ភ្នំពេញ ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល (ពីរសែនរៀល) និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មក អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក លោកអ៊ុំ សំអាន បានលើកឡើងក្នុងន័យចំអកឲ្យនាយករដ្ឋមន្រ្តីកម្ពុជា ថាបណ្ឌិតសេដ្ឋកិច្ច មកពីប្រទេសអង់គ្លេស (សម្ដេចហ៊ុន ម៉ាណែត) ឆ្លាតណាស់ ធ្វើឲ្យកម្ពុជារកចំណូលបាន ១ពាន់លានដុល្លារ គឺបានមកពីការបោះពុម្ភលុយចាយដោយខ្លួនឯង ព្រោះខ្វះលុយ ។
លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បណ្ឌិតសេដ្ឋកិច្ច មកពីប្រទេសអង់គ្លេស លោកហ៊ុន ម៉ាណែត ឆ្លាតណាស់ ធ្វើឲ្យកម្ពុជា រកចំណូលបាន ១ពាន់លានដុល្លារ បានមកពីការបោះពុម្ភលុយចាយដោយខ្លួនឯង។ នេះជាសំណើចរបស់ពលរដ្ឋខ្មែរ។ ការបោះពុម្ពលុយថ្មី ដើម្បីជំនួសលុយចាស់ៗដែលរហែកពុកផុយ ហើយជាក្រដាសប្រាក់អនុស្សាវរីយ៍ ខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ហេតុអ្វីការបោះពុម្ពលុយនេះ ច្រើនម្ល៉េះ? ២០លានសន្លឹក ស្មើ ១ពាន់លានដុល្លារ។ បើបោះពុម្ពលុយ ១០លានដុល្លារ ទើបសមហេតុផល។ មុនរបបលោក លន់ នល់ ដួលរលំ ប្រាក់រៀល កាន់មួយបាច់ទៅទិញបានត្រកួនពីរបីទង។ រដ្ឋាភិបាលកម្ពុជា ខ្វះលុយ ដោយសារវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះ ទើបរដ្ឋបោះពុម្ភក្រដាសប្រាក់ ២សែនរៀល ចំនួន ២០លានសន្លឹក ស្មើប្រហែល ១ពាន់លានដុល្លារ។ 200 000៛ x 20 000 000សន្លឹក = 4000 000 000 000៛ = ហើយចែក 4000៛ ទៅ គឺប្រហែល 1000 000 000$។ បោះពុម្ពក្រដាសប្រាក់ កាន់តែធំ នោះវិបត្តិសេដ្ឋកិច្ច កាន់តែយ៉ាប់ តម្លៃក្រដាសប្រាក់ កាន់តែថោក។ នេះប្រហែលជារដ្ឋាភិបាលខ្វះលុយបើកឲ្យមន្រ្តីរាជការហើយ ទើបបោះពុម្ពលុយ រហូតដល់ ១ពាន់លានដុល្លារ។ រដ្ឋខ្វះលុយ បោះពុម្ពលុយបន្ថែម នោះសេដ្ឋកិច្ចនឹងជួបហានិភ័យនៃវិបត្តិអតិផរណាមិនខាន (លុយថោក ឬលុយហើម និងទំនិញឡើងថ្លៃ)។ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ជិតដួលរលំហើយ ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ពាក់ព័ន្ធនឹងការកាន់អំណាចផ្តាច់ការតពូជ ការសម្លាប់លទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការចាប់អ្នកប្រឆាំងដាក់គុក។ ប្រទេសចិន កំពុងជួបវិបត្តិសេដ្ឋកិច្ចហើយ មិនអាចជួយទប់វិបត្តិសេដ្ឋកិច្ចកម្ពុជា បានទេ។ ហេតុនេះហើយ ជម្រើសចុងក្រោយរបស់រដ្ឋាភិបាល មានតែបោះពុម្ពលុយចាយ” ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា ការដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុន ម៉ាណែត បណ្ឌិតសេដ្ឋកិច្ច ដឹកនាំប្រទេសរបៀបនេះ គឺធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដាំក្បាលចុះជាមិនខាន ។ ពោលគឺការបោះពុម្ពលុយ នឹងធ្វើឲ្យអតិផរណាលុយហើម ទំនិញឡើងថ្លៃ ហើយវាប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រដែលមានចំណូលទាប។ បើសម្រាប់អ្នកមានអំណាច អ្នកមានលុយ មិនអីទេ លុយគេច្រើន ចាយយ៉ាងម៉េចក៏មិនអស់ដែរ តែបញ្ហាគឺឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! គាត់បណ្ឌិតសេដ្ឋកិច្ច មិនគួរដឹកនាំប្រទេស ដោយខ្វះថវិកាជាតិ បោះពុម្ពលុយបន្ថែមនោះទេ វាធ្វើឲ្យលុយហ្នឹងវាហើម។ ដូច្នេះគាត់ដឹកនាំប្រទេសរបៀបនេះ គឺធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដាំក្បាលចុះជាមិនខាន ដែលធ្វើឲ្យការបោះពុម្ពលុយហ្នឹង នឹងធ្វើឲ្យអតិផរណា លុយហើម ហើយនិងទំនិញឡើងថ្លៃ ហើយវាប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រដែលគាត់មានចំណូលទាបនោះ ។ អ៊ីចឹងនៅពេលទំនិញឡើងថ្លៃ លុយថោក ប៉ះពាល់ទៅដល់ឆ្នាំងបាយ សេដ្ឋកិច្ចរបស់ពួកគាត់ ។ បើសម្រាប់អ្នកមានអំណាច អ្នកមានលុយ មិនអីទេ លុយគេច្រើន ចាយយ៉ាងម៉េចក៏មិនអស់ដែរ អាហ្នឹងបញ្ហាគឺឆ្នាំងរបស់ប្រជាពលរដ្ឋ ។ ខ្ញុំសូមបន្ថែមប៉ុណ្ណឹង ហើយអ្វីដែលខ្ញុំសរសេរនៅក្នុងហ្វេសប៊ុកខ្ញុំហ្នឹង ខ្ញុំបាននិយាយច្រើនហើយ ពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹង ហើយមួយទៀត យើងដឹងហើយ រដ្ឋាភិបាលធ្លាប់ប្រកាសឲ្យកាត់បន្ថយទៅលើការចំណាយមិនចាំបាច់នៅថ្នាក់មូលដ្ឋាន ហើយនិងកាត់បន្ថយគម្រោងដែលអភិវឌ្ឍមិនចាំបាច់នៅថ្នាក់មូលដ្ឋាន អាហ្នឹងក៏បញ្ជាក់ថា រដ្ឋាភិបាល ខ្វះថវិកាដែរ ហើយយើងដឹងហើយ គម្រោងថវិកាជាតិ ឆ្នាំ២០២៤ នេះ គឺថវិកាមានចំនួន ៩ពាន់លានដុល្លារ និងរកបានចំណូលតាមរយៈពន្ធដារ និងពន្ធគយ បានតែ ៨០០០លានដុល្លារទេ ខ្វះ ១០០០លានដុល្លារ ។ អ៊ីចឹងហើយ បានគេបោះពុម្ពលុយបន្ថែមហ្នឹង ដើម្បីបង្រ្គប់ទៅលើថវិកាចំណាយហ្នឹង បើមិនអ៊ីចឹង អត់មានលុយសម្រាប់ចំណាយចរន្ត ហើយនិងបើកប្រាក់ខែទៅឲ្យមន្រ្តីរាជការនោះទេ ។ បើសិនជាគ្មានលុយបើកប្រាក់ខែ ឲ្យមន្រ្តីរាជការ ប្រាកដជាមន្រ្តីរាជការធ្វើបាតុកម្មទម្លាក់ត្រកូលហ៊ុន» ។
លោកអ៊ុំ សំអាន បន្តថា «អ៊ីចឹងហើយ ជម្រើសខ្ចីលុយចិន ចិន មិនឲ្យខ្ចី ចិន កំពុងជួបវិបត្តិសេដ្ឋកិច្ច ហើយលោកខាងលិច គេអត់ឲ្យខ្ចីដែរ ដោយសារគេដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។ អ៊ីចឹងជម្រើសចុងក្រោយ មានតែបោះពុម្ពលុយហ្នឹងឯង ហើយដោយសារនយោបាយពឹងចិនហ្នឹង ចិន ជួបវិបត្តិសេដ្ឋកិច្ចផង លោកខាងលិច ដាក់ទណ្ឌកម្ម លោកខាងលិចដាក់ទណ្ឌកម្មទៀត ដោយសារតែការដឹកនាំផ្ដាច់ការ សម្លាប់ប្រជាធិបតេយ្យ ។ ដូច្នេះជម្រើសគ្មានអីផ្សេងក្រៅពីបោះពុម្ពលុយនោះទេ ។ ហើយដូចខ្ញុំបញ្ជាក់អ៊ីចឹង មូលហេតុដោយសារកត្តាប៉ុន្មានហ្នឹងហើយ ការបោះពុម្ពលុយហ្នឹង គឺដោយសារខ្វះលុយ មិនមែនដោយសាររំលឹកខួបការឡើងគ្រងរាជ្យរបស់ស្ដេច និងលុយដែលពុកផុយនោះទេ ។ លុយដែលពុកផុយ យ៉ាងច្រើន ១០លាន ២០លានហ្នឹង វាគ្រប់គ្រាន់ហើយ ហើយលុយពុកផុយ អត់មានក្រដាស ២០ម៉ឺនឯណា ទៅបោះពុម្ពអីក្រដាសលុយធំអ៊ីចឹង មិនបោះពុម្ពក្រដាស ១០០០ ក្រដាស ៥០០០ ក្រដាស ១០០០០ អីទៅ? អាហ្នឹងបើសិនជាបោះលុយជំនួសលុយដែលរហែក ឬពុកផុយ”។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល (ពីរសែនរៀល) និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤-២៩ តុលា ២០២៤)។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២៣១ អនក្រ.បក ចុះថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀលនេះ…។
ថ្លែងតាមវីដេអូជាសាធារណៈ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ពីខ្លឹមសារបច្ចេកទេសនៃការចេញផ្សាយ និងដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ថា ក្រៅពីអបអររលឹកខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ការដាក់ឲ្យចរាចរនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលបានដកចេញចរាចរណ៍តែប៉ុណ្ណោះ ។ លោកស្រីបណ្ឌិត បញ្ជាក់ថា លោកស្រីសង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុស ពីការដាក់ចេញឲ្យចរាចរនូវធនបត្រប្រភេទថ្មីនេះ ហើយក៏សូមសាធារណជន ជួយស្រលាញ់ គាំទ្រនូវប្រាក់រៀល ក៏ដូចជាប្រើប្រាស់ក្រដាសប្រាក់រៀល និងរក្សាគុណតម្លៃរបស់ក្រដាសប្រាក់រៀល ឲ្យបានកាន់តែខ្លាំង ៕ កុលបុត្រ