Thursday, September 19, 2024
Homeសង្គម និងជីវិតម៉ែឡានបុ.../កបា.../ក់ជើង កូនធ្វើពេទ្យ ដឹកទម្លា.../ក់ចោលមុខវត្ត

ម៉ែឡានបុ…/កបា…/ក់ជើង កូនធ្វើពេទ្យ ដឹកទម្លា…/ក់ចោលមុខវត្ត

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ស្ថិតក្នុងសភាពរបួសពេញខ្លួន មុខនិងដៃជើង ដោយជួបនឹងគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) ត្រូវបានម៉ូតូកង់បី ១គ្រឿង ដឹកយកមកទម្លាក់ចោលនៅមុខវត្តមួយកន្លែង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ ចេញទៅសួរនាំ ត្រូវបានស្ត្រីរូបនោះប្រាប់ថា គាត់ត្រូវរថយន្តបុក ហើយកូនរបស់គាត់ ក៏ធ្វើពេទ្យដែរ តែបានឱ្យគេដឹកគាត់យកមកទម្លាក់ចោលនៅមុខវត្ត។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខវត្តពិជ័យរង្សី ហៅវត្តអញ្ចែង មានទីតាំងនៅក្បែរស្ពានព្រែកតាមាក់ ស្ថិតនៅភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ត្រីរងគ្រោះ ប្រាប់ថា គាត់មានអាយុ៤៤ឆ្នាំ មានសភាពរបួសមុខមាត់ដៃ (មានស្នាមដេរ) និងបាក់ជើង ដោយ សារគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុក។

តាមប្រភពព្រះសង្ឃ មួយអង្គ គង់នៅវត្តពិជ័យរង្សី ហៅវត្តអញ្ចែង បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ពិតជាត្រូវកូនដាច់ចិត្តយកម្តាយមកបោះបង់ចោលមុខក្លោងទ្វារវត្តពិជ័យរង្សី ប្រាកដមែន។

ព្រះសង្ឃខាងលើ បានឲ្យដឹងបន្តថា តាមការសួរនាំស្ត្រីរងគ្រោះខាងលើ គាត់ប្រាប់ថា គាត់មានកូនធ្វើជាពេទ្យ ឈ្មោះគឹម ហួយ និងគឹម ហ័រ តែកូនមិនមើលថែគាត់ បែរជាឲ្យម៉ូតូកង់បីដឹកគាត់មកបំបរបង់ចោល។

ប្រភពដដែល បន្តថា ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា គាត់ត្រូវរថយន្តបុក តែមិនស្គាល់ម៉ាកនិងស្លាក លេខរថយន្តនោះទេ ហើយគាត់បានរងរបួស បាក់ជើង រលាត់មុខមាត់ និងរយះដៃជើង។ លុះពេលកើតហេតុរួច រថយន្តនោះបានបើករត់គេចបាត់ មិនបានឈប់មើលគាត់នោះទេ និងបានប្រជាពលរដ្ឋក្បែរនោះ ជួយដឹកបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់ពេទ្យ ដោយសារគាត់អត់មានសាច់ញាតិមកជាមួយ និងគ្មានលុយកាក់ជាប់ខ្លួនផង ទើបគ្រូពេទ្យគ្រាន់តែដេររបួសដៃឱ្យគាត់ ហើយឱ្យថ្នាំលេប រួចក៏ឱ្យគាត់ចេញពីពេទ្យវិញ តែកូនគាត់មិនបានមកទទួលគាត់ទេ គឺឱ្យកង់បីដឹកគាត់មកទម្លាក់ចោលបែបនេះតែម្តង។

ព្រះសង្ឃខាងលើ បានបញ្ជាក់ថា មុនពេលកើតហេតុ ឃើញម៉ូតូកង់បី ១គ្រឿង បានដឹកស្ត្រីរងគ្រោះ មកទម្លាក់ចោលនៅចំណុចមុខខ្លោងទ្វារវត្តពិជ័យរង្សី រួចក៏បានចាកចេញទៅវិញបាត់ ដោយជាប់នឹងខ្លួនស្ត្រីរងគ្រោះ មានតែខ្នើយ១ កន្ទេល១ កន្សែងពោះគោ១ និងខោអាវជាប់ខ្លួន១កំប្លេប៉ុណ្ណោះ។ បន្ទាប់ពីត្រូវបានម៉ូតូកង់បីដឹក យកមកដាក់ចោលរួចមក ស្ត្រីរងគ្រោះដែលមានស្ថានភាពរបួសច្រើនកន្លែង ស្ទើរពេញខ្លួន ដើរមិនរួច បានត្រឹមរំកិលចូលមកដល់ក្នុងវត្ត រហូតមកដល់ម្លប់ឈើ ក្បែររោងអ្នកតា ហើយក៏ក្រាលកន្ទេល សម្រាកនៅទីនោះតែម្តង។ លុះបន្តិចក្រោយមក ត្រូវបានក្រុមជាងដែលកំពុងធ្វើការនៅក្នុងវត្ត ប្រទះឃើញ មកសួរនាំ ដឹងថា ស្ត្រីរូបនេះ ពុំទាន់មានបាយទឹកហូប ក៏យកបាយទឹកមកជូនពិសា។

ជាមួយនេះ ព្រះសង្ឃខាងលើ បានអំពាវនាវដល់ក្រុមគ្រួសារ សាច់ញាតិ ពិសេសកូនរបស់ស្ត្រីរងគ្រោះខាងលើ បើបានឮដំណឹងនេះហើយ សូមមកទទួលយកម្តាយត្រឡប់ទៅមើលថែវិញផង ព្រោះម្តាយឪពុក មានគុណធំ ធេងណាស់ ទោះអត់ឃ្លាន មានស៊ី ក៏ប្រឹងទាំងត្រដាបត្រដួស ចិញ្ចឹមកូន រហូតដល់ធំដឹងក្តី មិនគួរណាកូនរឹងដៃរឹងជើង មានការងារល្អ មានលុយកាក់ចាយបរិបូរណ៍ បែរជាចិញ្ចឹមម្តាយមិនរស់ រហូតដល់យកគាត់មកបំបរបង់ចោលបែបនេះឡើយ។

រហូតមកដល់យប់ថ្ងៃដដែលនោះ ព្រះសង្ឃគង់នៅវត្តពិជ័យរង្សី ហៅវត្តអញ្ចែង បានបញ្ជាក់ប្រាប់ថា ស្ត្រីខាងលើ ត្រូវបានក្រុមគ្រួសារមកទទួលយកត្រឡប់ទៅផ្ទះវិញហើយ៕

RELATED ARTICLES