Thursday, September 19, 2024
Homeព័ត៌មានជាតិបង្គោលព្រំដែនចេះដើរ ទីប្រឹក្សានាយករដ្ឋមន្ត្រីថា អស់សំណើច ហួសចិត្តនឹងសម រង្ស៊ី

បង្គោលព្រំដែនចេះដើរ ទីប្រឹក្សានាយករដ្ឋមន្ត្រីថា អស់សំណើច ហួសចិត្តនឹងសម រង្ស៊ី

ភ្នំពេញ ៖ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជុំ កុសល បានលើកឡើងថា ពិតជាហួសចិត្តដែលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងប្រើផែនទី Google map ថា បង្គោលព្រំដែនចេះដើរ ដោយថា បង្គោលព្រំដែនកម្ពុជា-វៀតណាម ចេះដើរចូលដីខ្មែរ រាប់សិបគីឡូម៉ែត្រ ។

លោកជុំ កុសល បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សម័យនេះហើយ ត្រូវដឹងថា យុវជនកំពុងស្ថិតនៅជាមួយនឹងបច្ចេកវិទ្យា ។ រាល់ការបំផុសរឿងពាក់ព័ន្ធបច្ចេកវិទ្យាដែលមានចរិតញុះញង់ បំភ្លៃ បំផ្លើស មិនអាចគេចផុតពីយុវជនក្នុងយុគសន្តិភាពបានជាដាច់ខាត! ពិតជាហួសចិត្ត និងគួរឲ្យអស់សំណើច ឃើញក្រុមជ្រុលនិយម ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាមេខ្លោង បានយកផែនទី Google map មកបំផុសការរំកិលព្រំដែន“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកពិតជាហួសចិត្តមែន ចំពោះការមួលបង្កាច់របស់លោកសម រង្ស៉ី ព្រោះមិនដែលបង្គោលព្រំដែន ឯណាចេះដើរ ឬចេះរំកិលទេ ដូច្នេះលោកសូមឲ្យសាធារណជន កុំចាប់អារម្មណ៍នឹងការបំផុសបំផុលរបស់ទណ្ឌិតរួបនេះ តែសូមឲ្យសើចចំអក អស់សំណើច ហួសចិត្តដូចលោកដែរទៅ ។

លោកជុំ កុសល បានមានប្រសាសន៍ថា “ខ្ញុំពិតជាហួសចិត្តមែន ព្រោះការមួលបង្កាច់ពីសំណាក់ក្រុមលោកសម រង្ស៊ី ពីបញ្ហារំកិលព្រំដែននេះ វាមិនមែនជារឿងថ្មីទេ វាជារឿងយូរហើយ ហើយរឿងនេះ សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ក៏លោកបានប្រើប្រាស់ពេលវេលា ៥ម៉ោង២០នាទី ឆ្នាំ២០១៦ នោះ ពន្យល់នៅក្នុងរដ្ឋសភា រួចរាល់ហើយដែរ ហើយមកដល់ម៉ោងនេះទៀតសោត គណៈកម្មការជំនាញព្រំដែន ទាំងប្រទេសសងខាង កម្ពុជា វៀតណាម បានបោះបង្គោលហ្នឹង វានៅសល់តែជាង ១៣% ទៀតទេ វាបោះបានជាង ៨០% ហើយ វានឹងចប់ក្នុងពេលឆាប់ៗនេះ ។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាម ទាំងអស់ ដែលនៅជាប់ហ្នឹង គឺថារាល់ការបោះឆ្នោតជាតិ គឺបោះជូនគណបក្សប្រជាជន ។ អ៊ីចឹងការចោទប្រកាន់ថា រំកិលព្រំដែនហ្នឹង តើវាមានន័យអីទៀតសម្រាប់អស់លោកប្រឆាំង ជាពិសេសសម្រាប់លោកសម រង្ស៊ី? ហើយត្រូវដឹង បញ្ហាបូរណភាពទឹកដី វាជារឿងរសើបណាស់ ។ អ៊ីចឺងបើសិនជាមានការរំកិលមែន អ្នកដែលប្រតិកមុ្មក្ដៅមុនគេ គឺប្រជាពលរដ្ឋនៅខេត្តដែលនៅជាប់ព្រំដែនហ្នឹង អ៊ីចឹងបានខ្ញុំវាអស់សំណើច ទី១ ។ ទី២ទៀត លោកសម រង្ស៊ី ក៏ជាបញ្ញាជនមួយរូបដែរ ក៏ប៉ុន្តែរឿងអីទៅយក Google map មកធ្វើជាកម្មវត្ថុនៃការចោទប្រកាន់ពីរឿងព្រំដែន មកធ្វើជាគោលនៃការចោទប្រកាន់រឿងព្រំដែន? វាអត់ត្រូវទេ ពីព្រោះ Google map យើងដឹងហើយថា ពេលខ្លះសូម្បីតែយើងធ្វើដំណើរក្នុងរាជធានីភ្នំពេញ ដែលយើងរំពឹងទៅលើ Google map ចង្អុលផ្លូវយើង ក៏មានចង្អុលខុសដែរហ្នឹង ។ អ៊ីចឹងយើងមិនអាចយកជាគោលបានទេ ។ រឿងហ្នឹងហើយ ដែលខ្ញុំអស់សំណើចជាមួយនឹងលោកសម រង្ស៊ី និងគូកនរបស់ខ្លួននោះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “រឿងដែលខ្ញុំចង់ផ្ញើសារ ទី១ សុំឲ្យមានទំនុកចិត្តជាមួយរដ្ឋាភិបាល ពីបញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី ពីព្រោះថ្នាក់ដឹកនាំដែលលោកខិតខំមក តាំងពីក្នុងដំណាក់កាលសម្ដេចតេជោ ដឹកនាំ គឺការបោះបង្គោលនេះ គឺជាការធ្វើបណ្ណកម្មសិទ្ធិ ជាការធ្វើប្លង់រឹងជូនប្រទេសជាតិហើយ ។ ទី២ទៀត សូមកុំទៅជឿតាមការញុះញង់ពីក្រុមជ្រុលនិយម ពីបញ្ហាព្រំដែនទៀត ពីព្រោះវាមិនមែនជារឿងថ្មី វាជារឿងចាស់ទេ ។ អ៊ីចឹងបើកាលណាគេនិយាយពីបញ្ហាព្រំដែន ចោទពីរឿងការរំកិលអី បងប្អូនសើចចំអកទៅ ព្រោះអ្វីដែលគាត់លើកឡើងពីបញ្ហាព្រំដែនចេះដើរហ្នឹង វាកាន់តែបង្ហាញពីភាពឆោតល្ងង់ទៅទៀត ។ យើងទៅមើលជាក់ស្ដែងទៅ បង្គោល វាមាន ៣ប្រភេទ តាមអ្នកជំនាញ គាត់បញ្ជាក់មកហើយ គឺបង្គោលធំ បង្គោលមេ មានបង្គោលតម្រុយអីហ្នឹង ហើយបើបង្គោលមេ មានគេបង្កប់ឈីបត្រង់ហ្នឹងទៀត ។ អាឈីបហ្នឹង ដើម្បីឲ្យឆ្លើយតបទៅនឹងប្រព័ន្ធផ្កាយរណបនោះ ហើយយើងទៅមើលជាក់ស្ដែងទៅ គ្រាន់តែគ្រឹះបង្គោលមេប៉ុន្មាន? ធំៗណាស់ ហើយរំកិលអីស្រួលៗម្ល៉េះ? វាអ៊ីចឹង!“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកជុំ កុសល ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានបង្ហោះផែនទីក្រុមហ៊ុនហ្គូហ្គល (Google Map) នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក អមដោយសំណេរថា “បង្គោលព្រំដែនចេះដើរ !!! ហ៊ុន សែន ហ៊ុន ម៉ាណែត អស់មានអ្វីមកដោះសាហើយ។ យើងបានផ្ទៀងផ្ទាត់ចំណុចកូអរដោនេភូមិសាស្ដ្របង្គោលព្រំដែន : 11.67882781369281, 106.3168896623792 នេះ ជាមួយក្រុមហ៊ុនសេវាកម្មផែនទីជាច្រើនទៀត ដែលបានប្រើជាមួយប្រព័ន្ធផ្កាយរណប។ យើងបានផ្ទៀងផ្ទាត់ ដោយយកចំណុចកូអរដោនេភូមិសាស្ដ្រនេះ ដាក់ជាមួយផែនទី Apple Map, Microsoft Map (bing.com), Openstreet Map និង Google Map។ យើងបានលទ្ធផលដូចគ្នា គឺយើងឃើញថា បង្គោលព្រំដែនកម្ពុជា-វៀតណាម បានរំកិលចូលដីខ្មែរ រាប់សិបគីឡូម៉ែត្រ ដូចដែលយើងបានផ្ទៀងផ្ទាត់ជាមួយផែនទី Google Map កាលពីដើមអ៊ីចឹង…“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម ភ្ជាប់ជាមួយរូបភាពថា “ផែនទីរបស់ក្រុមហ៊ុន Apple, Microsoft (bing.com), OpenstreetMap និង Google Map បានបង្ហាញលទ្ធផលដូចគ្នាថា បង្គោលព្រំដែនកម្ពុជា-វៀតណាម ចេះដើរ បានដើរចូលដីខ្មែរ រាប់សិបគីឡូម៉ែត្រ។ បើហ៊ុន សែន មិនសុខចិត្តទេ ទៅប្តឹងក្រុមហ៊ុនទាំង៤នោះទៅ!… “ ។

លោកសម រង្ស៊ី បានបង្ហោះរូបភ្ជាប់ជាមួយសំណេរបន្ថែមទៀតថា “ចំណុចកូអរដោនេភូមិសាស្ត្រ ចំនួន៣ខាងក្រោមនេះ បានបង្ហាញពីបង្គោលព្រំដែនដែលបានបោះរំកិលចូលក្នុងទឹកដីកម្ពុជា រាប់សិបគីឡូម៉ែត្រ។ រូបភាពផែនទីពីផ្កាយរណប គេបង្ហាញច្បាស់ណាស់ មិនអាចបន្លំបានទេ។ យើងក៏បានផ្ទៀងផ្ទាត់ចំណុចកូអរដោនេភូមិសាស្ដ្របង្គោលព្រំដែនទាំងនោះ ជាមួយក្រុមហ៊ុនសេវាកម្មផែនទី ជាច្រើនទៀតដែរ ដូចជាក្រុមហ៊ុន Apple Map, Microsoft Map (bing.com), Openstreet Map និង Google Map។ បានបង្ហាញលទ្ធផលដូចគ្នា…»។

ទោះបីជាយ៉ាងណា ថ្លែងក្នុងសម្ភាសន៍ពិសេសជាមួយទូរទស្សជាតិកម្ពុជា (ទទក) ជុំវិញការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោកឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវកុំឲ្យជនរួមជាតិខ្មែរ ជឿទៅលើការលើកឡើងរបស់លោកសម រង្ស៊ី ដែលថា បង្គោលព្រំដែន ចេះដើរ ព្រោះលោកមិនយល់ថា បុគ្គលនេះ គឺជាខ្មែរ ឬក៏ជានរណាទេ ដែលតែងតែបង្កបញ្ហា គ្មានសីលធម៌ គ្មានមនសិការ ធ្វើយ៉ាងណាគឺបង្កចលាចលឲ្យមានភាពវឹកវរ មានការយល់ច្រឡំ ។

លោក ឡាំ ជា បានមានប្រសាសន៍ថា “ពាក់ព័ន្ធថ្មីនេះ ខ្ញុំក៏បានឃើញដែរ គឺនៅគណនីទិកតុកមួយ ដែលបានលើកឡើងអំពីថា ការបោះបង្គោលព្រំដែនហ្នឹង គឺចូលមកក្នុងដីខ្មែរ រាប់គីឡូ ហើយមួយទៀតនេះ ខ្ញុំក៏បានឃើញដែរ នៅក្នុងគណនីហ្វេសប៊ុក របស់បុគ្គលឈ្មោះសម រង្ស៊ី ដែលបានបង្ហោះថា បង្គោលព្រំដែនចេះដើរ តើជាកំហុសអ្នកណា? ខ្ញុំចង់បញ្ជាក់ជូនបុគ្គលទាំង២រូបនេះ ក៏ដូចជាចង់បំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ ឲ្យបានជា្របថា កិច្ចការងារព្រំដែន ដែលរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ទទួលបន្តកសាងកិច្ចការដ៏សំខាន់ដែលមានសារប្រយោជន៍បំផុតសម្រាប់ជាតិនេះ គឺក្នុងការងារកំណត់ព្រំដែននេះ យើងផ្អែកទៅលើគោលការណ៍ធំ៣ ។ ទី១ ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមបារាំង ដែលជាផែនទីគោល យើងយកធ្វើជាមូលដ្ឋាន គឺជាផែនទីដែលយើងកំណត់ថា ជាមរតកខ្សែព្រំដែនមិនកែប្រែ ។ ទី២ គឺយើងផ្អែកទៅលើគោលការណ៍ច្បាប់អន្តរជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ និងទី៣ យើងផ្អែកទៅលើការកាន់កាប់ រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផែនទី ដែលថ្មីៗនេះ បុគ្គលមួយ នៅក្នុងគណនីទិកតុកហ្នឹង ខ្ញុំឃើញថា បានបង្ហោះពន្យល់ថា បង្គោលព្រំដែន បោះមកក្នុងទឹកដីកម្ពុជា រាប់គីឡូ ហើយដែលគាត់យកផែនទី Google map យកមកប្រើប្រាស់ ។ ខ្ញុំចង់បញ្ជាក់ជូនថា ការធ្វើកិច្ចការព្រំដែន រវាងកម្ពុជា ជាមួយប្រទេសជិតខាង មានវៀតណាម ឡាវ និងថៃ គឺយើងមិនអាចយកផែនទីណាក្រៅពីផែនទីដែលបន្សល់ទុកពីក្រុមភូមិសាស្រ្តឥណ្ឌូចិន បារាំង ដែលបានបោះពុម្ព ហើយកំណត់ព្រំដែនរដ្ឋរវាងប្រទេសកម្ពុជា ជាមួយនឹងវៀតណាម កម្ពុជា ជាមួយនឹងឡាវ និងកម្ពុជា ជាមួយថៃ…“ ។

លោកឡាំ ជា បន្តថា “អ៊ីចឹងខ្ញុំបានឲ្យក្រុមបច្ចេកទេសបញ្ជាន់ យកមូលដ្ឋានខ្សែផែនទីមរតកនេះ ហើយបញ្ជាន់ជាមួយនឹងខ្សែផែនទីដែលបង្ហោះដោយក្រុមហ៊ុនហ្គូហ្គល គឺអត់ត្រូវគ្នាទេ។ ដូច្នេះហើយ ការងារបោះបង្គោលព្រំដែន យើងមិនអាចយកផែនទី Google map យកមកបោះបង្គោលទេ ។ ជាឧបមាថា ភាគីម្ខាង ចង់យកមក ក៏ភាគីម្ខាងទៀត មិនទទួលស្គាល់ដែរ គឺជាគោលការណ៍ច្បាប់អន្តរជាតិ ដាច់ខាតត្រូវតែយកផែនទីមូលដ្ឋានដែលបន្សល់ទុកពីអាណានិគមបារាំង ក្រុមភូមិសាស្រ្តឥណ្ឌូចិន ជាផែនទីគោល ។ អ៊ីចឹងខ្ញុំចង់បញ្ជាក់ជូនថា ទាំងនៅក្នុងគណនីទិកតុក ការនិយាយ ហើយគាត់បំផ្លើសទៅដល់គាត់ថា គាត់បានចុះទៅមើលហើយ គាត់ទៅមើលហ្នឹង គឺគាត់យកខ្សែផែនទីរបស់ Google map ។ វាមិនត្រូវគ្នាជាមួយនឹងមូលដ្ឋានខ្សែផែនទីរបស់យើងប្រើប្រាស់ក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាងទេ ។ ទី២ នៅក្នុងផេករបស់បុគ្គលសម រង្ស៊ី ខ្ញុំចង់បញ្ជាក់ជូនថា បុគ្គលសម រង្ស៊ី នេះ តែងតែលើកឡើងអំពីបញ្ហាបំផុសនូវចលនាធ្វើយ៉ាងណា គឺបង្កអស្ថិរភាព ហើយគ្មានការសូម្បីតែបន្តិច បង្ហាញថា បង្គោលព្រំដែនចេះដើរ ។ អ៊ីចឹងខ្ញុំចង់បញ្ជាក់ជូនថា កិច្ចការងារបោះបង្គោលព្រំដែន ចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់និយាមការ ជជែកគ្នាតាំងពីលើផែនទី តាំងពីនៅលើដីជាក់ស្ដែង ហើយយើងមានចំណុចនិយាមការ ជាង៣ពាន់ចំណុចនិយាមការ រវាងកម្ពុជា ជាមួយវៀតណាម នៅលើខ្សែព្រំដែនប្រមាណ ១២៧០គីឡូម៉ែត្រនេះ យើងសម្រេចបាន គឺ៨៤% ទាំងខ្សែឯកភាពគ្នានៅលើដីជាក់ស្ដែង ទាំងការបោះបង្គោល ហើយយើងបានបង្គោលចំនួន ២០៤៧បង្គោល ។ ចំនួនបង្គោល ២០៤៧បង្គោលនេះ គឺមានបង្គោល ៣ប្រភេទសំខាន់ៗ ។ ទី១ គឺបង្គោលមេ និងទី២ គឺប្រភេទបង្គោលបំពេញបន្ថែម និងប្រភេទទី៣ គឺបង្គោលតម្រុយព្រំដែន ដែលបង្គោលទាំងអស់នេះ គឺយើងបានបោះនៅលើដីជាក់ស្ដែង ជាការឯកភាពគ្នារវាងភាគីទាំងពីរ ។ អ៊ីចឹងខ្ញុំចង់បញ្ជូនដែរថា បងប្អូនជនរួមជាតិ ទាំងខ្ញុំ ទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ អ្នកណាក៏មានគំនិតស្នេហាជាតិ ស្រលាញ់ទឹកដីដូចគ្នា ប៉ុន្តែសូមកុំជឿទៅលើបុគ្គលមួយចំនួន ដែលមានគំនិតទុច្ចរិត ។ ខ្ញុំមិនយល់ថា គាត់គឺជាខ្មែរ ឬក៏ជានរណា? ដែលតែងតែបង្កបញ្ហា គឺគ្មានសីលធម៌ គ្មានមនសិការ គ្មានអីទេ ធ្វើយ៉ាងណា គឺបង្កចលាចលឲ្យមានភាពវឹកវរ ឲ្យមានការយល់ច្រឡំ គឺសប្បាយចិត្ត ។ បុគ្គលបែបនេះ ខ្ញុំចង់ជម្រាបជូនថា គឺយើងមិនអាចជឿ ហើយសូមកុំឲ្យជឿតទៅទៀត“ ៕ កុលបុត្រ 

RELATED ARTICLES