Tuesday, November 5, 2024
Homeសង្គម និងជីវិតប្រទះឃើញហ្វូងឆ្កែព្រៃ នៅកម្ពុជា

ប្រទះឃើញហ្វូងឆ្កែព្រៃ នៅកម្ពុជា

ភ្នំពេញ ៖ របាយការណ៍សិក្សាស្រាវជ្រាវដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីប្រភេទសត្វសំខាន់ៗ ដែលត្រូវបានកត់ត្រាដោយម៉ាស៊ីនស្វ័យប្រវត្តិ ចំនួន១០៨ ប្រភេទ នៅតំបន់ជួរភ្នំក្រវាញកណ្តាល ដែលក្នុងនោះមានប្រភេទសត្វស្លាប មាន៦៥ប្រភេទ ថនិកសត្វ មាន ៣៨ប្រភេទ និងសត្វល្មូន មាន ៥ប្រភេទ។ក្នុងកំណត់ត្រារូបភាពនោះ អ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ (មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណីមានដូចជាសត្វជ្រូកព្រៃ និងសត្វឈ្លូសជាដើម។

ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀត រួមមាន ដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។

លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការ ងារអភិរក្សនិងកិច្ចគាំពារបរិស្ថានធម្មជាតិ ថាលទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថាព្រៃឈើកម្ពុជា មិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីផងដែរ។

របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បានកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយ ដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ។

អ្នកស្រី ថោង រ៉ត ជាអ្នកដឹកនាំការស្រាវជ្រាវនៃរបាយការណ៍នេះ បានលើកឡើងថា របាយការណ៍នេះគឺជាភស្តុតាងវិទ្យាសាស្ត្រមួយ អាចបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការ អភិរក្ស។

អ្នកស្រីបន្តថា ការថតជាប់សត្វព្រៃ ចំនួន១០៨ប្រភេទ តំណាងឱ្យតែផ្នែកខ្លះនៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ។ ម៉ាស៊ីនថតស្វ័យប្រវត្តិ មិនអាចចាប់យករូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ ការងារនេះត្រូវការការ ស្រាវជ្រាវយ៉ាងទូលំទូលាយបន្ថែមទៀត ដើម្បីស្វែង យល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្ត្រ ដើម្បីរក្សាការពារឱ្យបាននូវទីមនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ៕

RELATED ARTICLES