Saturday, November 23, 2024
Homeតារាបរទេសក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្ប៊ែរ កម្ពុជា) និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដព្រះសីហនុ រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ  «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

ក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្ប៊ែរ កម្ពុជា) និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដព្រះសីហនុ រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ  «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

 ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤  ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា  និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ  បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រ​មាណជាង ៥០០ នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។

យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំ​ណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភណ្ឌភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម  តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ភាពរីកចម្រើនយូរអង្វែងរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈការផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសហគមន៍ក្នុងខេត្តព្រះសីហនុ យើងអាចលើកមុខមាត់ក្រុងព្រះ​សីហនុរបស់យើង បង្កើនភាពទាក់ទាញ បង្កើនភ្ញៀវទេសចរ និងឈានទៅជំរុញសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងរក្សាបាននូវធនធានធម្មជាតិដ៏មានសក្តានុពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។ លោកអភិបាលរង ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ក៏បានសម្ដែងនូវការគាំទ្រចំពោះសារលើកទឹកចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយលោកបានបន្ថែមសារជំរុញឲ្យមាន​សកម្មភាព និងចាត់វិធានការរួមគ្នាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់យើង។  លោកបានលើកឡើងថា «សហគមន៍ គឺជាផ្ទះរបស់យើង ដែលស័ក្តិសមនឹងទទួលបានការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីយើងគ្រប់គ្នា។ មិនថាយើងជាអ្នកណា មកពីមជ្ឈដ្ឋានខុសគ្នាបែបណា យើងមានតួនាទី និងទំនួលខុសត្រូវរួមគ្នាមួយ គឺស្រលាញ់  ថែរក្សា ការពារ និងអភិវឌ្ឍផ្ទះរបស់យើងឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។  លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងក្លាយជាចលករបំផុសស្មារតីរាល់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់រូប។

គួរបញ្ជាក់ផងដែរថា នេះជាចលនាសម្អាតលើកទី៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Camboida) និងដៃគូពាក់ព័ន្ធ  ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ  ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាឥតងាករេរបស់ក្រុមហ៊ុនចំពោះមហ្ឆិតាចីរភាពរបស់ខ្លួន និងជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលបំណងជាសកលរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

ស្របតាមគោលដៅជាសកលនេះ    ខេមប្រ៊ូវ   បាននិងកំពុងបន្តភាពសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន និងសង្គម តាមរយៈកម្មវិធី ESG Program របស់ខ្លួន  មានជាអាទិ៍៖  គ្មានការបំភាយកាបូន  គ្មាន​ការខ្ជះខ្ជាយទឹក  ការប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវទឹកស្អាតស្មើនឹងបរិមាណទឹកដែលបានប្រើ​ប្រាស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញសេដ្ឋកិច្ចចក្រា  និងការបង្កើនអត្រាប្រមូលសំបកវិចខ្ជប់ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញឲ្យបាន ៩០% នៃបរិមាណដែលយើងបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម  ជាដើម នៅត្រឹម ២០៣០ និង ២០៤០៕

 សូមបញ្ជាក់ថា Cambrew Ltd (Carlsberg Cambodia) គឹជារោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជាក្រុមហ៊ុនដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយន៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដាអឺរ៉ុប។ ក្រុមហ៊ុនមានមោទនភាព ដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen  ប្រទេសដាណឺម៉ាក  ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពនៃសង្វាក់ផលិតកម្ម។  ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជ​សញ្ញាជាតិ និងអន្តរជាតិ ជាក់ស្តែងស្រាបៀរអង្គររបស់យើង គឺជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។   ចាប់តាំងពីឆ្នាំ ១៩៩២   ខេមប្រ៊ូវ ក៏បានទទួល​សិទ្ធិផ្តាច់មុខពីក្រុមហ៊ុន  Pepsi Co  ក្នុងការផលិត និងចែកចាយភេសជ្ជៈ នៅក្នុងព្រះរាជាណា​ចក្រកម្ពុជា ដែលរួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Stingជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមប្រ៊ូវ ឬអំពីយុទ្ធនាការ សូមតាមដានយើងនៅលើគេហទំព័រ ឬហ្វេកប៊ុករបស់ Cambrew Ltd ឬសូមអ៊ីម៉ែលទៅកាន់ Amonich.Vann@carlsberg.asia ឬ (+855) 98 38 57 92 ៕

RELATED ARTICLES