Friday, October 25, 2024
Homeសង្គម និងជីវិតតា៩៨ឆ្នាំ ទៅទិញកាហ្វេនៅភ្នំពេញ វ.../ង្វេងទៅដល់តាកែវ

តា៩៨ឆ្នាំ ទៅទិញកាហ្វេនៅភ្នំពេញ វ…/ង្វេងទៅដល់តាកែវ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានចេញទៅរកទិញកាហ្វេហូប ដោយខ្លួនឯង នៅខាងមុខផ្ទះ រួចឡើងជិះម៉ូតូកង់បី ទៅផ្ទះកូន តែដោយសារវ័យចំណាស់ មានការភ្លេចភ្លាំងច្រើន ក៏វង្វេងបាត់អស់រយៈពេល ១យប់១ថ្ងៃ ធ្វើឱ្យកូនចៅភ័យឆោឡោ តាមស្វែងរកផង ប្រកាសរកតាមបណ្តាញសង្គមផង ទម្រាំរកឃើញ គឺលោកតាបានវង្វេ ងទៅដល់ខេត្តតាកែវ ឯណោះ ។ យ៉ាងណា ក្រោយពីទទួលបានដំណឹង កូនចៅប្រញាប់ឡើងទៅទទួលលោកតា ត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាព។

ករណីលោកតាវ័យជិត១០០ឆ្នាំ វង្វេងបាត់ពីផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចម្តុំផ្សារឈូកមាស ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ទើបក្រុមគ្រួសាររបស់លោកតា បានតាមស្វែងរកឃើញលោកតា នៅឯខេត្តតាកែវ។

លោកតាដែលវង្វេងផ្ទះ ទៅដល់ទឹកដីខេត្តតាកែវ នោះ មានឈ្មោះ គង់ ឌី អាយុ៩៨ឆ្នាំ។

អ្នកស្រី ឌី វណ្ណា អាយុ៦០ឆ្នាំ ត្រូវជាកូនស្រីរបស់លោកតា គង់ ឌី អាយុ៩៨ឆ្នាំ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងទី២២ ខែតុលា ឆ្នាំ២០២៤ ឪពុកអ្នកស្រី (លោកតា គង់ ឌី) បានចេញទិញកាហ្វេហូប នៅមុខផ្ទះ ហើយក៏បានជួបម៉ូតូកង់បី ១គ្រឿង នៅខាងមុខ ហើយគាត់បានឡើងជិះ ដោយប្រាប់ថា ទៅផ្ទះកូននៅផ្សារពោធិ៍ចិនតុង តែតាមការពិតផ្ទះកូននៅផ្សារឈូកមាស តែដោយសារអាយុគាត់ច្រើន ហើយការចងចាំរបស់គាត់ក៏មិនបានល្អ ដូច្នេះឪពុករបស់គាត់ក៏វង្វេងផ្លូវ។ បន្ទាប់មក អ្នករត់កង់បី បានដឹកលោកឪពុករបស់អ្នកស្រី ទៅដាក់នៅសាលាខណ្ឌពោធិ៍សែនជ័យ ដោយគាត់មិនបានប្រាប់អ្នកដែលនៅយាមថា គាត់វង្វេងផ្ទះកូនគាត់ទេ រួចហើយគាត់ក៏ចេញទៅបាត់តែម្តង។

អ្នកស្រី ឌី វណ្ណា បន្តថា រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ទើបគាត់ទទួលបានដំណឹ ងពីឪពុកនៅឯខេត្តតាកែវ ឯណោះ រួចក៏ប្រញាប់នាំគ្នាឡើងទៅទទួលយកឪពុកវិលត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាព។

អ្នកស្រី ឌី វណ្ណា បញ្ជាក់ថា នៅពេលមានឪពុកម្តាយចាស់ៗ អាយុគាត់ច្រើន មិនងាយស្រួលទេ ព្រោះគាត់វង្វេង ដូច្នេះហ៊ានតែប្រហែសមួយភ្លែត គឺគាត់ចេញដើរបាត់ហើយ។ អ្នកស្រីក៏សូមបញ្ជាក់ថា មិនមែនកូនៗមិនមើលថែគាត់ទេ តែពេលខ្លះកូនៗត្រូវការចេញទៅប្រកបរបររកស៊ីចិញ្ចឹមជីវិត។ ជាចុងក្រោយ អ្នកស្រីថា ការមើលថែអ្នកមានគុណ ក្នុងវ័យចុងក្រោយនេះ ពិតជាសំខាន់ មិនអាចកាត់ថ្លៃបានឡើយ៕

RELATED ARTICLES