ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមមូលនិធិក សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តោតលើការកសាងផ្លូវខ្សែក្រវាត់ព្រំដែន មានប្រមាណ ៧០ម៉ឺននាក់ហើយ ដែលគិតជាថវិកាសរុបប្រមាណ២១លានដុល្លារ ហើយក្រុមការងារ នឹងបន្តទទួលថវិកា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ ពិសេសមួយ ពាក់ព័ន្ធនឹងការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
តាមរយៈសារសំឡេង បង្ហោះតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា “ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់! កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានសម្រេចចិត្តបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកជាសំណួរថា បើរាជរដ្ឋា ភិបាល បញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្តោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍន៍ខេត្ត នៅតំបន់ភូមិភាគឦសាន របស់កម្ពុជា នៅតែបន្តឬយ៉ាងណា? ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិការសាធារណៈ ជាច្រើនលើករួចមកហើយ នាពេលកន្លងទៅ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន នៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅភូមិភាគឦសាន តែម្តង ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែល គ្មានប្រែប្រួល ដែលរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥ ដែលខ្ញុំបានប្រកាសនាពេលកន្លងទៅ នៅតែរក្សាដដែល…”។
សម្តេចហ៊ុន ម៉ាណែត បានបន្តថា “ឆ្លៀតក្នុងឱកាសនេះដែរ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជា ពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាត់ព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណ ៧០ ម៉ឺននាក់ ចូលរួម ហើយគិតជាថវិកាប្រមាណ ២១លានដុល្លារអាមេរិក។ វិភាគទានស្ម័គ្រចិត្តដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមបញ្ជាក់ផងដែរថា ការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤ រវាងព្រំដែនយើងជាមួយនឹងប្រទេសជិតខាង ទាំង៣ (ឡាវ-ថៃ-វៀតណាម) ហើយរហូតមកដល់បច្ចុប្បន្ន ដែលសម្រេចបានប្រមាណ ១៣០០គីឡូម៉ែត្រហើយ ដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត ដែលនឹងត្រូវធ្វើបន្ត»។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា “ដោយសង្កេតឃើញចលនានៃការបរិច្ចាគនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ ក្រុមការងារមូលនិធិ នឹងបន្តទទួលថវិកា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ហើយនៅពេលបិទបញ្ចប់ ក្រុមការងារមូលនិធិ នឹងជម្រាបអំពីចំនួនទឹកប្រាក់ចុងក្រោយ និងផែនការច្បាស់លាស់ ដើម្បីប្រើប្រាស់ថវិកាទាំងនេះ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះផងដែរ ចំពោះការ រៀបចំដំណើរទស្សនកិច្ចនៅខេត្តក្នុងភូមិភាគឦសាន រៀងរាល់ចុងសប្តាហ៍ ចន្លោះពីខែកញ្ញា រហូតដល់ដំណា ច់ឆ្នាំ២០២៤ គឺនៅរក្សាដដែល ដើម្បីបងប្អូនពលរដ្ឋ មានឱកាសបានទៅទស្សនាការអភិវឌ្ឍន៍ជាក់ស្តែង នៅបណ្តាខេត្តភូមិភាគឦសាន របស់កម្ពុជាយើង…”៕ ដារិទ្ធ