Saturday, September 21, 2024
Homeព័ត៌មានជាតិប្រឡងបាក់ឌុប ថ្ងៃ ៨តុលា ២០២៤ មានបេក្ខជនជាង ១៣ម៉ឺននាក់

ប្រឡងបាក់ឌុប ថ្ងៃ ៨តុលា ២០២៤ មានបេក្ខជនជាង ១៣ម៉ឺននាក់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា បេក្ខជនដែលចុះឈ្មោះចូលរួមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៤ នេះ មានចំនួនជាង ១៣ម៉ឺននាក់ ដោយចែកចេញជា ៥៥៣៤បន្ទប់ ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ មានបេក្ខជនសរុប ចំនួន ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់។ នៅក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨នាក់ ស្រី ២៣ ៧១៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់។

លោកស្រី ឃួន វិច្ឆិកា  បន្តថា សម្រាប់មណ្ឌលសំណេរ មានចំនួន ២៣០មណ្ឌល គឺ មណ្ឌលវិទ្យាសាស្ត្រ មាន ៧៣មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មាន១៥៧មណ្ឌល។ បន្ទប់សម្រាប់បេក្ខជនប្រឡង សរុបមានចំនួន ៥៥៣៤បន្ទប់ បន្ទប់ថ្នាក់វិទ្យាសាស្ត្រ មាន ១៦០៣បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣៩៣១បន្ទប់។

គួររំលឹកថា កាលពីនៅឆ្នាំ២០២៣ កន្លងទៅ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា មានបេក្ខជនប្រឡងជាប់បាក់ឌុប សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង ជាង១៣ម៉ឺននាក់ (១៣៧ ៤១២នាក់)។

ក្នុងចំណោមអ្នកជាប់ទាំងជិត ១០ម៉ឺននាក់នេះ សិស្សទទួលបាននិទ្ទេស A ចំនួន ១៦៧៣នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៩៦៤នាក់ សិស្សទទួលបាននិទ្ទេស C ចំនួន ១៨ ៣០៨នាក់ សិស្សទទួលបាននិទ្ទេស D ចំនួន ៣៤ ២៤៦នាក់ និងសិស្សទទួលបាននិទ្ទេស E ចំនួន ៣៧ ២៦៩នាក់៕

RELATED ARTICLES