Wednesday, December 4, 2024
Homeសង្គម និងជីវិតលោកជា ចាន់តូ ទទួលបានគ្រឿងឥស្សរិយយស២ ជាកិច្ចបច្ឆាមរណៈ

លោកជា ចាន់តូ ទទួលបានគ្រឿងឥស្សរិយយស២ ជាកិច្ចបច្ឆាមរណៈ

ភ្នំពេញ ៖ លោកជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលធនាគារជាតិ នៃកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ឯករាជជាតិ និងគ្រឿងឥស្សរិយយស សម្ដេចព្រះ មហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់ “មហាសេរីវឌ្ឍន៍” ជាកិច្ចបច្ឆាមរណៈ បន្ទាប់ពីលោកបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

កាលពីព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ ហើយនៅក្នុងឱកាសនោះ សម្តេចហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែង ជាមួយលោកស្រី ខៀវ ស៊ីណា ចំពោះមរណភាពរបស់លោក ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកស្រី។

សម្ដេចហ៊ុន សែន ថ្លែងថា ការបាត់បង់លោក ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំប្រៀនប្រដៅបុត្រធីតា ចៅៗរហូតបានក្លាយជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀត លោកជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់លោក បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស ដល់ការគ្រប់គ្រង ការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ជាអាទិ៍ ផែនការសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញការវិនិយោគនៅកម្ពុជា ព្រមទាំងលើកកម្ពស់វិស័យធនាគារ តាមរ យៈការធ្វើទំនើបកម្ម និងរក្សាបាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុ រហូតដល់សព្វថ្ងៃ៕

RELATED ARTICLES