ភ្នំពេញ ៖ មេធាវីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានស្នើបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដើរមួយជំហានទៀត គឺផ្សះផ្សាជាតិ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV-DTA) តាមការទាមទាររបស់ប្រជាពលរដ្ឋ ជាពិសេសពួកប្រឆាំង។
លោកផែង ហេង សហមេធាវីការពារក្ដីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការបញ្ចប់ CLV-DTA មួយកញ្ចប់ អាចថាយោងតាមទំនោរប្រជារាស្ត្រ អ្នកប្រើប្រព័ន្ធ Média។ បើគណបក្សប្រជាជនកម្ពុជា ដើរ ១ជំហានទៀត គឺផ្សះផ្សាជាតិ នេះជាអ្វីដែលប្រជារាស្ត្រចង់បានជាអាទិភាព ១ទៀត ហើយក៏ជាដំណោះស្រាយឲ្យមានឯកភាពជាតិពិត និងបញ្ចប់ការជំទាស់នឹងនយោបាយ CPP កំពុងដឹកនាំប្រទេស (ហៅថា ពន្លត់ភ្លើងឫសគល់បញ្ហា មិនអង្គុយបក់ផ្សែងបញ្ហា) ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកផែង ហេង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា ការផ្សះផ្សាជាតិ មិនមែនមានន័យថា ជាតិឥឡូវបែកបាក់ទេ គឺផ្សះផ្សាការយល់ឃើញនូវទស្សនៈខុសគ្នា ឲ្យយល់គ្នា ប្រើទស្សនៈតែមួយរួមគ្នាវិញ ។
លោកផែង ហេង បានមានប្រសាសន៍ថា “យើងចង់បញ្ជាក់ថា មានបទពិសោធន៍ មានប្រវត្តិសាស្រ្តបង្ហាញ ពេលណាដែលលែងឈ្លោះគ្នា ត្រូវរ៉ូវគ្នាទៅ មានន័យថា វាលែងមានបញ្ហា អាហ្នឹងវាជានិរន្តរ៍ ដូចកិច្ចព្រមព្រៀងក្រុងប៉ារីស អីអ៊ីចឹងទៅ ។ អ៊ីចឹងវាលែងមានការកាច់កុងគ្នា ឈ្លោះប្រកែកទៅទៀត ព្រោះជាការព្រមព្រៀង ។ អ៊ីចឹងបើគ្រាន់តែដកអាហ្នឹង (CLV-DTA) វានៅតែមិនហៅអ្នកដែលជំទាស់ហ្នឹងជជែកគ្នា ដើម្បីពន្យល់បង្ហាញថា អាហ្នឹងបរិបទ វាត្រូវអ៊ីចេះអ៊ីចុះ ឲ្យវាច្បាស់លាស់ជាមួយគ្នា វាមិនអាចចប់បានទេ វានៅតែមានឮមាត់ឮក និយាយចុះឡើងអ៊ីចឹង យើងវាពិបាកនឹងហាមឃាត់ ព្រោះអាហ្នឹងជាសិទ្ធិសម្ដែងមតិរបស់ពលរដ្ឋជាម្ចាស់ប្រទេស ។ មនុស្សម្នាក់ គាត់មានចំណែកកម្មសិទ្ធិនៅលើទឹកដីដែលជាជាតិរបស់គាត់មួយចំណែកបន្តិចៗទៅ យើងបិទមិនឲ្យគាត់និយាយក៏វាមិនកើត ប៉ុន្តែបើយើងផ្សះផ្សាជាតិ មានន័យថា យើងជជែកគ្នាឲ្យដឹងខុសត្រូវថា អាហ្នឹងមូលហេតុអ៊ីចេះៗ ។ អ៊ីចឹងបើគេយល់ស្របថា អូ! ដំណើរវាទៅអ៊ីចឹង មកអ៊ីចឹង វាចប់ត្រឹមប៉ុណ្ណឹងទៅ អាហ្នឹងក៏វាលែងឮមាត់ឮក លែងមានពាក្យថា អានេះប្រឆាំង អានេះស្រប អានេះមិនស្រប ព្រោះវាជាដំណោះស្រាយរួម ជាការទទួលយកទាំងអស់គ្នា អ៊ីចឹងវាជាសេចក្ដីសម្រេចរបស់ទាំងអស់គ្នា មិនមែនសេចក្ដីសម្រេចរបស់អ្នកណាមួយ ។ ដូចកិច្ចព្រមព្រៀងគ្នានៅឆ្នាំ១៩៩១ អ៊ីចឹង ជាលទ្ធផលទាំងអស់គ្នាដំបូង យើងឈប់ចោទអានេះក្បត់ អានោះក្បត់ គឺយើងមកបោះឆ្នោតទាំងអស់គ្នាទៅ ។ បើសិនជាគ្រាន់តែបញ្ចប់ ដកអាហ្នឹង ប៉ុន្តែពួកនោះនៅយល់ឃើញអ៊ីចេះ យល់ឃើញអ៊ីចុះ អ៊ីចឹងនៅតែបញ្ចេញមតិ ដែលយើងមើលមក វាហាក់ដូចជាមានការបែកបាក់ ខ្វែងគំនិតគ្នា ។ ខ្វែងគំនិតគ្នានេះ ជាមូលហេតុធ្វើឲ្យមានការបែកបាក់ជាតិ អ៊ីចឹងការផ្សះផ្សាជាតិ មិនមែនមានន័យថា ជាតិឥឡូវបែកបាក់ទេ មានន័យថា ផ្សះផ្សាការយល់ឃើញ នូវទស្សនៈខុសគ្នាហ្នឹង ឲ្យវាយល់គ្នាទៅ វាប្រើទស្សនៈតែមួយរួមគ្នាវិញ ។ បើប្រើទស្សនៈខុសគ្នា វាជាលទ្ធផលដែលភាគីទាំងអស់ទទួលស្គាល់ថា អាហ្នឹងជាលទ្ធផលដែលគាត់ទទួលយក “ ។
លោកផែង ហេង បានមានប្រសាសន៍បន្តថា “បើយើងមើលពីបរិបទសព្វថ្ងៃ វាមូលហេតុនៃការច្របូកច្របល់មតិផ្ទុយ មតិស្របនៅពេញនគរហ្នឹង គឺមានក្រុមដែលសំខាន់ វាមានពីរហ្នឹងឯង គឺមានក្រុមអតីត CNRP ហើយនិង CPP ហើយបើយកដំណោះស្រាយណាមួយចេញ អាហ្នឹងវាចប់ហើយ ។ ខ្ញុំគិតថា សំឡេងជាអាសនៈផ្សេងៗទៀត វានៅតែមានការលើកឡើងអ៊ីចឹង ព្រោះសព្វថ្ងៃអ្នកកាន់អាខោនហ្វេសប៊ុកមួយ ជាអ្នកសារព័ត៌មានម្នាក់។ អ៊ីចឺងវាមាន ប៉ុន្តែសំខាន់យើងបានពន្លត់ភ្នក់ធំៗទៅ អាភ្នក់តូចៗ វាអាចយល់បន្តិចម្ដងៗទៅ វាអាចលែងមានបញ្ហានៃការឮមាត់ឮក ។ ឧទាហរណ៍ សព្វថ្ងៃ សភា មានតែតំណាងដែលមានសំឡេងលើសលប់ពីរអាណត្តិ បីអាណត្តិមកអ៊ីចឹង ការសម្រេច យើងឃើញហើយ អតីតភ្លើងទៀន អត់បានដឹង អត់បានឮ អាហ្នឹងខ្ញុំនិយាយប្រវត្តិអតីតកាលបន្តិចទៅ ។ ប៉ុន្តែបើនិយាយពី១៩៩៣ មកទល់២០២៣ អាហ្នឹងវាហ៊្វុនស៊ិនប៉ិច វាមាន CPP ហើយដល់ពេល CPP និងហ៊្វុនស៊ិនប៉ិច សម្រេចហើយ អ៊ីចឹងអាមតិ មតិអី វាមានកាត់បន្ថយអស់ ។ ដល់ពេលយើងទៅដល់បក្សពីរបីអាណត្តិចុងក្រោយ អ៊ីចឹងអាការសម្រេចអី ក្រុមមួយទៀតថា មកពីអត់គ្រប់មតិភាគតិច ។ មតិភាគតិច គេឲ្យយោបល់អ៊ីចេះ អ្នកឯងអត់ពិចារណា អាហ្នឹងគឺគោលការណ៍ប្រជាធិបតេយ្យនៅក្នុងរបបសភានិយម“ ។
លោកផែង ហេង បានមានប្រសាសន៍បន្តទៀតថា “វាមិនមានតែលោកកឹម សុខា មួយទេ វាត្រូវតែមើលបរិបទជុំវិញទាំងអស់ ត្រង់ថាលោកកឹម សុខា ជាប៉ូលមួយ ប៉ុន្តែបរិបទទាំងអស់ដែលនាំឲ្យមានការខ្វែងគំនិតគ្នា ហើយនិងការចាប់ចង់កន្លងមកហ្នឹង តើរកឫសគល់នៃការចាប់ចងហ្នឹង វាជាការចាប់ចងមានដីកា ឬក៏មានដីកាកោះនោះ តើវាពាក់ព័ន្ធនឹងមូលហេតុអីខ្លះ? បើពាក់ព័ន្ធនឹងមូលហេតុដើម្បីផ្សះផ្សាជាតិទៅ វាចប់ឲ្យអស់ទៅ វាត្រូវតែដោះអាទាំងអស់ជារួមមកវិញ ។ ជាសំណូមពរ ជុំវិញបរិបទរដ្ឋធម្មនុញ្ញ ដែលតួនាទីព្រះមហាក្សត្រមាន យើងគួរតែរៀបចំថ្វាយតួនាទីព្រះមហាក្សត្រ ក្នុងការផ្សះផ្សាជាតិ ព្រោះលោកជាអ្នកធានានូវការឯកភាពជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អាហ្នឹងជាចំណុចទី១ ដែលរដ្ឋធម្មនុញ្ញបានចែង ។ ប៉ុន្តែបើសិនជាគន្លឹះសំខាន់នៃគណបក្សកាន់អំណាច CPP អាចថា រឿងហ្នឹងខ្លួនដើរតួជាអ្នកផ្សះផ្សា បង្រួបបង្រួមជាតិ ជជែករកដំណោះស្រាយបាន អាហ្នឹងយើងរកដំណោះស្រាយទៅ ហើយចាំរាយការណ៍ថ្វាយព្រះកូណាវិញទៅ អាហ្នឹងក៏ជារូមភាពល្អមួយ ដែលយើងកើតពីការដោះស្រាយស្វ័យសម្រេចរបស់ភាគីទាំងពីរ ។ ដូចកូនឈ្លោះគ្នាអ៊ីចឹង បើកូនវាចេះនិយាយរកគ្នាវិញ ល្អូកល្អិនគ្នាវិញ ហើយបានទៅប្រាប់ម៉ែឪវិញទៅ ថាខ្ញុំត្រូវគ្នាវិញហើយ អាហ្នឹងវាជារឿងល្អ ចាំបាច់មករំខានដល់ម៉ែឪនឹងជជែកជំនួស មិនអ៊ីចឹង? “ ។
គាំទ្រការលើកឡើងរបស់មេធាវីលោកកឹម សុខា ខាងលើនេះ លោកហ៊ីង សុខសាន្ត បានបញ្ជាក់ប្រាប់ “នគរធំ” អតីតប្រធានយុវជនអតីតគណបក្សង្គ្រោះជាតិ បានប្រាប់ «នគរធំ» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា នៅពេលដែលភាគីបក្សប្រឆាំង គឺលោកកឹម សុខា និងភាគីបក្សកាន់អំណាច គឺសម្ដេចហ៊ុន សែន មានការផ្សះផ្សាគ្នា បា្រកដជាមានការឯកភាពជាតិ មានការផ្សះផ្សាជាតិ ដោយមិនចាំបាច់ទៅចំណាយពេលអង្គុយបក់ផ្សែង ឬងើបមួយ វ៉ៃមួយទៀតទេ ។
លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ ដូចបានលើកឡើងអ៊ីចឹង គឺខ្ញុំពិតជាមានការគាំទ្រនូវអ្វីដែលមេធាវីលោកប្រធាន កឹម សុខា បានលើកឡើង ព្រោះយើងឃើញហើយថា សំឡេងប្រជាពលរដ្ឋ គឺពិតជាមានឥទ្ធិពលណាស់ ហើយការដកចេញ CLV ហ្នឹង បើអត់មានប្រជាពលរដ្ឋគាត់ធ្វើការទាមទារគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បង្ហាញជំហរហ្នឹងទេ គឺលោកអតីនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹង ប្រហែលជាមិនបន្ទន់ឥរិយាបថលុបគម្រោងហ្នឹងទេ ហើយរហូតដល់គាត់ថា គម្រោងនេះ គាត់មានហេតុផលពីរថា គាត់ដកចេញហ្នឹង ទី១ គឺគាត់មិនអង្គុយបក់ផ្សេងទេ បង្កើតបញ្ហាហ្នឹងទេ ហើយមួយទៀត ដើម្បីបញ្ចប់អាវុធដែលបក្សក្រុមប្រឆាំង ហ្នឹងចាក់គាត់ ចាក់អីឯណា ។ តាមពិត វាគ្រាន់តែជាលេសមួយ ប៉ុន្តែគ្រាន់តែថា ធាតុពិត គឺគាត់ខ្លាចប្រជាពលរដ្ឋ ព្រោះជំហរប្រជាពលរដ្ឋ អត់គាំទ្រ ហើយបើទោះបីជាប្រឹងពន្យល់ម៉េច ក៏ប្រជាពលរដ្ឋមិនស្ដាប់ដែរ ព្រោះប្រវត្តិសាស្រ្ត យើងបានបង្ហាញហើយថាអ៊ីចឹង វាអាចបាត់បង់ទឹកដីអីដោយប្រការណាមួយអ៊ីចឹង ។ អ៊ីចឺងនេះគឺសំឡេងប្រជាពលរដ្ឋទាំងក្នុង និងក្រៅនេះហើយ ដែលធ្វើឲ្យលោកអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹងគាត់ប្ដូរជំហរ“ ។
លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ប៉ុន្តែយើងឈានមួយជំហានទៀត យើងឃើញហើយថា ពលរដ្ឋក៏ពិតជាចង់ឃើញឲ្យមានការផ្សះផ្សាជាតិដែរ ហើយបើគាត់នៅអ៊ីចឹង នៅអង្គុយបក់ផ្សែងដល់ពេលណាទៀត ហើយងើបមួយ វ៉ៃមួយអីទៀត? បើយើងផ្សះផ្សាជាតិពិតប្រាកដនោះ យើងដោះស្រាយនយោបាយទៅ បញ្ចប់ជម្លោះនយោបាយជាមួយនឹងលោកកឹម សុខា ដែលជាតំណាងឲ្យភាគីបក្សប្រឆាំងទៅ ។ អ៊ីចឹងនៅពេលដែលភាគីបក្សប្រឆាំង គឺលោកកឹម សុខា និងភាគីបក្សកាន់អំណាច គឺលោកហ៊ុន សែន មានការផ្សះផ្សាគ្នា ជាតិយើងវាមានការឯកភាពជាតិ មានការផ្សះផ្សាជាតិ អ៊ីចឹងយើងអត់ចាំបាច់ឲ្យតែភ័យបារម្ភរឿងមានកើតអីផ្សេងៗទៀតទេ ហើយចាំបាច់ទៅចំណាយពេលអង្គុយបក់ផ្សែង ឬងើបមួយ វ៉ៃមួយទៀតអី ។ ដូច្នេះការផ្សះផ្សាជាតិពិតប្រាកដ គឺការដោះស្រាយវិបត្តិនយោបាយហ្នឹង ហើយខ្ញុំគិតថា មេដឹកនាំទាំងពីរហ្នឹង គឺចាប់ផ្ដើមផ្សះផ្សាគ្នាទៅ វាឆាប់ចប់ ។ ដូច្នេះខ្ញុំគាំទ្រទាំងស្រុងនូវអ្វីដែលមេធាវីលោកកឹម សុខា គាត់បានលើកឡើងហ្នឹង“ ៕ កុលបុត្រ