Saturday, November 23, 2024
Homeព័ត៌មានជាតិពាក្យទូតសុច្ឆន្ទៈ និងទូតពាណិជ្ជសញ្ញា អ្នកវិភាគថា គួរបែងចែកប្រើឲ្យបានត្រឹមត្រូវ

ពាក្យទូតសុច្ឆន្ទៈ និងទូតពាណិជ្ជសញ្ញា អ្នកវិភាគថា គួរបែងចែកប្រើឲ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា គួរបែងចែកការប្រើពាក្យទូតសុច្ឆន្ទៈ និងទូតពាណិជ្ជសញ្ញា ឲ្យបានត្រឹមត្រូវ នៅក្នុងសង្គមខ្មែរ ព្រោះកន្លងមក ក៏ដូចជារហូតមកដល់ពេលនេះ ឃើញមានការប្រើច្របូកច្របល់គ្នា ធ្វើឲ្យប៉ះពាល់ដល់តម្លៃក្រុមប្រឹក្សាភាសាជាតិ និងស្ថាប័នក្រុមហ៊ុនដែលតែងតាំងបុគ្គលណាមួយជាទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា “សំណូមពរឱ្យជនរួមជាតិ បែងចែកការប្រើប្រាស់ពាក្យ Goodwill Ambassador = ទូតសុច្ឆន្ទៈ និង Brand Ambassador = ទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោ ។ 

ទូតសុច្ឆន្ទៈ (Goodwill Ambassador ) គឺជាបុគ្គលដែលមានបុគ្គលិកលក្ខណៈលេចធ្លោមកពីពិភពសិល្បៈ តន្ត្រី ភាពយន្ត កីឡា ជាដើមហើយធ្វើការតស៊ូមតិនិងសកម្មភាពដើម្បីបុព្វហេតុ ដោះស្រាយបញ្ហាសកល និងលើកកម្ពស់ឧត្តមគតិរបស់អង្គការ ឬដើម្បីបង្កើតទំនាក់ទំនងវិជ្ជមានជាមួយសាធារណជន។ ឧ. តារាហូលីវូដ អែនជេលីណា ចូលី (Angelina Jolie) គឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ និងជាបេសកជនពិសេសសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ពីឆ្នាំ 2001 ដល់ឆ្នាំ 2022 ។ រដ្ឋទូតសុច្ឆន្ទៈ ធ្វើការដោយស្ម័គ្រចិត្ត ហើយមានករណីខ្លះពួកគេថែមទាំងបរិច្ចាគធនធានរបស់ខ្លួន ដល់ស្ថាប័ននិងការងារស្ម័គ្រចិត្តនេះទៀតផង។

ទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោ (brand ambassador) ជួនកាលគេហៅថា ទូតសាជីវកម្ម (corporate ambassador) គឺជាបុគ្គលដែលតំណាងឱ្យអ្នកផ្សព្វផ្សាយម៉ាកយីហោផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន។ ពួកគេមានតួនាទីជួយបង្កើនការយល់ដឹងនិងផ្សព្វផ្សាយផលិតផល/សេវាកម្មរបស់ក្រុមហ៊ុន ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងបង្កើនឥទ្ធិពលលើអតិថិជន ក្នុងការទិញនិងប្រើប្រាស់ផលិតផល/សេវាកម្មរបស់គេកាន់តែច្រើន។ ជាទូទៅ ក្រុមហ៊ុនត្រូវជួលបុគ្គលដែលគេជ្រើសរើសយកមកធ្វើជាទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោ (brand ambassador) របស់ខ្លួន“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថា ដើម្បីបែងចែកឲ្យច្បាស់រវាងទូតសុច្ឆន្ទៈ និងទូតពាណិជ្ជសញ្ញា សុំឲ្យអង្គភាព ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជនទាំងអស់ ពិនិត្យមើលអំពីការប្រើប្រាស់ពាក្យ «brand ambassador» ឬ BA កាដែលភាសាខ្មែរ បកប្រែថា «ទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោ» ហើយឈប់ប្រើពាក្យទូតសុច្ឆន្ទៈទៅ ប្រសិនបើយើងរើសបុគ្គលដែលយកមកជួយផ្សព្វផ្សាយផលិតផល ឬក៏សេវាកម្មរបស់យើង ដោយមានការបង់លុយឲ្យគេ ពីព្រោះពាក្យទូតសុច្ឆន្ទៈ ឬ Goodwill Ambassador (GA) គឺជាបុគ្គលល្បីនៅក្នុងវិស័យណាមួយ ធ្វើការដើម្បីជួយចូលរួមចំណែកនៅក្នុងការលើកកម្ពស់ ដោះស្រាយបញ្ហា ឬក៏រឿងរ៉ាវណាមួយនៅក្នុងសង្គម ក៏ដូចជាពិភពលោក ដោយមិនយកកម្រៃ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ នៅស្រុកខ្មែរយើងហ្នឹងហាក់បីដូចជាមានការច្របូកច្របល់ បានប្រើប្រាស់ពាក្យទូតសុច្ឆន្ទៈ ហើយនិងទូតស្លាកសញ្ញាពាណិជ្ជកម្ម ឬក៏ហៅភាសាសាមញ្ញថា អ្នកផ្សព្វផ្សាយម៉ាកយីហោ ឲ្យផលិតផល ឬក៏សេវាកម្មណាមួយ ដល់ពេលអ៊ីចឹងទៅ វាធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃពាក្យទូតសុច្ឆន្ទៈ ឬក៏ភាសាអង់គ្លេស គេហៅថា Goodwill Ambassador ហ្នឹង ។ ជាក់ស្ដែងពាក្យថា ទូតសុច្ឆន្ទៈ ឬក៏អង់គ្លេសហៅ Goodwill Ambassador ហ្នឹង គឺសំដៅទៅលើបុគ្គលដែលមានលក្ខណៈលេចធ្លោ ដែលជាមនុស្សសាធារណៈ ដែលគេទទួលស្គាល់ គេឲ្យតម្លៃ ជាពិសេសបុគ្គលហ្នឹងមានគុណតម្លៃខ្ពស់ មិនថាគាត់ហ្នឹងជាសិល្បករ ជាតារាភាពយន្ត ឬក៏ជាកីឡាករនៅក្នុងវិស័យណាមួយទេ ។ គេឲ្យតម្លៃគាត់ហ្នឹងមិនត្រឹមតែជាទេពកោសល្យនៅក្នុងអាជីពរបស់គាត់ទេ ប៉ុន្តែថែមទាំងចរិត បុគ្គលិកលក្ខណៈ និងសកម្មភាពរបស់គាត់ៗស្រលាញ់ គាត់មានការតស៊ូមតិ ធ្វើការតស៊ូមតិ ឬក៏សកម្មភាពដើម្បីបុព្វហេតុ និងដោះស្រាយបញ្ហាសកលណាមួយ ។ ឧទាហរណ៍ថា អ្នកនាងអែនជេលីណា ចូលី ធ្លាប់ជាទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជនភៀសខ្លួន លោកជែកគី ចាង យើងហៅថា ឈិន ឡុង នៅស្រុកខ្មែរហ្នឹង ក៏ជាទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ ដែរ ដោយសារតែគាត់មានការតស៊ូមតិហ្នឹង មានសកម្មភាពហ្នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិកុមារ ទាក់ទងនឹងសុខុមាលភាពរបស់កុមារអីជាដើម ហើយជាទូទៅ ទូតសុច្ឆន្ទៈហ្នឹង ធ្វើកិច្ចការងារដោយស្ម័គ្រចិត្ត មិនទទួលបានប្រាក់កម្រៃ ឬក៏សេវាអីពីអង្គភាព ឬក៏ស្ថាប័នណាមួយទេ ហើយទូតសុច្ឆន្ទៈខ្លះទៀតហ្នឹង រហូតដល់ចំណាយលុយ បរិច្ចាគធនធានផ្ទាល់ខ្លួនហ្នឹង ដើម្បីជួយស្ថាប័នដែលត្រូវបានតែងគាត់ហ្នឹងទៀតផង វាផ្ទុយពីទូតពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោ ឬក៏យើងហៅភាសាសាមញ្ញថា អ្នកប្រគល់ជំហរឲ្យផលិតផល ឬក៏សេវាកម្មណាមួយហ្នឹង ជាបុគ្គលល្បីនៅក្នុងវិស័យណាមួយ ហើយមកឈ្មោះជាតំណាងឲ្យអ្នកផ្សព្វផ្សាយម៉ាកយីហោផលិតផល ឬក៏សេវាកម្មនៃក្រុមហ៊ុនហ្នឹង ដែលទូតពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោហ្នឹង ជាទូទៅគឺយើងឃើញនៅក្នុងស្រុកយើងហ្នឹងឯង គឺសំដៅទៅលើបុគ្គលដែលមានតួនាទីជួយផ្សព្វផ្សាយផលិតផល ឬក៏សេវាកម្ម ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងអតិថិជនជាមួយនឹងក្រុមហ៊ុន ហើយបង្កើនឥទ្ធិពលរបស់ខ្លួនហ្នឹង ដើម្បីជំរុញឲ្យអតិថិជនហ្នឹង ទិញនិងប្រើប្រាស់ផលិតផលឬក៏សេវាកម្មរបស់អង្គភាព ឬក៏ក្រុមហ៊ុនដែលគាត់ឈ្មោះឲ្យហ្នឹង ហើយវាខុសពីទូតសុច្ឆន្ទៈ ដោយទូតពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោហ្នឹង ជាទូទៅគឺត្រូវបានគេជួលនៅក្នុងអំឡុងពេលជាក់លាក់ណាមួយ ហើយគាត់ធ្វើការងារផ្សព្វផ្សាយទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រវាងគាត់ជាមួយនឹងក្រុមហ៊ុនដែលជាអ្នកផលិត ឬក៏ជាអង្គភាពផ្ដល់សេវាកម្មនោះឯង ។ ដូច្នេះសម្រាប់ខ្ញុំមើលឃើញថា សង្គមយើង គួរតែរៀនប្រើប្រាស់បានត្រឹមត្រូវ កុំវាច្របូកច្របល់ ហើយនិងប៉ះពាល់ដល់គុណតម្លៃនៃការងារ ព្រោះសង្គមយើងសព្វថ្ងៃនេះ ភាគច្រើនសម្បូរតែទូតពាណិជ្ជសញ្ញា ដែលធ្វើការផ្សព្វផ្សាយគ្រឿងស្រវឹង ឬក៏ល្បែងស៊ីសង រហូតដល់មានការធ្វើជាវីដេអូប្រកាសជាសាធារណៈថា គេហ្នឹងគឺជាទូត ប៉ុន្តែគេមិនប្រើទូតពាណិជ្ជសញ្ញា ឬទូតម៉ាកយីហោទេ គេរហូតប្រើទូតសុច្ឆន្ទៈទៀត ឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង លក់គ្រឿងស្រវឹង ឬក៏ក្រុមហ៊ុនបនល្បែងអនឡាញអីជាដើម ដែលការប្រើប្រាស់ពាក្យខុសហ្នឹង វាប៉ះពាល់ដល់គុណតម្លៃនៃបុគ្គលដែលធ្វើកិច្ចការងារដើម្បីសង្គម ដោយមិនគិតប្រាក់កម្រៃ ហើយថែមទាំងចំណាយធនធានរបស់ខ្លួន ដើម្បីបុព្វហេតុប្រយោជន៍រួមផងដែរ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដើម្បីបែងចែកឲ្យច្បាស់រវាងទូតសុច្ឆន្ទៈ និងទូតពាណិជ្ជសញ្ញា ទី១-សុំឲ្យអង្គភាព ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជនទាំងអស់ហ្នឹង ពិនិត្យមើលអំពីការប្រើប្រាស់ពាក្យ brand ambassador ដែលភាសាខ្មែរយើងបកថា ទូតពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោហ្នឹង ហើយឈប់ប្រើពាក្យទូតសុច្ឆន្ទៈទៅ ប្រសិនបើយើងរើសបុគ្គលដែលយកមកជួយផ្សព្វផ្សាយផលិតផល ឬក៏សេវាកម្មរបស់យើង ដោយមានការបង់លុយ បង់កាក់ឲ្យគេ អាហ្នឹងគួរតែប្រើពាក្យពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោ កុំប្រើពាក្យទូតសុច្ឆន្ទៈ ពីព្រោះពាក្យទូតសុច្ឆន្ទៈ ឬក៏ Goodwill Ambassador ហ្នឹង គឺជាបុគ្គលល្បីនៅក្នុងវិស័យណាមួយ ហើយគេធ្វើការដើម្បីជួយចូលរួមចំណែកនៅក្នុងការលើកកម្ពស់ ឬក៏ដោះស្រាយបញ្ហា ឬក៏រឿងរ៉ាវណាមួយនៅក្នុងសង្គម ក៏ដូចជាពិភពលោក ហើយធម្មជាតិនៃការងាររបស់ទូតសុច្ឆន្ទៈហ្នឹង គឺគេអត់មានទៅស៊ីឈ្នួល យកលុយ យកកាក់ មានកុងត្រា១ឆ្នាំ ប៉ុន្មានអីដូចទូតពាណិជ្ជសញ្ញាទេ ។ ដូច្នេះការនាំគ្នាទទួលស្គាល់នូវការប្រើប្រាស់ពាក្យឲ្យបានត្រឹមត្រូវ និងកំណត់អំពីតួនាទីនិងសកម្មភាពរបស់អ្នកទាំងនោះឲ្យបានល្អ វាជារឿងចាំបាច់ ដើម្បីលើកកម្ពស់អ្នកដែលធ្វើកិច្ចការដើម្បីសង្គម ដោយមិនគិតពីប្រាក់កម្រៃ ដែលវាខុសអំពីទូតពាណិជ្ជសញ្ញា ដែលធ្វើកិច្ចការងារដើម្បីប្រាក់កម្រៃផ្ទាល់ខ្លួន និងជួយលក់ផលិត ឬក៏សេវាកម្មរបស់ក្រុមហ៊ុនហ្នឹង“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ជាការពិត តាមខ្ញុំដឹង នៅក្នុងប្រទេសដែលគេប្រើភាសាអង់គ្លេស ជាគោល គឺគេបែងចែកច្បាស់លាស់រវាងទូតសុច្ឆន្ទៈ ហើយនិងទូតពាណិជ្ជសញ្ញា គឺនៅស្រុកយើងទេ ដែលប្រើពាក្យច្រឡូកច្រឡំគ្នា មិនដឹងមួយណាទូតសុច្ឆន្ទៈ មិនដឹងមួយណាទូតពាណិជ្ជសញ្ញា ហើយខ្ញុំក៏អត់ច្បាស់ដែរ មិនដឹងខាងក្រុមប្រឹក្សាជាតិភាសាខ្មែរហ្នឹង បានយកចិត្តទុកដាក់រឿងហ្នឹងឬអត់ទេ ហើយខ្ញុំមើលឃើញឆ្គាំឆ្គង ឃើញមានការប្រើពាក្យខុសហ្នឹង ក៏លើកយកមកនិយាយ និងផ្សព្វផ្សាយតាមហ្វេសប៊ុក ទៅ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងឲ្យមានការល្អទាំងអស់គ្នា ។ និយាយទៅ ស្ថាប័នដែលទទួលខុសត្រូវនៅក្នុងរឿងនេះ ទី១ ស្ថាប័នដែលធ្វើកិច្ចការងារផ្ទាល់ហ្នឹង គឺខាងក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរ អ្នកដែលបង្កើតនិងអនុម័តពាក្យឲ្យប្រើប្រាស់ វាជាស្ដង់ដាររួមសម្រាប់សង្គមយើង ហើយខាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនរកស៊ីជួញដូរដែលត្រូវការជួលអ្នកយកមកផ្សព្វផ្សាយផលិតផល ឬក៏សេវាកម្មរបស់ខ្លួន ដែលហៅថា ទូតពាណិជ្ជសញ្ញា ឬក៏ទូតម៉ាកយីហោហ្នឹង គឺត្រូវតែនាំគ្នាយកចិត្តទុកដាក់ក្នុងការប្រើពាក្យឲ្យបានត្រឹមត្រូវ ដូចខ្ញុំថាខាងលើអ៊ីចឹង ដើម្បីកុំឲ្យវាប៉ះពាល់គុណតម្លៃទូតសុច្ឆន្ទៈឬក៏ Goodwill Ambassador ហើយទី៣ តារាល្បី អ្នកដែលតំណាងឲ្យ អ្នកដែលធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតំណាងឲ្យក្រុមហ៊ុន ឬក៏ស្ថាប័នឯកជនណាមួយ ដែលយើងហៅថា ជា brand ambassador ហ្នឹងក៏គួរតែរៀនប្រើពាក្យហៅខ្លួនឯងហ្នឹង ហើយពេលចុះកុងត្រា ក៏សូមប្រើពាក្យឲ្យបានត្រឹមត្រូវផង ដើម្បីកុំឲ្យវាមានការយល់ច្រឡំនៅក្នុងសង្គម“ ។

ជុំវិញការលើកឡើងរបស់លោកបណ្ឌិត ប៉ា ចន្ទរឿន ខាងលើនេះ “នគរធំ” បានទាក់ទងទៅលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសុំមតិយោបល់ នៅថ្ងៃដដែលនោះ ។ ប៉ុន្តែលោកមិនមានយោបល់អ្វីទេ ដោយលោករុញឲ្យទៅសួរ សុំការពន្យល់បកស្រាយ ទាក់ទងនឹងពាក្យទូតសុច្ឆន្ទៈ និងពាក្យទូតពាណិជ្ជសញ្ញានេះ ពីលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានជំនាញផ្នែកខាងការទូត និងកិច្ចការបរទេស ។ ប៉ុន្តែលោកបណ្ឌិត គិន ភា មិនអាចទាក់ទងបានទេ ។

ទោះបីជាយ៉ាងណា លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា ពាក្យទូតសុច្ឆន្ទៈ (Goodwill Ambassador) និងពាក្យទូតពាណិជ្ជសញ្ញា (Brand Ambassador) ដែលហៅកាត់ថា BA ពិតជាខុសគ្នា មិនអាចហៅច្រឡំចូលគ្នាបានទេ គឺទូតសុច្ឆន្ទៈ ប្រើសម្រាប់ក្រុមមនុស្សដែលជួយលើកកម្ពស់ ជួយធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ កាត់បន្ថយអំពើហិង្សា កាត់បន្ថយភាពក្រីក្រ ឬក៏លើកកម្ពស់សុខដុមរមនានៅក្នុងសង្គម ដោយមិនទទួលបានផលប្រយោជន៍អ្វីក្រៅពីកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ។ រីឯពាក្យទូតពាណិជ្ជសញ្ញា ឬ BA គឺប្រើសម្រាប់អ្នកដែលបម្រើការក្នុងន័យលើកកម្ពស់អាជីវកម្ម ពាណិជ្ជកម្មរបស់ក្រុមហ៊ុន សាជីវកម្ម ហើយទទួលបានផលកម្រៃពីក្រុមហ៊ុន សហគ្រាសទាំងនោះ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! ខ្ញុំយល់ស្របជាមួយនឹងការលើកឡើងរបស់អ្នកវិភាគមួយចំនួន ដែលលើកឡើងថា នៅក្នុងសង្គមខ្មែរយើងហ្នឹង មានការប្រើប្រាស់ច្រឡំគ្នារវាងទូតសុច្ឆន្ទៈ ដែលភាសាអង់គ្លេសហៅថា Goodwill Ambassador និងពាក្យទូតពាណិជ្ជសញ្ញា ដែលអង់គ្លេសហៅថា BA ឬក៏ brand ambassador ។ មែនទែន បើយើងមើលទាំងពីរហ្នឹង BA ឬ brand ambassador ហ្នឹង គឺបម្រើការក្នុងន័យលើកកម្ពស់អាជីវកម្ម ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ឬក៏សាជីវកម្មអីអ៊ីចឹង ។ ដូចឃើញថ្មីៗនេះ មាននៅកម្ពុជាយើង ដូចជា ប៉ាកគីអៅ ជាដើមហ្នឹង ឬក៏តារាល្បីៗមួយចំនួនណាហ្នឹង គាត់បម្រើឲ្យការលើកកម្ពស់ការប្រម៉ូតនូវពាណិជ្ជកម្មរបស់ក្រុមហ៊ុនណាមួយ ដែលធ្វើឲ្យដំណើរពាណិជ្ជកម្មហ្នឹង វាល្អប្រសើរ មានន័យថា លក់ទំនិញ លក់ផលិតផល លក់សេវាកម្មហ្នឹងដាច់អីអ៊ីចឹងទៅ ។ អាហ្នឹងគឺ BA brand ambassador ហ្នឹង ។ ដល់ទូតសុច្ឆន្ទៈ យើងមើលទំនោរដែលមានកន្លងមក គឺជាក្រុមមនុស្សដែលជួយលើកកម្ពស់ ជួយធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពនៅក្នុងសង្គម ដូចជាជំរុញឲ្យមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ កាត់បន្ថយអំពើហិង្សា ឬក៏លើកកម្ពស់សុខដុមរមនានៅក្នុងសង្គមអីជាដើម ឬក៏កាត់បន្ថយភាពភាពក្រីក្រអីជាដើម ។ ពីរហ្នឹងខុសគ្នា ហើយ BA អ្នកដែលក្លាយទៅជា BA ទទួលបាននូវផលប្រយោជន៍លុយកាក់អីពីក្រុមហ៊ុន ពីសាជីវកម្មអីអ៊ីចឹងទៅ សហគ្រាសអីអ៊ីចឹងទៅ ប៉ុន្តែអ្នកដែលក្លាយទៅជាទូតសុច្ឆន្ទៈហ្នឹង មិនមានទទួលជាផលប្រយោជន៍អីទេ ប៉ុន្តែអាចថាគាត់ទទួលបានជាកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរទៅ ហើយបានរួមចំណែកធ្វើឲ្យប្រទេស ឲ្យតំបន់ ឬក៏ពិភពលោកនេះ ទទួលបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ កិត្តិយស សេចក្ដីថ្លៃថ្នូរ សិទ្ធិមនុស្ស ឬក៏កាត់បន្ថយភាពក្រីក្រអីជាដើម នៅក្នុងន័យអ៊ីចឹងយើងឃើញ ។ ប៉ុន្តែប្រហែលជាមានការច្រឡំនេះ មិនច្រឡំទូទៅទេ អាចថា មានមនុស្សមួយក្រុមតូចណាក៏ច្រឡំដែរ ប៉ុន្តែអ្នកដែលគេតាមដាន គេស្វែងយល់ វាមិនគួរយល់ច្រឡំទេ គឺមានការចែកគ្នាដាច់រវាងទាំងពីរហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES