Wednesday, November 27, 2024
Homeព័ត៌មានជាតិឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំសមត្ថកិច្ចព្រំដែន ដោះស្រាយបញ្ហាប្រឈមជូនពលករឆ្លងដែន

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំសមត្ថកិច្ចព្រំដែន ដោះស្រាយបញ្ហាប្រឈមជូនពលករឆ្លងដែន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែនកម្ពុជា (គ.ច.ព.ក) បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែនកម្ពុជា-ថៃ។

ការណែនាំដោយលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំ នេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តដោះ ស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យបាននូវស្មារតី មុតស្រួច តាមទិសដៅរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឱ្យពលករទៅបម្រើការងារដោយស្របច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់តួអង្គពាក់ព័ន្ធ ត្រូវឯកភាពគ្នាពង្រឹងសេវាតាមព្រំដែន ដើម្បីឱ្យពលករនិងពលរដ្ឋ ចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និងការប្រឈមនានា។ លើសពីនេះ លើកទឹកចិត្តនិងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំងជំនាញសមត្ថកិច្ចទ្វេភាគី ទាំងនគរបាលអន្តោប្រវេសន៍ ទាហាន និងគយ ជាដើម ត្រូវជួបប្រជុំទៀងទាត់ បើមានសំណូមត្រូវដោះស្រាយជាក់ស្តែងជាមួយភាគីថៃ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់លេខាធិការដ្ឋាន ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានាដល់ការបូកសរុបរបាយការណ៍ឆ្លើយតប និងលើកទឹកចិត្តក្រុមការងារជំនាញ ២ក្រុម ត្រូវបន្តចុះតាមបណ្តាព្រំដែន ដោយជួបផ្ទាល់ជាមួយសមត្ថកិច្ច ពលករ ភាគីថៃ និងអាជ្ញាធរខេត្ត ព្រមទាំងសង្កត់ ធ្ងន់ថា “យើងរួមគ្នាជួយពលករចេញចូលតាមព្រំដែន កាត់បន្ថយភាពស្មុគស្មាញ”។

សូមបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាមសំណូមពររបស់រាជរដ្ឋាភិបាល និងទទួល បាននូវការសាទរពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន៕

RELATED ARTICLES