Tuesday, October 22, 2024
Homeព័ត៌មានជាតិនាយក្រិន ទម្លាយរឿងជីវិតតាម «នគរធំ» បានការងារ BA កាហ្វេពពុះស្រីអូន

នាយក្រិន ទម្លាយរឿងជីវិតតាម «នគរធំ» បានការងារ BA កាហ្វេពពុះស្រីអូន

ភ្នំពេញ ៖ ក្រោយទម្លាយតាម “នគរធំ” នូវជីវិតពិត បែកបាក់ស្នេហា លែងលះភរិយាទី១ និងភរិយាទី២ មានប្រុសថ្មី រត់ចោលបាត់ ត្រូវដើរតួជាឪពុកផង ម្ដាយផង ក្នុងការចិញ្ចឹមកូន ៣នាក់ និងការជំពាក់បំណុលធនាគារ ជិត៩ម៉ឺនដុល្លារ ឯការងារសិល្បៈស្ងប់ស្ងាត់ បាត់ចំណូលស្ទើរអស់ទាំងស្រុង រហូតប្រកាសលក់ដីភូមិ ដើម្បីដោះបំណុលនោះមក ពេលនេះយីអ៊ុនតារាកំប្លែងតូចល្អិត លោកទេស សុជន ហៅនាយក្រិន ហាក់ងើបឡើងបន្តិច ដោយទទួលបានការថ្មី ជាទូតពាណិជ្ជសញ្ញា (BA) ឲ្យកាហ្វេពពុះ របស់លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ តាមរយៈការផ្ដល់បទសម្ភាសន៍ឲ្យ “នគរធំ” លោកទេស សុជន ហៅនាយក្រិន បានទម្លាយថា ក្រោយបែកបាក់ប្រពន្ធទី១ ឈ្មោះហ៊ិន ចាន់ធឿន ហៅសុវណ្ណរ៉ា (មានកូន១) នៅខេត្តព្រះសីហនុ និងបែកបាក់ប្រពន្ធទី២ ឈ្មោះយ៉ាយ៉ា នៅភ្នំពេញ អស់រយៈពេល ៥ឆ្នាំ ដោយសារតែប្រពន្ធទី២ មានប្រុសថ្មី ហើយលោកតាមទាន់ច្រើនដង នាងក៏ទៅចោលលោកបាត់ទៅនោះមក លោកបានត្រឡប់ទៅរស់នៅឯស្រុកកំណើត គ្មានសល់ទ្រព្យសម្បត្តិអ្វីទេ គឺសល់តែកូន៣ (ប្រុស២ ស្រី១) និងបំណុលជិត ៩ម៉ឺនដុល្លារ ។

នាយក្រិន បានបញ្ជាក់ថា រាល់ថ្ងៃ លោករស់នៅជាមួយកូនទាំង៣ នៅឯស្រុកកំណើត ស្ថិតនៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជួបប្រទះការលំបាកក្នុងជីវភាព ព្រោះក្រៅពីការងារសិល្បៈកំប្លែងក្នុងក្រុមនាយកុយ ត្រូវបានរំសាយ ដោយមិនមានការសម្ដែងតាមប៉ុស្តិ៍ទូរទស្សន៍ដូចមុន ឯក្រុមល្ខោនដែលលោកបង្កើត ក៏គ្មានគេជួលទៅលេងមួយរោងណាទៀតនោះ គឺកំពុងវ័ណ្ឌកក្នុងបំណុល ជិត៩ដុល្លារ ទាំងបំណុលធនាគារ ៦ម៉ឺនដុល្លារ បំណុលឯកជនខាងក្រៅ ជិត៣ម៉ឺនដុល្លារ ដោយត្រូវបង់រំលស់ទាំងដើម ទាំងការ ក្នុង១ខែ ជាង១ពាន់ដុល្លារ ។ ប៉ុន្តែលោកអស់លទ្ធភាពក្នុងការរកលុយមកបង់ទៀតហើយ ទើបលោកប្រកាសលក់ដីភូមិ ក្នុងតម្លៃជាង១០ម៉ឺនដុល្លារ ដើម្បីយកមកសងបំណុលនេះឲ្យអស់ ព្រោះមានតែជម្រើសនេះទេ ទើបអាចបញ្ចៀសលោកឲ្យរួចផុតពីបំណុលបាន ហើយអាចឲ្យបានរស់ស្រួលជាងមុន ជាមួយកូនៗទាំង៣ ។

ជាចុងក្រោយនៃបទសម្ភាសន៍នោះ លោកទេស សុជន ហៅនាយក្រិន បានអរគុណដល់សារព័ត៌មាន “នគរធំ” ដែលបានធ្វើការសម្ភាសន៍លោក សាកសួរពីការលំបាករបស់លោក ហើយក៏បានផ្ដាំផ្ញើទៅដល់មហាជនទាំងអស់ ដែលតែងតែគាំទ្រ តាមដានពីជីវិតរបស់លោក ក្នុងនាមលោកជាអ្នកសិល្បៈមួយរូប ដែលធ្លាប់សម្ដែងនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាកម្មវិធីផ្សេងៗទៀត ដែលតែងតែគាំទ្រ ផ្ដល់នូវកម្លាំងចិត្តដល់លោក ។ ដូច្នេះហើយលោកសូមជូនពរឲ្យពួកគាត់រកទទួលទានមានបាន សម្រេចនូវគោលបំណងប៉ងប្រាថ្នានៅក្នុងឆាកជីវិតដោយប្រការណាមួយ សូមឲ្យជោគជ័យ កុំឲ្យមានការជាប់ជំពាក់វាក់វិនដូចរូបលោក ជាពិសេស លោកថា បើបងប្អូនណាខ្លះដែលគាត់ត្រូវចងការនឹងធនាគារ ពិតជាពិបាកណាស់ ហើយលោកបានអំពាវនាវថា បើសិនជាលោកឧកញ៉ា ក៏ដូចជាជំទាវ បងប្រុស បងស្រីណា ដែលមានចិត្តសប្បុរសធម៌ ចង់ឲ្យជួយទិញដីដែលលោករស់នៅសព្វថ្ងៃ ដែលមានទាំងដី មានទាំងផ្ទះ ដើម្បីបានថវិកាយកមកដោះបំណុលគេ ។

ក្រោយចេញមុខទម្លាយរឿងពិត រស់ឱបបំណុល តាម “នគរធំ” ដូចខាងលើនេះ ស្រាប់តែមានមជ្ឈដ្ឋានជាច្រើនបានសម្ដែងការអាណិតអាសូរចំពោះនាយក្រិន និងផ្ដល់យោបល់លើកទឹកចិត្តឲ្យតារាកំបែ្លងមាឌតូចល្អិត អាយុ៤០ឆ្នាំប្លាយនេះ ត្រូវប្រឹងតស៊ូឡើង ដោយកុំឲ្យចុះចាញ់នឹងការលំបាកឲ្យសោះ ដើម្បីអនាគតកូនៗទាំង៣ កំពុងនៅរៀនសូត្រ ដែលកូនប្រុសទី១ រៀនថ្នាក់ទី៤ កូនប្រុសទី២ រៀនថ្នាក់ទី២ និងកូនស្រីពៅ រៀនថ្នាក់មតេ្តយ្យ ។ រហូតដល់មានអ្នកខ្លះផ្ដល់ជាថវិកាដល់នាយក្រិន និងបានទិញកង់ឲ្យកូនរបស់លោកជិះទៅរៀនផងដែរ ។ ជាពិសេសក្នុងចំណោមអ្នកលើកទឹកចិត្តទាំងនោះ សម្រាប់លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បានផ្ដល់កាដូឲ្យនាយក្រិន ធំជាងគេ គឺបានទទួលយកនាយក្រិន ធ្វើជាទូតម៉ាកសញ្ញា (BA) កាហ្វេពពុះ របស់ក្រុមហ៊ុនលោកស្រី ហើយលោកស្រីក៏បានឧបត្ថម្ភថវិកា ចំនួន ៤លានរៀល ស្មើនឹង១០០០ដុល្លារ ឲ្យនាយក្រិន ដោះទ័លផងដែរ ព្រមទាំងបានសរសើរកូនស្រីពៅ របស់នាយក្រិន ដែលមានឈ្មោះ បញ្ញា ថាឆ្លាត ចេះ ពូកែ និងស្រលាញ់ឪពុក ។

លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បានសរសេរក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រីថា លោកស្រីពិតជាស្រលាញ់ក្មេងស្រី បញ្ញា កូនស្រីរបស់នាយក្រិន ដែលចេះ ហើយសំខាន់ស្រលាញ់ឪពុកណាស់ ពេលលោកស្រីបានប្រគល់ថវិកា ៤លានរៀល ជូននាយក្រិន ក្មេងស្រីម្នាក់នេះ បាននិយាយទៅកាន់ឪពុក ដោយក្ដីរំភើប ពេលឃើញលុយច្រើនថា “ប៉ា យើងក្លាយជាអ្នកមានហើយ” ។

លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បានសរសេរថា “ស្រលាញ់កូនបញ្ញា ម្ល៉េះ ចេះក៏ចេះ សំខាន់ស្រលាញ់ឪពុកណាស់។ បងប្អូនគិតដូចស្រីអូន អត់? បញ្ញា មានដុងហ្មង ថវិកា ៤លានរៀលនេះ សម្រាប់បងក្រិន ដោះស្រាយបញ្ហាក្នុងគ្រួសារគាត់ ជូនបុណ្យបងប្អូនផង“ ។

លោកស្រី នួន ស៊ុន្ទរី ក៏បានបញ្ជាក់ថា កាដូពិសេសរបស់លោកស្រី សម្រាប់នាយក្រិន គឺការធ្វើជា BA កាហ្វេពពុះ ។

ជាការឆ្លើយតប នាយក្រិន បានថ្លែងអំណរគុណដល់លោកស្រីនួន ស៊ុន្ទរី ហៅស្រីអូន ដែលបានយករូបលោកធ្វើជា BA កាហ្វេពពុះ និងបានឧបត្ថម្ភថវិកា ចំនួន ៤លានរៀល សម្រាប់លោកយកទៅដោះបំណុលគេបានខ្លះ។

តាមរយ:ការបង្ហាញមុខរបស់នាយក្រិន ជាមួយកូនស្រីពៅ ឈ្មោះបញ្ញា ទាំងលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន និងទស្សនិកជនទូទៅ យល់ថា កូនស្រីរបស់នាយក្រិន មានដុងសិល្ប: ទៅអនាគតអាចក្លាយជាអ្នកសិល្ប: ប្រសិនបើមានការជំរុញពីនាយក្រិនជាឪពុក៕ កុលបុត្រ

RELATED ARTICLES