ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផែនការណែនាំស្ដីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១៣/២០២៤ គជបអ ស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចខាងក្រោម ៖
ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមប្រឹក្សានៃអង្គចៅក្រម តុលាការ នាយទាហាន នាយនគរបាល មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រទូទាំងប្រទេស នឹងប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានរយៈពេល៣ (បី) ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិក ជាងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា។
ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ប្រកបដោយព្រះបញ្ញាញាណ និងព្រះរាជហឫទ័យសន្តោសដ៏ថ្លៃថ្លា សូមទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិយូរអង្វែង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖
កាលបរិច្ឆេទ នៃការប្រារព្ធព្រះរាជពិធី ៖
– ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ព្រះពិធីសាសនាទៅតាមព្រះរាជប្បវេណីនៅក្នុងព្រះបរមរាជវាំង
– ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ព្រះរាជពិធីថ្វាយព្រះពរនៅក្នុងព្រះបរមរាជវាំង
– ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ចាប់ផ្តើមមិទ្ធីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះពជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
– ក្រសួងព្រះបរមរាជវាំង រៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ៖
រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរបស់ខ្លួន។
រដ្ឋបាលរាជធានី ខេត្ត ៖
– រៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានស័ក្តិសមក្នុងក្របខ័ណ្ឌរាជធានី ខេត្ត។
-រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែង លម្អបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន ឱ្យតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិ គ្រប់គេហដ្ឋាន ព្រមទាំងរៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែក កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង។
ក្រសួងធម្មការនិងសាសនា ៖
ណែនាំមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាមឱ្យរៀបចំព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះរាជកុសល និងព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានសមរម្យ។
ក្រសួងព័ត៌មាន ៖
ណែនាំឱ្យបណ្តាញឃោសនា វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មាន ធ្វើការផលិតផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាពនិងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖
ណែនាំដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី ខេត្ត រៀបចំក្រុមតន្ត្រីសិល្បៈ និងចម្រៀងបុរាណ សម័យ សម្តែង និងប្រគំជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយរីករាយ នៅតាមទីសាធារណៈ ទាំងបីថ្ងៃ ដើម្បីចូលរួមអបអរសាទរក្នុងទិវាដ៏នក្ខត្តឫក្សនេះ។
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ៖
ណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យត្រង់ព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធានាបានសុវត្ថិភាពល្អប្រសើរ និងចាត់តាំងឱ្យមានការអុជកាំជ្រួច រយៈពេល៣ (បី) យប់ គឺយប់ថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០០ នាទីយប់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ឱ្យប្រព្រឹត្តទៅក្នុងទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ។
ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖
ជួយបង្កលក្ខណៈងាយស្រួលដោះស្រាយសម្ភារ: ថវិកា ដែលត្រូវចំណាយជាក់ស្តែងចាំបាច់ សម្រាប់បម្រើឱ្យព្រះរាជពិធីដ៏មានសារសំខាន់នេះ ឱ្យបានសមស្រប និងទាន់ពេលវេលា។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៖
រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារ ថវិកា។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តតាមស្មារតីនៃផែនការណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ …៕ ខៀវទុំ