Thursday, September 19, 2024
Homeព័ត៌មានជាតិហៅក្រុមចោរប្លន់ មេបក្សជំនាន់ថ្មី ឆ្លើយតបក្រុមកឹម សុខា ចោទអ្នកចេញបង្កើតបក្សថ្មី

ហៅក្រុមចោរប្លន់ មេបក្សជំនាន់ថ្មី ឆ្លើយតបក្រុមកឹម សុខា ចោទអ្នកចេញបង្កើតបក្សថ្មី

ភ្នំពេញ ៖ លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលទើបតែបានចេញមកបង្កើតគណបក្សថ្មី ឈ្មោះ «គណបក្សជំនាន់ថ្មី» បានប្រតិកម្ម ឆ្លើយតបនឹងអតីតសហការី ដែលជាអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ក្រុមកឹម សុខា ដែលបានហៅអ្នកដែលចេញពីអតីតគណបក្សសង្គ្រោះជាតិ ទៅបង្កើតបក្សថ្មី ថាជាក្រុមចោរប្លន់ ពីព្រោះអ្នកទាំងនោះ មិនត្រូវបានឯកភាពពីអតីតមេបក្សសង្គ្រោះជាតិ ឲ្យចេញបើកគណបក្សថ្មីនោះឡើយ។

លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា ការចោទប្រកាន់ថា អ្នកចេញទៅបង្កើតបក្សថ្មី ក្បត់បក្ស ក្បត់ជាតិ ក្បត់មេអីនោះ វាដូចជាជ្រុលពេកហើយ ។

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ខាងក្រុមគាំទ្រលោកកឹម សុខា អតីតមេបក្សប្រឆាំង ដែលប្រើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ “ព្រលឹង ជាតិ” បានលើកឡើង នៅកម្ពុជា គ្មានប្រជាធិបតេយ្យទេ ដោយសារមេបក្សប្រឆាំង ត្រូវបានចាប់ដាក់គុក និងថាការចាកចេញរបស់អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ទៅបង្កើតគណបក្សថ្មី គឺក្បត់មេ (លោកកឹម សុខា) ដែលសមនឹងហៅថាជាក្រុមចោរប្លន់ ទ្រព្យសម្បត្តិគណបក្សសង្រ្គោះជាតិ ។

អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ខាងក្រុមលោកកឹម សុខា ខាងលើ បានសរសេរថា “ពាក្យថាប្រជាធិបតេយ្យ រួមតូច គឺមានន័យថា ប្រទេសនោះ មានការបោះឆ្នោត មានបក្សប្រឆាំង ហើយមេបក្សប្រឆាំង មិនត្រូវបានចាប់ខ្លួន មិនត្រូវបានឃុំឃាំង គឺមានសេរីភាព ធ្វើនយោបាយ ប៉ុន្តែត្រូវបានរឹតត្បិត ដោយអាជ្ញាធរ តាមរយៈសកម្មជនរបស់បក្សប្រឆាំង មិនមានសេរីភាពការបញ្ចេញមតិ ការផ្សព្វផ្សាយ ការអូសទាញ ការធ្វើសកម្មភាពផ្សេងៗ នៅថ្នាក់មូលដ្ឋាន ដូចជាប្រទេសបង់ក្លាដែស មុនការធ្វើបាតុកម្ម ហើយប្រទេសកម្ពុជា ពីឆ្នាំ១៩៩៣ រហូតដល់ ឆ្នាំ២០០៩។ ដូច្នេះកម្ពុជា គ្មានប្រជាធិបតេយ្យនោះទេ ដោយសារមេបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ត្រូវបានឃុំឃាំង ដោយឡែកមានបក្សមួយចំនួន ដែលអួតអាងថា ខ្លួនជាអ្នកធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ គឺជាការបោកប្រាស់សុទ្ធសាធ ពីព្រោះគណបក្សទាំងនោះ គ្រាន់តែជាក្រុមចោរប្លន់មួយក្រុម រត់ចូលទៅប្លន់ទ្រព្យសម្បត្តិសង្គ្រោះជាតិ តែប៉ុណ្ណោះ ពីព្រោះអ្នកទាំងនោះ មិនត្រូវបានឯកភាពដោយអចិន្ត្រៃយ៍ ដើម្បីរំសាយ ឬដើម្បីចេញទៅបើកគណបក្ស រួមទាំងមេបក្សសង្គ្រោះជាតិ ផងដែរ ដែលមិនត្រូវបានអនុញ្ញាតឲ្យអ្នកទាំងនោះ ចេញបើកគណបក្សផងនោះ។ ហេតុដូច្នេះហើយ ដែលគួរឱ្យខ្មាសអៀនបំផុត ដែលគណបក្សទាំងនោះ ធ្វើជាកម្រាលព្រំឲ្យគេជាន់ចូលទៅកាន់វិមាន ហើយថាខ្លួនជាអ្នកខំប្រឹងដើម្បីប្រជាធិបតេយ្យ ដែលទង្វើទាំងនេះ បានបំផ្លាញប្រជាធិបតេយ្យ ដ៏ឈឺចាប់បំផុត នៅកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកម្ទេច ក្នុងការបំផ្លាញការឯកភាពជាតិទាំងមូល តាមរយៈនៅតែផ្ដល់ឱកាសឱ្យបក្សកាន់អំណាច ប្រព្រឹត្តខុសតទៅទៀត ដែលពលរដ្ឋខ្មែរ ទូទាំងប្រទេស និងទូទាំងពិភពលោក ដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម លះបង់អ្វីគ្រប់យ៉ាងទាំងអស់ ក៏ព្រោះតែដើម្បីតែប្រជាធិបតេយ្យនេះឯង“ ។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងរបស់អតីតសហការី ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ថា មិនអាចទម្លាក់កំហុសដល់ទៅក្បត់បក្ស ក្បត់មេ ក្បត់ជាតិទេ ព្រោះត្រូវចែកគ្នាឲ្យដាច់រវាងសិទ្ធិនយោបាយ ទៅនឹងសិទ្ធិពលរដ្ឋ គឺពលរដ្ឋ មានសិទ្ធិជ្រើសរើសការគាំទ្រគណបក្សនយោបាយ និងបើកគណបក្សនយោបាយ ដោយកុំយកគំនុំបុគ្គល ការផ្ដេកផ្ដួលដោយការជឿជាក់ ភាពងប់ងុល ការលាបពណ៌ ការញុះញង់ ការចោទប្រកាន់ដែលប្រាសចាកពីផ្លូវច្បាប់ ល្មើសទៅនឹងនីតិរដ្ឋ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែចង់សុំរំលឹកបន្តិចថា នៅពេលដែលយើងរួបរួមគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០១២ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ គឺថាត្រៀមទៅរកការបោះឆ្នោតឆ្នាំ២០១៣ បោះឆ្នោតជាតិ អាណត្តិទី៥ គឺក្នុងលក្ខន្តិកៈរវាងគណបក្សសម រង្ស៊ី ដឹកនាំដោយលោកសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោកកឹម សុខា គឺយើងបានជជែកថា ពេលដែលក្លាយជាគណបក្សសង្រ្គោះជាតិ សមាជគណបក្សសង្រ្គោះជាតិ ហើយ យើងដំណើរការគណបក្សសង្រ្គោះជាតិ ទោះបីបក្សទាំងសងខាងហ្នឹង មិនត្រូវបានរំលាយចោលក៏ដោយ ប៉ុន្តែយើងបានដាក់លក្ខន្តិកៈជាមួយគ្នាថា មិនត្រូវបក្សណាមួយដកឃ្លាចេញពីសហប្រតិបត្តិការ ទៅបើកបក្សហ្នឹងដំណើរការឡើងវិញទេ ។ អាហ្នឹងនៅក្នុងលក្ខិន្តិកៈរបស់គណបក្ស ដែលកើតចេញជាសង្រ្គោះជាតិ ដែលយើងចរចាដោយរួបរួមគ្នាបង្កើតជាចលនាសង្រ្គោះជាតិ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ។ អ៊ីចឹងហើយ ក្រោយពីអ្វីដែលគណបក្សសង្រ្គោះជាតិ ត្រូវបានគេរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ យើងក៏មានបញ្ហាមុននឹងការរំលាយ ក៏ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ក៏ត្រូវបានគេចាប់ដាក់មន្ទីរឃុំឃាំង ពីពេលនោះមក ហើយបក្សសង្រ្គោះជាតិ ក៏ត្រូវរំលាយដោយតុលាការកំពូល ក្នុងឆ្នាំតែមួយ ២០១៧ ហ្នឹង គឺថាចាប់មេបក្ស ខែកញ្ញា ហើយនិងរំលាយគណបក្ស ខែវិច្ឆិកា ឆ្នាំ២០១៧ ។ អាហ្នឹងយើងនិយាយអំពីលក្ខន្តិកៈមុនការរំលាយ ប៉ុន្តែក្រោយគេរំលាយគណបក្សអីហើយ យើងមើលទៅឃើញថា ការចរចា ឃើញថាជជែកផ្នែកនយោបាយ ក៏ដូចជាសហគមន៍អន្តរជាតិ រវាងអ្នកនយោបាយ និងអ្នកនយោបាយ ឃើញថាមកដល់ពេលដែលបក្សភ្លើងទៀនចេញទៅបង្កើតបក្ស ហើយចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ពីឆ្នាំ២០២២ ។ អ៊ីចឹងខ្ញុំមិនមើលឃើញបែបណាថា ក្បត់បក្សសង្រ្គោះជាតិ ឬក៏យ៉ាងណា ហើយអ្នកដែលទៅបើកបក្សដើម្បីធ្វើនយោបាយ ផ្ទុយពីលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ខណៈដែលបក្ស ក៏ត្រូវរំលាយ ហើយមេបក្ស ត្រូវបានគេចាប់ឃុំឃាំង រហូតកាត់ទោសឲ្យជាប់ពន្ធនាគារ ឃុំនៅក្នុងផ្ទះ ២៧ឆ្នាំ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងទាំងអស់ហ្នឹងហើយ ដែលខ្ញុំបានលាតត្រដាងនេះ គឺទុកឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាអ្នកវិនិច្ឆ័យ ជាអ្នកមើលឃើញថា អ្នកណាដកខ្លួនចេញ រហូតដល់ប្រើពាក្យថា ក្បត់នឹងបក្សត្រូវបានរំលាយ ឬក៏យ៉ាងណា អាហ្នឹងខ្ញុំមិនយោបល់អីទេ គ្រាន់តែថា អ្វីដែលបក្សមួយ ទៅធ្វើនយោបាយតាមបែបការធានា គោរពដោយរដ្ឋធម្មនុញ្ញ ហើយមាននយោបាយចាត់តាំងរបស់ខ្លួន ដែលជាអតីតគណបក្សសម រង្ស៊ី ដូរមកគណបក្សភ្លើងទៀន អីហ្នឹង ហើយរហូតដល់ស្ថានភាពនយោបាយ មានការឃុំខ្លួន ការចាប់ខ្លួន ហើយមានការចោទប្រកាន់ពីបក្សកាន់អំណាច ទាក់ទងទៅនឹងអ្វីនៃការមើលឃើញរបស់បក្សកាន់អំណាច ទៅនឹងការចោទប្រកាន់របស់តុលាការ ហើយតុលាការ ត្រូវបានគេមើលឃើញពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ថា រងសម្ពាធអ្នកនយោបាយអី ហើយធ្វើឲ្យលំហូរនៃលទ្ធិប្រជាធិបតេយ្យ មានការរួមតូចចង្អៀត សិទ្ធិសេរីភាពក្នុងការនិយាយស្ដី ត្រូវបានបិទឃាំងក្នុងកម្រិតមួយដែលមិនពេញលេញនៅក្នុងការគាំទ្រសកម្មភាពគណបក្សនយោបាយ មិនថាក្លាយជាអ្នកនយោបាយ ធ្វើនយោបាយអីអ៊ីចឹង អាហ្នឹងយើងមិនមានគិតថា អ្នកណាប្លន់បក្ស ក្រុមអ្នកប្លន់ទ្រព្យសម្បត្តិសង្រ្គោះជាតិ អីយ៉ាងម៉េចៗ អាហ្នឹងខ្ញុំមិនមានយោបល់ណាថាអ្នកនេះក្បត់បក្ស អ្នកនោះយកឈ្មោះបក្សសង្រ្គោះជាតិ ទៅបង្កើតបក្សថ្មី ហើយនិងមិនគោរពលក្ខន្តិកៈនៃការដែលបង្កើតជាចលនាសង្រ្គោះជាតិ ឆ្នាំ២០១២ ហើយនិងគណបក្សសង្រ្គោះជាតិ ឆ្នាំ២០១៣ ចូលរួមការបោះឆ្នោត ក្រោយមកហ្នឹង ក៏ចូលរដ្ឋាភិបាលនៅក្នុងរដ្ឋសភា បាន១អាណត្តិ ដែលរដ្ឋាភិបាល អាណត្តិទី៥ កើតចេញដោយសារវិបត្តិជម្លោះនយោបាយ មានបាតុកម្ម រហូតដល់ហិង្សា ហើយមានការបាញ់ប្រហារ ស្លាប់មនុស្សអី មានអ្នកនយោបាយជាប់គុក ដូចជារូបខ្ញុំអី ជាប់គុក ២ដង ៤ឆ្នាំ កាត់ទោស ២០ឆ្នាំ ភាពអយុត្តិធម៌ក្នុងការកាន់ក្បាលមីក្រូ និយាយអំពីសិទ្ធិសេរីភាព ៥នាទី ត្រូវបានគេថា ជាមេដឹកនាំកុបកម្ម ប៉ុនប៉ងចង់ផ្ដួលរំលំរដ្ឋាភិបាល បង្កវិទ្ធង្សនាឲ្យវឹកវរ ជារឿងកុបកម្ម ខ្ញុំថាហេតុផលនយោបាយ យើងចែកគ្នាឲ្យដាច់ នូវទោសព្រហ្មទណ្ឌនៃការចោទប្រកាន់ ។ អ៊ីចឹងសរុបមកវិញ ខ្ញុំថា ការដែលបក្សភ្លើងទៀន ចេញទៅបើកបក្ស ហើយបក្សផ្សេងៗអីហ្នឹង គឺថាអាហ្នឹងជាសិទ្ធិនយោបាយរបស់បុគ្គលមួយៗ ហើយឃើញថា បក្សសង្រ្គោះជាតិ ក៏ត្រូវបានគេរំលាយ ហើយសិទ្ធិជាអ្នកនយោបាយ សំខាន់គឺថានៅលើការមើលឃើញពីពលរដ្ឋម្ចាស់ឆ្នោត គាត់គាំទ្រ មិនគាំទ្រ អាហ្នឹងវាជារឿងសិទ្ធិរបស់ពួកអ្នកនយោបាយ ហើយដូចជាគណបក្សជំនាន់ថ្មី គឺថាវាឆ្លងមកសករាជថ្មីហើយ ដោយសារតែពីអ្នកនយោបាយជំនាន់ចាស់ ក៏ដូចជាបក្សកាន់អំណាច ដែលគេប្ដូរមកអ្នកនយោបាយជំនាន់ថ្មី អ្នកបន្តវេន“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងការដែលបក្សជំនាន់ថ្មីបង្កើត គឺថានៅក្នុងសករាជថ្មី នៃអ្នកនយោបាយជំនាន់ថ្មី អ្នកនយោបាយបន្តវេន ។ អ៊ីចឹងបក្សកាន់អំណាច គេបន្តវេន បន្តអ្នកជំនាន់ថ្មីគេ រឿងអីអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ មិនអាចរៀបចំអ្នកបន្តវេនជំនាន់ថ្មី ឈាមថ្មី គំនិតថ្មីបាន ។ អ៊ីចឹងយើងចែកគ្នាឲ្យដាច់អំពីការធ្វើនយោបាយនៅក្នុងកាលៈទេសៈនយោបាយណា នៅក្នុងជំនាន់មួយ ដូរទៅជំនាន់មួយ តាមរយៈការផ្លាស់ប្ដូរអ្នកដឹកនាំប្រទេស ក៏ដូចជាអ្នកនយោបាយជំនាន់ចាស់ មកជំនាន់ថ្មី វាជារឿងមួយ ដែលយើងត្រូវចែកគ្នាឲ្យដាច់ ហើយខ្ញុំអត់ចងឮពាក្យក្បត់ ពាក្យប្លន់ ពាក្យអីទេ គឺថា វាជាការបាត់នូវសីលធម៌ជាអ្នកនយោបាយ យើងត្រូវមានគុណនយោបាយ សុចរិតនយោបាយ តម្លាភាព ទាក់ទងទៅនឹងអ្វីដែលការដែលយើងសម្រេចនៅក្នុងការធ្វើនយោបាយ ហើយធ្វើអ្វីក៏ដោយ ក៏វាមិនខុសពីច្បាប់ធម្មជាតិដែរ វាមានកើត ចាស់ ឈឺ ស្លាប់ គឺគណបក្សនយោបាយ អ្នកនយោបាយជើងចាស់ ជើងថ្មី ការបន្តការកាន់អំណាច ឬក៏បន្តវេន បន្តជំនាន់អី វាសុទ្ធតែជារឿងប្រែប្រួល ដែលអ្វីៗវាមិនទៀងទាត់ទេ ទាំងធម្មជាតិ ទាំងអ្នកនយោបាយ ទាំងការធ្វើនយោបាយនៃសករាជចាស់ រជ្ជកាលចាស់ ហើយនិងជំនាន់ថ្មី អាហ្នឹងវាជារឿងដែលយើងត្រូវចែកឲ្យដាច់ ព្រោះសិទ្ធិធ្វើនយោបាយ យើងអត់ស្ថិតនៅក្នុងគំនាបនយោបាយបក្ស ឬក៏ការរើសអើងនិន្នាការបក្សណា ហើយក៏គ្មានការគំរាមកំហែងពីអ្នកមានឥទ្ធិពលនយោបាយ ឬក៏អ្នកដឹកនាំ ឬក៏បុគ្គលដែលជ្រៀតជ្រែក ដែលបៀតបៀន ដែលគំរាមកំហែង បំភិតបំភ័យ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ គឺថាយើងត្រូវធ្វើទៅតាមអ្វីដែលច្បាប់នីតិរដ្ឋបានកំណត់ ហើយអនុវត្ត គ្មានអ្នកណារំលោភច្បាប់រដ្ឋធម្មនុញ្ញ រវាងសិទ្ធិពលរដ្ឋ ទៅនឹងកាតព្វកិច្ច ករណីយកិច្ច ក្នុងការធ្វើនយោបាយ ការចូលរួមសេដ្ឋកិច្ច ប្រពៃណី សាសនា សង្គមអីហ្នឹង ពិសេសសិទ្ធិនិយាយស្ដីក្នុងការបញ្ចេញមតិ សិទ្ធិធ្វើនយោបាយពេញលេញ សិទ្ធិចូលរួមគណបក្សនយោបាយ សិទ្ធិឈរជាអ្នកតំណាងរាស្រ្តឲ្យគេបោះឆ្នោតឲ្យ ឈរជាបេក្ខជននាយករដ្ឋមន្រ្តី នៃបក្សនយោបាយ ។ អ៊ីចឹងសរុបមកវិញ អានេះជាការមើលឃើញថា ការចោទប្រកាន់ ការលាបពណ៌ ការញុះញង់ ការរើសអើងផ្នែកនយោបាយ អ្នកធ្វើនយោបាយមិនមែនជាអ្នករកស៊ី ឬក៏ជាអ្នកបម្រើដាច់ថ្លៃ ខ្ញុំកញ្ជះអ្នកណា​ ដូចជាជំនួញជួញដូរ ដូចជាទាសករ ការធ្វើជាកម្មករ ជាអ្នកស៊ីឈ្នួលគេអីទេ គឺថាអ្នកនយោបាយ អ្នកបម្រើនយោបាយ គឺជាសិទ្ធិធានានៅក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលគ្មានការរំលោភបំពានសិទ្ធិនយោបាយ ដែលធានា ការពារដោយរដ្ឋធម្មនុញ្ញ នៅក្នុងជំពូកទី៣ មាត្រាទី៣១ រហូតទៅដល់មាត្រាទី៥០ ។ អាហ្នឹងហើយដែលជាសេរីភាពពេញលេញរបស់ពលរដ្ឋម្ចាស់ឆ្នោត“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “យើងមិនអាចថាអ្នកណាខុស ឬក៏ត្រូវនៅការធ្វើនយោបាយ ឬក៏ដើរចេញពីបក្សមួយ ទៅបក្សមួយ ប៉ុន្តែកិច្ចសន្យា លក្ខន្តិកៈ ក៏ដូចជាយន្តការណា នៅពេលដែលមានវត្តមាននៃគណបក្សនយោបាយនៅ ប៉ុន្តែនេះវាអវត្តមាន ហើយរំលាយបក្សសង្រ្គោះជាតិ ចោល ហើយមេបក្ស ត្រូវបានគេកាត់ទោស កាត់អី ហើយសិទ្ធិធ្វើនយោបាយ គឺវាផ្ទុយគ្នា វាដើរបញ្ច្រាសទិញគ្នា ត្រង់ថាបក្សសង្រ្គោះជាតិ ត្រូវបានគេរំលាយ ។ តើសិទ្ធិជាអ្នកនយោបាយនៅក្រោមបក្សសង្រ្គោះជាតិនេះ តើគេត្រូវសម្រេចសិទ្ធិមិនធ្វើនយោបាយទៀត ឬក៏ត្រូវតែបន្តអាជីពនយោបាយបែបណាមួយ? ព្រោះថាកន្លងមក ការជជែកផ្នែកនយោបាយ ទាំងសហគមន៍អន្តរជាតិ ទាំងនយោបាយជំនាន់ចាស់ហ្នឹង ឃើញថា ភាពទាល់ច្រក ដែលមិនអាចជជែកគ្នាបាន រហូតមកដល់ឥឡូវ យើងគិតមើល តាំងពី២០១៣ មក ២០១៨ អវត្តមានគណបក្សសង្រ្គោះជាតិ ត្រូវបានគេរំលាយ មិនបានដោះស្រាយ ចូលរួមបោះឆ្នោត ឲ្យមានសង្រ្គោះជាតិ ឡើងវិញ មកដល់២០២៣ ហើយវាឈានទៅរកអា២០២៧-២០២៨ ទៅទៀត តើ១៥ឆ្នាំហ្នឹង តើអ្នកនយោបាយដែលមានវ័យដូចខ្ញុំអី ៥៦ឆ្នាំ ទៅដល់២០២៨ អាយុ៦០  ហើយរង់ចាំជារៀងរហូតទៅ ឬក៏ត្រូវធ្វើអ្វីសម្រាប់អ្នកជំនាន់ថ្មី សករាជថ្មី អ្នកបន្តវេន បន្តជំនាន់បែបណា? អាហ្នឹងគឺជាសិទ្ធិដោយគ្មានការគាបសង្កត់ សិទ្ធិដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ។ បើបក្សសង្រ្គោះជាតិ នៅមានវត្តមានឡើងវិញ អាហ្នឹងការដើរចេញ ដើរអី ក៏វាជាសិទ្ធិនយោបាយ ប៉ុន្តែឲ្យទៅចោទប្រកាន់ថា ក្បត់បក្ស ក្បត់ជាតិ ក្បត់មេអីហ្នឹង ខ្ញុំថាវាដូចជាជ្រុលពេកហើយដែរ ហើយក៏ខ្ញុំមិនទៅបដិសេធនូវអ្វីដែលអ្នកនយោបាយមិនអាចរង់ចាំបាន ឬក៏រង់ចាំបាន នៅក្នុងដំណោះស្រាយបែបណា ខ្ញុំថាវាដូចជាពិបាក ហើយធ្វើឲ្យអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិចង់ប្រឡូកចូលក្នុងឆាកនយោបាយឡើងវិញ ឬក៏អ្នកជំនាន់ក្រោយ មនុស្សក្មេងៗជំនាន់ថ្មី ដែលគ្នាចង់ធ្វើនយោបាយ គ្នាត្រូវការបង្កើតគណបក្សនយោបាយ ជាអង្គការចាត់តាំងនយោបាយមួយដែលចេញពីសិទ្ធិសេរីភាពរបស់ពួកគាត់ ដោយឆន្ទៈ មនសិការជាតិ សម្រាប់ជួយដល់សង្គម ជួយដល់ប្រជារាស្រ្ត តាមបែបការបង្កើតគណបក្សនយោបាយស្របច្បាប់ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ខ្ញុំថាវាជារឿងមិនអាចទម្លាក់កំហុសទៅដល់ក្បត់បក្ស ក្បត់មេ ក្បត់ជាតិ ក្បត់អីទេ ព្រោះអាហ្នឹងចែកគ្នាឲ្យដាច់រវាងសិទ្ធិនយោបាយ ទៅនឹងសិទ្ធិពលរដ្ឋ មានសិទ្ធិជ្រើសរើសការគាំទ្រគណបក្សនយោបាយ និងបើកគណបក្សនយោបាយ ខ្ញុំថាវាជារឿងមួយកុំយកគំនុំបុគ្គល កុំយកការផ្ដេកផ្ដួលដោយអាការជឿជាក់ ភាពងប់ងុល ការលាបពណ៌ ការញុះញង់ ការចោទប្រកាន់ណាដែលប្រាសចាកពីផ្លូវច្បាប់ ល្មើសទៅនឹងការគោរពនីតិរដ្ឋ“ ៕ កុលបុត្រ

RELATED ARTICLES