Saturday, October 26, 2024
Homeសង្គម និងជីវិតបញ្ញាធំ វត្តព្រះសង្ឃស្រីដំបូងនៅកម្ពុជា

បញ្ញាធំ វត្តព្រះសង្ឃស្រីដំបូងនៅកម្ពុជា

ភ្នំពេញ ៖ ជារឿងដ៏ប្លែក មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដោយទីអារាមមួយកន្លែង មានសុទ្ធសឹងតែជាព្រះសង្ឃស្រី (ភិក្ខុនី) បួសរៀននិងគង់នៅ ដោយប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន សូម្បីតែលុយកាក់ និងទូរស័ព្ទ ក៏មិនអនុញ្ញាតឱ្យកាន់ឬប្រើប្រាស់ដាច់ខាត សង្វាតរៀនតែធម៌អាថ៌ និងសមាធិ រក្សាចិត្តឱ្យស្ងប់ប៉ុណ្ណោះ។

ទីអារាមព្រះសង្ឃស្រី (ភិក្ខុនី) ដំបូងនៅកម្ពុជា នេះ មានឈ្មោះវត្តបញ្ញាធំ មានទីតាំងស្ថិតនៅភូមិព្រៃខ្លា សង្កាត់់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពភិក្ខុនី អ៊ូ អ៊ីហ័រ ព្រះជន្ម ៦៥វស្សា ជាជនជាតិចិនតៃវ៉ាន់ សញ្ជាតិខ្មែរ ចេះនិយាយភាសាខ្មែរ បានឱ្យដឹងថា វត្តបញ្ញាធំ សាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ២០ហិកតារ និងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ សព្វថ្ងៃ វត្តបញ្ញាធំ មានភិក្ខុនី បួសរៀន និងគង់នៅ សរុប ២១អង្គ ក្នុងនោះ ១៦អង្គ ទើបមកបួសនៅក្នុងប្រទេសកម្ពុជា (បំបួសដោយសម្តេចសង្ឃ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ) ខណៈដែល ៥អង្គ ទៀត រួមទាំងព្រះអង្គ ដែលជាចៅអធិការវត្ត បានបួសតាំងពីប្រទេសចិនតៃវ៉ាន់ មកម៉្លេះ តែភិក្ខុនី ទាំង២១អង្គ សុទ្ធសឹងជាជនជាតិចិនតៃវ៉ាន់ ទាំងអស់ ហើយកន្លងមក ក៏ធ្លាប់មានភិក្ខុនី ជនជាតិខ្មែរ មកបួសរៀនដែរ តែក្រោយមក បានសឹកទៅវិញអស់។

ភិក្ខុនី អ៊ូ អ៊ីហ័រ ចៅអធិការវត្តបញ្ញាធំ បានបន្តថា កាលពីអំឡុងឆ្នាំ១៩៩៣ (កាលមិនទាន់បួសជាភិក្ខុនី) ព្រះអង្គធ្លាប់បានមកលេងប្រទេសកម្ពុជា រួចក៏ចាប់ផ្តើមទាក់ចិត្តទាក់អារម្មណ៍ ជាជំហានដំបូង ដោយនាំអ្នកវិនិយោគចិនតៃវ៉ាន់ ជាច្រើន មកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ជាហូរហែ រហូតដល់ឆ្នាំ១៩៩៦ ព្រះអង្គទទួលបានសញ្ជាតិជាពលរដ្ឋកម្ពុជា ពេញលេញ រួចស្រាប់តែកើតមានចំណងចិត្តមួយទៀត គឺចង់លះបង់អ្វីគ្រប់យ៉ាង ដើម្បីព្រះធម៌។ បន្ទាប់មកពេលវិលត្រឡប់ទៅប្រទេសតៃវ៉ាន់ វិញ ក៏សម្រេចបួសតែម្តង និងបានប្រើប្រាស់ធនធានដែលមានក្នុងផ្លូវធម៌ រហូតដល់សម្រេចចិត្តមកគង់នៅប្រទេសកម្ពុជា ដោយបានផ្តួចផ្តើមសាងសង់វត្តបញ្ញាធំ នេះឡើងតែម្តង ដោយប្រើប្រាស់បច្ច័យសរុប ប្រមាណ ២០០លានដុល្លារ ដែលព្រះអង្គចាត់ទុកថា ជាបច្ច័យរបស់ព្រះ និងប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា ពិសេសសាសនិកកម្ពុជា តែម្តង។

ចៅអធិការវត្តបញ្ញាធំ បានបញ្ជាក់ថា វត្តបញ្ញាធំ នេះ សាងសង់ឡើងពីថ្មភ្នំ យកមកពីភ្នំមួយនៅឯខេត្តក្រចេះ ចំណែកដំបូលដែក មានសភាពធន់មាំល្អបានរាប់រយឆ្នាំ យកមកពីប្រទេសជប៉ុន ដែលគម្រោងនៃការសាងសង់វត្តនេះ គឺទុកជាសំណង់ដ៏រឹងមាំអស្ចារ្យមួយ តទៅជំនាន់ក្រោយៗទៀត។ ចំណែករចនាបទវត្ត សង់ឡើងរបៀ បជាប្រាសាទ ឬគុហារចិន ហើយអ្វីដែលជាចំណុចពិសេស គឺក្នុងវត្ត មិនមានប្រើប្រាស់កង្ហារ ដើម្បីឱ្យត្រជាក់នោះទេ តែប្រើប្រាស់ខ្យល់ធម្មជាតិ ដែលបក់ចូលតាមចន្លោះប្រហោងនៃជញ្ជាំងវត្ត ហើយជុំវិញនិងបរិវេណវត្ត មានទាំងស្រះទឹក និងដើមឈើ ដែលវត្ថុទាំងបី (ថ្ម ទឹក ដើមឈើ) បូកបញ្ចូលគ្នា បង្កើតបានជាថាមពលម៉ាញ៉េទិក ជួយផ្តល់ថាមពលដល់រាងកាយ ធ្វើឱ្យចិត្តស្ងប់ ពោលគឺមានសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយ។

ចំពោះការគង់នៅនិងរៀនសូត្រព្រះធម៌ ក្នុងវត្តបញ្ញាធំ ភិក្ខុនី អ៊ូ អ៊ីហ័រ បានបញ្ជាក់ថា ទទួលតែមនុស្សស្រី ដែលមានបំណងមកបួសរៀនប៉ុណ្ណោះ តែត្រូវមានលក្ខខណ្ឌ គឺមានចិត្តជ្រះថ្លាបរិសុទ្ធ ហើយមុននឹងបួសជាភិក្ខុនីបាន ចាំបាច់ត្រូវមកស្នាក់នៅ បន្ស៊ាំនឹងបរិយាកាសក្នុងវត្ត រយៈពេល ២ឆ្នាំ និងត្រូវរៀនព្រះធម៌ ៦ខែ ទើបអាចបួស ជាភិក្ខុនី និងគង់នៅវត្តបញ្ញាធំ នេះបាន ហើយវិន័យសំខាន់មួយទៀតនោះ គឺភិក្ខុនី មិនអាចកាន់លុយ និងប្រើ ប្រាស់ទូរស័ព្ទបានដាច់ខាត ពោលគឺទាំងចិត្ត ទាំងកាយ ត្រូវតែផ្សារភ្ជាប់នឹងព្រះធម៌តែមួយមុខគត់។ ចំណែកព្រះសង្ឃ ឬអ្នកកាន់សីល ដែលជាមនុស្សប្រុស អាចចូលមកក្នុងវត្តនេះបាន តែត្រូវកំណត់ពេលវេលា និងមិនអាចសម្រាកនៅក្នុងវត្ត បានដាច់ខាត ពោលគឺអាចមកសុំសីល សមាធិ ត្រឹមម៉ោង៩យប់ ក្រោយចប់ទេសនាធម៌ (ដែលរៀបចំធ្វើឡើងជារៀងរាល់ថ្ងៃ) រួចត្រូវចាកចេញពីវត្តបញ្ញាធំ ទៅគង់នៅវត្តបញ្ញាតូច ឬសម្រាកនៅទីតាំងផ្សេង។ ភិក្ខុនី ចៅអធិការ បានបញ្ជាក់បន្ថែមថា បរិវេណវត្តបញ្ញាធំ សម្រាប់តែភិក្ខុនី (ព្រះសង្ឃស្រី) គង់នៅប៉ុណ្ណោះ។

គួរបញ្ជាក់ថា ភិក្ខុនី ឬព្រះសង្ឃស្រី ចាប់ប្រភពពីព្រះនាងបជាបតិគោតមី ដែលជាម្ដាយមីងព្រះពុទ្ធ បរមគ្រូ បានអង្វរម្ចាស់ក្មួយ សុំបួស។ ព្រះពុទ្ធ ទើសទាល់ពេក ក៏យល់ព្រមឲ្យបួសដោយដាក់គរុធម៌ ៨ប្រការ ឱ្យភិក្ខុនីកាន់ គឺ :

១-ភិក្ខុនី សូម្បីបួសបាន ១០០វស្សា ក៏ត្រូវតែថ្វាយបង្គំភិក្ខុសង្ឃ ដែលទើបនឹងបួសថ្មី។

២- មិនឲ្យនៅចាំវស្សា ក្រៅវត្តដែលគ្មានភិក្ខុសង្ឃ ។

៣- ទោះជាចេះដល់កម្រិតណា ក៏ត្រូវតែស្តាប់ឱវាទភិក្ខុសង្ឃ ។

៤- បើចាំវស្សារួចហើយ ត្រូវបវារណាពីមុខភិក្ខុសង្ឃ ។

៥- បើត្រូវអាបត្តិធ្ងន់ ត្រូវសម្ដែងអាបត្តិចំពោះភិក្ខុសង្ឃ ។

៦- ត្រូវជួយដល់ស្ត្រីឯទៀត មានការសិក្សា និងជឿលើព្រះពុទ្ធសាសនា ។

៧- ហាមជេរប្រទេចភិក្ខុសង្ឃ ដោយប្រការណាមួយ។

៨- មិនឲ្យបង្គាប់ភិក្ខុ តែភិក្ខុអាចបង្គាប់ភិក្ខុនី។

 គរុធម៌ ៨ប្រការនេះ បានបើកផ្លូវឲ្យស្រីទាំងឡាយ បានចូលសាងផ្នួស ជាភិក្ខុនី ។ ព្រះពុទ្ធ ក៏បានតែងតាំង ខេមាត្ថេរី អតីតអគ្គមហេសីព្រះបាទពិម្ពិសារ ជាអគ្គសាវិកាស្ដាំ ដូចព្រះសារីបុត្ត និងតែងតាំងឧប្បលវណ្ណាត្ថេរី  អតីតសេដ្ឋីធីតា ជាអគ្គសាវិកាឆ្វេង ដូចព្រះមោគ្គល្លាន។

   ព្រះពុទ្ធ បរមគ្រូ បានទុកពុទ្ធព្យាករណ៍ថា ភិក្ខុនី តាំងនៅបានតែ ៥០០ឆ្នាំទេ អស់ហើយ ប៉ុន្តែអាចបួសជាដូនជីបាន។ ហេតុតែសាវ័កខ្លះ ផ្សាយសាសនាទៅឧត្តរទិស ព្រះពុទ្ធសាសនា ក៏បែកជា២ គឺលទ្ធិថេរវាទ ឬហីនយាន (ទក្សិណនិកាយ) និងលទ្ធិអាចរិយវាទ (ឧត្តរនិកាយ) ឬមហាយាន។

ថេរវាទ គ្មានភិក្ខុនីទេ ក្រោយពុទ្ធសករាជ ៥០០ ប៉ុន្តែអាចរិយវាទ បានរក្សាទុកភិក្ខុនី ជារៀងហូត។

   ចំពោះភិក្ខុនី ឬព្រះសង្ឃស្រី នៅវត្តបញ្ញាធំ ក្នុងប្រទេសកម្ពុជា ដែលមិនឆាន់ត្រី សាច់ ជាទម្រង់សមណភេទ បន្ស៊ីគ្នារវាងថេរវាទ និងអារិយវាទ ជាប់ពូជពីព្រះមហាភិក្ខុនី បជាបតិគោតមី ម្តាយមីងរបស់ព្រះពុទ្ធ នោះឯង ៕

RELATED ARTICLES