ខេត្តកំពត ៖ ស្របពេលដែលពិធីកាន់បិណ្ឌចូលមកដល់ គេសង្កេតឃើញថា នៅតាមវត្តអារាមនានាទូទាំងប្រទេស មានសភាពអ៊ូអរ ដោយមានពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំចង្ហាន់ គ្រឿងសក្ការបូជាផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាពរៀងៗខ្លួន រហូតវត្តអារាមខ្លះ មានម្ហូបចំណី (ចង្ហាន់) បបូរណ៌ពោរពាស សល់ចោលទៀតផង ដោយឡែក អារាមមួយនេះ បែរជាអត្តខាត់ ព្រះសង្ឃដាច់ចង្ហាន់ទៅវិញ ខណៈ ដែលគ្មានប្រជាពុទ្ធបរិស័ទ កាន់បិណ្ឌ ឬនាំចង្ហាន់ទៅប្រគេនព្រះសង្ឃសោះឡើយ។
អារាមដែលកំពុងដាច់ចង្ហាន់ខាងលើនេះ មានឈ្មោះវត្តកម្ពុជវរារាម ហៅវត្តភ្នំជប់ មានទីតាំងស្ថិតនៅ ភូមិកំពង់ចិន ឃុំស្ទឹងកែវ សុក្រទឹកឈូ ខេត្តកំពត។
គួរបញ្ជាក់ថា កាលពីកន្លងទៅ ស្របពេលដែលពិធីកាន់បិណ្ឌបានចូលមកដល់ គេឃើញព្រះចៅអធិការវត្តកម្ពុជវរារាម បានបង្ហោះក្នុងបណ្តាញសង្គមថា “បិណ្ឌវេនទី៤ហើយ អត់មានញាតិញោមមកទេ តាំងពីបិណ្ឌវេនទី១មក មេត្តាជួយដល់ព្រះសង្ឃផង វត្តកម្ពុជវររាម ហៅភ្នំជប់ស្ថិតនៅ ភូមិកំពង់ចិន ឃុំស្ទឹងកែវ សុក្រទឹកឈូ ខេត្តកំពត សូមជួយស៊ែរម្នាក់មួយផង”។
ព្រះចៅអធិការវត្ត វត្តកម្ពុជវរារាម ព្រះនាម ម៉ុត ម៉ុស មានថេរដីកាថា វត្តកម្ពុជវររាម ហៅភ្នំជប់ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ សុក្រទឹកឈូ ខេត្តកំពត ដោយវត្តនេះស្ថិតក្បែរជើងភ្នំ ហើយមូលហេតុដែលខ្សត់ពុទ្ធបរិស័ទមកនោះ គឺនៅតំបន់នេះផ្ទាល់ មានប្រជាជនរស់នៅ តែ៥០ទៅ៦០គ្រួសារប៉ុណ្ណោះ ហើយម៉្យាងទៀតអាចថា នៅជើងភ្នំ ដូច្នេះរាងពិបាកធ្វើដំណើរផង។
ព្រះចៅអធិការ វត្តកម្ពុជវរារាម បន្តថា វត្តមួយនេះ ខ្វះខាតច្រើន ដោយថ្ងៃណាខ្លះព្រះសង្ឃដែលគង់នៅវត្ត៥អង្គ ដាច់ចង្ហាន់ទៀតផង ហើយសព្វថ្ងៃព្រះសង្ឃ គឺគង់នៅលើអង្រឹង ពោលពុំមានកន្លែងគង់នៅត្រឹមត្រូវនោះទេ។ ប្រសិនអាច គឺនាពេលខាងមុខ ព្រះអង្គនឹងកសាងសាលាឆាន់ឱ្យត្រឹមត្រូវ ដើម្បីឱ្យព្រះសង្ឃគង់នៅបានសមរម្៕