ភ្នំពេញ ៖ អ្នកឃ្លាំមើល បានថ្កោលទោសសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឲ្យចាប់សកម្មជនប្រឆាំង លោក ផន ផាន់ណា ដែលកំពុងរស់និរទេសខ្លួននៅប្រទេសថៃ ។ ការថ្កោលទោសនេះ បានធ្វើឡើងក្រោយបែកធ្លាយសារសំឡេងដែលគេជឿជាក់ថា ជាសំឡេងសម្តេចហ៊ុន សែន បញ្ជាលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាជំនួយការសម្តេចហ៊ុន សែន តាមចាប់សកម្មជនប្រឆាំង នៅប្រទេសថៃនោះ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច បានបំភ្លឺថា លោកមិនជឿថា សារសំឡេងនោះ ជាសំឡេងពិតរបស់់សម្ដេចហ៊ុន សែន នោះទេ គឺជាអាចជាសំឡេងសិប្បនិម្មត តាមបច្ចេកវិទ្យាទំនើប ដែលក្រុមជ្រុលនិយមបង្កើតឡើងដើម្បីមួលបង្កាច់ និងចោទប្រកាន់មកលើសម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។
លោកម៉ែន ណាត បានសរសេរក្នុងគណនី និងទំប័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ថា “យើងខ្ញុំក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសលោកហ៊ុន សែន មេដឹកនាំទំនើងចិត្ត និងជាជនផ្តាច់ការតពូជ ស្រដៀងកូរ៉េខាងជើង ដែលបានថ្លែងសារបែកធ្លាយថ្មីៗនេះ តាមចងអាឃាតលោក ផន ផាន់ណា សកម្មជនគណបក្សក្រៅរដ្ឋាភិបាល កំពុងភៀសខ្លួននៅប្រទេសថៃ។ ចំណាត់ការរបស់លោក ហ៊ុន សែន ទៅលើលោក ផន ផាន់ណា គឺជាចំណាត់ការដ៏ទុច្ចរិតបំផុត ប្រើពាក្យសម្តីឃោរឃៅ សំដៅទាំងការបញ្ជាឲ្យចាប់ខ្លួន និងទាំងការព្រមានផ្តាច់ផ្តិលជីវិតសកម្មជនរូបនេះផង។ យើងខ្ញុំយល់ច្បាស់ថា លោក ហ៊ុន សែន គួរតែត្រូវបានប្តឹងចូលតុលាការអន្តរជាតិ ICC នៅទីក្រុងឡាអេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះក្នុងរបបដឹកនាំរបស់ក្រុមគ្រួសារគាត់ បាននិងកំពុងប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើន នៅប្រទេសកម្ពុជា ដូចជា ការចាប់ឃុំឃាំងពលរដ្ឋយ៉ាងអយុត្តិធម៌ ការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន និងអ្នកនយោបាយបក្សជំទាស់ រួមទាំងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការបណ្តេញពលរដ្ឋចេញពីលំនៅឋាន ជាដើម។ ជាមួយគ្នានេះ ដើម្បីស្តារប្រក្រតីភាពនៃប្រទេសកម្ពុជា តាមគោលការណ៍ប្រជាធិបតេយ្យឡើងវិញ លោកហ៊ុន សែន និងរដ្ឋាភិបាលកូនប្រុសរបស់គាត់ ត្រូវទម្លាក់ចោលការប៉ងចងអាឃាតទៅលើលោក ផន ផាន់ណា និងត្រូវបញ្ឈប់ការប្រព្រឹត្តបទឧក្រិដ្ឋកម្មទាំងអស់ រួចត្រូវដោះលែងអ្នកជាប់ឃុំមនសិការទាំងពួង ឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។ ជាថ្មីម្តងទៀត យើងខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ ជាបន្ទាន់ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញខ្មែរ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាធរមាន“ ។
បន្ថែមលើការលើកឡើងតាមហ្វេសប៊ុក ខាងលើនេះ លោកម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកមិនចង់និយាយវែងឆ្ងាយពេកទេ គ្រាន់តែអំពាវនាវជាថ្មី ជុំវិញសំណុំរឿងលោក ផន ផាន់ណា សំណុំរឿងអ្នកនយោបាយ និងសកម្មជនផ្សេងៗទៀត ដែលជាប់ឃុំអយុត្តិធម៌ ឲ្យពួកគាត់រួចផុតពីទោសទណ្ឌ និងរួចផុតពីការធ្វើទុក្ខបុកម្នេញ ព្រមទាំងឲ្យពួកគាត់មានសេរីភាពឡើងវិញជាធម្មតា ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “សម្រាប់សំណុំរឿងលោក ផន ផាន់ណា ខ្ញុំបានសរសេរហើយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្ញុំហ្នឹង ។ អ្វីដែលខ្ញុំអាចបន្ថែមលើសពីហ្នឹងបាន គ្រាន់តែជាគំនិតផ្ទាល់មាត់ ជាពាក្យផ្ទាល់មាត់របស់ខ្ញុំ ទៅកាន់មេដឹកនាំកម្ពុជាសព្វថ្ងៃហ្នឹងថា សូមឲ្យទម្លាក់ចោលការចងអាឃាតទាំងឡាយមកលើសកម្មជនប្រឆាំង ទៅលើសកម្មជនបរិស្ថាន ទៅលើសកម្មជនសង្គម ទៅលើអ្នកជំទាស់រឿង CLV ថ្មីៗហ្នឹង និងអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ទាំងអស់ ឲ្យពួកគាត់ហ្នឹងទទួលបានយុត្តិធម៌ ឲ្យរដ្ឋាភិបាល និងតុលាការកម្ពុជា ទម្លាក់ចោលបទចោទ និងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញជាធម្មតា ហើយចុងក្រោយ ទទូចដដែលទេ គឺរដ្ឋាភិបាលកម្ពុជា អនុវត្តរដ្ឋធម្មនុញ្ញ ឲ្យបានត្រឹមត្រូវឡើងវិញ និងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាំងស្មារតីរដ្ឋធម្មនុញ្ញ ទាំងស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវរដ្ឋាភិបាលកម្ពុជា យកមកគិតគូរអភិវឌ្ឍឡើងវិញ រួចស្ដារស្មារតីជាតិខ្មែរយើង ។ មានតែការស្ដារស្មារតីជាតិខ្មែរ ឈប់ចងអាឃាត ឈប់លាបពណ៌ ឈប់ចោទប្រកាន់ ហើយយើងអាចរកមធ្យោបាយជជែកគ្នា ។ ជជែកគ្នានៅកន្លែងណាក៏បានដែរ ដូចជាជជែកគ្នាលើបណ្ដាញសារព័ត៌មានទៅវិញទៅមកទៅ កុំផ្ញើសារត្រឡប់ត្រឡិន ក៏វាមិនសូវល្អប៉ុន្មានដែរ ហើយជួនកាលអាចជជែកគ្នាលើបណ្ដាញសារព័ត៌មានទៅ មានអ្នកសារព័ត៌មានកម្មវិធីជជែកទៅ អាចជាមធ្យោបាយល្អដែរ សម្រាប់ការដោះស្រាយបញ្ហាជាតិរួមគ្នា ។ ប៉ុន្តែយើងនៅតែមើលឃើញថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នហាក់ដូចជាមិនព្រមភ្ញាក់រលឹកវិលទៅរកការស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញទេ ដោយសារតែខ្លាចអំណាចរបស់ខ្លួនហ្នឹងវាធ្លាក់ចុះខ្សោយ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គណបក្សកាន់អំណាច ប្រាកដណាស់ ថានឹងធ្លាក់ស្រុតចុះ ។ ម្ល៉ោះហើយបានជាលោកហ៊ុន សែន ហ្នឹង មិនព្រមឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌អីអ៊ីចឹង តែក្នុងករណីនេះ ខ្ញុំមិនចង់និយាយវែងឆ្ងាយទៅដល់រឿងបោះឆ្នោត រឿងអីច្រើនពេកទេ គ្រាន់ថា អំពាវនាវជាថ្មី ជុំវិញសំណុំរឿងលោក ផន ផាន់ណា ហ្នឹងក្ដី និងសំណុំរឿងអ្នកនយោបាយ ហើយនិងសកម្មជនផ្សេងៗទៀត ដែលជាប់ឃុំអយុត្តិធម៌ហ្នឹង ឲ្យពួកគាត់ហ្នឹងរួចផុតពីទោសទណ្ឌ និងរួចផុតពីការធ្វើទុក្ខបុកម្នេញ ព្រមទាំងឲ្យពួកគាត់ហ្នឹងមានសេរីភាពឡើងវិញជាធម្មតាទៅ ប៉ុណ្ណឹងឯង“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលបែកធ្លាយសារសំឡេងសម្ដេចហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យក្រុមការងារពិសេស និងសម្ងាត់ តាមចាប់សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ យកមកកម្ពុជា ឱ្យខាងតែបាន ទោះជាក្នុងតម្លៃណាក៏ដោយ ឬទោះជាយកមកទាំងរស់ឬស្លាប់ក៏ដោយ។
តាមរយៈសារបែកធ្លាយ រយៈពេល២នាទី ដែលក្រុមប្រឆាំង ជឿថា ជាសំឡេងរបស់សម្ដេចហ៊ុន សែន នោះ បានបញ្ជាថា «ផ្ញើជូនក្រុមការងារទាំងអស់ ដែលទាក់ទងធ្វើការនៅក្នុងប្រទេសថៃ ជាពិសេស កម្លាំងដែលធ្វើការទាក់ទងជាមួយកម្លាំងនគរបាលថៃ ត្រូវទៅតាមបំបាត់ចោលអាក្រុមរស់នៅប្រទេសថៃ និងធ្វើសកម្មភាព ក្នុងហ្នឹង មានអាមួយឈ្មោះ ផន ផាន់ណា។ អានេះមិនត្រូវឱ្យរួចទៅណាទេ។ កន្លងទៅ វារត់លាក់ខ្លួន ឥឡូវនគរបាលបានស៊ើបដឹងនៅកន្លែងមួយហើយ។ ដាច់ខាត ត្រូវយកអាមួយនេះមកស្រុកខ្មែរ ឱ្យបាន។ មិនត្រូវឱ្យវារួចខ្លួនទេ! បើតាមដឹង វាកំពុងរៀបចំស្អីៗផ្សេងទៀត ដើម្បីបំផុសជាចលនាផ្សេងទៀត ហើយយើងក៏មិនត្រូវឱ្យមួយនេះរួចខ្លួនដែរ។ អាហួត (ឃ្លាំង ហួត) ត្រូវទទួលខុសត្រូវទៅលើការងារនេះ ហើយត្រូវធ្វើការជាមួយនគរបាលថៃ ហើយក្រុមអាវក្រហម ក៏ត្រូវតែចូលរួម ដែលមានសហការល្អជាមួយយើង ត្រូវធ្វើសកម្មភាពនេះផងដែរ។ ហើយត្រូវធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់ បើទោះបីជាតម្លៃណាក៏ដោយ រស់ឬស្លាប់ យើងមិនដឹងទេ តែដឹងថា អាមួយហ្នឹង មិនអាចចេញទៅណា មិនឱ្យចេញទៅណាបាន។ ដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្ទាន់ ដាច់ខាតមិនឱ្យអា ផន ផាន់ណា នេះរួចខ្លួនបានទេ សូមអនុវត្តភ្លាម!»។
ក្រោយពីបានស្ដាប់ឮសារសំឡេងរបស់ប្រមុខគណបក្សកាន់អំណាច ខាងលើនេះ ក្រៅពីលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងសារថ្កោលទោសដូចខាងលើនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស ក៏បានសម្ដែងការភ្ញាក់ផ្អើល និងបង្ហាញក្ដីព្រួយបារម្ភពីសុវត្ថិភាពរបស់លោក ផន ផាន់ណា ។ ពួកគេបានស្នើឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ធ្វើការតាមដានករណីនេះឲ្យបានដិតដល់ ដើម្បីប្រឆាំងការប្រើកម្លាំងចាប់ចងយុវជនប្រឆាំង រូបនេះ។
ជុំវិញបញ្ហានេះ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល បានលើកឡើងថា លោក ផន ផាន់ណា សមាជិកអចិន្ត្រៃយ៍បណ្ដាញយុវជនកម្ពុជាសកល ត្រូវបានសម្ដេចហ៊ុន សែន គំរាមកំហែងបញ្ជាមនុស្សរបស់ខ្លួន ឲ្យតាមចាប់នៅប្រទេសថៃ ដែលលោកយល់ឃើញថា នេះជាទង្វើហិង្សាផ្តាច់ការ ជាការគំរាមកំហែងឆ្លងដែន គាបសង្កត់សំឡេងយុវជននៃអ្នកប្រជាធិបតេយ្យ ដូច្នេះលោកសូមស្នើសុំដល់អង្គការជាតិអន្តរជាតិ អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ ជួយតាមដាននិងយកចិត្តទុកដាក់ឲ្យដិតដល់បំផុតករណីនេះ ។
លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ថា “បាទ! ជាការពិតណាស់ ដែលបណ្ដាញយុវជនកម្ពុជាសកល ថ្កោលទោសការគំរាមកំហែង ។ នេះគឺជាការគំរាមកំហែងឆ្លងដែន ដែលអន្តរជាតិមិនទទួលស្គាល់ជាដាច់ខាត ហើយប្រទេសលោកសេរី កំពុងតែចាត់ចែងរឿងនេះ ដែលមន្រ្តីរបស់គណបក្សប្រជាជន តែងតែគំរាមកំហែងមកលើអ្នកប្រជាធិបតេយ្យនៅក្រៅប្រទេស ដូចជាសំឡេងលោកហេង សួរ បែកសំឡេងតាមសម្លាប់ពលករជាដើម នៅពេលដែលទៅដល់ស្រុកខ្មែរ ឥឡូវនេះយើងបានឮសំឡេងពីលោកហ៊ុន សែន ដែលបញ្ជាឲ្យមនុស្សខ្លួនហ្នឹង តាមចាប់ តាមធ្វើបាបលោក ផន ផាន់ណា ដែលជាសមាជិកអចិន្រ្តៃយ៍បណ្ដាញយុវជនកម្ពុជាសកល ។ ដូច្នេះបណ្ដាញយុវជនកម្ពុជាសកល យល់ឃើញថា នេះគឺជាការគំរាមកំហែងឆ្លងដែនធ្ងន់ធ្ងរ ហើយជាអំពើផ្ដាច់ការរបស់លោកហ៊ុន សែន ដែលបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់យុវជន ជាពិសេសគឺយុវជនសមាជិករបស់បណ្ដាញយុវជនកម្ពុជាសកល តែម្ដង“ ។
ជាមួយគ្នានោះដែរ បណ្ដាញយុវជនកម្ពុជាសកល បានចេញសេចក្ដីថ្លែងការណ៍ លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវវិលទៅរកការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ស្របតាមស្មារតីរដ្ឋធម្មកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាធរមាន ។
ចំណែកភិក្ខុហេង គឹមឡាយ បានឡើងក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គថា “តើគាត់សមជាមេដឹកនាំ ឬសមមេម៉ាហ្វៀរ? សូម្បីសកម្មជនបក្សប្រឆាំងតូចតាចម្នាក់ ក៏រវល់ដល់ថ្នាក់លែងដេកលែងពួនអស់ហើយ អ្វីដែលសាហាវនោះ គឺគាត់រហូតដល់ចេញបញ្ជាឱ្យសម្លាប់ Phorn Phana និងសកម្មជនដទៃទៀតដែរ សូម្បីអ្នកដែលទទួលបញ្ជាផែនការខ្មៅកខ្វក់របស់គាត់ ក៏គេមិនស្មោះត្រង់និងគាត់ផង មន្រ្តីគាត់បានលួចបញ្ជូនសំឡេងបញ្ជានេះមកអាស៊ីសេរី តើប្រទេសថៃ ក្លាយជាសំបុកក្រុមឧក្រិដ្ឋជនម៉ាហ្វៀរ ត្រកូលហ៊ុន ហើយមែនទេ? “ ។
ភិក្ខុហេង គឹមឡាយ បន្តថា “យើងបានបញ្ជូនសំឡេងនេះ ទៅគ្រប់បណ្តាទូត អង្គការអន្តរជាតិនានារួចរាល់ហើយ ទើបគេហ៊ានឱ្យអាស៊ីសេរីផ្សាយ គេថាគេហ្នឹងកំពូលយុទ្ធសាស្រ្ត តែការពិតផេះ ខ្លាំងបានតែរឿងប្រើច្បាប់ពាល បាញ់បោះ ចាប់ចងប៉ុណ្ណោះ ។ អាណិតណាស់អ្ហា ដេកមិនលក់បក់មិនល្ហើយ ក្រោកមកបញ្ជាគេទាំងយប់ម៉ោង២ … គិតមើលទៅ តម្លៃរបស់វា ឥឡូវស្មើនឹងសកម្មជនយើងម្នាក់ប៉ុណ្ណោះ“ ។
ទោះយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកមិនជឿថា សំឡេងបែកធ្លាយនោះ ជាសំឡេងរបស់សម្ដេចហ៊ុន សែន នោះទេ ព្រោះក្នុងសម័យបច្ចុប្បន្ន ដែលបច្ចេកវិទ្យាទំនើប គេអាចធ្វើសំឡេងឲ្យដូចសំឡេងសម្ដេច បាន ។ ពោលគឺតាមលោកពិនិត្យមើលសកម្មភាព និងអំពើទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម លោកយល់ថា វាជាឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមជ្រុលនិយម ដែលធ្វើសំឡេងឲ្យដូច ឬប្រហាក់ប្រហែលសំឡេងរបស់សម្ដេចហ៊ុន សែន ដែរ ហើយយកមកចោទប្រកាន់មកលើសម្ដេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា វាហាក់ដូចជាស្របទៅតាមពាក្យស្លោកចាស់បុរាណថា “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ចំពោះការបែកធ្លាយសំឡេងរបស់សម្ដេចហ៊ុន សែន ខ្ញុំអត់បានដឹងរឿងហ្នឹងទេ ទើបតែឮអ្នកសារព័ត៌មានទម្លាយទេ ក៏ប៉ុន្តែខ្ញុំយល់ថា គណបក្សប្រជាជន ដែលមានសម្ដេចហ៊ុន សែន ជាប្រធានគណបក្សហ្នឹង មិនមានចិត្តអាក្រក់រហូតទៅដល់មានការតាមចាប់សម្លាប់ឯបរទេសនោះទេ ។ អ៊ីចឹងទេ យើងយល់ថា ក្នុងសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាទំនើប គេអាចធ្វើសំឡេងឲ្យដូចសំឡេងសម្ដេច បាន ។ អ៊ីចឹងទេ ខ្ញុំមិនជឿជាក់ថា មានការបញ្ជាពីសម្ដេចហ៊ុន សែន ឲ្យទៅចាប់ឈ្មោះផន ផាន់ណា នោះទេ ។ បើតាមខ្ញុំពិនិត្យមើលសកម្មភាព និងអំពើទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនេះ ខ្ញុំយល់ថា អាហ្នឹងវាជាឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមជ្រុលនិយម ដែលធ្វើសំឡេងឲ្យដូច ឬប្រហាក់ប្រហែលសំឡេងរបស់សម្ដេច ដែរ ហើយយកមកចោទប្រកាន់ វាហាក់ដូចជាស្របទៅតាមពាក្យស្លោកចាស់បុរាណថា “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម មិនដែលធ្វើអំពើល្អជាមួយនឹងគណបក្សកាន់អំណាចទេ ។ អ៊ីចឹងរាល់បញ្ហាដែលគេរស់នៅក្រៅប្រទេសហ្នឹង គេតែងតែបង្កើតបញ្ហាមួយ ទៅបញ្ហាមួយ មិនចេះចប់ ដើម្បីឆ្លៀតយកបញ្ហាហ្នឹងទៅដាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជន តែងតែមាននយោបាយសន្ដោសប្រោសប្រណី ហើយនិងបង្រួបបង្រួមជាតិ កុំឲ្យមានបញ្ហាកើតឡើងនៅក្នុងសង្គមជាតិ ទោះខ្មែរនៅក្រៅប្រទេស ឬខ្មែរ នៅក្នុងប្រទេសយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជន តែងតែមានធម៌មេត្តា ព្រហ្មវិហារធម៌នយោបាយ ចំពោះបងប្អូនទាំងអស់ ។ អ៊ីចឹងទេ ខ្ញុំយល់ថា ទី១ មិនមានការជឿជាក់ណាមួយថាជាការបញ្ជារបស់សម្ដេច ឲ្យទៅចាប់សកម្មជននៅក្រៅប្រទេសទេ ។ ចំណុចទី២ ខ្ញុំយល់ថា បច្ចេកវិទ្យាទំនើប វាអាចក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ប្រើបច្ចេកទេសទំនើបនេះ ដើម្បីបង្កើតឡើងនូវសំឡេងសិប្បនិមិ្មត ឲ្យប្រហាក់ប្រហែលនឹងសំឡេងរបស់សម្ដេចតេជោ ដើម្បីមួលបង្កាច់ ហើយចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះក្រុមយុវជនប្រឆាំងនោះស្នើឲ្យអង្គការជាតិ អន្តរជាតិ ឲ្យជួយតាមដានករណីនេះ ឲ្យបានដិតដល់បំផុតនោះ អាហ្នឹងគ្រាន់តែជាការចង់បានរបស់ពួកគេទេ ទោះបីមកពីមជ្ឈដ្ឋានណាក៏ដោយ បញ្ហាសំខាន់ស្ថិតនៅលើការជាក់ស្ដែង នៅលើភាពប្រាកដនិយម ។ អ៊ីចឹងខ្ញុំយល់ថា អង្គការសិទ្ធិមនុស្សអន្តរជាតិអី គឺថា សុំមើលផង ប្រជាជនប៉ាឡេស្ទីន កំពុងងាប់ ១ថ្ងៃៗគរជើងលើគ្នា រាប់រយ រាប់ពាន់នាក់ ម៉េចក៏មិនថារំលោភសិទ្ធិមនុស្ស? រំលោភលទ្ធិប្រជាធិបតេយ្យផង? ហើយមកកម្ពុជា គ្រាន់តែការចាប់សកម្មជនដែលល្មើសច្បាប់ បែរជាថា រំលោភសិទ្ធិមនុស្ស រំលោភប្រជាធិបតេយ្យ? ដូចខ្ញុំលើកខាងដើមអ៊ីចឹង គឺថាចិត្តរបស់គណបក្សប្រជាជន និងសីលធម៌នយោបាយរបស់គណបក្សប្រជាជន មិនមានសកម្មភាពអីទៅដល់តាមសម្លាប់ ឬតាមចាប់សកម្មជនដែលល្មើសច្បាប់នៅក្រៅប្រទេសទេ តែទោះបីយ៉ាងណាក៏ដោយ បើមានសកម្មភាពល្មើសច្បាប់ អាហ្នឹងអាជ្ញាធរប្រទេសថៃ គេចាប់បញ្ជូនមកកម្ពុជា ស្របតាមកិច្ចព្រមព្រៀង ឬមួយការឯកភាពគ្នារវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺថៃ និងកម្ពុជា ។ និយាយទៅ ខ្ញុំមិនអត់ដឹងករណីរឿងដែលពាក់ព័ន្ធនឹង ផន ផាន់ណា ទេ ក៏ប៉ុន្តែបើមានសកម្មភាពល្មើសច្បាប់ អាជ្ញាធរថៃ គេមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចាត់វិធានការផ្លូវច្បាប់ ហើយចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា ស្របទៅតាមសហប្រតិបត្តិការទៅវិញទៅមករវាងកម្ពុជា និងថៃ ។ ហើយជាការពិតហើយ គឺគណបក្សប្រជាជន មានសមាជិក សមាជិកា ជាង៧លាន៣សែននាក់ អ៊ីចឹងទេ ក្នុងកម្លាំងនយោបាយនៅក្នុងសង្គមកម្ពុជា នេះ វាគ្របដណ្ដប់ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហើយ ។ អ៊ីចឹងខ្ញុំជឿជាក់ថា ទោះបីថាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ បង្កើតជាសំឡេងសិប្បនិម្មិតរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏សមាជិកសមាជិកាគណបក្សប្រជាជន ដែលមានជាង ៨០% នេះ មិនអាចលុះទៅដោយឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះទេ“ ៕ កុលបុត្រ