Friday, October 18, 2024
Homeសេដ្ឋកិច្ចជាតិ ដាក់ឲ្យចរាចរ លុយ២សែនរៀល

 ដាក់ឲ្យចរាចរ លុយ២សែនរៀល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល (ពីរសែនរៀល) និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២៣១ អនក្រ.បក ចុះថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល បានសម្រេច ដូចខាងក្រោម ៖

មាត្រា១..

អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀលនេះ។

មាត្រា៣..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាកព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។

នៅថ្ងៃដដែលនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានចេញប្រកាស ធ៣.០២៤.៥៦៨.ប្រ.ក ស្តីពីលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

អនុលោមទៅតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០ ០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម ៖

ក. លក្ខណៈទូទៅ ៖

ទំហំធនបត្រ : បណ្តោយ ១៧០មម ទទឹង ៧៦មម – ពណ៌ចម្បង គឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។

ខ. ផ្ទៃខាងមុខ៖

– ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាពល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយ ត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ «ពីរសែនរៀល» នៅខាងក្រោម។ ខាងឆ្វេង មានលេខ ២០០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោម មានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរែ ក្នុងខេត្តសៀមរាប។

– ផ្នែកខាងស្តាំ ខាងលើ មានអក្សរ «ធនាការជាតិនៃកម្ពុជា»  ខិតមកក្រោម មានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះ មានលេខ «២០០០០០» និង «200000» និងមានអក្សរ «អ្នកក្លែងក្រដាសប្រាក់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោម ។ នៅគែមខាងស្តាំ នៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំ បោះពុម្ភតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ «200000»។

– ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ «200000» ព្រាលៗ បោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាម ទំហំ ១០មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោម មានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់ សម្រាប់ជនពិការភ្នែក។

គ. ថ្ងៃខាងខ្នង ៖

– ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ ត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ និងមានអក្សរ «ពីរសែនរៀល» នៅពីក្រោម និងអក្សរ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024) នៅគែមក្រដាសប្រាក់។ ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប និងមានលេខ «២០០០០០» នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំ មានលេខ «200000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។

– ផ្នែកខាងឆ្វេង ខាងលើ មានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងអក្សរ «NATIONAL BANK OF CAMBODIA» ខិតមកក្រោមមានចារឹកអក្សរ «អបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ «200000»។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនបត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនបត្រថ្មីនេះ ឱ្យបានច្បាស់លាស់ ដើម្បី ចៀសវាងការភ័ន្តច្រឡំ…៕ ខៀវទុំ

RELATED ARTICLES