខភាព និងធ្វើអនាម័យបន្ទប់ ខ្លួននប្រាណ កសិកម្មខ្លះៗដើម្បីហូបចុក សម្រាលបន្ទុករបស់អូន ។ ចាំនៅពេលដែលបងនៅជាមួយអូន បងនឹងអធិប្បាយពិស្តារ ពីអ្វីដែលប្តីធ្វើជាប្រចាំ នៅក្នុងគុក»។

លិខិតរបស់លោក នី ណាក់ បន្តថា «បងតែងរក្សានូវជានិច្ចសីល (សីល៥) ជានិច្ច ។ បងរក្សាសីល គឺដើម្បីបងនិងអូនបានសុខរួមគ្នា ទាំងបច្ចុប្បន្ន និងអនាគត ជាតិខាងមុខបន្ត ក៏បងនិងអូន ជួបគ្នាជាគូស្វាមីភរិយា មិនបែក។ បងក៏សង្ឃឹមផងដែរថា ភរិយាល្អប្រពៃរបស់បង ក៏រក្សាសីល៥ ឲ្យបានល្អផងដែរណា! វិធីរក្សាសីល គឺអូនត្រូវធ្វើតាមបងប្រាប់ដូចតទៅ ៖  រឿងរាល់ថ្ងៃ ពេលព្រឹកព្រលឹម ក្រោកពីដំណេកភ្លាម អូនត្រូវនឹកក្នុងចិត្តភ្លាមដែរថា ៖ នាងខ្ញុំ ស៊ីណែត សូមយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរលឹក សូមតាំងសច្ចារក្សាសីល៥ ឲ្យបានល្អផូរផង់ ។ សីល៥ មាន ៖ មិនសម្លាប់ជីវិតមនុស្សសត្វគ្រប់ប្រភេទ, មិនលួចទ្រព្យអ្នកដទៃ, មិនប្រព្រឹត្តខុសក្នុងកាម, មិនពោលពាក្យកុហក និងមិនសេពសុរា ។ លុះដល់ពេលល្ងាច មុនពេលចូលគេង សូមអូនរំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ម្តងទៀត ហើយនិយាយថា បើថ្ងៃនេះនាងខ្ញុំបានធ្វើអ្វីខុសក្នុងសីលណាមួយ ក៏សូមឱ្យសីលដែលបានដាច់ធ្លុះធ្លាយនោះ បានតជាប់ដូចដើមឡើងវិញ ។ សង្ឃឹមថា អូនអាចធ្វើបានណាឧត្តមភរិយារបស់ប្តី! សាធុៗៗ បងអរគុណអូនខ្លាំងណាស់ សម្រាប់សៀវភៅធម៌ល្អ ទាំងភាសាថៃ និងធម៌ខ្មែរ បងបានអាន សិក្សា ប្រតិបត្តិមាគ៌ាត្រាពុទ្ធ បានច្រើន»។

លិខិតលោក នី ណាក់ បន្តទៀតថា «រឿងសំខាន់មួយទៀតនោះ គឺអូនត្រូវហាត់ប្រាណ ដើម្បីរក្សាសុខភាពផងណា! ការញ៉ាំអាហារ ក៏សំខាន់ដូចគ្នា អូនញ៉ាំអាហាល្អៗ ញ៉ាំឲ្យគ្រប់គ្រាន់ និងគេងឲ្យច្រើនគ្រប់គ្រាន់ផងដែរណា! ធ្វើដើម្បីប្តី ដើម្បីគ្រួសារផង់ដែរណា ។ បងផ្តល់កម្លាំង ជួនអូន ផ្តល់នូវស្នេហាដ៏ស្មោះស័គ្រភក្តីភាព ជូនអូនតែម្នាក់ រៀងដរាបលុះអវសាន។ បងក៏សូមផ្ញើការគោរព នឹករលឹកដល់លោកប៉ាផងណា ! កូនប្រសាម្នាក់នេះ នឹក ស្រលាញ់ប៉ាខ្លាំងៗ ។ បងក៏សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរលោកប៉ា មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ។ កូនសូមឱ្យម៉ បានអញ្ជើញទៅកាន់សុគតិភព ។ កូនឧស្សាហ៍សុបិនឃើញម៉ែ ប្រហែលអ្នកម្តាយនឹកកូនហើយមើលទៅ ។ សូមអូនអុជជួបប្រាប់ម៉ែ ជំនួសបងផង ។ បងក៏នឹកក្មួយសុផានិត ជាដរាបមកផងដែរ ។ សូមអូនជួយថតរូបជាមួយផ្កាដែលអូនដាំ ផ្តិតរូបឲ្យបងផង! ចុងក្រោយ ពាក្យសំខាន់បំផុតរបស់ប្តី គឺសូមជួនពរអូនសម្មាញ់ បានសុខគ្រប់នាទី»។

បន្ទាប់ពីទទួលបានសំបុត្ររបស់ស្វាមី ដែលបង្ហាញនូវក្តីនឹករលឹក ស្រឡាញ់ដ៏ជ្រាលេជ្រៅ ខាងលើនេះមក អ្នក ស្រី ស៊ីណែត ភរិយាលោក នី ណាក់ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ស្វាមី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា «នាងខ្ញុំ ស៊ីណែត សូមយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរលឹក សូមតាំងសច្ចា រក្សាសីល៥ ឱ្យបានល្អផូរផង់។ មិនសម្លាប់ជីវិតមនុស្សសត្វគ្រប់ប្រភេទ មិនលួចទ្រព្យអ្នកដទៃ  មិនប្រព្រឹត្តខុសក្នុងកាម មិនពោលពាក្យកុហក និងមិនសេពសុរា»។

សូមរំលឹកថា លោក នី ណាក់ ដែលជាសកម្មជនសង្គម និងជាគ្រូកសិកម្ម ដែលតែងបង្ហោះពីចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល ដោយបើកចំហ ជាពិសេសលើវិស័យកសិកម្ម ធ្លាប់ជាប់ឃុំនៅពន្ធនាគារ ២លើកមកហើយ រាប់ទាំងលើកនេះ មុនជាប់គុកលើកចុងក្រោយនេះ លោកត្រូវបានគេវាយតាមដងផ្លូវ បណ្តា លឲ្យបែកក្បាល បែកមុខបែកមាត់។  លុះព្យាបាលរបួសមិនទាន់ទាំងជាសះស្បើយស្រួលបួលផង លោកត្រូវបានអាជ្ញាធរចាប់ខ្លួន ជាលើកទី២ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង”។

តាំងពីជាប់ពន្ធនាគារមក ទោះបីជាភរិយារបស់លោក តែងទៅជួបសួរសុខទុក្ខជាញឹកញាប់ក្តី ក៏លោកនី ណាក់ តែងឆ្លៀតសរសេរសំបុត្រស្នេហាពីក្នុងគុក ផ្ញើជូនប្រពន្ធជាទីស្រឡាញ់ រៀបរាប់ពីទំហំក្តីនឹករលឹក និងស្រឡាញ់របស់លោក ចំពោះភរិយា ជារឿយៗផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកនី ណាក់ ដែលកំពុងជាប់គុកព្រៃស បានសរសេរលិខិតដោយផ្ទាល់ដៃ ចំនួន ២ទំព័រ ផ្ញើជូនភរិយារបស់លោក ដែលមានខ្លឹមសារទាំងស្រុងថា “ចំណារដួងចិត្តរបស់ប្តីដែលនឹករលឹកប្រពន្ធ “ណាក់ ស្រលាញ់ណែត” ៖ បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបងធ្លាប់ច្រៀងឱ្យអូនស្តាប់ គីបទ “នឹកគ្រប់វេលា” បានបកស្រាយអស់ហើយនូវទឹកចិត្តរបស់ប្តីដែលនឹកដល់ឧត្តមភរិយារបស់បង គឺអូនណែត!  ក្តីស្នេហ៍ដ៏ស្មោះសរ ចិត្តស្រឡាញ់ដ៏ធំធេងដូចចក្រវាលរបស់បង ដែលមានសម្រាប់អូន គឺនៅតែមានយ៉ាងពេញលេញ និងថែមទាំងកើនទ្វេលើសមុន បន្ទាប់ពីបងឃ្លាតចាកឆ្ងាយពីអូន មកនៅក្នុងគុក ចាប់ពីថ្ងៃ០៥ មករា ២០២៤ មកដល់ថ្ងៃនេះ គឺប្រាំពីរខែ ហើយណាប្រពន្ធសម្លាញ់។ មួយថ្ងៃ នៅក្នុងគុក វាយូរសែនយូរ ស្ទើរស្មើដប់ថ្ងៃ នៅខាងក្រៅ  ប្តីរងទុក្ខលំបាកច្រើន រៀបរាប់មិនអស់ ដូចអូនបានដឹងហើយ ឃេញប្តីស្គម ស្រក 13kg គឺជាភ័ស្តុតាងស្រាប់ ប៉ុន្តែប្តីនៅតែរឹងមាំ នៅតែតស៊ូ ព្រោះតែបងតែងទទួលបាននូវការយកចិត្តទុកដាក់ពីអូន ក្នុងការផ្តល់នូវកម្លាំងចិត្តដល់បង វាធ្វើឱ្យបងមានសង្ឃឹមយ៉ាងមុតមាំថា បងប្រាក ដជាអាចត្រឡប់ទៅផ្ទះវិញ ដើម្បីមើលថែ ថ្នាក់ថ្នមភរិយារបស់បងយ៉ាងល្អបំផុត តបស្នងអំពើល្អ និងការលះ បង់គ្រប់បែបយ៉ាងរបស់អូន ដើម្បីបង កន្លងមក។

លិខិតនេះខ្លីណាស់ បងមិនអាចរៀបរាប់អ្វីបានឡើយ! បងមានតែពាក្យយ៉ាងខ្លី គឺ “បងស្រឡាញ់អូនខ្លាំងណាស់” ណែត បងអើយ…! សូមអូនរឹងមាំ សូមអូនថៃរក្សាខ្លួនឱ្យបានល្អណាអូន! បងសុំទោសដែលមិនបានមើលថែអូន ក្នុងពេលកន្លងមក។ មានតែការជូនពរដល់អូន សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយឃុំគ្រងថែរក្សាអូន បានសុខ សុវត្ថិភាពគ្រប់ពេលវេលា។ ប្តីសន្យាចំពោះអូនថា ប្តីរឹងមាំ ស្វាហាប់ មើលថែខ្លួនឯងឱ្យបានល្អ មិនឱ្យអូនបារម្ភឡើយ។ បងសង្ឃឹមយ៉ាងមុតមាំថា អូនអាចមើលខុសត្រូវលើគ្រួសាររបស់ពួកយើងបានយ៉ាងល្អ ជាក់ជាមិនខានឡើយ។ បងផ្តាំសួរសុខទុក្ខលោកប៉ា និងសាច់ញាតិនៅសៀមរាប ផងណា! នឹកអូនគ្រប់បង្ហើម! ណាក់…”៕ ខៀវទុំ

RELATED ARTICLES