ភ្នំពេញ ៖ យុវតីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិមិនប្រក្រតី និងមានជំងឺផ្លូវចិត្តប្រចាំកាយ ជួននិយាយដឹងខុសត្រូវ ជួនមិនដឹង លុះក្រោយមក យុវតីរូបនេះ បានយកសំរាមទៅបោះចោល ស្រាប់តែបាត់ខ្លួនអស់រយៈពេល២ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនមានដំណឹងសោះ ទើបនាំគ្នាកាន់រូបថត តាមរក។
យុវតីដែលបាត់ខ្លួន មានឈ្មោះខាន់ រត្ននា ជាមនុស្សមានសតិមិនគ្រប់ និងមានជំងឺផ្លូវចិត្ត សព្វថ្ងៃស្នាក់នៅជាមួយបងប្រុសស្រី ក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ត្រឡប់មកវិញនៅឡើយ។
តាមប្រភពបងប្រុសស្រីរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ ឈ្មោះខាន់ រត្ននា គឺជាមនុស្សមានសតិមិនគ្រប់ និងមានជំងឺផ្លូវចិត្ត យូរៗធ្វើទុក្ខម្តង ជួនកាលនិយាយដឹងគ្នា ជួនមិនដឹង ហើយកាលពីនៅស្រុកធ្លាប់បាត់ចេញពីផ្ទះម្តងដែរ តែសំណាងបានមេភូមិជួយតាមរកឃើញ ស្រាប់តែពេលនេះមកនៅភ្នំពេញជាមួយពួកគាត់ ក៏បាត់ខ្លួនចេញពីផ្ទះទៀត។
បងប្រុសស្រីរបស់យុវតីខាងលើ បានបន្តថា ប្អូនស្រីរបស់គាត់ បានបាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយស្លៀកសម្លៀកបំពាក់ដូចក្នុងរូបថត ហើយមុនបាត់ខ្លួន ប្អូនស្រីនេះបានយកសំរាមទៅចោលក្រៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សាច់ញាតិយុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា ពេលបាត់ខ្លួននោះ ប្អូនស្រីរបស់ពួគគាត់ គ្មានអីជាប់ខ្លួននោះទេ សូម្បីតែលុយកាក់ និងទូរស័ព្ទ ពោលគឺមានតែខោអាវ ១ចង្កេះឆ្អេះជាប់ខ្លួនប៉ុណ្ណោះ ជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុខទុក្ខ និងសុវត្ថិភាពប្អូនស្រីយ៉ាងខ្លាំង។ ជាមួយនេះ ពួកគាត់ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បើបានប្រទះឃើញយវុតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយទាក់ទងមកគាត់ តាមលេខទូរស័ព្ទ ០៩៧ ៥២៧៩៥២៩ ៕