Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិក្រុមហ៊ុន កាសស្ប៊ែរ និង ហ្រ្គេប ខេមបូឌា រួមគ្នាផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ក្រុមហ៊ុន កាសស្ប៊ែរ និង ហ្រ្គេប ខេមបូឌា រួមគ្នាផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ភ្នំពេញ ៖ក្រុមហ៊ុន Carlsberg និង Grab Cambodia នៅថ្ងៃទី២៧ ខែកញ្ញា បានប្រកាសភាពជាដៃគូក្នុងយុទ្ធ​នាការថ្នាក់តំបន់លើការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុស​ត្រូវដល់អ្នកប្រើប្រាស់ ដែលផ្តួចផ្តើមឡើងដោយ កាសស្ប៊ែរប្រចាំតំបន់អាស៊ី។

ក្រោមភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរនឹងប្រើប្រាស់វិសាលភាពនៃម៉ាកយីហោ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ពួកគេរួមបញ្ចូលគ្នា ដើម្បីចូលរួមទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង និងបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងប្រកបដោយសុវត្ថិភាព និងបរិយាកាសដ៏មានគុណភាព។ កិច្ចសហការរយៈពេលមួយឆ្នាំនេះ ក៏នឹងជួយពង្រឹងគោលជំហរនិងតួនាទីរបស់ម៉ាកយីហោ Carlsberg ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការមួយរបស់ក្លឹបបាល់ទាត់ Liverpool (LFC) ដែលភាពជាដៃគូបន្តចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។

តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យារបស់ Grab, Carlsberg លើកទឹកចិត្តអ្នកប្រើប្រាស់ និងអ្នកគាំទ្របាល់ទាត់ទាំងអស់ ឱ្យកក់មធ្យោបាយធ្វើដំណើរជាមួយ Grab បន្ទាប់ពីពិសាគ្រឿងស្រវឹង  ដើម្បីសុវត្ថិភាព និងដើរតួភាពជាគំរូអំពីការពិសាដោយទំនួលខុសត្រូវ។ ជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់មួយនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើធម្យោបាយធ្វើដំណើរទៅកាន់ហាងដៃគូរបស់ Carlsberg ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានមានប្រសាសន៍ថា៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះជាការបោះជំហានថ្មីមួយក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះផលប៉ះពាល់នៃការពិសាគ្រឿងស្រវឹង និងវិធានការបង្ការនិងការពារ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការលើកកម្ពស់ការយល់​ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ ជំហានថ្មីនេះ បង្ហាញពីការបន្តការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនចំពោះសុខសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទទួលបានសុខុមាលភាពសង្គម និងនិរន្តរភាពនៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាប្រកបដោយភាពវិជ្ជមាន»។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមាន​ប្រសាសន៍ថា «ភាពជាដៃគូនេះ គឺជាបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះ ZERO Irresponsible Drinking និង International Alliance for Responsible Drinking (IARD)»។  លោកបានបន្តទៀតថា «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយ និងសុវត្ថិភាព។  ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលយើងអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន។   ការណ៍នេះ យើងគាំទ្រទាំងស្រុងឱ្យមានការកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា ហើយយើងក៏បានសហការជាសម្ព័ន្ធឧស្សាហកម្មគ្រឿងស្រវឹង រួមគ្នាបង្កើតក្រមប្រតិបត្តិស្តីពីការធ្វើទីផ្សារ និងប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង សម្រាប់ជាគោលការណ៍ និងការអនុវត្តល្អបំផុតក្នុងឧស្សាហកម្មគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្រៅពីភាពជាដៃគូជាមួយ ហ្រ្គេប និងដៃគូអាជីវកម្មសំខាន់ៗរបស់ កាសស្ប៊ែរ   Vladimir ក៏បានបង្ហើបអំពីទិសដៅថ្មីនៃការធ្វើទីផ្សាររបស់ខ្លួន ស្របតាមការប្តេជ្ញាចំពោះការការពារអ្នកប្រើប្រាស់ តាមរយៈនវានុវត្តន៍ និងនិរន្តរភាព។ ពោលគឺ ក្រុមហ៊ុន នឹងប្រើប្រាស់ម៉ាកសញ្ញាស្រាបៀរទាំងអស់របស់ខ្លួន ធ្វើជាគំរូឧទាហរណ៍ឈានមុខគេមួយនៅក្នុងការផ្សព្វផ្សាយលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវនៅក្នុងទីផ្សារ។ ដើម្បីបញ្ជាក់ពីគោលជំហរមិនគាំទ្រដល់ការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងក្នុងបរិមាណលើសលប់  ម៉ាកសញ្ញា Carlsberg នឹងត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយអំពីអាកប្បកិរិយានៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។  យុទ្ធនាការថ្មីរបស់ម៉ាកសញ្ញា Carlsberg នៅក្នុងខែកញ្ញានេះ គឺជាសក្ខីភាពបញ្ជាក់អំពីគោលដៅថ្មីនៃយុទ្ធសាស្ត្រទីផ្សារ និងជាគំរូភាពលើការឱ្យតម្លៃលើសុវត្ថិភាព និងពេលវេលាដ៏មានគុណភាព ជៀសជាងបរិមាណដែលនឹងទទួលទាន ក្រោមសារ «ពិសាដោយរីករាយ ពិសាក្នុងបរិមាណសមស្រប»។

លោក កង សុវណ្ណារ៉ូត «Mike» នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានមាន​ប្រសាសន៍ថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសរបស់យើង។ យើងជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ យើងសង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»។

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ(#CelebrateResponsly) គឺជាយុទ្ធការថ្នាក់តំបន់របស់ Carlsberg ដែលដឹកនាំដោយ កាសស្ប៊ែរប្រចាំតំបន់អាស៊ី ដោយផ្តោតលើទីផ្សារគោលដៅសំខាន់ៗមួយចំនួនក្នុងតំបន់ រួមទាំងសាំងហ្គាពួរ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ផងដែរ។ តាមរយៈយុទ្ធនាការនេះ Carlsberg កំពុងបន្តបោះជំហ៊ានចូលក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្សព្វផ្សាយ ដើម្បីផ្តល់សារអំពីសារៈសំខាន់នៃការប្រើប្រាស់គ្រឿងស្រវឹងដោយទទួលខុសត្រូវឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិច និងការផ្សព្វផ្សាយនៅក្នុងហាងដៃគូ។ ប្រទេសកម្ពុជា ត្រូវបានកំណត់ជាទីតាំងសម្រាប់ប្រារព្ធពិធីប្រកាសយុទ្ធនាការថ្នាក់តំបន់នេះជាផ្លូវការ ហើយគេរំពឹងថា យុទ្ធនាការនេះនឹងមានការចូលរួម និងបញ្ច្រាបដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកបើកបរ អ្នកដឹកជញ្ជូន អាជីវករ ពាណិជ្ជករ  អ្នកអប់រំ  អាណាព្យាបាល  អ្នកអនុវត្តច្បាប់ និងជាគំរូសម្រាប់មនុស្សទូទាំងតំបន់៕

RELATED ARTICLES