Tuesday, November 26, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី សរសើរកងពលតូច៧០ អនុវត្តតួនាទីភារកិច្ច៣០ឆ្នាំ ស្នាដៃល្អ

នាយករដ្ឋមន្ត្រី សរសើរកងពលតូច៧០ អនុវត្តតួនាទីភារកិច្ច៣០ឆ្នាំ ស្នាដៃល្អ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។

ផ្តើមចេញពីវរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់អគ្គសេនាធិការ នៃកង យោធពលខេមរភូមិន្ទ កាលនោះគឺនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាការកងពល រហូតដល់ឆ្នាំ២០២៣។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខ័ណ្ឌពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែ សម្រួលឈ្មោះ ពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាសចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

ថ្លែងក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ សម្តេចហ៊ុន ម៉ាណែត  បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កងពលតូចលេខ៧០ និងកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការអនុវត្តតួនាទីនិងភារកិច្ច ដោយសម្រេចបាននូវស្នាដៃល្អប្រសើរ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤៥ឆ្នាំ មកនេះ ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខប្រកបដោយសាមគ្គីភាព, វីរភាព, ភាពប្រកដប្រជា និងតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជា គ្រប់រូប។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្ដិភាព នៅតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សន្ដិភាព អាចឮ អាចស្ដាប់ ហើយនិងឃើញតម្លៃកាន់តែច្បាស់ នៅពេលបាត់បង់។ សម្ដេច បានថ្លែងថា បើបាត់បង់សន្ដិភាព គឺគ្រោះថ្នាក់ខ្លាំងណាស់។ សម្ដេច បានរម្លឹកថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ សម្ដេច ទទួលព័ត៌មានថា និស្សិតខ្មែរម្នាក់ បានស្លាប់នៅតំបន់កាហ្សា ដោយសារប៉ះទង្កិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ ហើយនិស្សិតយើងនៅពេលនោះ បាននឹកឃើញពីតម្លៃសន្តិភាព។ សម្ដេច បន្តថា និស្សិតខ្មែរដែលនៅក្នុងប្រទេសកំពុងមានសង្គ្រាម ប្រាប់សម្ដេច ថាខ្លួនស្គាល់ច្បាស់ណាស់អំពីតម្លៃសន្ដិភាព។ សម្ដេច បញ្ជាក់ថា កម្ពុជា មិនមានផែនការក្នុងការបញ្ជូនយន្ដហោះទៅដឹកនិស្សិត ឬប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដែលមានគ្រោះថ្នាក់ដោយ សារសង្គ្រាមនោះទេ។ ប៉ុន្តែសម្ដេច បានសម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៊ីស្រាអែល ដែលបច្ចុប្បន្នមាននិស្សិតខ្មែរ ២២០នាក់ កំពុងរស់នៅទីនោះ។សម្ដេច សង្ឃឹមថា គ្រប់ភាគីទាំងអស់ នឹងឯកភាពគ្នាបញ្ចប់ការប៉ះទង្កិចគ្នាដោយអាវុធ។ សម្ដេចហ៊ុន ម៉ាណែត អំពាវនាវឪពុកម្ដាយ និងអាណាព្យាបាលនិស្សិតខ្មែរ នៅអ៊ីស្រាអែល កុំព្រួយបារម្ភ រាជរដ្ឋាភិបាល តាមដានជាប់ជាប្រចាំ ហើយសម្ដេច បានទាក់ទងសួរព័ត៌មានកងទ័ពមួក ខៀវកម្ពុជា នៅតំបន់នោះ ជាប់ជានិច្ច និងណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈការផ្លោងគ្រាប់ដាក់គ្នា នៅតែបន្ដ។

សម្ដេចហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ កុំឲ្យបាត់បង់។ សម្ដេច បានថ្លែងថា កងទ័ព ក៏ជាចំណែកផ្ដើមសង្គ្រាម និងបញ្ចប់សង្គ្រាមដូចគ្នា, មេដឹកនាំនយោ បាយឯកភាពគ្នា តែបើកងទ័ពមិនឯកភាពគ្នា ក៏មិនអាចធ្វើទៅបាននោះដែរ។ សម្ដេច បានថ្លែងថា អាវុធនិងគ្រាប់មួយចំនួន ត្រូវបានលាក់ទុក ក្រោយបញ្ចប់សង្គ្រាម ដូច្នេះបើមិនមាននយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ទេនោះ សង្គ្រាមអាចនឹងកើតឡើងវិញ។ សម្ដេច បន្តថា កម្ពុជា មិនមានកងទ័ពវាយគ្នា និងតំបន់វាយប្រយុទ្ធគ្នាទៀតនោះទេ បើទោះបីបញ្ជូនទៅក្រៅប្រទេស ទៅតំបន់សង្គ្រាមក្ដី។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមជ្រុលនិយម ឆ្លៀតឱកាសព្រួយបារម្ភរបស់ពលរដ្ឋ អំពីបញ្ហាទឹកដី បានរុញដើម្បីឲ្យមានភ្លើងសង្គ្រាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់បានទេនោះ ច្បាស់ណាស់នឹងអាចបែកបាក់សាមគ្គីជាតិឡើងវិញ។ សម្ដេច បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ បានចូលរួមទប់ស្កាត់មិនឲ្យប្រទេសជាតិមានការបែកបាក់ឡើងវិញ ក្នុងផែនការរបស់ក្រុមប្រឆាំងជ្រុលនិយម។ ជាមួយគ្នានេះ សម្ដេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ ដែលបានចូលរួមអនុវត្តច្បាប់ ក្នុងការការពារជាតិ មិនឲ្យបែកបាក់ ដើម្បីស្ថិរភាពជូនប្រជាពលរដ្ឋ ហើយសម្តេច សំណូមព្យបន្ដស្មារតីទទួលខុសត្រូវនេះ។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងស្មារតីនេះ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងពលតូចលេខ៧០ និយាយដោយឡែក ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ព ឱ្យបានជាប់ជាប្រចាំ និងសេវាថែទាំព្យាបាលសុខភាព ត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ សម្តេច បានណែនាំកងទ័ពយើង ត្រូវត្រៀមមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារ និងជនរងគ្រោះ, ផ្តល់ជំនួយ, ផ្តល់កិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិល ក្នុងប្រតិបត្តិការសង្គ្រោះ ដូចដែលកងទ័ពយើងធ្លាប់បានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់, គ្រោះរាំងស្ងួត, គ្រោះអគ្គិភ័យ, ការដោះមីន រំដោះដីជូនប្រជាជន សម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជន នៅតាមទីជនបទជាដើម។

សម្ដេចហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពកម្ពុជា ដែលបំពេញការងារនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិរ ដែលហូតមដល់ពេលនេះ កម្ពុជាបញ្ជូនទ័ពមួកខៀវ ជិត១ម៉ឺននាក់ ក្នុង១០ប្រទេស តាំងពីឆ្នាំ២០០៥។ សម្តេច បានបញ្ជាក់ថា សម្ដេច បានកែសម្រួលប្រធានក្រុមការងារបញ្ជូនកងទ័ពទៅក្រៅប្រទេស ដោយប្ដូរពីរដ្ឋមន្ដ្រីក្រសួងការបរទេស មករដ្ឋមន្ដ្រីក្រសួងការពារជាតិវិញ។ សម្ដេច បានណែនាំឧបនាយករដ្ឋមន្ដ្រី ទៀ សីហា តាមដានឲ្យជាប់ជានិច្ច អំពីស្ថានភាពកងទ័ពមួកខៀវកម្ពុជា នៅក្រៅប្រទេស ដោយសម្តេច បញ្ជាក់ថា ការធានាសុវត្ថិភាពពលរដ្ឋនៅតំបន់ដែលមានសង្គ្រាម ជារឿងចាំបាច់ដាច់ខាត ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះសូមឪពុកម្ដាយ អាណាព្យាបាល មានភាពកក់ក្ដៅ។

សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំលោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងកាពារជាតិ និងអគ្គ បញ្ជាការ យកចិត្តទុកដាក់ពង្រឹងគុណភាពសាលា, មេរៀនត្រូវធ្វើបច្ចុប្បន្នភាព និងវិធីសាស្ដ្រស៊ើបការណ៍។ ជាមួយគ្នានេះ សម្ដេច អរគុណបណ្ដាអង្គភាពទាំងអស់ ដែលជំរុញការហ្វឹកហ្វឺន និងហាត់ក្បាច់គុន ដោយសម្តេច បញ្ជាក់ថា ការហាត់ក្បាច់គុន មានគោលបំណងសំខាន់៣ រួមមាន ១-បំពេញយុទ្ធវិធីចាំបាច់, ២-សុខ ភាព និង៣-ការចូលរួមអភិរក្សក្បាច់គុន ដែលដូនតាយើងបានបន្សល់ទុក។

សម្ដេចហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី១៨ និងថ្ងៃទី២០ ខែតុលា ខាងមុខ នឹងមានការប្រកួតក្បាច់គុនចម្រុះ ជាលើកដំបូង ក្នុងនោះកងទ័ព ជាង២០០នាក់ បានដាក់ពាក្យចូលរួមប្រកួត។ សម្ដេច ណែនាំអង្គភាពទាំងអស់ ជំរុញសកម្មភាពសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ។ សម្ដេច បានណែនាំប្រធានអង្គភាព ត្រូវធានាដល់ការផ្គត់ផ្គង់គោលរបរឲ្យបានទាន់ពេលវេលា ដល់កងទ័ពនៅតំបន់ឆ្ងាយដាច់ស្រយោល ដូចជានៅអូរតាង៉ាវ និងអូរអាឡៃ ជាដើម ហើយសម្ភារប្រើប្រាស់សម្រាប់កងទ័ព ត្រូវតែមានគុណភាព។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ចំពោះយោធិនដែលចូលនិវត្តន៍ត្រូវតែយកចិត្តទុកដាក់។ ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អ ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន។ យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឲ្យចូលនិវត្តន៍ គួររក្សាទុកសិន។ សម្ដេច បានណែនាំឲ្យពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍របស់យោធិន អាចដំឡើងអាយុដែលត្រូវចូលនិវត្តន៍ និងពង្រឹងយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិនពិការ។

សម្ដេចហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ព ត្រៀមចូលរួមជាមួយអាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ ទាំងធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ។ ជាក់ស្តែង រយៈពេល៦ខែមកនេះ កងទ័ពជើងគោក បានចូលរួមជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។ ក្រោយបង្ក្រាបក្រុមបំផ្លាញព្រៃឈើរួចរាល់ កងទ័ពជើងគោក ត្រូវបានបញ្ជូនទៅឲ្យចូលកាន់កាប់ទីតាំងនោះតែម្ដង ដើម្បីធានាកុំឲ្យបទល្មើសកើតឡើងវិញ។ សម្ដេច បានថ្លែងថា ក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ តែក្រសួងការពារជាតិ ត្រូវត្រៀមគាំទ្រដល់ប្រតិបត្តិការនេះ ជាមួយកម្លាំងនគរបាល និងអាវុធហត្ថ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឲ្យគ្រប់គ្រងឲ្យបាន ការប្រើប្រាស់ផ្លាកលេខឡាន ខេមរភូមិន្ទ (ខ.ម) អ្នកប្រើប្រាស់លេខឡាន ខ.ម សម្រាប់តែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។ សម្តេច បញ្ជាក់ថា សម្តេច បានជជែកជាមួយលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុក គឺពន្ធនាគារនោះ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ។

សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេច បានសម្រេចលុបចោលការកាត់ឆ្វៀលដី, អ្នកខ្លះចេញមកតំណាងពលរដ្ឋក្រីក្រ តែមិនដឹងពលរដ្ឋនៅទីណា។ សម្ដេច ព្រមានអ្នកដែលខ្ចីដៃពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ។ សម្ដេច បញ្ជាក់ថា ពលរដ្ឋដែលមិនមានដីពិតប្រាកដ គឺបន្ដអនុវត្តការសម្បទានដីសង្គមកិច្ច។ សម្ដេច បានថ្លែងថា ពលរដ្ឋខ្លះ ចាញ់បោកមេខ្យល់ ញុះញង់ឲ្យទៅទន្ទ្រានដីខុសច្បាប់។ សម្ដេច បញ្ជាក់ថា ពាក្យ «ដីរដ្ឋ» គឺជាដីរួម ដីរបស់ប្រជាពលរដ្ឋមួយប្រទេស ដូច្នេះរដ្ឋត្រូវការពារ៕ ខៀវទុំ

RELATED ARTICLES