ភ្នំពេញ ៖ ក្រោយពេលព្រះសង្ឃ គង់នៅវត្តជោតិវ័ន ហៅវត្តត្រពាំងក្របៅ ក្នុងខេត្តកំពង់ចាម ត្រូវរង្វាន់ ១២៥លានរៀល ពីក្រុមហ៊ុនភេសជ្ជៈផ្អែម ខារ៉ាបាវ ហើយត្រូវខាងតំណាងក្រុមហ៊ុន និងពិធីការិនី ចុះយកទៅប្រគេនផ្ទាល់ និងបានថតបង្ហោះ ផ្សព្វផ្សាយតាមបណ្ដាញសង្គម ជាសាធារណៈមក ព្រះសង្ឃទាំងនោះ ត្រូវបានសង្ឃធម្មកថិក និងអ្នកវិភាគ រិះគន់ថា ធ្វើខុសវិន័យព្រះពុទ្ធសាសនា និងជាគំរូមិនល្អដល់ព្រះសង្ឃដទៃទៀត ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះសង្ឃមួយអង្គ ព្រះនាម ស សឿង ព្រះជន្ម ៦៤ ព្រះវស្សា គង់នៅវត្តជោតិវ័ន ហៅវត្តត្រពាំងក្របៅ ស្ថិតនៅភូមិកំពែងមាស ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម បានត្រូវរង្វាន់ធំ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀល។
ព្រះសង្ឃដែលត្រូវបានរង្វាន់ធំ ទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ព្រះនាម ស សឿង បានឲ្យដឹងថា ព្រះអង្គ មានស្រុកកំណើតនៅខេត្តកំពង់ធំ ប៉ុន្តែបានផ្លាស់ទីស្នាក់នៅមកស្រុកចម្ការលើ ខេត្តកំពង់ចាម ជាមួយក្រុមគ្រួសារ ហើយទើបតែសាងផ្នួសជាព្រះសង្ឃ នៅវត្តជោតិវ័ន ហៅវត្តត្រពាំងក្របៅ បាន១ឆ្នាំប៉ុណ្ណោះ ។ ព្រះអង្គ បន្តថា ចំពោះការត្រូវរង្វាន់ធំ នូវទឹកប្រាក់ ១២៥លានរៀលនេះ គឺជារឿងដែលព្រះអង្គមិននឹកស្មានដល់នោះទេ ហើយភេសជ្ជៈខារ៉ាបាវ ដែលមានរង្វាន់ធំនេះទៀតសោត គឺជាទេយ្យទានដែលពុទ្ធបរិស័ទ យកមកប្រគេន ក្នុងឱកាសពិធីចូលវស្សា កាលពីពេលកន្លងទៅ។ លុះកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលព្រះអង្គមានអាការងងុយនិងអស់កម្លាំង ក៏យកភេសជ្ជៈខារ៉ាបាវ មកគាស់ឆាន់ ហើយក៏ឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលដែលឃើញត្រូវរង្វាន់ ព្រះអង្គ បានយកទៅទូលប្រាប់ព្រះគ្រូចៅអធិការវត្ត ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
ព្រះតេជគុណ ស សឿង មានថេរដីកាបញ្ជាក់ថា រង្វាន់ ១២៥លានរៀល ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នេះ ព្រះអង្គនឹងយកទៅទិញម៉ូតូកង់៣ មួយគ្រឿង គ្រាន់ធ្វើជាមធ្យោបាយធ្វើដំណើររបស់ព្រះសង្ឃដែលគង់នៅក្នុងវត្តជោតិវ័ន ហៅវត្តត្រពាំងក្របៅ និងមួយចំនួនទៀត កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តអារាម ហើយនៅសល់មួយចំនួនទៀតយកទៅជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ព្រះអង្គ ដែលកំពុងមានភាពក្សត់ខ្សោយ។
ឆ្លៀតក្នុងឱកាសនេះ ព្រះតេជគុណ ស សឿង ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់ប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត ។
សម្រាប់មជ្ឈដ្ឋានសាធារណជន រួមមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋផង បានចូលរួមត្រេកអរជាមួយនឹងការឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ របស់ព្រះតេជគុណ ស សឿង ខាងលើនេះដែរ ។ ប៉ុន្តែក្នុងចំណោមនោះ មានមួយចំនួន យល់ថា ជាការមិនសមរម្យ និងខុសវិន័យព្រះពុទ្ធសាសនា ដែលឲ្យព្រះសង្ឃ កាន់លុយនិងស្លាករង្វាន់ធំ ថតផុសជាចំហបែបនេះ មិនជាសមជាអ្នកបួស។
ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ដែលជាព្រះសង្ឃធម្មកថិកល្បីល្បាញមួយអង្គ បានលើកឡើងថា ការធ្វើបែបនេះ វាជាគំរូមិនត្រឹមតែមិនល្អដល់ឧត្តមភេទ ថែមទាំងដូចចូលរួមផ្សព្វផ្សាយផលប៉ះពាល់សុខភាពដល់ប្រជាជនយើងថែមទៀត ព្រោះភេសជ្ជៈផ្អែមគ្រប់ប្រភេទ ប៉ះពាល់សុខភាពខ្លាំងណាស់ ដែលប្រជាជនគ្រប់រូបត្រូវយល់ដឹង ។
ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គថា “ ឃើញហើយបើមិនប្រាប់ទេ ខ្លាចថ្ងៃក្រោយមានព្រះអង្គផ្សេង ត្រូវធ្វើតាមបែបហ្នឹងទៀត មិនគប្បីទេលោកម្ចាស់ បើត្រូវ គ្រាន់តែឱ្យបងប្អូន ឬអាចារ្យ ទទួលជំនួសទៅ បើក្រុមហ៊ុនគេចង់ថត ព្រោះគ្នាជាឃរាវាស គ្នាមិនយល់ថា សមមិនសម ត្រូវឬខុសធម៌វិន័យទេ (គេអ្នករកស៊ី) តែគួរគិតដែរថា សមឬអត់ ឱ្យឧត្តមភេទទៅកាន់ស្លាករង្វាន់ ថតផុសជាសាធារណៈនេះ? ថ្ងៃក្រោយ លោកគ្រូសង្ឃឹមថា មិនឃើញរូបភាពបែបនេះទៀតចុះ មិនបន្ទោសលោកម្ចាស់ទេ តែជាសារដល់ព្រះសង្ឃដទៃទៀត ថ្ងៃក្រោយ កុំដល់ថ្នាក់ហ្នឹងអី លោកគ្រូនិយាយតែម្តងនេះទេ ព្រះអង្គគ្រប់អង្គ ត្រូវស្គាល់ថាខ្លួនឯងជាអ្វី? វាជាគំរូមិនល្អដល់ឧត្តមភេទរួមសាសនា ថែមទាំងដូចចូលរួមផ្សព្វផ្សាយផលប៉ះពាល់សុខភាព ដល់ប្រជាជនយើងថែមទៀត ព្រោះភេសជ្ជៈគ្រប់ប្រភេទ ដែលប្រើតែស្ករសិប្បនិម្មិតនេះ វាប៉ះពាល់សុខភាពខ្លាំងណាស់ ដែលប្រជាជនគ្រប់រូបត្រូវយល់ដឹង“ ។
ទោះបីជាយ៉ាងណា ក្រោយឃើញការរិះគន់ពីព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ខាងលើនេះ តំណាងក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវកម្ពុជា (Carabao Cambodia) បានចេញមកសុំអភ័យទោសនូវកំហុសឆ្គងនេះ ដោយបានសរសេរក្នុងទំព័រហ្វេសប៊ុកក្រុមហ៊ុនថា “ថ្វាយបង្គំព្រះអង្គគ្រូ! កូណាតំណាងក្រុមហ៊ុន សូមខមាទោសរាល់កំហុសដែលកើតមាន ។ ក្រុមការងារកូណាបានគិតខ្លាំងណាស់ មុននឹងថត ដោយដំបូង ក្រុមការងារបានជម្រាបសួរថា តើត្រូវទេដែលឲ្យព្រះសង្ឃ កាន់បច្ច័យ? ព្រះអង្គដែលត្រូវរង្វាន់ ព្រះសង្ឃក៏តបមកវិញថា បាន ទើបក្រុមការងារកូណា ថតទាន! ខុសឆ្គងយ៉ាងណា សូមព្រះអង្គគ្រូ មេត្តាយោគយល់!“ ។
ដោយឡែក លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ថា ទោះជាបានត្រូវរង្វាន់ អ្នករៀបចំកម្មវិធី គួរតែចេះសង្រួមរបៀបទទួលរង្វាន់សម្រាប់អ្នកបួស ឱ្យស្របតាមវិន័យព្រះពុទ្ធសាសនា។ តាមការសង្កេត ព្រះសង្ឃមិនតិចអង្គទេ ដែលកំពុងប្រឈមមុខនឹងជំងឺជាច្រើន ដែលបណ្តាលមកពីភេសជ្ជៈផ្អែម។ ហេតុនេះព្រះសង្ឃ គួរតែជាគំរូសម្រាប់ការទប់ស្កាត់ហានិភ័យនេះ។ ជាពិសេស គណៈសង្ឃ គួរតែមានសេចក្តីណែនាំទាក់ទងព្រះសង្ឃ និងភេសជ្ជៈផ្អែម បើមិនអ៊ីចឹងទេ ប្រាំឬដប់ឆ្នាំទៀត ច្បាស់ជាមានព្រះសង្ឃមិនតិចទេ ដែលមានជំងឺទឹកនោមផ្អែម លើសឈាម ជាដើម ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! នៅក្នុងស្រុកយើងបច្ចុប្បន្ននេះ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង ទាំងភេសជ្ជៈផ្អែមហ្នឹង សព្វថ្ងៃហ្នឹង វាកំពុងតែផុសផុលហើយ ជាពិសេសគឺការផ្ដល់រង្វាន់ និងការថតផ្សព្វផ្សាយអំពីអ្នកដែលទទួលបានរង្វាន់ហ្នឹង ហើយនៅក្នុងពេលជាមួយគ្នាហ្នឹងដែរ នៅក្នុងសង្គមយើងនេះ បើយោងតាមទិន្នន័យរបស់ស្ថាប័នមួយចំនួន រួមទាំងក្រសួងសុខាភិបាល ផងហ្នឹង ការផ្ទុះឡើងនៃប្រជាពលរដ្ឋដែលកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ហ្នឹងក៏មាន និងជំងឺដទៃទៀត ដែលកើតឡើងដោយការទទួលទានផ្អែមហួសប្រមាណ ហើយជាតិស្ករច្រើនពេក ក៏មានច្រើនដែរ រហូតដល់រដ្ឋាភិបាល ជាពិសេសគឺក្រសួងសុខាភិបាល បានចេញនូវការណែនាំឲ្យប្រជាពលរដ្ឋហ្នឹងកាត់បន្ថយរឿងជាតិផ្អែម ជាតិខ្លាញ់ ជាតិស្ករ រួមក្នុងនោះក៏មានការដាក់សារផ្សព្វផ្សាយតាមប្រព័ន្ធទូរស័ព្ទ ពេលដែលតេចូលដែរ ។ ហេតុដូច្នេះហើយ ខ្ញុំគិតឃើញថា ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីអប់រំប្រជាពលរដ្ឋយើង លើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋយើង ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការប្រុងប្រយ័ត្ន និងកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម អាហារដែលមានជាតិខ្លាញ់ ជាតិស្ករច្រើនហ្នឹង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលដែលទាក់ទងទៅនឹងអាហារដែល ៣រសជាតិហ្នឹង ក៏គួរតែយកចិត្តទុកដាក់ ជាពិសេសគឺការថតពីការទទួលរង្វាន់អីហ្នឹង ជាមួយព្រះសង្ឃអីហ្នឹង មិនគួរបង្ហាញជារូបភាពសម្ញែងបែបអ៊ីចឹងទេ ពីព្រោះនៅក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃ ជាឧត្ដមភេទ ដែលសម្រាប់អ្នកបួសហ្នឹង គឺមិនស្រើបជាមួយនឹងរង្វាន់ខាន់ខៅ ឬក៏ការបង្ហាញមុខជាសាធារណៈ ត្រេកអរចំពោះរង្វាន់ ចំពោះអីអ៊ីចឹងទេ“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ការដែលយកព្រះសង្ឃ មកថត និងផ្សព្វផ្សាយបែបនោះ វាខុសទាំងក្រមសីលធម៌នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងរាងប្រាសចាកពីវិន័យ និងគោលការណ៍សីលធម៌នៅក្នុងព្រះពុទ្ធសាសនា ផងដែរ ព្រោះការធ្វើបែបហ្នឹង វាជាការជំរុញឧបាសក ក៏ដូចជាព្រះសង្ឃដទៃទៀតហ្នឹង យកចិត្តទុកដាក់ និងចង់ផ្សងសំណាង ទទួលទាន ឬឆាន់ភេសជ្ជៈផ្អែមហ្នឹងកាន់តែច្រើន ដើម្បីបានឱកាសនៅក្នុងការផ្សងសំណាង ត្រូវរង្វាន់ប្រាក់លាន ដូចព្រះសង្ឃនៅក្នុងរូបភាពហ្នឹង ។ សម្រាប់ខ្ញុំមើលឃើញថា បច្ចុប្បនុ្ននេះ ទិន្នន័យនៃការសិក្សាស្រាវជ្រាវមួយចំនួន បានរកឃើញថា ព្រះសង្ឃច្រើនអង្គដែរ នៅក្នុងប្រទេសកម្ពុជាយើង ដែលត្រូវប្រឈមមុខទៅនឹងជំងឺទឹកនោមផ្អែម ការឡើងសម្ពាធឈាមខ្ពស់ និងជំងឺដទៃទៀតដែលទាក់ទងទៅនឹងការឆាន់ភេសជ្ជៈ អាហារផ្អែមជ្រុលហួសប្រមាណ ។ ដូច្នេះហើយ ខ្ញុំមើលឃើញថា គួរតែទប់ស្កាត់ ពីព្រោះកាលណាព្រះសង្ឃឈឺទៅ វាការជាបន្ទុករបស់ព្រះពុទ្ធបរិស័ទដែរ ទាំងគ្រួសារ ទាំងលោក ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តហ្នឹង ត្រូវតែជួយយកចិត្តទុកដាក់ព្យាបាល ថែទាំជំងឺលោក ។ ដូច្នេះបើសង្គមយើងមានព្រះសង្ឃច្រើនម៉ឺនអង្គ ហើយព្រះសង្ឃដែលមានជំងឺទៅ ព្រះសង្ឃខ្លះហ្នឹង ក៏អាចក្លាយជាបន្ទុករបស់សង្គមដែរ ។ ហេតុនេះ មន្រ្តីសង្ឃ ឬក៏គណៈសង្ឃ ក្រុមការងាររបស់មន្រ្តីសង្ឃជាន់ខ្ពស់ហ្នឹង ក៏គួរតែគិតពិចារណា ឬក៏មានអាចចេញជាសេចក្ដីណែនាំ ឬក៏ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីគុណវិបត្តិនៃការឆាន់ភេសជ្ជៈផ្អែមច្រើនពេក ឬក៏ការផ្សងរង្វាន់ ឬក៏ថតទទួលរង្វាន់អីបែបហ្នឹង ដើម្បីវាក្លាយទៅជាការផ្សព្វផ្សាយបែបអវិជ្ជមាន ដែលអាចជះឥទ្ធិពលមិនល្អ ទាំងដល់សង្គមសង្ឃខ្លួនឯង ហើយនិងសង្គមបរិស័ទផងដែរ“ ៕ កុលបុត្រ