Tuesday, November 26, 2024
Homeសង្គម និងជីវិតប្រពន្ធឈឺដេកពេទ្យ អត់លុយវះ.../កាត់ ប្តីស្ងោរពងទា ៣គ្រាប់ ចែកគ្នាហូប

ប្រពន្ធឈឺដេកពេទ្យ អត់លុយវះ…/កាត់ ប្តីស្ងោរពងទា ៣គ្រាប់ ចែកគ្នាហូប

ភ្នំពេញ ៖ ក្រុមគ្រួសារទីទ័លក្រមួយ កំពុងមានជីវភាពខ្វះខាតខ្លាំង ស្រាប់តែស្ត្រីជាប្រពន្ធធ្លាក់ខ្លួនមានជំងឺជាទម្ងន់ ត្រូវការវះកាត់ ប៉ុន្តែ ដោយសារគ្មានលុយកាក់គ្រប់គ្រាន់ ទើបទ្រាំដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងត្រដាបត្រដួស សូម្បីតែលុយកាក់ទិញបាយហូប ក៏គ្មានផង ដោយបរុសជាប្តី បានទុកឱ្យកូនស្រីតូចម្នាក់នៅពេទ្យកំដរម្តាយ ចំណែកខ្លួនត្រឡប់ទៅផ្ទះដាំបាយ វេចម្ហូប (ពងទាស្ងោរ ចំនួន៣គ្រាប់) យកទៅពេទ្យ ចែកប្រពន្ធ និងកូនហូបជុំគ្នា។

លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះវីដេអូឃ្លីបមួយ តាមទំព័របណ្តាញសង្គំ ហ្វេសប៊ុក របស់ បង្ហាញពីសកម្មភាពបុរសម្នាក់ ដែលស្កាត់មកសុំជំនួយពីលោក ដោយក្នុងដៃមានកាន់កញ្ចប់ថង់បាយ ដែលមានម្ហូប ពងទាស្ងោរ ចំនួន៣គ្រាប់ ទុកយកទៅឱ្យប្រពន្ធនិងកូនហូបនៅឯមន្ទីរពេទ្យ។

តាមលោក ផន ផល្លា បុរសអភ័ព្វខាងលើបានអះអាងថា ប្រពន្ធរបស់ខ្លួនកំពុងមានជំងឺត្រូវការវះកាត់ តែមិនមានប្រាក់គ្រប់គ្រាន់ សូម្បីតែប្រាក់ទិញបាយហូបក៏គ្មានផង ទើបទុកឱ្យកូនស្រីតូចនៅកំដរម្តាយក្នុងមន្ទីរពេទ្យ ចំណែករូបគាត់ ទៅដាំបាយនៅផ្ទះ វេចយកទៅឱ្យប្រពន្ធកូន ដោយមានម្ហូប ពងទាស្ងោរ ចំនួន៣គ្រាប់ប៉ុណ្ណោះ។

លោក ផន ផល្លា បានរៀបរាប់ថា “ពេលខ្ញុំកំពុងតែអង្គុយសម្រាកពីការឈរលក់អាវរបស់ខ្ញុំ កាលពីម្សិលមិញ នៅផ្លូវកម្ពុជាក្រោម ស្រាប់តែមានបងប្រុសម្នាក់ បានមកសុំខ្ញុំឱ្យជួយសង្គ្រោះជីវិតប្រពន្ធរបស់គាត់ផង អ្វីដែលខ្ញុំស្រណោះ ប្រពន្ធគាត់កំពុងតែដេកឈឺនៅពេទរុស្ស៉ី ដោយទុកឱ្យកូនស្រីតូចម្នាក់នៅមើលម្តាយ ដែលក្រោកពុំរួចពីគ្រែ ហើយងាកទៅគាត់ គឺបានត្រឡប់ទៅផ្ទះ ដើម្បីដាំបាយយកមកឱ្យប្រពន្ធហើយនិងកូន ដែលនៅឯពេទ្យហូប…”។

លោក ផន ផល្លា បានបន្តថា “ខ្ញុំស្រណោះគាត់ណាស់ពុកម៉ែបងប្អូនអើយ ឃើញគាត់ខំដាំបាយច្រកថង់ ជា មួយនឹងពងទាស្ងោរ ៣គ្រាប់ ដែល១គ្រាប់ សម្រាប់ប្រពន្ធ ១គ្រាប់ សម្រាប់កូន ហើយនិង១ទៀត សម្រាប់ខ្លួនគាត់ ហើយគាត់ទុកហូបជុំគ្នា ដែលខ្ញុំបានឃើញ និងបានឮហើយ ពិតជាខ្លោចផ្សាខ្លាំងណាស់! ពុកម៉ែបងប្អូនសាកស្រមៃមើល បើគាត់មានលុយតិចតួច ខ្ញុំថាគាត់នឹងទិញបាយ ហើយនិងម្ហូបដែលនៅពីមុខ ពេទ្យរុស្ស៉ី ហូបមិនខាន ព្រោះម្ហូបនៅទីនោះ រាងធូរៗថ្លៃដែរទេ តែនេះគឺមកពីគាត់អត់លុយសោះតែម្តង បានខំដើរទៅផ្ទះ ដើម្បីទៅដាំបាយ យកទៅហូបនៅពេទ្យបែបនេះ សំខាន់មុនយកបាយទៅឱ្យប្រពន្ធ និងកូនហូប គាត់ខំដើរស្កាត់មកជួបខ្ញុំសិនទៀត ដើម្បីសុំឱ្យទៅជួយមើលប្រពន្ធរបស់គាត់ផង…”។

យ៉ាងណា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នោះ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ បានចុះទៅជួបសួរសុខទុក្ខស្ត្រីជាប្រពន្ធបុរសខាងលើ ដល់មន្ទីរពេទ្យរុស្ស៉ី ផងដែរ និងកំពុងអំពាវនាវកៀរគររកជំនួយឧបត្ថម្ភ ដើម្បីវះកាត់ ព្យាបាលជំងឺដល់ស្ត្រីជាប្រពន្ធបុរសនោះផងដែរ៕

RELATED ARTICLES