ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចាប់បញ្ជូនជនបរទេសភាគច្រើនជាជនជាតិចិន ចំនួន២៥នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់ ក្រោយការបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងរោងចក្រផលិតដំណាប់ស្វាយនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង២៥នាក់ខាងលើ ត្រូវបានដឹកតាមរថយន្តក្រុងប្រភេទ ៣៥កៅអី ១គ្រឿង បិទកញ្ចក់ខ្មៅ បានអមដំណើរដោយសមត្ថកិច្ច ឯកសណ្ឋានឈុតខ្មៅ ជិះម៉ូតូតាមពីក្រោយ បាននាំជនសង្ស័យចូលសាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបាននិងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរពីតំណាងអយ្យការនៅឡើយ។
គួរបញ្ជាក់ថា ការចាប់ខ្លួនជនបរទេសដែលភាគច្រើនសង្ស័យជាជនជាតិចិននេះ មិនមានការផ្តល់ព័ត៌មានណា មួយជុំវិញនីតិវិធីថាក្នុងចំណោមជនដែលចាប់ខ្លួនមុននេះជាង ១០០០នាក់ តើមានការអនុវត្តនីតិវិធីបែបណានៅ ឡើយទេ។
គួររំលឹកថា ទីតាំងល្បែងអនឡាញដ៏ធំមួយ ដែលគេហៅជាពាក្យសាមញ្ញថា គីឡូ៣២ មានទីតាំងស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលជំនាញ នៃក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធ និងឆ្មក់ចូលបង្ក្រាប កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយបានឃាត់ខ្លួនជន បរទេសបានប្រមាណជាង១០០០នាក់៕