ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធ២នាក់ កំពុងដេកលង់លក់ ក៏ស្រាប់តែត្រូវជនសង្ស័យចំនួន៣ នាក់ ធ្វើសកម្មភាពគាស់ផ្ទះចូលទៅប្លន់យក ខ្សែកមាស និងម៉ូតូ១គ្រឿង រួចនាំគ្នារត់គេច ខ្លួន លុះជនរងគ្រោះប្តឹងសមត្ថកិច្ច ក៏ប្រដេញ តាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈ ដែលបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់។
ករណីចោរគាស់ផ្ទះចូលប្លន់ជនរងគ្រោះ ២នាក់ប្តីប្រពន្ធខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិឃ្លៃ ឃុំទ្រៀក ស្រុក មេមត់។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួមមាន បុរសជាប្តីឈ្មោះនួន ឡៃ អាយុ៣០ឆ្នាំ ចំណែក ស្ត្រីជាប្រពន្ធឈ្មោះចាន់ សារ៉ុន អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ម្នាក់ មានឈ្មោះជា ផា ហៅស្វិត ហៅប៉ូយ អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់។ ដោយឡែក បក្ខពួក២នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមសម្តីស្ត្រីរងគ្រោះឈ្មោះចាន់ សារ៉ុន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងនិងប្តីកំពុងដេកលង់លក់នៅក្នុង ផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ខាងលើ ក៏លេចមុខជនសង្ស័យចំនួន៣នាក់ បាន ធ្វើសកម្មភាពគាស់ទ្វារចូលមកចាប់អូសនាង ទម្លាក់ដី រួចបានឆក់យកខ្សែកមាសរបស់នាង មួយខ្សែ ដែលមានតម្លៃ៣,៥លានរៀល។ បន្ទាប់ មក ក្រុមជនសង្ស័យបានប្លន់យកម៉ូតូរបស់នាង មួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1P-3891 ជិះដឹកគ្នាចេញទៅបាត់តែម្តង។
ប្រភពដដែលបន្តថា ភ្លាមៗនោះ នាងនិង ប្តីក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ដោយថែមទាំងបានចូលរួមប្រដេញ តាមពីក្រោយក្រុមជនសង្ស័យជាចោរប្លន់ យ៉ាង ប្រកិតៗទៀតផង ទីបំផុត ក៏ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ រីឯបក្ខពួក២នាក់ទៀត បានរត់គេច ខ្លួនបាត់ស្រមោលអស់។
លោកហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់ បានបញ្ជាក់ថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ពីជនរងគ្រោះភ្លាម សមត្ថកិច្ច រួមនិងជនរងគ្រោះបានប្រដេញតាមក្រុមជនសង្ស័យ រហូតដល់វេលាម៉ោង២និង១៦នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ខណៈដែលកំពុងសម្ងំលាក់ខ្លួននៅក្នុង ផ្ទះសំណាក់ហ្វីឡា មានទីតាំងស្ថិតក្នុងភូមិម៉ា– ស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅ សាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម នីតិវិធី។ ដោយឡែក បក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកផ្ទន្ទាទោសផងដែរ៕ សុភ័ណ្ឌ