Wednesday, November 27, 2024
Homeព័ត៌មានជាតិអ៊ុំ សំអាន ថាដីខ្មែរ ៥១គ.ម២ ក្នុងតំបន់ CLV បើមិនប្តឹងតុលាការឡាអេ វៀតណាម មិនឲ្យវិញ

អ៊ុំ សំអាន ថាដីខ្មែរ ៥១គ.ម២ ក្នុងតំបន់ CLV បើមិនប្តឹងតុលាការឡាអេ វៀតណាម មិនឲ្យវិញ

សហរដ្ឋអាមេរិក ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា វៀតណាម បានកាន់កាប់ដីខ្មែរ ៥១គីឡូម៉ែត្រការ៉េ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលរាជរដ្ឋាភិបាល ទើបតែប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះជាមួយវៀតណាម និងឡាវ ។ លោកអ៊ុំ សំអាន បាននិយាយថា  ដី៥១គីឡូម៉ែត្រការ៉េនោះ បើរាជរដ្ឋាភិបាលកម្ពុជា មិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ទេនោះ វៀតណាម នឹងមិនប្រគល់មកឲ្យកម្ពុជាយើងវិញនោះទេ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “វៀតណាម កំពុងកាន់កាប់ដីខ្មែរ ចំនួន៥១គីឡូម៉ែត្រការ៉េ នៅតំបន់ដាក់ដាំ ដាក់ហ៊ូត ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV)។ រដ្ឋាភិបាល នៅតែអះអាងថា នឹងបន្តចរចាទ្វេភាគីទៀត ពីបញ្ហាតំបន់នេះ ដោយមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ ។ ដូចនេះយើងគ្មានសង្ឃឹមថា នឹងបានដីខ្មែរ ៥១គីឡូម៉ែត្រការ៉េនោះ មកវិញទេ ។ វៀតណាមបានធ្វើផ្លូវកៅស៊ូ ចូលមកដល់ច្រកដាក់ដាំ (ចូលទឹកដីខ្មែរ) ជាប់ព្រែកដាក់ដាំ បានសាងសង់សាលារៀន និងប្រឡាយទឹក នៅតំបន់នោះ ទោះបីមានការតវ៉ាពីភាគីកម្ពុជា ក៏ដោយ ។ ពីព្រែកដាក់ដាំ ទៅព្រែកដាក់ហ៊ូត មានផ្ទៃក្រឡាប្រហែល ៥១គីឡូម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្ន ដី ៥១គីឡូម៉ែត្រការ៉េនេះ គ្រប់គ្រងដោយវៀតណាម ទាំងស្រុង។ សព្វថ្ងៃព្រំដែនកម្ពុជា-វៀតណាម បណ្តោះអាសន្ន នៅត្រឹមព្រែកដាក់ដាំ។ វៀតណាម នឹងមិនឲ្យដី ៥១គីឡូម៉ែត្រការ៉េ នោះមកខ្មែរ វិញនោះទេ លើកលែងតែរដ្ឋាភិបាល ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ។ សព្វថ្ងៃនេះ តំបន់នេះមិនទាន់បោះបង្គោលនៅឡើយទេ ហើយពលរដ្ឋខ្មែរ ក៏មិនអាចចេញចូលតំបន់នោះបានដែរ លើកលែងតែប្រើប្រាស់លិខិតឆ្លងដែនឬលិខិតអនុញ្ញាតិពីភាគីវៀតណាម គឺមានន័យថា វៀតណាម ចាត់ទុកតំបន់នោះ ជាទឹកដីរបស់ខ្លួន រួចជាស្រេចទៅហើយ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា បើសិនជារដ្ឋាភិបាលកម្ពុជា មិនប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ហើយនៅតែបន្តចរចាទ្វេភាគី ប្រាកដជាមិនបានដីនោះមកវិញនោះទេ ។ ម្យ៉ាងទៀត ក្រៅពីប្ដឹងទៅតុលាការអន្តរជាតិហ្នឹង ទាល់តែមានរដ្ឋាភិបាលថ្មី ដែលមិនជំពាក់គុណយួន ដូចសម្ដេចហ៊ុន សែន ទើបអាចទាមទារដី ៥១គីឡូម៉ែត្រការ៉េនោះបានមកវិញ ដោយយើងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ដីខ្មែរ ចំនួន៥១គីឡូម៉ែត្រការ៉េហ្នឹង លោកហ៊ុន សែន ក៏បានទទួលស្គាល់ថា វៀតណាម កំពុងកាន់កាប់ដែរ កាលគាត់និយាយក្នុងសភា ឆ្នាំ២០១២ ដីហ្នឹង គឺមានទំហំប្រហែលជា ៥១គីឡូម៉ែត្រការ៉េ ដោយសារព្រំដែនយើង ពីដើម គឺនៅព្រែកដាក់ហ៊ូត ប៉ុន្តែឥឡូវនេះ ព្រំដែននៅឯព្រែកដាក់ដាំ ទេ ពីព្រែកដាក់ដាំ ទៅព្រែកដាក់ហ៊ូត ហ្នឹង គឺមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រឯណោះ ហើយបង្គោលបារាំងចំនួន៦ នៅព្រែកដាក់ហ៊ូត ឯណោះ ។ អ៊ីចឹងដី៥១គីឡូម៉ែត្រការ៉េ ក្នុងខេត្តមណ្ឌលគិរី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ សព្វថ្ងៃហ្នឹងកំពុងគ្រប់គ្រងដោយវៀតណាម ទាំងស្រុង យើងចូលទៅតំបន់ហ្នឹងអត់បានទេ ខ្មែរយើងនោះ បើចង់ទៅ ទាល់តែសុំការអនុញ្ញាតពីវៀតណាម ឬលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតពីវៀតណាម ហើយវៀតណាម កំពុងសាងសង់សំណង់រឹង ហើយនិងធ្វើកសិកម្មនៅលើដីហ្នឹង ដី៥១គីឡូម៉ែត្រហ្នឹង ។ បើសិនជារដ្ឋាភិបាល មិនប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ទេ យើងនៅតែបន្តចរចាទ្វេភាគី ប្រាកដជាមិនបានដីហ្នឹងមកវិញនោះទេ ។ ក្រៅពីប្ដឹងទៅតុលាការអន្តរជាតិហ្នឹង ទី២ ទាល់តែមានរដ្ឋាភិបាលថ្មី ដែលមិនជំពាក់គុណយួន ដូចលោកហ៊ុន សែន អាហ្នឹងបានអាចទាមទារដី ៥១គីឡូម៉ែត្រការ៉េហ្នឹងបានមកវិញ ដោយយើងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ។ ខ្ញុំអំពាវនាវឲ្យលោកហ៊ុន សែន ហ្នឹង លុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដោយយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាទៅ ឲ្យសភា លុបចោលទៅ ហើយយើងប្រើអ្វីជាមរតករបស់បារាំង និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ទៅ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេទៅ យើងប្រាកដជាអាចយកដីហ្នឹងបានមកវិញហើយ។ បើយើងបន្តចរចាទ្វេភាគី វៀតណាម មិនព្រមទេ ។ លោកហ៊ុន សែន ធ្លាប់និយាយហើយថា ដីហ្នឹង វៀតណាមសុំចរចាគ្នា ឲ្យយើង ៤០% វៀតណាម យក៦០% ប៉ុន្តែគាត់អត់ព្រម គាត់និយាយអ៊ីចឹង“ ។

ជុំវិញការលើកឡើងរបស់លោកអ៊ុំ សំអាន ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ថា ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ ព្យាយាមនិយាយបំផ្លើសការពិត ក៏បង្គោលព្រំដែន បានបោះរួចហើយ។ តំបន់ដែលនៅមិនទាន់ចុះសម្រុងគ្នា គឺដាក់ហ៊ូត ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ។ រដ្ឋាភិបាលប្រទេសទាំង២ កម្ពុជា និងវៀតណាម បានធ្វើលិខិតរួមគ្នា ទៅសុំអន្តរាគមន៍ពីបារាំង រួចហើយ មិនមែនរាជរដ្ឋាភិបាលកម្ពុជា យល់ព្រមប្រគល់ទឹកដីប្រមាណ ៥១គម² ទៅវៀតណាមទេ ។ មិនមែនបើកដៃឲ្យជនជាតិវៀតណាម ចេញចូលដោយសេរីទេ ការចេញចូលរបស់ជនជាតិវៀតណាម និងខ្មែរ ទៅវិញទៅមក មានកិច្ចព្រមព្រៀងរវាងប្រទេសទាំង២ ដោយមានលក្ខខណ្ឌច្បាស់លាស់ មិនមែនចេះតែចេញចូលដោយសេរីទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “តំបន់ដាក់ដាំហ្នឹង ជាតំបន់ដែលមិនទាន់ដាច់ស្រេចនៅឡើយទេ ។ អ៊ីចឹងបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានរួមគ្នាចុះហត្ថលេខាលើលិខិតទៅប្រធានាធិបតីបារាំង ដើម្បីឲ្យបារាំង ជួយអន្តរាគមន៍ឲ្យបញ្ជាក់រឿងហ្នឹង ឲ្យវះកាត់រឿងហ្នឹង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ុន្មានឆ្នាំហើយ បារាំង មិនទាន់ឆ្លើយនៅឡើយ ។ អ៊ីចឹងយើងមិនអាចសន្និដ្ឋានថា ដី៥១គីឡូម៉ែត្រការ៉េហ្នឹង បានទៅអ្នកនេះ បានទៅអ្នកនោះ អត់ទេ អាហ្នឹងយើងផ្អែកទៅលើឯកសារជាក់លាក់ដែលបន្សល់ទុកដោយអណានិគមបារាំង ។ អ៊ីចឹងទេ បានជាយើងនៅតវ៉ានៅឡើយទេ ក៏ប៉ុន្តែនៅក្នុងពេលដែលមិនទាន់មានការពិភាក្សាឯកភាពដាច់ស្រេចនៅលើចំណុចហ្នឹង ប្រជាជនវៀតណាម គេកាន់យូរមកហើយ អាហ្នឹងជាលក្ខណៈវិទ្យាសាស្រ្ត ធម្មតាទេ កាលណាគេកាន់កាប់ហើយ យើងមិនអាចទៅដេញគេបានទេ ព្រោះការជជែកគ្នាបញ្ហាព្រំដែន វាមិនទាន់ដាច់ស្រេច ។ ធ្វើតាមផ្លូវច្បាប់ ចាំមើលរដ្ឋាភិបាលបារាំង គេអន្តរាគមន៍មក ពីព្រោះការដែលធ្វើឲ្យមានបញ្ហាដោះស្រាយមិនដាច់ស្រេចនេះ ដោយសារយើងផ្អែកទៅលើផែនទី ហើយបារាំង គេផ្អែកទៅលើកំណត់ហេតុរបស់អគ្គទេសាភិបាលបារាំង ។ អ៊ីចឹងបារាំង ទាំងផែនទីក៏បារាំង គូរ ហើយឯកសារជាកំណត់ហេតុរបស់អគ្គទេសាភិបាលបារាំង ក៏បារាំងដែរ ។ អ៊ីចឹងផ្អែកលើផែនទី ផ្អែកលើកំណត់ហេតុហ្នឹងហើយ ដែលវាផ្ទុយគ្នាត្រង់ចំណុចដាក់ហ៊ូត ហ្នឹងឯង ។ ប៉ុន្តែការតវ៉ារបស់យើ់ង ផ្អែកទៅលើគោលការណ៍ឯកសារច្បាប់ ដូច្នេះហើយយើងមានក្ដីសង្ឃឹម បើមិនសង្ឃឹម យើងមិនបាច់តវ៉ាធ្វើអី? អាហ្នឹងអ៊ុំ សំអាន មិនមានចំណែកអីក្នុងការដែលសម្ដែងមតិថា សង្ឃឹម ឬមិនសង្ឃឹមទេ ព្រោះអ៊ុំ សំអាន ជាក្រុមឧទ្ទាមក្រៅច្បាប់ មិនមានតួនាទីអីមកពាក់ព័ន្ធជាមួយនឹងការជជែកវែកញែកពីបញ្ហាព្រំដែនហ្នឹងទេ“ ។

សូមជម្រាបថា  តំបន់ដាក់ដាំ ដាក់ហ៊ូត នេះមានផ្ទៃដី ៥១គីឡូម៉ែត្រក្រឡា ដែលកម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នានៅឡើយ។ នៅពីបង្គោលលេខ ៥៥ ក្នុងស្រុកអូររាំង រហូតទល់នឹងបង្គោលលេខ ៦០ មានប្រវែង ២៧គីឡូម៉ែត្រ។ វៀតណាម ចង់កំណត់ព្រំដែន ត្រឹមអូរដាក់ដាំ ឬដាក់ដាង។ ចំណែកខាងរដ្ឋាភិបាលកម្ពុជា ចង់កំណត់ព្រំដែន យកត្រឹមអូរហ៊ុច ដែលវៀតណាម ហៅថា ដាក់ហ៊ូត រហូតដល់អូរតាំងម៉ែ ដល់អូរប្លាយ បានធ្លាក់មកដល់ទន្លេស្រែពក ដែលជាព្រំដែនចាស់ តាំងពីសម័យអណានិគមបារាំងមក។ ទោះជាយ៉ាងណា វៀតណាម បានគ្រប់គ្រងតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលមិនទាន់ឯកភាពគ្នា រវាងកម្ពុជា-វៀតណាម នោះបាត់ទៅហើយ។ វៀតណាម បានសាងសង់ហេរដ្ឋារចនាសម្ព័ន្ធ ផ្សារ និងផ្ទះ ឲ្យប្រជាពលរដ្ឋរបស់គេ លើប៉ុស្តិ៍ប៉ូប្រ៊ាង ដែលជាអតីតព្រំដែនខ្មែរ កាលពីមុន។ ប្រទេសវៀតណាម បានធ្វើថ្នល់តាមព្រែកដាក់ដាង និងពីប៉ុស្តិ៍ប៉ូប្រ៊ាង មកដាក់ដាង ជីកស្រះ និងសង់ប៉ុស្តិ៍យោធាតាមព្រំដែនខ្លះ ដែលធ្វើឲ្យភាគីកម្ពុជា តវ៉ាតាមរយៈកំណត់ការទូតជាដើម កាលពីឆ្នាំ២០១៥ អំពីសកម្មភាពវៀតណាម តាមព្រំដែននោះ។ វៀតណាម បានចេញចូល និងមានសិទ្ធិសម្រេចក្នុងតំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី។ ចំណែកកម្ពុជា ត្រូវបានវៀតណាម មិនអនុញ្ញាតឲ្យចេញចូលក្នុងតំបន់នេះទេ។ វៀតណាម មិនត្រឹមតែគ្រប់គ្រងលើ ៦០% នៃតំបន់ដាក់ដាំ ដាក់ហ៊ូត ដូចការស្នើសុំទៅសម្តេចហ៊ុន សែន កន្លងមកនោះទេ គឺវៀតណាម បានគ្រប់គ្រងទាំងស្រុង ៕ កុលបុត្រ

RELATED ARTICLES