Tuesday, November 26, 2024
Homeទេសចរណ៍ អាជ្ញាធរអប្សរា ជួសជុលកំពែងក្រុងអង្គរធំ

 អាជ្ញាធរអប្សរា ជួសជុលកំពែងក្រុងអង្គរធំ

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើងខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។

កំពែងក្រុងអង្គរធំ ប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀត ដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។

លោកម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំ នេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែង ចំនួន៣ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំង អស់ឡើងវិញ។ នេះគឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀម ចំនួន៥កន្លែងរួចមកហើយ។

ក្រុមអ្នកជំនាញផ្នែកជួសជុលបន្តទៀតថា នៅមុនពេលឈានដល់ការជួសជុលកំពែងក្រុងអង្គរធំ ពប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវ ជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូលរបស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះ បណ្តាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុនដែរឬទេ? បន្ទាប់មកទើបក្រុមការងារធ្វើការសម្អាត សិក្សាពីជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។

គម្រោងជួសជុលនេះ ក៏មានការត្រួតពិនិត្យបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ សម្រាប់អង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ផងដែរ៕

RELATED ARTICLES