ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) ដែលបានចោទគ្រួសារហ៊ុន (គ្រួសារសម្ដេចហ៊ុន សែន) នៅពីក្រោយខ្នងពួកឧក្រិដ្ឋជននៅកម្ពុជា បន្ទាប់ពីអង្គការឧក្រិដ្ឋកម្មនិងគម្រោងរាយការណ៍អំពីអំពើពុករលួយ (OCCRP) បានចេញរបាយការណ៍មួយថា ឧក្រិដ្ឋជន អាចនឹងទទួលបានអត្ថប្រយោជន៍ ខណៈកម្ពុជា លាក់ទិន្នន័យសញ្ជាតិថ្មី ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា ការចោទប្រកាន់របស់ទណ្ឌិតសម រង្ស៊ី ថាគ្រួសារហ៊ុន ឬរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងពួកឧក្រិដ្ឋជននៅកម្ពុជា នោះ វាផ្ទុយអំពីការពិតជាក់ស្ដែង ព្រោះរាជរដ្ឋាភិបាល កើតចេញពីឆន្ទៈប្រជាពលរដ្ឋ ។ ដូច្នេះមានតែធ្វើការដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន មិនអាចចូលដៃចូលជើងជាមួយឧក្រិដ្ឋជននោះទេ ហើយការផ្ដល់សញ្ជាតិ ឬផ្ដល់តួនាទីដល់ជនបរទេស ជាទីប្រឹក្សា ឬមានឋានៈណាមួយក្នុងរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការលើកទឹកចិត្តបរទេស ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា តែប៉ុណ្ណោះ ។
លោកសុខ ឥសាន មានប្រសាសន៍ថា “យើងដឹងហើយថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម នៅក្រៅប្រទេសនេះ គឺចាត់ទុកត្រកូលហ៊ុន ថាជាខ្មាំងសត្រូវសួពូជរបស់គាត់ ពីព្រោះនៅក្នុងការប្រកួតប្រជែងការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ គាត់តែងតែនិយាយថា «មានស៊ី អត់សែន មានសែន អត់ស៊ី» ។ អានេះហើយ ជាទឡ្ហីករណ៍បញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ចាត់ទុកត្រកូលហ៊ុន ថាជាខ្មាំងសត្រូវសួពូជរបស់គាត់ ។ អ៊ីចឹងទេ វាមិនមែនជារឿងចម្លែកទេ ដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនេះ ចោទមកលើត្រកូលហ៊ុន នូវអំពើទុច្ចរិតផ្សេងៗ ដែលទណ្ឌិតនេះ តែងតែលាបពណ៌ និងបង្កើតព័ត៌មាន ប្រតិដ្ឋតព័ត៌មាន វ៉ៃប្រហារមកលើត្រកូលហ៊ុន អាហ្នឹងវាអត់មានជារឿងចម្លែកទេ ។ និយាយទៅ អាហ្នឹងវាជារឿងធម្មតាតើ! វាមិនមែនជារឿងចម្លែកអីទេ ។ វារឿងចម្លែកដែលត្រង់ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលរត់ចោលស្រុក ទៅក្រៅប្រទេសនេះ គឺថាលោកសរសើរពីត្រកូលហ៊ុន តែបើវ៉ៃប្រហារលើត្រកូលហ៊ុន ឬប្រតិដ្ឋព័ត៌មាន លាបពណ៌មកលើត្រកូលហ៊ុន អាហ្នឹងវាជារឿងធម្មតានៃចរិតរបស់ជនក្បត់ជាតិ៣ជំនាន់ហ្នឹងឯង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “យើងដឹងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដូច្នេះហើយ គណបក្សកាន់អំណាច មិនមានចេតនាណាមួយដើម្បីបង្កើតអំពើទុច្ចរិតនៅក្នុងសង្គមទេ ពីព្រោះវាជាការទទួលខុសត្រូវរបស់ខ្លួន ក្នុងការដឹកនាំប្រទេសជាតិ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ។ ដូច្នេះហើយ បើប្រជាពលរដ្ឋទទួលការជឿទុកចិត្តហើយ គឺរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចនេះ មិនអាចធ្វើអ្វីដែលផ្ទុយអំពីឆន្ទៈប្រជាពលរដ្ឋបានទេ ។ អាហ្នឹងរឿងធម្មតា ក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យ និងនីតិរដ្ឋ ជនណាក៏ដោយ មិនគិតឋានៈ ឬមានតួនាទីជាអ្វីក៏ដោយ តែប្រព្រឹត្តល្មើសច្បាប់ហើយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយម្យ៉ាងទៀត យើងឃើញថា ការតែងតាំងជាទីប្រឹក្សា ឬមួយក៏ឲ្យជនបរទេសចូលជាសញ្ជាតិខ្មែរ វាជាគោលនយោបាយលើកទឹកចិត្តវិនិយោគទុនពីបរទេស ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺថានៅពេលដែលជនបរទេសណាដែលបានបោះទុន មានចំនួនច្រើនសមស្រប គឺរាជរដ្ឋាភិបាល នឹងផ្ដល់សញ្ជាតិខ្មែរ ឲ្យជននោះ ដើម្បីជាការលើកទឹកចិត្តជននោះ ដើម្បីបង្កើនទុនមកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយមិនមែនមានតែប្រទេសយើងទេ ករណីហ្នឹងនៅអាមេរិក ក៏ដោយ នៅប្រទេសណាក៏ដោយ ជាពិសេសបណ្ដាប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ ដូចជាស៊ីប ហៅថា សាយប្រឺស ឬមួយក៏ប្រទេសផ្សេងៗ បើសិនណាជាយើងមានលុយរាប់លានដុល្លារ នាំចូលទៅប្រទេសគេ គេលើកទឹកចិត្តឲ្យចូលសញ្ជាតិ ជាស្វ័យប្រវត្តិហើយ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងជាកិច្ចការរបស់រាជរដ្ឋាភិបាល ដូច្នេះហើយការផ្ដល់សិទ្ធិ សញ្ជាតិ ឲ្យជនបរទេសផ្សេងៗហ្នឹង មិនបាច់រាយការណ៍ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ឬក៏ជនបរទេសណាបានដឹងជាសាធារណៈទេ ប៉ុន្តែយើងបានផ្សព្វផ្សាយនៅក្នុងវេបសាយរបស់រាជរដ្ឋាភិបាល បើចង់ដឹងមើលទៅ មិនមែនមានន័យថា រដ្ឋាភិបាល លាក់បាំងអីទេ ពីព្រោះយើងធ្វើក្នុងនាមជារាជរដ្ឋាភិបាល កាន់អំណាចស្របទៅតាមឆន្ទៈប្រជាពលរដ្ឋ ។ ដូច្នេះគ្មានហេតុផលអីចោទរាជរដ្ឋាភិបាល លាក់ព័ត៌មាននោះទេ ។ សរុបទៅ ជុំវិញការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ថាគ្រួសារហ៊ុន នៅពីក្រោយខ្នងពួកឧក្រិដ្ឋជននៅកម្ពុជា ធ្វើឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មបានដោយស្រួល មិនខ្លាចច្បាប់ប្រទេសកម្ពុជា នោះ ការដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាល ថានៅពីក្រោយខ្នងឧក្រិដ្ឋជននេះ គឺថាវាផ្ទុយអំពីការពិតជាក់ស្ដែង ។ ដូចខ្ញុំលើកខាងដើមហើយថា រាជរដ្ឋាភិបាល ជារាជរដ្ឋាភិបាលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ អ៊ីចឹងទេ មានតែធ្វើការដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន ដែលជាម្ចាស់ប្រទេស ម្ចាស់ស្រុកហ្នឹងឯង ។ ដូច្នេះគ្មានអ្វីចូលដៃចូលជើងជាមួយឧក្រិដ្ឋជនទេ តែការតែងតាំងជនបរទេសណាមួយ គឺក្នុងគោលបំណងលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគតែប៉ុណ្ណោះ ។ បើសិនណាបានតួនាទីជាទីប្រឹក្សា ឬមួយក៏ជាឧកញ៉ា អីហើយ ទៅប្រព្រឹត្តបទល្មើស អាហ្នឹងទៅតាមការអនុវត្តជាក់ស្ដែងរបស់សាមីជនទេ អាហ្នឹងបើសិនណាជាសាមីជនប្រព្រឹត្តបទល្មើសហើយ មានការលើកលែងទោស ឬមួយក៏មិនចាប់ទោសអូសដំណើរ និងអនុវត្តច្បាប់ទេ អាហ្នឹងបានចោទប្រកាន់ថា ចូលដៃចូលជើងជាមួយឧក្រិដ្ឋជន តែបើសិនជាយើងអត់បានចូលដៃចូលជើង យើងចាត់វិធានការផ្លូវច្បាប់ ជាមួយជនប្រព្រឹត្តបទល្មើស ដោយមិនប្រកាន់ឋានៈ តួនាទី ក៏ដូចជាជនជាតិទេ អាហ្នឹងមិនអាចចោទប្រកាន់ថា ចូលដៃចូលជើងជាមួយឧក្រិដ្ឋជនបានទេ ។ ការតែងតាំងទីប្រឹក្សា ក៏ដូចជាផ្ដល់គោរមងារជាឧកញ៉ាក្ដី គឺគោលបំណង និងសំណូមពរឲ្យជននោះរួមចំណែកក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច មិនមែនឲ្យទៅធ្វើឧក្រិដ្ឋជនទេ តែបើគាត់ធ្វើ ឬក៏បានប្រព្រឹត្តនូវទង្វើជាឧក្រិដ្ឋជន អាហ្នឺងគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឯងៗទេ អាហ្នឹងវាអត់មានអ្នកណាចូលដៃចូលជើងជាមួយគាត់ទេ“ ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពឹលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានលើកឡើងជាសំណួរ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា «តើនរណានៅពីក្រោយខ្នង និងគាំទ្រក្រុមឧក្រិដ្ឋជននៅកម្ពុជា?»។ បន្ទាប់ពីលើកជាសំណួរខាងលើនេះហើយ លោកសម រង្ស៊ី ឆ្លើយដោយខ្លួនឯងថា «គ្រួសារហ៊ុន នៅពីក្រោយពួកឧក្រិដ្ឋជននៅកម្ពុជា ធ្វើឲ្យពួកឧក្រិដ្ឋជនទាំងនោះ អាចប្រព្រឹត្តឧក្រិដ្ឋកម្មបានដោយស្រួល ដោយមិនខ្លាចច្បាប់ប្រទេសកម្ពុជា» ។
សូមរំលឹកថា ការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ ធ្វើឡើងក្រោយពីនគរបាលប្រទេសសិង្ហបុរី (Singapore) បានចាប់ខ្លួននិងចោទប្រកាន់ឧក្រិដ្ឋជនដើមកំណើតចិន មានសញ្ជាតិខ្មែរ មួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុត មិនធ្លាប់មានពីមុនមក ក្នុងប្រទេសសិង្ហបុរី ។
លោកសម រង្ស៊ី បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ពាក់ព័ន្ធករណីខាងលើនេះថា “អង្គការ OCCRP ចេញផ្សាយរបាយការណ៍ថា កម្ពុជា បានលាក់បាំងព័ត៌មាន ពីការផ្តល់សញ្ជាតិឲ្យជនបរទេស ដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ អង្គការ OCCRP គឺជាបណ្តាញសកល នៃអ្នកកាសែតស៊ើបអង្កេត ដែលមានបុគ្គលិកនៅលើទ្វីបចំនួនប្រាំមួយ។ ពួកគេមានឯកទេសខាងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ នៅតាមតំបន់នីមួយៗ។ ឧក្រិដ្ឋជននៅកម្ពុជា មានគ្រួសារហ៊ុន ជាអ្នកនៅពីក្រោយខ្នង ដូច្នេះពួកឧក្រិដ្ឋជនទាំងនោះ អាចប្រព្រឹត្តឧក្រិដ្ឋកម្មបានដោយស្រួល មិនខ្លាចច្បាប់ប្រទេសកម្ពុជាឡើយ“ ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ របស់អង្គការឧក្រិដ្ឋកម្មនិងគម្រោងរាយការណ៍អំពីអំពើពុករលួយ (Organized Crime and Corruption Reporting Project, OCCRP) ដែលមានចំណងជើងថា “ ឧក្រិដ្ឋជន អាចនឹងទទួលបានអត្ថប្រយោជន៍ ខណៈកម្ពុជា លាក់ទិន្នន័យសញ្ជាតិថ្មី” បានសរសេរថា «កម្ពុជា បានចាប់ផ្តើមលាក់អត្តសញ្ញាណជនបរទេសដែលទិញលិខិតឆ្លងដែន តាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ។ ក្រុមក្មេងទំនើងឆ្លងប្រទេសជាច្រើនឆ្នាំ បានកេងប្រវ័ញ្ចលើគម្រោងធ្វើលិខិតឆ្លងដែនសម្រាប់ការទូទាត់ប្រាក់របស់កម្ពុជា។ ពួកគេបានប្រើប្រាស់សញ្ជាតិកម្ពុជា ដើម្បីគេចពីការចាប់ខ្លួន និងធ្វើសកម្មភាពខុសច្បាប់ រួមទាំងការរកឃើញក្រុមលាងលុយចំនួន 2.2ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី។ នៅក្នុងសារព័ត៌មានចំនួន៦១ ដែលបានចេញផ្សាយនៅឆ្នាំ២០២៤ នេះ មានតែជនបរទេសចំនួន ៥នាក់ប៉ុណ្ណោះ ដែលទទួលបានសញ្ជាតិខ្មែរ តាំងពីចុងឆ្នាំ២០២៣ ។ នោះជាការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងឆ្នាំមុន ដែលមានជនបរទេស ទទួលបានសញ្ជាតិខ្មែរ ច្រើនជាង ៦៥០នាក់ ត្រូវបានប្រកាសក្នុងរាជកិច្ច។ ក្នុងនោះប្រមាណពាក់កណ្ដាល ជាជនជាតិចិន។ ចំណែកក្នុងឆ្នាំ២០២១ និង២០២២ មានជនបរទេសទទួលបានសញ្ជាតិខ្មែរ រាប់រយនាក់ផ្សេងទៀត ត្រូវបានប្រកាសក្នុងរាជកិច្ច ហើយពួកគេភាគច្រើន ជាជនជាតិចិន។ រដ្ឋាភិបាលកម្ពុជា មិនបានឆ្លើយតបនឹងការស្នើសុំយោបល់ម្តងហើយម្តងទៀតទេ។ ប្រទេសនេះ ត្រូវបានរងការវាយប្រហារដោយរលកនៃការផ្សព្វផ្សាយមិនល្អ នៅពេលដែលអាជ្ញាធរសិង្ហបុរី កាលពីឆ្នាំមុន បានចាប់ខ្លួនពលរដ្ឋខ្មែរ ដែលទើបនឹងកើតថ្មី ចំនួនប្រាំបួននាក់ ដែលមានដើមកំណើតមកពីខេត្ត Fujian ប្រទេសចិន។ ពួកគេជាផ្នែកមួយនៃក្រុមដែលបោក ជាង ២ពាន់លានដុល្លារ លើអចលនទ្រព្យ មាស គ្រឿងអលង្ការ និងរូបិយប័ណ្ណគ្រីបតូ ជំនួសឱ្យប្រតិបត្តិករកាស៊ីណូអនឡាញខុសច្បាប់ និងមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍។ សមាជិកក្រុមសង្ស័យ ចំនួន ១៧នាក់ទៀត ក្នុងចំណោម ១៧នាក់ ដែលប៉ូលិសនៅតែចង់បាន ក៏ជាពលរដ្ឋកម្ពុជាដែរ» ។
របាយការណ៍ដដែល បន្តថា «ក្នុងករណីមួយទៀត អ្នកស្រី She Zhijiang កើតនៅប្រទេសចិន ដែលយកឈ្មោះកម្ពុជា តាំង ក្រាំងកៃ កំពុងទប់ទល់នឹងការធ្វើបត្យាប័នពីប្រទេសថៃ ទៅប្រទេសចិន ដែលគាត់ប្រឈមនឹងការចោទប្រកាន់ពីបទបើកប្រតិបត្តិការហ្គេមខុសច្បាប់។ គាត់បានប្រកែកថា ចិន មិនអាចធ្វើបត្យាប័នគាត់បានទេ ព្រោះគាត់ជាពលរដ្ឋខ្មែរ។ ប្រទេសកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយថា ឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺរណិត តែម្នាក់ឯង អាចរកចំណូលបានពី ៧,៥ ទៅ ១២,៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលប្រហែលពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា ផ្តល់សញ្ជាតិ ជាថ្នូរនឹងការវិនិយោគ និងការបរិច្ចាគ យ៉ាងតិច ១ពាន់លានរៀល (២៤៦ ០០០ដុល្លារ) ឬ ១,២៥ពាន់លានរៀល (៣០៨ ០០០ដុល្លារ) រៀងគ្នា។ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងគណនេយ្យផ្សព្វផ្សាយសេវាកម្ម ដើម្បីទទួលបានសញ្ជាតិកម្ពុជា តាមអ៊ីនធឺរណិត។ ផ្ទាំងប៉ាណូជាភាសាចិន នៅទីក្រុងបាងកក ថែមទាំងផ្សព្វផ្សាយពីកម្មវិធីសញ្ជាតិផងដែរ…»។
ការចេញផ្សាយអត្ថបទ ឬរបាយការណ៍ស៊ើបអង្កេត របស់អង្គការខាងលើ បានធ្វើឡើងក្រោយពីពេលកន្លងទៅ គេឃើញមានភាពមិនប្រក្រតីមួយចំនួនក្នុងការផ្តល់សញ្ជាតិខ្មែរ ដល់ជនបរទេស ជាពិសេសគឺជនបរទេសភាគច្រើន ទទួលបានបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម ដោយសារតែរដ្ឋាភិបាល ពុំបានបង្ហាញតម្លាភាពជុំវិញករណីនេះ។ ក្នុងនោះ មានជនបរទេសខ្លះ ធ្លាប់ប្រព្រឹត្តបទល្មើសនៅកម្ពុជា ហើយជនបរទេសខ្លះទៀត មានឈ្មោះក្នុងបញ្ជីឧក្រិដ្ឋជនអន្តរជាតិ ក៏នៅតែទទួលបានសញ្ជាតិខ្មែរ។ ជាក់ស្ដែង ករណីបុរសជនជាតិចិនម្នាក់ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ដែលធ្លាប់ជាប់ពន្ធនាគារនៅទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងអំពើសូកប៉ាន់ និងការលាងលុយកខ្វក់នោះ បានទទួលបានសញ្ជាតិខ្មែរ និងក្លាយជាទីប្រឹក្សាសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៥ ហើយកាន់លិខិតឆ្លងដែនការទូត។
ក្រៅពីនេះ ក៏មានករណីឧក្រិដ្ឋជនចិន ឈ្មោះ ស៊ូ អាយមីន (Xu Aimin) ដែលត្រូវបានតុលាការចិន កាត់ទោសឱ្យជាប់គុកនៅប្រទេសចិន រយៈពេល១០ឆ្នាំ កាលពីឆ្នាំ២០១៣ ដោយសារតែបានធ្វើជាមេខ្លោងនៃបនល្បែងស៊ីសងអន្តរជាតិខុសច្បាប់។ ឧក្រិដ្ឋជនចិន រូបនេះ មិនបានជាប់គុកនៅចិន ទេ តែបានមកកសាងអាណាចក្រជំនួញដ៏សម្បើមមួយ នៅខេត្តព្រះសីហនុ។ ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា លោកទទួលបានសញ្ជាតិខ្មែរ នៅមុនឆ្នាំ២០១២។ ករណីដ៏លេចធ្លោមួយទៀតនោះ គឺសំណុំរឿងរបស់មហាសេដ្ឋីដើមកំណើតចិន វ័យក្មេង ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ដែលទទួលបានសញ្ជាតិខ្មែរ កាលពីដើមឆ្នាំ២០១៤។ លោក ចេន ហ្ស៊ី គឺជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) ជាទីប្រឹក្សារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន។ តុលាការនៅប្រទេសចិន បានចោទប្រកាន់សម្ព័ន្ធក្រុមហ៊ុនលោក ពីការលាងលុយកខ្វក់ដ៏សម្បើម និងពណ៌នាសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប របស់លោក ថាជាក្រុមឧក្រិដ្ឋកម្មបនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់មួយ ដែលរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ៥ពាន់លានយ័ន (៧០០លានដុល្លារ) ជាចំណូលមិនស្របច្បាប់ ។
ទោះបីយ៉ាងណា ជុំវិញរបាយការណ៍ ឬការរកឃើញរបស់ក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ OCCRP ខាងលើ ដែលថា កម្ពុជា លាក់រឿងផ្ដល់សញ្ជាតិឲ្យជនបរទេសនោះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាការចោទប្រកាន់ ឬជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យ ឯករាជ្យមួយ។ ក្នុងន័យនេះ អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ ចំនួន៣ចំណុច ៖ ទី១ គឺជារបាយការណ៍ ឬក៏ជាប្រធានបទបែបរករឿងអុជអាល ដែលដើរបញ្ច្រាសពីច្បាប់អន្តរជាតិ ក្នុងន័យរើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ, ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណាចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ និងទី៣ ការផ្សព្វផ្សាយរាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។
លោកទូច សុឃៈ បញ្ជាក់បន្ថែមថា ចំពោះការផ្តល់សញ្ជាតិ អនុវត្តទៅតាមនីតិវិធី គឺគោរពទៅតាមច្បាប់សញ្ជាតិយ៉ាងតឹងរ៉ឹង និងគោលការណ៍ទូទៅរបស់ច្បាប់អន្តរជាតិ។ អ្វីៗទាំងអស់មិនមែនចេះតែធ្វើទៅតាមការនឹកឃើញនោះទេ តម្កល់ភាពប្រាកដប្រជា ច្បាស់លាស់ និងជាការសម្រេចដោយអត្តនោម័ត ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយនោះឡើយ សំខាន់គឺអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ ។ លើសពីនេះដែរ លោកថាចំពោះជនបរទេសដែលអាចចូលសញ្ជាតិខ្មែរបាន គឺត្រូវអនុវត្តទៅតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៨ បានចែងថា ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរ បាន ដោយសញ្ជាតូបនីយកម្ម។ សញ្ញាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះ អាចត្រូវបដិសេធចោល តាមអំណាចឆន្ទានុសិទ្ធិពិសេសព្រះមហាក្សត្រ ៕ កុលបុត្រ