Tuesday, October 22, 2024
Homeព័ត៌មានជាតិកឋិនហែទៅវត្តខ្មែរក្រោម ក្រុមសម រង្ស៊ី ថាបើផុសចេញពីដួងចិត្ត គាំទ្រសម្តេចហ៊ុន សែន

កឋិនហែទៅវត្តខ្មែរក្រោម ក្រុមសម រង្ស៊ី ថាបើផុសចេញពីដួងចិត្ត គាំទ្រសម្តេចហ៊ុន សែន

ភ្នំពេញ ៖ អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា ការហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម បើផុសចេញពីដួងចិត្តសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមអង្គកឋិននេះ គឺលោកសូមគាំទ្រ ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នឹងដង្ហែអង្គកឋិន ទៅវត្តខ្មែរក្រោម នៅកម្ពុជាក្រោម នាដើមខែក្រោយនេះ គឺជារឿងល្អ និងសូមគាំទ្រ ប្រសិនបើការដង្ហែអង្គកឋិននេះ ផុសចេញពីដួងចិត្ត។ ប៉ុន្តែខ្ញុំយល់ថា លោកហ៊ុន សែន គ្រាន់តែធ្វើនយោបាយប្រជាភិថុតិ និងបង្វែរសភាពការណ៍ពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) តែប៉ុណ្ណោះ។ លោកហ៊ុន សែន កាន់អំណាចជាង ៤០ឆ្នាំហើយ ទើបនឹកឃើញចង់ដង្ហែអង្គកឋិន ទៅវត្តខ្មែរក្រោម ចំពេលការផ្ទុះការតវ៉ារឿង CLV ។ លោកហ៊ុន សែន ធ្លាប់និយាយថា «នរណាចង់វាយយកកម្ពុជាក្រោម ខ្ញុំនឹងជួយក្នុងការធ្វើក្តារមឈូស និងជួយកប់ខ្មោចឲ្យ»។ ខ្ញុំជឿថា លោកហ៊ុន សែន ចង់ធ្វើឲ្យខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ក្រោមការគ្រប់គ្រងរបស់វៀតណាម តាមក្តីប្រាថ្នារបស់វៀតណាម និងធ្វើឲ្យខ្មែរក្រោម បែកបាក់គ្នា ។ ប្រសិនបើលោកហ៊ុន សែន ដង្ហែអង្គកឋិន ទៅវត្តខ្មែរក្រោម ដោយសុចចិត្ត និងស្នេហាជាតិមែន លោកហ៊ុន សែន ត្រូវ ៖

១. ឲ្យលោកហ៊ុន ម៉ាណែត សរសេរលិខិតជាផ្លូវការ ទៅមេដឹកនាំវៀតណាម ឲ្យដោះលែងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់គុក ជាង១០នាក់ និងស្នើឲ្យវៀតណាម គោរពសិទ្ធិខ្មែរក្រោម ព្រមទាំងគោរពសិទ្ធិខាងសាសនានិងប្រពៃណី ហើយឈប់ធ្វើទុក្ខបុកម្នេញនិងចាប់ដាក់ពន្ធនាគារ ចំពោះសកម្មជនខ្មែរក្រោម។

២. ពេលជួបមេដឹកនាំវៀតណាម ត្រូវផ្តាំផ្ញើឲ្យមេដឹកនាំវៀតណាម មើលការខុសត្រូវខ្មែរក្រោម គោរពសិទ្ធិខ្មែរក្រោម និងគោរពសិទ្ធិខាងសាសនានិងប្រពៃណី ព្រមទាំងឈប់ធ្វើទុក្ខបុកម្នេញនិងចាប់ដាក់ពន្ធនាគារ ចំពោះសកម្មជនខ្មែរក្រោម ដូចមេដឹកនាំវៀតណាម តែងតែផ្តាំផ្ញើឲ្យមេដឹកនាំខ្មែរ មើលការខុសត្រូវនិងផ្តល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជា។

៣. ផ្តល់សញ្ជាតិនិងឯកសារស្របច្បាប់នានាដល់ខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា។

៤. ដកខ្លួនចេញពី CLV ពិតប្រាកដ និងដកហូតគម្រោងអភិវឌ្ឍន៍ទាំងអស់ ក្រោមឆត្រ CLV ដូចជា ដីសម្បទានសេដ្ឋកិច្ចឲ្យយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង២៤ម៉ឺនហិកតារ និងបណ្តេញជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងធ្វើការនិងរស់នៅលើដីសម្បទានសេដ្ឋកិច្ចនោះ។

៥. លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ សម័យកងទ័ពវៀតណាម ត្រួតត្រាកម្ពុជា ផងដែរ។

៦. បណ្តេញជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅខុសច្បាប់នៅកម្ពុជា។

៧. ប្តឹងទាមទារកោះត្រល់ និងចង្កោមកោះក្រចកសេះ ព្រមទាំងដែនសមុទ្រខ្មែរ មកវិញ។

៨. ដោះលែងអ្នកជាប់ឃុំឃាំងរឿង CLV ជាង៦០នាក់ និងអ្នកទោសមនសិការទាំងអស់“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា សម្ដេចហ៊ុន សែន នឹងមិនធ្វើទៅតាមលក្ខខណ្ឌទាំង៨ ដែលលោកបានសរសេរនោះទេ ព្រោះលក្ខខណ្ឌទាំងអស់នេះ គឺជាអ្វីដែលគាត់មិនអាចធ្វើបាន ហើយការធ្វើកឋិនរបស់គាត់ ដង្ហែទៅវត្តខ្មែរក្រោម គ្រាន់តែដើម្បីបង្វែរព្រឹត្តិការណ៍ កុំឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ទៀតតែប៉ុណ្ណោះ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! បើសិនជាគាត់ដង្ហែកឋិនហ្នឹង បើផុសចេញពីចិត្តរបស់គាត់ អាហ្នឹងខ្ញុំគាំទ្រហើយ ក៏ប៉ុន្តែខ្ញុំយល់ថា គាត់ធ្វើនេះ មិនមែនធ្វើចេញពីចិត្ត ពីសុទ្ធចិត្តនោះទេ គឺជានយោបាយប្រជាភិថុតិ ដើម្បីបង្វែរការចាប់អារម្មណ៍ពីរឿងការធ្វើបាតុកម្មប្រឆាំងនឹង CLV ។ មានន័យថា គាត់ចង់បង្វែរព្រឹត្តិការណ៍ បង្វែរសភាពការណ៍ពីរឿង CLV ។ ដូច្នេះខ្ញុំយល់ថា គាត់គ្រាន់តែចង់បង្វែរព្រឹត្តិការណ៍ CLV តែប៉ុណ្ណោះឯង មិនមានធ្វើដោយសុទ្ធចិត្តនោះទេ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ខ្ញុំយល់ថា លោកហ៊ុន សែន គាត់មិនធ្វើទៅតាមលក្ខខណ្ឌទាំង៨ ដែលខ្ញុំបានសរសេរនោះទេ ព្រោះលក្ខខណ្ឌទាំងអស់នេះ គឺជាអ្វីដែលគាត់មិនអាចធ្វើបាននោះទេ ហើយការធ្វើកឋិនរបស់គាត់ហ្នឹង ដង្ហែទៅវត្តខ្មែរក្រោមហ្នឹង គ្រាន់តែដើម្បីបង្វែរព្រឹត្តិការណ៍ CLV កុំឲ្យប្រជាពលរដ្ឋហ្នឹងធ្វើបាតុកម្មប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណទៀត ។ ទោះបីជាការប្រកាសដកខ្លួនពី CLV របស់លោកហ៊ុន សែន ក៏ដោយ ក៏ដោយប៉ុន្តែខ្ញុំយល់ថា  CLV មិនត្រូវបានដកចេញពិតប្រាកដនោះទេ គ្រាន់តែដកតែឈ្មោះ គ្រោងដកនៅលើតែក្រដាសតែប៉ុណ្ណោះឯង ។ ដូច្នេះហ៊ុន សែន គាត់ចង់បង្ហាញប្រជាពលរដ្ឋខ្មែរថា គាត់ស្នេហាជាតិ ការដង្ហែកឋិនទៅហ្នឹង  ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ឈប់តវ៉ារឿង CLV រឿងអីហ្នឹង តាមពិតមិនមានធ្វើចេញពីសុទ្ធចិត្តរបស់គាត់នោះទេ ព្រោះគាត់ធ្លាប់និយាយហើយថា បើអ្នកណាចង់វាយយកកម្ពុជា គាត់ជួយធ្វើក្ដាមឈូសឲ្យ ជួយកប់ខ្មោចឲ្យ គាត់មានគំនិតស្នេហាជាតិពីណាមក?“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “ហើយគាត់ស៊ីញ៉េលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួន ត្រួតត្រាអីហ្នឹង ធ្វើឲ្យបាត់បង់ទឹកដី ធ្វើឲ្យបាត់បង់កោះត្រល់ អីហ្នឹង ។ ដូច្នេះគាត់មានគំនិតស្នេហាជាតិពីណាមក? គាត់កាន់អំណាច ៤០ឆ្នាំជាងហើយហ្នឹង បើសិនជាគាត់ចង់ដង្ហែកឋិនទៅវត្តខ្មែរក្រោម នៅកម្ពុជាក្រោម ទៅយូរហើយ ប៉ុន្តែថ្មីៗនេះ គ្រោងធ្វើកឋិន ទៅវត្តខ្មែរក្រោម នៅកម្ពុជាក្រោម ។ ដូច្នេះខ្ញុំយល់ថា មិនមែនជាការធ្វើដោយសុទ្ធចិត្តនោះទេ គ្រាន់តែធ្វើនយោបាយប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋថា គាត់ស្នេហាជាតិ ការពិតគាត់មានស្នេហាជាតិអី គាត់គ្រាន់តែចង់បង្រួបបង្រួមខ្មែរកណ្ដាល និងខ្មែរក្រោមហ្នឹង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួន“ ។

សូមជម្រាបជូនថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត នឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉នៅ ហ៊ុនសែន សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត។ បន្ទាប់មក នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងរៀបចំដង្ហែអង្គកឋិនទាន ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) ប្រទេសវៀតណាម។

ជុំវិញការផ្តួចផ្តើមធ្វើបុណ្យកឋិនទានមហាសាម្គីគ្រួសារខ្មែរ ដង្ហែទៅវត្តខ្មែរក្រោមនេះ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយថា សម្តេច និងភរិយា បានប្រើពេលដល់ទៅ ១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ ។ ជាមួយនេះ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបសម្តេច និងភរិយា បានដាក់ឈ្មោះអង្គកឋិនទានឆ្លងដែននេះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្ត នៅកម្ពុជា។ ជាអកុសល ឪពុកខ្ញុំទទួលមរណភាព នៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំ សម្រេចផ្អាកការធ្វើបុណ្យកឋិន រយៈពេល ៥ឆ្នាំ។ រឿងថ្មីបានកើតឡើង គឺម្តាយក្មេកខ្ញុំមានជំងឺនិងមរណភាពនៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត»។

សម្តេចហ៊ុន សែន សរសេរបន្តថា «ឆ្នាំនេះ ភរិយាខ្ញុំ បានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នា ទាំងឪពុកម្តាយនិងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយមានភរិយាខ្ញុំ រួមជាមួយសម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់»។

សម្តេចប្រធានព្រឹទ្ធសភា បន្តថា «សូមបញ្ជាក់ថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃ ទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន ៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្ញុំព្រះករុណា និងភរិយា ចូលរួមដោយផ្ទាល់»។

សម្តេចហ៊ុន សែន បានបន្តទៀតថា «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបាន ដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕ កុលបុត្រ

RELATED ARTICLES