Monday, November 25, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីមហាផ្ទៃ មិនឲ្យមន្ត្រីដុះ.../ក្បាលពោះ ចេញធ្វើការក្រៅ

រដ្ឋមន្ត្រីមហាផ្ទៃ មិនឲ្យមន្ត្រីដុះ…/ក្បាលពោះ ចេញធ្វើការក្រៅ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ចាប់ពីពេលនេះតទៅ មន្ត្រីសមត្ថកិច្ចរូបណាដែលមានក្បាលពោះធំជ្រុល នឹងមិនអនុញ្ញាតឱ្យចេញធ្វើការនៅខាងក្រៅទៀតនោះទេ ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា មន្ត្រីដែលមានក្បាលពោះធំជ្រុល មានតិចតួចប៉ុណ្ណោះ ធៀបនឹងកម្លាំងសរុប ហើយករណីនេះ លោកធ្លាប់បានណែនាំឱ្យយកចិត្តទុកដាក់ និងរំលឹកតាំងពីដើមនីតិកាលថ្មីមកម៉្លេះ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពាក្យថា “ស្តង់ដារ” យ៉ាងហោចណាស់ឱ្យបាន សមរម្យ គឺសមភ្នែកមហាជន សមនឹងអាចអនុវត្តការងារបាន ពោលគឺមិនមែនធំលើ តូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។ ទោះយ៉ាងនេះក៏ដោយ លោកក៏មិនបិទផ្លូវទេ គឺផ្តល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវជាដើម។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យអង្គភាព ត្រូវរៀបចំកម្លាំងដែលមានក្បាលពោះធំ ត្រូវឱ្យធ្វើការក្នុងការិយាល័យ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ៕

RELATED ARTICLES