Friday, November 22, 2024
Homeសេដ្ឋកិច្ចជាតិមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន សរុបជាង២៦លានដុល្លារ អ្នកចូលរួមជាង៧០ម៉ឺននាក់

មូលនិធិកសាងផ្លូវក្រវាត់ព្រំដែន សរុបជាង២៦លានដុល្លារ អ្នកចូលរួមជាង៧០ម៉ឺននាក់

ភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានជូនដំណឹងថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនជនរួមជាតិ ប្រមាណជិត ៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស សរុបជាទឹក ប្រាក់ចំនួនជាង ២៦លានដុល្លារអាមេរិក  ចូលក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ហើយមូលនិធិនេះ នឹងត្រូវបិទបញ្ចប់ ឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ។ 

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទិ២០ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបិទបញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មានខ្លឹមសារទាំងស្រុងថា «ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ៖ “មូលនិធិកសាងហេ ដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ ។ 

ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណ ថ្វាយ-ប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០ ២៤ នេះ មានបងប្អូនជនរួមជាតិ ប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស ដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលាន សាមសិបបីម៉ឺន ពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។

អាស្រ័យដូចបានជម្រាបដំណឹងខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលមានបំណង ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិ ឱ្យបានរួសរាន់ នៅមុនថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៤ ខាងមុខនេះ» ៕ ខៀវទុំ

RELATED ARTICLES