Saturday, November 23, 2024
Homeព័ត៌មានជាតិសកម្មជនព្រៃឈើ ឆ្លើយតបអ្នកចោទ ស្និទ្ធត្រកូលហ៊ុន ដើរតួកម្សត់បោកខ្មែរ

សកម្មជនព្រៃឈើ ឆ្លើយតបអ្នកចោទ ស្និទ្ធត្រកូលហ៊ុន ដើរតួកម្សត់បោកខ្មែរ

ភ្នំពេញ ៖ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ និងជាសកម្មជនព្រៃឈើ លោកតាន់ គឹមសួរ បានប្រតិកម្មនឹងអ្នកចោទរូបលោកថា ស្និទ្ធត្រកូលហ៊ុន តែដើរកម្សត់ បោកប្រាស់ខ្មែរ ។

លោកតាន់ គឹមសួរ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “តើខ្ញុំខុសឬ ដែលមិនបាននៅខាងលោក មិនស្របជាមួយគំនិតរបស់លោក ដែលកំពុងតែព្យាយាមបំផ្លាញខ្មែរ? លោកបានប្រើប្រាស់គ្រប់វិធី ដើម្បីចាក់រុក ឆ្កឹះឆ្កៀលឲ្យខ្មែរស្អប់ បែងចែក ជាបក្ខជាពួក ជាពិសេសគឺព្យាយាមបំផ្លាញនូវទឹកចិត្តចំពោះបុគ្គលណាដែលមានសេចក្ដីខ្វាយខ្វល់ចំពោះជាតិដ៏ពិតប្រាកដ។ ឈប់អះអាងថា ខ្លួនស្នេហាជាតិទៀតទៅ អ្នកស្នេហាជាតិដ៏ពិតប្រាកដ គេមិនធ្វើអ៊ីចឹងទេ។ សូមលោកជួយលើកឲ្យបាន ៥ចំណុច និងភ្ជាប់ជាមួយអំណះអំណាងឲ្យច្បាស់លាស់មកថា ខ្ញុំកំពុងតែបោកប្រាស់ខ្មែរ ខ្ញុំនឹងឈប់បន្តសកម្មភាពនេះភ្លាម“ ។

លោកតាន់ គឹមសួរ បានសរសេរបន្ថែមថា “នេះគឺជាលទ្ធផលដ៏ធំធេងមួយដែលខ្ញុំបានរុករកឃើញ ហើយបានស្នើសុំកម្លាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រួមជាមួយថ្នាក់ខេត្តកំពង់ធំ បង្ក្រាបបាននូវបទល្មើសព្រៃឈើដ៏ធំ នៅខេត្តកំពង់ធំ។ ទាំងនេះគឺសុទ្ធសឹងតែជាប្រភពឫសគល់នៃវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ (សុំទោសព្រៃឡង់ដែលខ្ញុំមកយឺតបន្តិច)។ ករណីទាំងនេះក៏ខ្ញុំបានធ្វើការរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចគ្នា ហើយក៏ទទួលបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេច ផងដែរ ដើម្បីធ្វើយ៉ាងណាបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះ ឲ្យបានប្រសិទ្ធភាព។ សូមផ្ដាំទៅមន្ត្រីដែលកំពុងតែសម្រួលលើករណីនេះ ឲ្យបានជ្រាបថា កុំព្រហើន!!! ប្រយ័ត្នសូម្បីតែតំណែងក៏មិនអាចរក្សាបាន  ថែមទាំងជាប់ទោសជាជនក្បត់ជាតិទៅទៀត។ ដឹងទេថា រាជរដ្ឋាភិបាល មិនចូលចិត្តអាណាដែលខូចទេ? ពួកយើងកំពុងតែរង់ចាំមើលថា តើចំណាត់ការរបស់តុលាការ យ៉ាងណាទៅលើករណីនេះ? ឧក្រិដ្ឋជនព្រៃឈើដែលខ្ញុំបានបោះអត្តសញ្ញាណឲ្យទាំងនេះ នឹងរួចទោសឬយ៉ាងណា? ខ្ញុំបង្ហាញរូបភាពទាំងនេះត្រឹម ២០% តែប៉ុណ្ណោះ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកតាន់ គឹមសួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤​ ថា ការចោទថាលោកស្និទ្ធត្រកូលហ៊ុន ដើរតួកម្សត់ បោកប្រាស់ខ្មែរបែបនេះ  លោកមិនអាចទទួលយកបានទេ ។

លោកតាន់ គឹមសួរ បានមានប្រសាសន៍ថា “ខ្ញុំអត់ប្រតិកម្មទេ ដោយសារតែគាត់លើកឡើង គឺភាគច្រើន គឺពួកគាត់ចង់បំបាក់ស្មារតីរបស់ខ្ញុំ ហើយគាត់អត់មានអំណះអំណាងអីច្បាស់លាស់មកធ្វើការចោទប្រកាន់ខ្ញុំទេ ហើយបើសិនជាឧទាហរណ៍គាត់ចោទប្រកាន់ខ្ញុំ មហាជន គឺច្រើនណាស់ គាត់អាចមើលសកម្មភាពអីៗជាក់ស្ដែងទាំងអស់ ហើយបើសិនជាការចោទប្រកាន់ទៅបុគ្គលណាម្នាក់ យើងគ្មានអំណះអំណាងច្បាស់លាស់យកទៅចោទប្រកាន់គេទេ អាហ្នឹងគឺស្មើនឹងយើងកំពុងតែមានការគុំកួន ស្អប់ទៅបុគ្គលហ្នឹង ទោះបីអ្នកហ្នឹងគេធ្វើល្អ មិនល្អក៏ដោយ ហើយពាក់ព័ន្ធនឹងខ្ញុំស្និទ្ធស្នាលជាមួយសម្ដេច ដោយសារខ្ញុំស្និទ្ធស្នាលហើយ បានខ្ញុំយល់អំពីទឹកចិត្តរបស់សម្ដេច ខ្លាំងមែនទែន ប៉ុន្តែគាត់គឺមានឆន្ទៈ មានមនសិការស្នេហាជាតិដ៏ពិតប្រាកដ ។ ហេតុអីបានសម្ដេច ជាអ្នកអញ្ជើញខ្ញុំផ្ទាល់ទៅពិសាបាយជាមួយសម្ដេច? ដោយសារអី? ដោយសារគាត់ចង់បានខ្ញុំដែលជាបុគ្គលម្នាក់ដែលហ៊ាននិយាយ ហ៊ានអី ហើយអត់មានជាប់ជំពាក់វាក់វិនជាមួយលាភសក្ការៈពីជនល្មើសអីនោះទេ ហើយខ្ញុំនេះហៅថាជាកញ្ចក់អាចឆ្លុះពីការពិតនៅតំបន់ហ្នឹងបាន ។ ខ្ញុំនេះគឺជាមនុស្សដែលសម្ដេច ទុកចិត្តបាន ។ បើសិនជាសម្ដេច មិនមានឆន្ទៈនៅក្នុងការធ្វើរឿងហ្នឹងពិតប្រាកដទេ ប្រហែលជាគាត់អត់ទំនាក់ទំនងខ្ញុំ និងបង្ហាញការលើកទឹកចិត្តឲ្យខ្ញុំបែបហ្នឹងអ៊ីចឹងទេ និងមិនឲ្យខ្ញុំធ្វើអីតាមអំពើចិត្ត ឬក៏គាត់នឹងធ្វើអីម្យ៉ាង ដើម្បីបង្អាក់ដំណើរខ្ញុំតែម្ដង ប៉ុន្តែនេះអត់ទេ គឺការជំរុញបន្ថែមឲ្យខ្ញុំហ្នឹងចុះទៅដើម្បីជួយពិនិត្យមន្រ្តីក្រោមឱវាទរបស់គាត់ហ្នឹងកំពុងតែហៅថា ច្បាមយកលាភសក្ការៈដាក់ចូលហោប៉ៅខ្លួនឯង ប៉ុន្តែជះភាពក្ដៅក្រហាយហ្នឹងជូនដល់ថ្នាក់ដឹកនាំ ដូចយ៉ាងមហាជនមួយចំនួន គាត់ក៏បានគិតដែរ មានរឿងអីដែលជាការបំផ្លាញធនធានធម្មជាតិ? គឺគាត់អត់មានគិតថា មន្រ្តីនៅក្រោមឱវាទហ្នឹងគាត់ជាអ្នកគប់គិត ជាអ្នកធ្វើទេ ប៉ុន្តែគេចោទទៅលើរាជរដ្ឋាភិបាលតែម្ដង ។ នេះហើយគឺគាត់លុបបំបាត់អាគិតបែបហ្នឹង ហើយខ្ញុំទៅជួបហើយ គឺធ្វើការងារជាមួយគាត់ដោយបែបលក្ខណៈអ៊ីចឹងតែម្ដង ដូចរឿងនៅខាងកំពង់ធំហ្នឹង គឺអាចសង្កេតឃើញថា វាគឺជាបទល្មើសដុះស្នឹមរាប់សិបឆ្នាំមកហើយ ដែលអត់ទាន់មានអ្នកណាគេធ្វើបែកបាន ដោយសារអី? ដោយសារនេះគឺជាប្រព័ន្ធ គឺវាពិបាកខ្លាំងមែនទែន ចំពោះថ្នាក់ដឹកនាំកំពូល ដែលអាចមើលគ្រប់ជ្រុងជ្រោយដល់ចំណុចទាំងអស់ហ្នឹងបាន ។ អ៊ីចឹងភ្នែកប្រជាជនទាំងអស់ដែលមានសេចក្ដីខ្វាយខ្វល់ដ៏ពិតប្រាកដក្នុងការធ្វើ បានថ្នាក់ដឹកនាំគាត់អាចយល់ ហើយអាចមានវិធានការចំពោះមន្រ្តីទាំងអស់ហ្នឹងបាន“ ។

លោកតាន់ គឹមសួរ បានមានប្រសាសន៍បន្តថា “ជារួមទៅ ពាក្យថា ខ្ញុំស្និទ្ធត្រកូលហ៊ុន ដើរតួកម្សត់ បោកប្រាស់ខ្មែរ ខ្ញុំអត់អាចទទួលយកបានទេ ព្រោះខ្ញុំមានគោលដៅរបស់ខ្ញុំច្បាស់លាស់ ខ្ញុំអត់អាចចេះតែធ្វើអីតាមតែការកំរោល ធ្វើអីដុតខ្ញុំឲ្យឆេះ ប៉ុន្តែបើសិនជាខ្ញុំឆេះ ខ្ញុំតូងតាងអីជាមួយគាត់ វាអត់ស័ក្ដិសមទេ បានន័យថា គាត់សម្រេចហើយ ។ ប៉ុន្តែខ្ញុំមានគោលដៅរបស់ខ្ញុំច្បាស់ ខ្ញុំចង់បានអី? អ៊ីចឹងបានចង់សំណូមពរឲ្យគ្រប់គ្នាមុននឹងបញ្ចេញយោបល់អី គឺយើងគួរតែគិតពិចារណា ហើយពិនិត្យជាក់ស្ដែង សា្រវជ្រាវមក ថាតើតាំង គឹមសួរ ហ្នឹងអាចក្បត់គាត់យ៉ាងម៉េច? អ្នកខ្លះលើកមកថា តាន់ គឹមសួរ ហ្នឹងចូលព្រៃ មើលឈើឲ្យឧកញ៉ានេះ ឧកញ៉ានោះអីអ៊ីចេះមួយ អ៊ីចេះពីគ្រប់បែប គឺដើម្បីបំបាក់ស្មារតីអ្នកដែលគេកំពុងតែធ្វើដោយពិតប្រាកដ ។ សួរថា ចេតនាពួកគាត់ល្អទេ? ដែលពួកគាត់លើកឡើងមកនេះ គ្មានអំណះអំណាង គ្មានអីច្បាស់លាស់យកមកចោទប្រកាន់យើង ដើម្បីអី? ដើម្បីឲ្យពួកខ្ញុំនេះ បាក់ស្មារតីហើយ ឈប់បន្តធ្វើ ហើយវាជាឱកាសរបស់ពួកគាត់នៅក្នុងការច្បាមយកប្រយោជន៍នានា ពាក់ព័ន្ធនឺងរឿងទាំងអស់ហ្នឹងតែម្ដង ។ ខ្ញុំតែរក្សាគោលជំហររបស់ខ្ញុំច្បាស់លាស់ ឧទាហរណ៍ឥឡូវនេះគោលដៅរបស់ខ្ញុំឡើងភ្នំឱរ៉ាល់ អ៊ីចឹងគឺត្រូវតែមានការជំពប់ជើងដួល មានមែកឈើបាំង មានដើមឈើបាក់សង្កត់ មានចំណោតចោតខ្ពស់ៗ ប៉ុន្តែខ្ញុំអត់បោះបង់គោលជំហរទេ គឺគោលដៅរបស់ខ្ញុំៗត្រូវតែធ្វើយ៉ាងណាឲ្យទៅដល់លើកំពូលភ្នំហ្នឹងតែម្ដង ។ ដូច្នេះសរុបមកវិញ បើថា ចង់ចោទប្រកាន់ខ្ញុំយ៉ាងម៉េចៗ ខ្ញុំទទួលយក ឲ្យតែមានអំណះអំណាងច្បាស់លាស់យកមកដាក់ទៅ វ៉ៃវាទៅ អាហ្នឹងគឺមហាជនគេជឿជាក់ហើយ ។ ឧទាហរណ៍ថា ឃើញខ្ញុំសម្ដែងកម្សត់ សួរថា គោលបំណងដើម្បីអី? ប៉ុន្តែមិនចាំបាច់តែខ្ញុំទេ បើប្រជាជនទូទៅគាត់ប្រើរូបភាពដូចអ៊ីចឹង បើចំណេញទៅដល់ធម្មជាតិ ចំណេញដល់ប្រយោជន៍ជាតិ ត្រូវគាំទ្រឲ្យគេសម្ដែងទៅ ឲ្យគេបន្តសម្ដែង ជំរុញឲ្យមានមនុស្សមកសម្ដែងអ៊ីចឹងទៀត វាចំណេញយើងតើ! បើសិនជាយើងរកមិនឃើញអាផលអវិជ្ជមានពីការសម្ដែងរបស់គេហ្នឹងទេ កុំព្យាយាមបំបាក់ស្មារតីគេ ឲ្យបន្តទៅទៀតទៅ“ ៕

RELATED ARTICLES