Saturday, November 23, 2024
Homeព័ត៌មានជាតិមិនចាប់ដាក់គុក តុលាការ បង្គាប់ឲ្យមេបក្សជំនាន់ថ្មី គោរពកាតព្វកិច្ច៤

មិនចាប់ដាក់គុក តុលាការ បង្គាប់ឲ្យមេបក្សជំនាន់ថ្មី គោរពកាតព្វកិច្ច៤

ខេត្តរតនគិរី ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) លោកមាជ សុវណ្ណារ៉ា ដែលបច្ចុប្បន្នជាប្រធានគណបក្សជំនាន់ថ្មី ដែលមុននេះបានលេចធ្លាយដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តរតនគិរី ពីបទញុះញង់ឲ្យមានការរើសអើងនោះ ពេលនេះបានរួចផុតពីការចាប់ខ្លួន ឃុំខ្លួនហើយ តែលោកត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ដោយបង្គាប់ឲ្យគោរពកាតព្វកិច្ច ៤ចំណុច ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានចូលបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីលោកបានវិលត្រលប់ពីសហរដ្ឋអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ការបំភ្លឺរបស់មេបក្សក្រៅរដ្ឋាភិបាលដែលទើបបង្កើតថ្មីរូបនេះ លើសំណុំរឿងចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានការរើសអើង» ចំពោះការថ្លែងរបស់លោក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងកម្មករខ្មែរ ទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ តិចជាងកម្មករវៀតណាម ដែលធ្វើការក្នុងចម្ការកៅស៊ូ និងចម្ការចេក របស់ក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី ។

មុនចូលបំភ្លឺតុលាការខេត្តរតនគិរី ១ថ្ងៃ គឺនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” ថា លោកមិនបារម្ភពីការចាប់ខ្លួន ឃុំខ្លួនទេ ព្រោះលោកគិតថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ និងអ្នកនយោបាយ អ្នកជំនាន់ថ្មី អ្នកបន្តវេន នឹងគិតអំពីស្ថិរភាពនិងដៃគូប្រកួតអ្នកនយោបាយ នៃគណបក្ស ដោយមិនរើសអើង ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍នៅពេលនោះថា “យើងប្រកួតប្រជែងតែគោលនយោបាយ កម្មវិធីគោលនយោបាយ យើងអត់មានទៅធ្វើអី្វធ្វើឲ្យប្រទេសជាតិអស្ថិរភាព វិទ្ធង្សនា វឹកវរ ញុះញង់ បង្កអីទេ គឺថាសម្រាប់មាជ សុវណ្ណារ៉ា មួយ ក៏ដូចជាគណបក្សជំនាន់ថ្មី គឺប្រឆាំងដាច់ខាតនូវគំនិតណាដែលហិង្សានិយម មានន័យថា ហិង្សានយោបាយ ឬក៏គំនិតមនោគមន៍វិជ្ជាជ្រុលនិយម គឺក្នុងនាមខ្ញុំជាមេដឹកនាំនៃបក្សក្រៅរដ្ឋាភិបាល គឺខ្ញុំប្រឆាំងដាច់ខាត ។ ខ្ញុំគាំទ្រ ខ្ញុំគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ដែលមិនធ្វើឲ្យប្រទេសជាតិ មានការបែកបាក់ ធ្វើឲ្យជាតិសាសន៍ឯង មានការបំផ្លាញគ្នាក្នុងហិង្សាបែបណាមួយ ដែលវាផ្ទុយនឹងច្បាប់ប្រទេស ច្បាប់ជាតិ ។ ពោលគឺខ្ញុំឯណាទៅរើសអើងជាតិសាសន៍ ឲ្យតែគោរពច្បាប់ ក្រសួងការងារ គឺត្រូវមើលឲ្យដិតដល់ ចៀសវាងអំពើពុករលួយ ចៀសវាងអំពើណាដែលវាផ្ទុយនឹងច្បាប់ ខុសច្បាប់ ហើយអ្វីដែលខ្ញុំបារម្ភ គឺបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ មកធ្វើការបែបណានៅលើទឹកដីខ្មែរ គឺថាច្បាប់ត្រូវតែចាត់វិធានការទៅតាមនីតិវិធី នៃច្បាប់របស់ប្រទេសជាតិ ។ អ៊ីចឹងខ្ញុំមិនទៅតក់ស្លុត រួញរាអីទេ ក្នុងការចូលទៅបំភ្លឺ ចូលទៅបង្ហាញក្នុងសំណុំរឿង ហើយបើសិនថាមានការចាប់ចងអី គឺខ្ញុំមិនព្រួយបារម្ភទេ ។ ខ្ញុំធ្វើនយោបាយ ដើម្បីសេចក្ដីរីកចម្រើន សុភមង្គល សុខដុមរមនាដល់ជាតិ ដល់ប្រជារាស្រ្ត ។ បើខ្ញុំព្រួយបារម្ភខ្លាចការចាប់ចង ដែលខ្ញុំមនុស្សស្អាតស្អំ ខុសច្បាប់ មិនផ្ទុយនឹងច្បាប់ប្រទេសជាតិ ហើយខ្ញុំជាមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមួយ ដែលស្របច្បាប់ ដោយក្រសួងមហាផ្ទៃ ស៊ីញ៉េដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ទៅទៀត មានការទទួលស្គាល់ពី គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជផ្លូវការ កាលពីថ្ងៃទី០៤ ខែមិថុនា ហើយមកដល់ឥឡូវ ៤ខែហើយ គណបក្សស្របច្បាប់ ហើយខ្ញុំជាប្រធានស្របច្បាប់ ហើយបើខ្ញុំផ្ទុយនឹងច្បាប់ ហើយបើមានដីកាចាប់ចង ហេតុអីក៏រដ្ឋាភិបាល ឲ្យខ្ញុំក្លាយជាប្រធានគណបក្សស្របច្បាប់? តើខ្ញុំបានធ្វើអីខុស? ខ្ញុំជាឧក្រិដ្ឋជនអីនៅ? ហើយបើខ្ញុំចាប់ខ្ញុំ ដែលខ្ញុំនៅប្រទេសកម្ពុជា ពេលនោះម៉េចមិនចាប់មិនចង មិនបង្ហាញ? ដល់ខ្ញុំទៅក្រៅប្រទេស ឥឡូវខ្ញុំចូលមកស្រុកកម្ពុជា ខ្ញុំធ្វើនយោបាយស្របច្បាប់ទៀត មិនមានការភ័យព្រួយតក់ស្លុតទៅនឹងការចាប់ចងទេ ព្រោះខ្ញុំមនុស្សស្អាតស្អំ អ្នកនយោបាយមួយ ដែលទទួលខុសត្រូវក្នុងអ្វីដែលខ្ញុំបានធ្វើកន្លងមក ខ្ញុំអត់មានពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV អីទៅទៀត ហើយពេលនេះ អាគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV រវាងប្រទេសយួន ប្រទេសលាវ និងកម្ពុជា ក៏ត្រូវបានរដ្ឋាភិបាល ដកគម្រោង ឈប់សហប្រតិបត្តិការទៅទៀត ដោយសារប្រមុខនៃរាជរដ្ឋាភិបាល យល់ឃើញថា ប្រជាពលរដ្ឋ រាស្រ្ត និងរដ្ឋ មិនមានមតិយល់ស្របគ្នាទៅនឹងបញ្ហានៃការបារម្ភអំពីអធិបតេយ្យ និងលំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់អីហ្នឹង គឺថារដ្ឋាភិបាល ក៏គាត់បានដកគម្រោងហ្នឹង ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេសទៅទៀត“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំថា ស្ថានការណ៍អ្នកនយោបាយអាចជជែកគ្នាវប្បធម៌សន្ទនានៃអ្នកបន្តវេន អ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី គិតថ្មី ធ្វើថ្មី ខ្ញុំថានេះជាបំណងប្រាថ្នារបស់ខ្ញុំសម្រាប់ឲ្យជាតិខ្ញុំបានសុខសាន្ត សម្រាប់ឲ្យប្រជារាស្រ្តខ្ញុំមានសុភមង្គល ដោយគ្មានអំពើអយុត្តិធម៌ ការឈឺចាប់បែបណា ក្រោមការគំរាមកំហែង ក្រៅពីគោរពនីតិរដ្ឋទាំងអស់គ្នា រាស្រ្តនិងរដ្ឋមានសេចក្ដីសុខ ហើយដើរសហការ ធ្វើកិច្ចការអភិវឌ្ឍនៃវិស័យជឿនលឿនផ្នែកខឿនសេដ្ឋកិច្ច ឬក៏វិស័យកសិកម្ម កសិឧស្សាហកម្ម ក៏ដូចជាបញ្ហាចង្វាក់ផលិតកម្ម មានការងារធ្វើអីអ៊ីចឹងទៅ ខ្ញុំថាអាហ្នឹងហើយជាបំណងប្រាថ្នារបស់ខ្ញុំ មាជ សុវណ្ណារ៉ា ហើយការចូលបំភ្លឺ ថាខ្ញុំមានការបារម្ភ ខ្ញុំមិនមានការបារមុ្ភទេ បើគេចង់ចាប់ចង អាហ្នឹងរឿងរបស់គេ ប៉ុន្តែបើខ្ញុំចូលមកនេះ គឺថាយើងបានជជែកគ្នា នៃវប្បធម៌សន្ទនារវាងអ្នកនយោបាយនិងអ្នកនយោបាយ ហើយក៏យើងមិនចង់និយាយថាការដាក់សម្ពាធអីទេ គឺថា មានអ្នកការទូត ក៏គាត់ចង់ឃើញអ្នកជំនាន់ថ្មីហ្នឹងប្រកួតប្រជែងគ្នា នៃបក្សនយោបាយដែលមិនរើសអើង មិនដាក់សម្អាធគ្នា ឬមិនជាប់ចំណងនយោបាយណា ក្រៅពីត្រៀមប្រកួតប្រជែងគោលនយោបាយ កម្មវិធីនយោបាយ នៅក្នុងទីលានប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ៥ឆ្នាំម្ដង មិនថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតថ្នាក់ជាតិ យើងប្រកួតប្រជែងដោយសេរីនិងយុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ដែលមានគណៈកម្មាធិការរៀបចំការបោះឆ្នោតមួយឯករាជ្យ អព្យាក្រឹត ហើយអ្នកឈ្នះ ឈ្នះដោយថ្លៃថ្នូរ ដឹកនាំប្រទេស អ្នកចាញ់ដោយអស់ចិត្ត យើងធ្វើការជាមួយគ្នា គឺនៅក្នុងរដ្ឋសភា តាក់តែងច្បាប់ អនុវត្តច្បាប់ ឃ្លាំមើលរដ្ឋាភិបាលដឹកនាំ ឲ្យមានតុល្យភាពអំណាច នៃនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ អាទាំងអស់ហ្នឹងហើយជាបំណងប្រាថ្នារបស់ខ្ញុំ មាជ សុវណ្ណារ៉ា“ ។

ដោយឡែក បន្ទាប់ពីចូលសវនាការឆ្លើយបំភ្លឺតុលាការ ពេញមួយថ្ងៃ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានចេញដីកាសម្រេចដាក់លោកមាជ សុវណ្ណារ៉ា ជាជនត្រូវចោទ ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបង្គាប់ឲ្យគោរពកាតព្វកិច្ច ចំនួន ៤ចំណុច ដូចខាងក្រោម ៖

១- មិនឲ្យធ្វើសកម្មភាពនានា ដូចជាអំពើញុះញង់ ឲ្យមានការរើសអើង ឬប្រព្រឹត្តឲ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណាដែលអំពើប្រព្រឹត្តទាំងនោះ បណ្តាលឲ្យប៉ះពាល់ដល់របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាដើម។

២- មិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។

៣- ត្រូវចូលទៅបង្ហាញខ្លួនតាមការកំណត់ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងអំឡុងពេល២ (ពីរ) ខែម្តង ជារៀងរាល់ដើមខែ រហូតដល់បញ្ចប់នីតិវិធីតុលាការ ។

៤- ត្រូវឆ្លើយតបនឹងដីកាកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ។

លោកមាជ សុវណ្ណារ៉ា បានប្រាប់ “នគរធំ” បន្ថែម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ជុំវិញដីកាសម្រេចរបស់តុលាការ ខាងលើនេះថា “បាទ! កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មួយថ្ងៃពេញហ្នឹង គឺថាសវនាការសួរដេញដោលទាក់ទងនឹងបទចោទប្រកាន់ពីការញុះញង់ឲ្យមានការរើសអើង ដែលចេញដីកាឲ្យមានការឃាត់ខ្លួន ចាប់ខ្លួនខ្ញុំដាក់ពន្ធនាគារ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នោះ គឺថាយើងបានចូលខ្លួនបំភ្លឺនៅក្នុងសវនាការមួយ ដែលមានចៅក្រមស៊ើបសួរ លោកសាយ គូហាវ និងតំណាងអយ្យការ កែវ ភក្ដី រួមទាំងក្រឡាបញ្ជី ពៅ រស្មី យើងបានដេញដោលរយៈពេល ១ថ្ងៃ ក្នុងការផ្ដល់ចម្លើយដែលចោទប្រកាន់នោះ គឺថា តុលាការ គេមិនឃុំខ្លួនយើងទេ ប៉ុន្តែគេដាក់នូវការត្រួតពិនិត្យ គោរពកាតព្វកិច្ច ៤ចំណុច ដូចខាងលើ ។ ប៉ុន្តែអារឿងចេញក្រៅប្រទេស រឿងធ្វើនយោបាយ គេអត់ហាមឃាត់ទេ អាហ្នឹងជាចំណុចដែលយើងឃើញថា ទោះបីយ៉ាងម៉េច ក្នុងនាមយើងជាប្រធានគណបក្សនយោបាយក្រៅរដ្ឋាភិបាល គណបក្សជំនាន់ថ្មី យើងចង់បានសិទ្ធិសេរីភាពពេញលេញ ឲ្យតុលាការហ្នឹងទម្លាក់បទចោទ ពីបទដែលញុះញង់ឲ្យមានការរើសអើង ព្រោះអ្វីដែលខ្ញុំបានអត្ថាធិប្បាយនៅក្នុងឃ្លីប ជាង២នាទី គឺខ្ញុំផ្ដោតសំខាន់ចង់ឃើញថា ហេតុអីបានជាកម្មករខ្មែរ មានប្រាក់ឈ្នួលប្រចាំថ្ងៃហ្នឹង វាតិចជាងប្រាក់ឈ្នួលរបស់កម្មករវៀតណាម កម្មករយួន នៅក្នុងចម្ការចេក ស្រុកលំផាត់ ដែលខ្ញុំបានអត្ថាធិប្បាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តែប៉ុណ្ណឹង ខ្ញុំគ្មានចេតនាឬក៏បំណងណាឲ្យមានភាពញុះញង់ បង្កការរើសអើង ឬក៏វិទ្ធង្សនាវឹកវរអីដល់សន្តិសុខសង្គម ក្រៅពីខ្ញុំមានក្ដីមេត្តា ករុណា អាណិតដល់កម្មករខ្មែរ ដែលមានឈាមជ័រខ្មែរ ដូចខ្ញុំដែរ ហើយខ្ញុំក៏មានការបារម្ភទៅនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ។ បើត្រូវច្បាប់ហើយ ខ្ញុំអត់បារម្ភទេ ព្រោះគេគោរពច្បាប់ប្រទេសយើងហើយ មិនមែនជាការរើសអើងទៅទៀត ។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី គឺខ្ញុំតែងតែប្ដេជ្ញា គឺថាគោរព និងការពាររដ្ឋធម្មនុញ្ញ ហើយនិងធ្វើអ្វីមិនផ្ទុយពីច្បាប់ប្រទេស ហើយនិងទប់ស្កាត់រាល់អំពើហិង្សានយោបាយ ឬក៏មនោគមន៍វិជ្ជាជ្រុលនិយមណាដែលធ្វើឲ្យជាតិ ធ្វើខ្មែរបែកបាក់ ធ្វើឲ្យអសិ្ថរភាពនយោបាយសង្គម មិនមានការអភិវឌ្ឍ រីកចម្រើនអី គឺខ្ញុំមិនទទួលយកទេ ។ អាហ្នឹងជាគោលបំណង ហើយនិងមូលហេតុដែលខ្ញុំត្រូវបានគេដាក់ឲ្យមានការឃ្លាំមើល អនុវត្តទៅតាមអ្វីជាតុលាការចង់បាននោះ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថាមិនមានអ្វីដែលធ្វើឲ្យរំខាន ញាំញីដល់បេសកកម្មនយោបាយរបស់ខ្ញុំទេ ប៉ុន្តែគ្រាន់តែថា ខ្ញុំចង់បានសិទ្ធិសេរីភាពពេញលេញមួយដែលគ្មានការរំខាន ដូចជាមើលឃើញថា ខ្ញុំជាមនុស្សមួយដែលមិនស្អាតសំ្អ គឺសុំឲ្យថា ខ្ញុំជាមនុស្សដែលស្អាតស្អំ ជាអ្នកនយោបាយដែលគោរពច្បាប់ប្រទេស ជាអ្នកនយោបាយដែលចូលរួមចំណែកដោះស្រាយបញ្ហាជាតិ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈនយោបាយអហិង្សា ដំណោះស្រាយប្រកបដោយសន្តិវិធី វប្បធម៌សន្ទនានៃអ្នកបន្តវេន តើយើងត្រូវធ្វើអ្វីជាមួយគ្នា តាមអ្វីជាទស្សនៈខុសគ្នាមែន ប៉ុន្តែយើងផ្ដោតតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំ តាមរយៈគណបក្សកាន់អំណាច តាមរយៈគណបក្សក្រៅរដ្ឋាភិបាល គឺយើងធ្វើទៅតាមច្បាប់ទម្លាប់ នីតិរដ្ឋ ។ អ៊ីចឹងហើយខ្ញុំរួមចំណែកចូលរួមដោះស្រាយប្រទេសជាតិ ដោយឈរលើជំហរណាដែលមិនធ្វើឲ្យប្រទេសជាតិមានការបែកបាក់ ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខ ដោយសារតែនយោបាយជ្រុលនិយមណា គឺខ្ញុំដាច់ខាតហើយ ។ អ៊ីចឺងគោលនយោបាយទាំង១០ របស់គណបក្សជំនាន់ថ្មី គឺថាយើងទប់ស្កាត់រាល់អ្វីដែលធ្វើឲ្យប្រទេសជាតិរងគ្រោះ មានការធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ឬក៏ធ្វើឲ្យអសិ្ថរភាពនយោបាយណាដែលរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងចម្រើននៃខឿនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រជារាស្រ្តខ្មែរ ជាមួយនឹងអ្វីដែលជាការសហការ ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ រវាងរដ្ឋនិងរាស្រ្ត មានសុភមង្គល និងសុខដុមរមនាជាមួយគ្នា ខ្ញុំថានេះជាគោលការណ៍ យន្តការ គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្សជំនាន់ថ្មី“ ។

RELATED ARTICLES