Saturday, November 23, 2024
Homeព័ត៌មានជាតិខួបថ្ងៃ២៣តុលា អ្នកវិភាគចោទមេដឹកនាំ ទាញកម្ពុជា ឱ្យធ្លាក់ចូលរបបអតីតកាល

ខួបថ្ងៃ២៣តុលា អ្នកវិភាគចោទមេដឹកនាំ ទាញកម្ពុជា ឱ្យធ្លាក់ចូលរបបអតីតកាល

ភ្នំពេញ ៖ នៅក្នុងឱកាសខួបទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា នេះ (២៣ តុលា ១៩៩១-២៣ តុលា ២០២៤)  អ្នកវិភាគ និងអ្នកឃ្លាំមើល បានចោទមេដឹកនាំប្រទេសកម្ពុជា នៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាបានទាញកម្ពុជា ឲ្យធ្លាក់ចូលរបបអតីតកាល ផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចែងអំពីស្មារតីទប់ស្កាត់កុំឲ្យកម្ពុជា វិលត្រឡប់ទៅកាន់របបអតីតកាល ។

លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសខ្លួននៅប្រទេសហ្វាំងឡង់ បានលើកឡើងតាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ដែលជាលិខិតូបករណ៍អន្តរជាតិ ឬជាច្បាប់អន្តរជាតិ (សម្រាប់ដោះស្រាយជម្លោះទាក់ទងនឹងកម្ពុជា) ចែងអំពីស្មារតីទប់ស្កាត់កុំឲ្យកម្ពុជា វិលត្រឡប់ទៅកាន់របបអតីតកាល ប៉ុន្តែមេដឹកនាំត្រកូលហ៊ុន ចេះតែនាំគ្នានឹករបបអតីតកាល ហើយទាញកម្ពុជា ឱ្យមានដំណើររអិលធ្លាក់ចូលរបបអតីតកាល។ គឺរបបអតីតកាលដ៏សោកនាដកម្ម ដែលមិនគោរពសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញពលរដ្ឋ តាមទំនើងចិត្ត ប្រហារជីវិតពលរដ្ឋក្រៅច្បាប់ ជ្រៀតជ្រែកដោយបរទេស និង ត្រួតត្រាដោយបរទេសឈ្លានពាន (ឬអាយ៉ងបរទេស [វៀតណាម]) ជាដើម។

លោកគឹម សុខ បន្តថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ៖ “ដោយទទួលស្គាល់ថា ប្រវត្តិសាស្ត្រថ្មីៗ (មុនថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១) ប្រកបដោយសោកនាដកម្មរបស់កម្ពុជា ទាមទារឲ្យមានវិធានការពិសេស ដើម្បីធានាការពារសិទ្ធិមនុស្ស និងបង្ការការវិលត្រឡប់ទៅរករបបនយោបាយនិងអំពើប្រព្រឹត្តពីអតីតកាល…” ។

ជាមួយគ្នានោះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថា សម្រាប់លោក មើលឃើញ ឬទាញចំណាប់អារម្មណ៍ថា ខួបទី៣៣ នៃថ្ងៃ២៣តុលា វាអាចទាញកម្ពុជា ធ្លាក់ទៅក្នុងរបបអតីតកាល នៅត្រង់ចំណុចមួយ គឺការអនុវត្តអំណាចផ្ដាច់ការ ហើយការអនុវត្តអំណាចផ្ដាច់ការនេះ វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង ផ្ទុយនឹងរដ្ឋធម្មនុញ្ញខ្មែរបច្ចុប្បន្នផង ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “តើកម្ពុជា បច្ចុប្បន្នធ្លាក់ទៅក្នុងរបបអតីតកាលឬយ៉ាងណានោះ យើងអាចទាញចំណាប់អារម្មណ៍ថា វាអាចទាញកម្ពុជា ធ្លាក់ទៅក្នុងរបបអតីតកាល នៅត្រង់ចំណុចមួយ គឺការអនុវត្តអំណាចផ្ដាច់ការ ហើយការអនុវត្តអំណាចផ្ដាច់ការហ្នឹង វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាផ្ទុយនឹងរដ្ឋធម្មនុញ្ញខ្មែរយើងបច្ចុប្បន្នផង ។ ប៉ុន្តែចំណាប់អារម្មណ៍របស់ខ្ញុំ ក្នុងរបស់អតីតកាល អ៊ីចេះ! និយាយអំពីគោលបំណងរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នោះ ។ គោលបំណងទី១ គឺការបញ្ចប់ជម្លោះគ្នាប្រដាប់អាវុធ រវាងខ្មែរនិងខ្មែរហ្នឹង ។ អាហ្នឹងហៅថា ដោះស្រាយបញ្ហាកម្ពុជា នៅក្នុងខ្លឹមសារច្បាប់ គេថាអ៊ីចឹង ហើយទី២ហ្នឹង គឺបំណងធំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង ឲ្យមានការផ្សះផ្សា ឯកភាពជាតិខ្មែរនិងខ្មែរ ។ ទី៣ គឺការការពារបូរណភាពខ្មែររឹងមាំ និងលុបចោលសន្ធិសញ្ញាកិច្ចព្រមព្រៀងខុសច្បាប់នានា ជាមួយប្រទេសវៀតណាម ដែលជាប្រទេសដាក់អណានិគមលើប្រទេសកម្ពុជា ១០ឆ្នាំ វាខុសនឹងច្បាប់អន្តរជាតិ ជំនាន់ហ្នឹង ហើយគោលបំណងទី៤ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដល់ពេលការអនុវត្តអំណាចផ្ដាច់ការរបស់របបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បច្ចុប្បន្នហ្នឹង វាទៅធ្លាក់ទៅក្នុងអតីតកាល ត្រង់ចំណុចថា ការអនុវត្តអំណាចផ្ដាច់ការ ដូចខ្ញុំបញ្ជាក់ជូនមិញហ្នឹង ។ អំណាចផ្ដាច់ការហ្នឹង គឺបំពានគោលការណ៍បោះឆ្នោតសេរី និងយុត្តិធម៌ បំពានការគោរពសិទ្ធិមនុស្ស បំពានហ្នឹង ធ្វើឲ្យមានការបំបែកបំបាក់ជាតិ បែកបាក់ស្មារតីជាតិ ហើយទីមួយទៀតនោះ គឺធ្វើឲ្យកិច្ចព្រមព្រៀងសន្ធិសញ្ញាទាំងឡាយណាដែលកម្ពុជា ជំនាន់លោកហ៊ុន សែន ចុះជាមួយវៀតណាម នៅតែមានអាទិភាព ហើយរស់ឡើងវិញ តាមរយៈការធ្វើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែន ឆ្នាំ២០០៥ អីអ៊ីចឹង ហើយធ្វើឲ្យកោះត្រល់ កម្ពុជា អីរអិលទៅស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម តាមរយៈកិច្ចព្រមព្រៀងព្រំដែនទឹក ឆ្នាំ១៩៨២ ដែលលោកហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាមអីអ៊ីចឹង ។ អាហ្នឹងបើយើងធៀបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការអនុវត្តបច្ចុប្បន្ន ហើយនិងយើងធៀបនឹងរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តបច្ចុប្បន្នហ្នឹង មានន័យថា វាដើរធាក់ថយក្រោយ» ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “បច្ចុប្បន្នសន្ធិសញ្ញាដែលខ្ញុំលើកអម្បាញ់មិញហ្នឹង គឺលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹងធ្វើឲ្យរស់ឡើងវិញទាំងអស់ ។ ទី១ រស់ឡើងវិញនូវសន្ធិសញ្ញាព្រំដែន ហើយបន្តការបោះបង្គោលព្រំដែនថ្មី ប្រមាណជាង៣០០បង្គោលហ្នឹង ហើយសន្ធិសញ្ញាហ្នឹង វាអត់ស្របច្បាប់ទេ ព្រោះអាសន្ធិសញ្ញាព្រំដែនយកមកអនុវត្តហ្នឹង គឺវាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឯកសារទី២ ស្ដីអំពីបូរណភាពទឹកដីកម្ពុជានោះ ហើយក៏វាផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងមាត្រាទី២ និងមាត្រាទី៥៥ ។ ហើយយើងឆ្លុះបញ្ចាំងសម័យបច្ចុប្បន្នហ្នឹង ចំណុចទី២ ដែលរដ្ឋាភិបាលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត រំលោភដែរហ្នឹង គឺអនុវត្តអំណាចទំនើងចិត្ត ។ អនុវត្តអំណាចទំនើងចិត្តនេះ គឺនៅត្រង់ថា បំពានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបំពានរដ្ឋធម្មនុញ្ញ បោះឆ្នោតមិនសេរី មិនយុត្តិធម៌ ហើយអនុវត្តការផ្ទេរអំណាចទៅឲ្យកូន តាមទំនើងចិត្ត គ្មានស្របតាមខ្លឹមសារច្បាប់កំពូលរបស់ជាតិទេ អាហ្នឹងទី២។ ហើយទី៣ គឺមិនមានការផ្សះផ្សាជាតិទេ គឺនាំឲ្យបង្កើតទស្សនៈ បង្កើតស្មារតីបែកបាក់ជាតិយ៉ាងសម្បើម តាមរយៈការបង្រ្កាបអ្នកប្រឆាំង អ្នកមានមតិជំទាស់អីហ្នឹង តាមរយៈនយោបាយ ឬក៏យុទ្ធសាស្រ្តលលកទាក់លលក ដែលលោកហ៊ុន សែន ធ្លាប់លើកឡើង ។ អាហ្នឹងវាធ្វើឲ្យមានការបែកបាក់ជាតិយ៉ាងសម្បើម វាខុសពីបំណងរបស់រដ្ឋធម្មនុញ្ញកម្ពុជា វាខុសពីបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយមួយទៀត ការអនុវត្តសិទ្ធិមនុស្ស ត្រូវបានបំបិទ ។ បំបិទនេះ គឺថាសូម្បីតែសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ទិតៀនគោលនយោបាយរដ្ឋាភិបាលហ្នឹង ក៏អត់បានដែរ ត្រូវបានបង្រ្កាប ។ បង្រ្កាបហ្នឹង គឺតាមរយៈការគំរាមកំហែង និងតាមរយៈចាប់មនុស្សដាក់គុកតាមទំនើងចិត្ត ។ ម៉្លោះហើយធ្វើឲ្យយើងមានក្ដីបារម្ភខ្លាំងណាស់ ចំពោះស្ថានភាពនយោបាយបច្ចុប្បន្នហ្នឹង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វាមានដំណោះស្រាយដែរ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ដំណោះស្រាយហ្នឹង វាកើតមានបាន ទាល់តែរដ្ឋាភិបាលកម្ពុជា ហ្នឹងមានការភ្ញាក់រលឹក ប៉ុន្តែយើងមើលទៅ វាមានសង្ឃឹមតិចតួចណាស់ ដែលរដ្ឋាភិបាលកម្ពុជា ហ្នឹងងាកមកគោរពស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចខ្ញុំបានលើកខាងដើមហ្នឹង ។ តែទោះយ៉ាងណាក៏ដោយ ក៏យើងនៅផ្ដល់ជាចំណុចអនុសាសន៍ដែរ ។ អនុសាសន៍របស់យើង ទី១ ត្រូវស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយជំរុញឲ្យមានការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ ត្រឹមត្រូវឡើងវិញ កែសម្រួលច្បាប់បោះឆ្នោត កែសម្រួលច្បាប់គណបក្សនយោបាយ ឲ្យត្រឹមត្រូវឡើងវិញ។ ទី២ គឺជំរុញឲ្យមានការឯកភាពផ្ទៃក្នុង គឺជំរុញឲ្យមានការជជែកឡើងវិញអំពីអ្នកនយោបាយជំទាស់ ទាំងអង្គការមិនមែនរដ្ឋបាលអីជជែកគ្នាឡើងវិញ ហើយអ្នកដែលផ្ដួចផ្ដើមគំនិតជជែកហ្នឹង មានតែគណបក្សកាន់អំណាចទេ បើគណបក្សកាន់អំណាច មានមនសិការចង់ រឿងអ្វីៗក៏អាចដោះស្រាយបានដែរ ព្រោះបញ្ហាជាតិនោះ អ្នកណាក៏ស្រលាញ់ជាតិដែរ ចង់ជួយជាតិដូចតែគ្នាហ្នឹង អ៊ីចឹងកុំរឹតបន្តឹងរឿងអស់ហ្នឹង សម្រួលទៅ ដោះស្រាយចំណុចរួមគ្នាទៅ វាឈានទៅរកការគោរពស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គោរពស្មារតីរដ្ឋធម្មនុញ្ញហើយ។ ទី៣ ដំណោះស្រាយហ្នឹង គឺជំរុញឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជននយោបាយ និងអ្នកនយោបាយផង ដែលកំពុងតែរងជាប់ឃុំមនសិការយ៉ាងអយុត្តិធម៌ហ្នឹង ហើយចំណុចមួយទៀត គឺធ្វើនិរាករណ៍ច្បាប់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងឡាយណាដែលវាផ្ទុយរដ្ឋធម្មនុញ្ញ វាផ្ទុយកិច្ចព្រមព្រៀងក្រុងប៉ារីស ជាពិសេសគឺសន្ធិសញ្ញាជាមួយប្រទេសវៀតណាម ដែលធ្វើឡើងនៅទសវត្សរ៍៨០ និងសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង CLV-DTA ហ្នឹង ត្រូវជំរុញឲ្យរដ្ឋសភាហ្នឹង ធ្វើនិរាករណ៍ឲ្យអស់ ដើម្បីឲ្យវាស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស ស្របតាមរដ្ឋធម្មនុញ្ញ ។ ចំណុចចុងក្រោយ លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរដល់មតិប្រជាពលរដ្ឋ ត្រូវគិតគូរដល់សំឡេងជំទាស់ទាំងឡាយអស់ហ្នឹង ហើយភ្ញាក់រលឹកទៅ ឲ្យមានស្មារតីជាតិឡើងវិញទៅ បើនៅតែធ្វើអ៊ីចឹង វាបែកបាក់ជាតិហ្នឹងធ្ងន់ធ្ងរៗ ហើយច្បាប់ក៏មិនគោរព លិខិតូបករណ៍អន្តរជាតិ ក៏មិនគោរព ហើយយូរៗទៅ យកតែអនុសាសន៍របស់មេដឹកនាំ ទៅធ្វើការងារ ហើយអនុសាសន៍មេដឹកនាំ ទៅធ្វើការងារ អនុសាសន៍ហ្នឹងនិយាយតាមបំណង តាមអំពើចិត្តហ្នឹង វាមិនមែនត្រឹមត្រូវអី ។ ដូច្នេះដើម្បីងាកទៅរកការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោរពរដ្ឋធម្មនុញ្ញកម្ពុជា សព្វថ្ងៃហ្នឹង វាទាល់តែរដ្ឋាភិបាលហ្នឹង កែសម្រួល ដូចខ្ញុំបញ្ជាក់ជូនខាងលើអ៊ីចឹង“ ។

ទោះបីយ៉ាងណា លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថា ការដែលថា រាជរដ្ឋាភិបាល ទាញប្រទេសកម្ពុជា ឲ្យធ្លាក់ទៅអតីតកាល គឺជាការនិយាយបំផ្លើស បំភ្លៃ បង្ខូចទាំងស្រុង ព្រោះរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានទាញប្រទេសពីអតីតកាល ដែលមានសង្រ្គាម មានរបបប្រល័យពូជសាសន៍ ក្រីក្រ ផេះផង់ មានតែឈាមនិងទឹកភ្នែក មកប្រែក្លាយឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញ ប្រែក្លាយប្រទេសឲ្យទៅជាការអភិវឌ្ឍ ប្រែប្រួលខុសស្រឡះពីអតីតកាល ។ ម្យ៉ាងទៀត មានតែអ្នកប្រព្រឹត្តខុសច្បាប់ទេ ដែលថារាជរដ្ឋាភិបាល ដឹកនាំផ្ដាច់ការ ប៉ុន្តែសម្រាប់អ្នកគោរពច្បាប់ រស់នៅសុខសប្បាយ គ្មានអ្នកណាគេជឿទេ។ 

លោកប៉ែន បូណា បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជូន ទី១ ពួកប្រឆាំងជ្រុលនិយម មួយក្ដាប់តូចហ្នឹង ជំនាញរបស់គេ គឺបំផ្លើស បំភ្លៃ ភូតកុហកប្រជាពលរដ្ឋហ្នឹងឯង ។ ឥឡូវយើងមើល គេថា កម្ពុជា រាជរដ្ឋាភិបាល ទាញប្រទេសឲ្យទៅអតីតកាល គឺនិយាយបំផ្លើស បង្ខូចទាំងស្រុង ។ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ទាញប្រទេសពីអតីតកាលដែលមានសង្រ្គាម មានរបបប្រល័យពូជសាសន៍ ក្រីក្រ ផេះផង់ មានតែឈាមនិងទឹកភ្នែក ឥឡូវនេះប្រែក្លាយឲ្យទៅជាប្រទេសសន្តិភាពពេញលេញ ប្រែក្លាយប្រទេសឲ្យទៅជាការអភិវឌ្ឍ ប្រែប្រួលខុសស្រឡះពីអតីតកាល ។ ជាង៥០០ឆ្នាំចុងក្រោយ អត់មានដែលកម្ពុជាណាមានការអភិវឌ្ឍដូចសម័យបច្ចុប្បន្នទេ គឺផ្ដល់សិទ្ធិរស់រានមានជីវិតឲ្យប្រជាពលរដ្ឋខ្មែរ នៅ០៧ មករា ១៩៧៩ ផ្ដល់សុខសន្តិភាពពេញលេញឲ្យប្រជាពលរដ្ឋខ្មែរ នៅថ្ងៃ២៩ ធ្នូ ១៩៩៨ ផ្ដល់ការអភិវឌ្ឍជឿនលឿន ឲ្យមានជីវភាពធូរធារ ឲ្យប្រជាជនស្គាល់បច្ចេកវិទ្យាទំនើប មានហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវហាយវេយ៍ ផ្លូវល្បឿនលឿន មានផ្សារទំនើប អគារខ្ពស់ៗ កប់ពពក មានអគ្គិសនីប្រើប្រាស់ មានហាងទំនិញ មានយានយន្តពេញដងផ្លូវហ្នឹង គឺជាស្នាដៃរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាអតីតនាយករដ្ឋមន្រ្តី ហើយឥឡូវសម្ដេចធិបតី កំពុងតែបន្តវេន ឃើញទេ? អ៊ីចឹងពួកហ្នឹងជំនាញគេ គឺបំផ្លើស បំភ្លៃហ្នឹងហើយ ហើយនិងបង្កើតព័ត៌មានក្លែងក្លាយ“ ។

លោកប៉ែន បូណា បានមានប្រសាសន៍បន្តថា “ហើយជាធម្មតា អ្នកប្រព្រឹត្តខុសច្បាប់ តែងតែអត់ចូលចិត្តច្បាប់ទេ អត់ចូលចិត្តតុលាការ អត់ចូលចិត្តអាជ្ញាធរចាត់វិធានការទេ ព្រោះពួកគេខុសច្បាប់ ។ អ៊ីចឹងហើយបានជាគេចាត់ទុកថា រដ្ឋាភិបាលដែលចាត់វិធានការផ្លូវច្បាប់ទៅលើពួកគេហ្នឹង គេថាជាអំណាចផ្ដាច់ការ ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ១៧លាននាក់ គេរស់នៅសុខសប្បាយ គេអត់ប្រព្រឹត្តខុសច្បាប់ អ៊ីចឹងគេរស់នៅសុខសប្បាយ ប្រកបរបររកទទួលទាន មានការងារធ្វើ មានសន្តិសុខអីគ្រប់បែបយ៉ាង ។ នេះសម្រាប់អ្នកដែលគោរពច្បាប់ ខុសអីតែជនមួយក្ដាប់តូច ដែលបង្កបញ្ហា ប្រព្រឹត្តល្មើសច្បាប់ហ្នឹង គឺត្រូវទទួលរងចំណាត់ការផ្លូវច្បាប់ ហើយក៏នាំគ្នាស្រែកថា រដ្ឋាភិបាល ផ្ដាច់ការ ហ្នឹងជាភាសារបស់ពួកគេ ២០ឆ្នាំហើយ ប៉ុន្តែប្រជាជន អត់មានអ្នកណាជឿទេ“ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស (Paris Peace Agreement) ដែលបានធ្វើឱ្យខ្មែរ ៤ភាគី ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យជាតិ ការអភិវឌ្ឍជាដើមនោះ គឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪ ព្រះបាទនរោត្តម សីហនុ ដែលជាអ្នកផ្តួចផ្តើម ជាមួយតួអង្គស្ថាបនិកសំខាន់មួយរូបទៀត គឺសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០ មក រាជរដ្ឋាភិបាល បានសម្រេចលុបចោលថ្ងៃ ២៣តុលា ពីប្រតិទិនឈប់សម្រាកការងារជាសាធារណៈ តែសង្គមស៊ីវិលនិងអ្នកនយោបាយជំទាស់មួយចំនួន នៅបន្តរំឭកនិងនិយាយពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាព ជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ៕ កុលបុត្រ

RELATED ARTICLES