Saturday, November 23, 2024
Homeព័ត៌មានជាតិគ្រោះថ្នាក់គ្រឿងស្រវឹង អ្នកវិភាគថា តាមអ្នកជំនាញ កម្ពុជា ដល់ពេលប្រកាសអាសន្ន

គ្រោះថ្នាក់គ្រឿងស្រវឹង អ្នកវិភាគថា តាមអ្នកជំនាញ កម្ពុជា ដល់ពេលប្រកាសអាសន្ន

ភ្នំពេញ ៖ បន្ទាប់ពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងពីគ្រោះថ្នាក់នៃគ្រឿងស្រវឹង ដែលបណ្ដាលឲ្យមនុស្សស្លាប់ កើតជំងឺផ្សេងៗ និងខាតបង់ថវិកាយ៉ាងច្រើនមក អ្នកវិភាគ បានលើកឡើងថា កម្ពុជា ដល់ពេលប្រកាសអាសន្នហើយ នូវគ្រោះថ្នាក់នៃគ្រឿងស្រវឹងនេះ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា បើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកជំនាញសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល គឺប្រទេសកម្ពុជា ដល់ពេលប្រកាសអាសន្នរឿងគ្រោះថ្នាក់នៃគ្រឿងស្រវឹងហើយ ពីព្រោះបើមិនយកចិត្តទុកដាក់រកវិធីទប់ស្កាត់ កាត់បន្ថយហានិភ័យនេះទេ ប្រជាពលរដ្ឋកម្ពុជា នឹងវេទនានៅក្នុងរយៈពេល ១០ទៅ១៥ឆ្នាំ ឬក៏យ៉ាងយូរ ២០ឆ្នាំទៀត ហើយវាក៏នឹងធ្វើឲ្យរាំងស្ទះ បំផ្លាញនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយផ្ដល់នូវការថែទាំសុខភាព តាមរយៈគោលនយោបាយកិច្ចគាំពារសង្គម បសស មានទាំងប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងនៅក្បែរបន្ទាត់ក្រីក្រ ជាដើម ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! បន្ថែមពីលើអ្វីដែលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសន្ទស្សន៍នៃការសេពគ្រឿងស្រវឹងនៅប្រទេសកម្ពុជា ដែលមានចរន្តដែលគួរឲ្យពួ្រយបារម្ភ ។ ទី១ គាត់ក៏បានលើកឡើងអំពីការចំណាយ ដែលឃើញថា កម្ពុជា ប្រជាពលរដ្ឋខ្មែរ ចំណាយច្រើនទៅលើគ្រឿងស្រវឹង ដែលវាមិនមែនជាការចំណាយដែលធ្វើឲ្យជីវិត ទាំងជីវិតផ្ទាល់ខ្លួន ក៏ដូចជាជីវិតសង្គមយើងហ្នឹងចំណេញទេ ហើយជាពិសេសគឺលោកជំទាវ ក៏បានលើកឡើងអំពីហានិភ័យដែលកើតឡើង ដោយសារតែការសេពគ្រឿងស្រវឹងហួសប្រមាណ ទាក់ទងនឹងផលប៉ះពាល់ទាំងទៅលើសេដ្ឋកិច្ច ជាពិសេសគឺការយាយីជំងឺដែលកើតឡើងទៅដល់អ្នកសេពគ្រឿងស្រវឹង ជាពិសេសគឺបុរស និងយុវជនយើងដែលជាសសរទ្រូងរបស់ជាតិនោះ ដែលជាកម្លាំងសម្រាប់ការកសាងសង្គមហ្នឹង ឃើញថាបើស្ដាប់ការបកស្រាយរបស់អ្នកជំនាញផ្នែកសុខាភិបាលនេះ ឃើញថា សង្គមយើង វាដល់ពេលដែលត្រូវប្រកាសអាសន្ន អំពីគ្រោះថ្នាក់នៃគ្រឿងស្រវឹងហើយ ពីព្រោះបើមិនយកចិត្តទុកដាក់រកវិធីទប់ស្កាត់ កាត់បន្ថយហានិភ័យហ្នឹងទេ ប្រជាពលរដ្ឋយើងនឹងវេទនា នៅក្នុងរយៈពេល ១០ទៅ១៥ឆ្នាំ ឬក៏យ៉ាងយូរ ២០ឆ្នាំទៀត ហើយទី២ វាក៏នឹងធ្វើឲ្យរាំងស្ទះបំផ្លាញនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ដែលយើងឃើញថា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្ដល់នូវការថែទាំសុខភាព តាមរយៈគោលនយោបាយកិច្ចគាំពារសង្គម បសស មានទាំងប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ និងនៅក្បែរបន្ទាត់ក្រីក្រអីជាដើម ។ ដូច្នេះបើរដ្ឋដៃម្ខាងទៅជ្រោង ព្យាយាមលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ស្ថានភាពនៅក្នុងសង្គមជាក់ស្ដែង បែរទៅជាសម្បូរប្រជាពលរដ្ឋដែលសេពគ្រឿងស្រវឹងហួសប្រមាណ វាធ្វើឲ្យប៉ះពាល់ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត សេដ្ឋកិច្ច និងក្នុងសង្គម”។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាធ្វើឲ្យការខិតខំប្រឹងប្រែង ទាំងការគិតគូរពីការដាក់ចេញនូវគោលនយោបាយ និងការអនុវត្តកន្លងមក ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋហ្នឹង វាអត់ន័យ វាត្រូវបំផ្លាញដោយវិស័យឧស្សាហកម្មគ្រឿងស្រវឹង ហើយរឿងនេះ វាមិនមែនជារឿងថ្មីទេ រឿងការលើកឡើងរបស់ជំទាវ ឱ វណ្ណឌីន នេះ មិនមែនជារឿងថ្មីទេ ប្រទេសជិតខាងយើង ជាពិសេសប្រទេសថៃ ប្រទេសវៀតណាម នៅជាប់ភូមិផងរបងជាមួយយើង ក៏គេបានយកចិត្តទុកដាក់រឿងហ្នឹង តាំងពី១០ឆ្នាំមុននោះ ហើយយើងឃើញថា នៅស្រុកថៃ គេធ្វើបានជោគជ័យ តាមរយៈការបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលមានលក្ខណៈហ្មត់ចត់ ហើយនិងច្បាស់លាស់ ហើយយើងឃើញការអនុវត្តនៅស្រុកថៃ ទោះបីជាវាមិនល្អមួយរយភាគរយ ប៉ុន្តែគេបានអនុវត្តតាមស្ដង់ដាររបស់អង្គការសុខភាពពិភពលោក ទាក់ទងយុទ្ធនាការក្នុងការកាត់បន្ថយ ក៏ដូចជាទប់ស្កាត់នូវផលលំបាកដែលកើតឡើងដោយសារតែគ្រឿងស្រវឹង ។ យើងឃើញនៅតាមការសិក្សាវាយតម្លៃ និងអ្នកជំនាញរបស់ថៃ គេបានចែករំលែកកាលពីប៉ុន្មានខែមុន នៅពេលដែលអង្គការសង្គមស៊ីវិលយើងបានធ្វើសន្និសីទរួមមួយ ស្ដីអំពីភាពចាំបាច់នៃការបង្កើតច្បាប់គ្រប់គ្រងស្រវឹងនៅកម្ពុជា ឃើញគេដកស្រង់ជាមេរៀនមក គឺនៅស្រុកថៃ ឃើញគេធ្វើបានជោគជ័យ ។ ទី១ គេទទួលស្គាល់ថា ការសេពគ្រឿងស្រវឹងហ្នឹង វាដល់ដំណាក់កាលមួយត្រូវតែមានវិធានការ ដើម្បីឲ្យកុំឲ្យផលប៉ះពាល់ហ្នឹងវាកាន់តែធ្ងន់ធ្ងរទៅមុខ ។ ទី២ គេប្រើប្រាស់វិធានការច្បាប់ ដែលមានភាពហ្មត់ចត់ និងការអនុវត្តច្បាប់ហ្នឹងមានប្រសិទ្ធភាព ។ ដូច្នេះហើយសង្គមគេ កាត់បន្ថយនូវបញ្ហា ហើយប្រជាពលរដ្ឋគេ ក៏ចំណេញច្រើនអំពីការមិនសេពគ្រឿងស្រវឹង ឬក៏កាត់បន្ថយនូវផលប៉ះពាល់ ដោយសារតែគ្រឿងស្រវឹង នៅក្នុងសង្គមហ្នឹងបានខ្ពស់ ហើយនិងមានប្រសិទ្ធភាពផងដែរ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “នៅកម្ពុជា យើងត្រូវប្រកាសអាសន្ន ។ ខ្ញុំឃើញខាងរដ្ឋាភិបាល កន្លងមកមានមន្រ្តីជាន់ខ្ពស់យើងមួយចំនួន ក៏បានលើកឡើងពីរឿងគ្រោះថ្នាក់នៃគារសេពគ្រឿងស្រវឹងហួសប្រមាណនៅក្នុងសង្គម ដែលរួមទាំងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន ផងដែរ ហើយខ្ញុំក៏បានឮអំពីការដាក់សារតាមប្រព័ន្ធទូរស័ព្ទ ពេលដែលតេទូរស័ព្ទហ្នឹង ឃើញមានសារដាស់តឿនក្រើនរំលឹកអំពីគ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹងហួសប្រមាណ ហើយអាជ្ញាធរយើងនៅតាមខេត្តជាច្រើនហ្នឹង ក៏បានធ្វើសកម្មភាពក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធដទៃទៀតហ្នឹង បានទម្លាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងហ្នឹងបានច្រើន ខ្ញុំធ្វើដំណើរច្រើនខេត្តហើយ ឃើញទម្លាក់ស្លាកអស់ច្រើនខេត្តហើយ ប៉ុន្តែនៅទីក្រុងភ្នំពេញ ដូចជានៅច្រើនកន្លែងដែរ ខ្ញុំមិនដឹងថា តើការអនុវត្តហ្នឹងវាខុសគ្នាបែបម៉េច? តាមពិតទៅ រាជធានីភ្នំពេញ គួរតែជាទីកន្លែងគំរូមួយ ទាក់ទងនឹងការទម្លាក់ស្លាកហ្នឹង ។ ឥឡូវយើងឃើញថា ការផ្សព្វផ្សាយតាមដងផ្លូវហ្នឹង បានកាត់បន្ថយហើយ នូវការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម social Medea ហ្នឹង សុំយកចិត្តទុកដាក់រឿងហ្នឹងផង ហើយជាពិសេសគឺការផ្សព្វផ្សាយពាណិជ្ជកម្មបែបជារង្វាន់ខាន់ខៅ រាប់តាំងពីរង្វាន់ជានាឡិការ៉ូឡិច ជារថយន្ត រហូតដល់ទៅជាការផ្ដល់ប្រាក់ខែ ឲ្យប្រចាំខែអីហ្នឹង ខ្ញុំមើលឃើញទៅវាហួសហេតុណាស់ ។ ការប្រើប្រាស់របៀបផ្សាយពាណិជ្ជកម្មទាក់ទាញបែបហ្នឹង គឺវាមានលក្ខណៈទាំងអសីលធម៌ ហើយក៏វាជាការធ្វើអាជីវកម្មដែលវាដើរបញ្ច្រាសទិសអំពីការអភិវឌ្ឍសង្គមណាស់“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “រដ្ឋាភិបាល ខិតខំដាក់ចេញនូវគោលនយោបាយបណ្ដុះបណ្ដាលយុវជន ឲ្យខំប្រឹងរៀនជំនាញបច្ចេកទេស ដើម្បីមានចំណេះ មានជំនាញទៅ មានការងារ បង្កើតការងារចិញ្ចឹមជីវិតខ្លួនឯង ។ ប៉ុន្តែវាទៅជាក្រុមហ៊ុនគ្រឿងស្រវឹងហ្នឹង ដាក់ការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវរង្វាន់ជាប្រាក់ខែ ប្រចាំខែអីអ៊ីចឹងទៅ។  អាហ្នឹងគឺជាវិធានការបន្ទាប់បន្សំ ទាក់ទងនឹងប្រកាសអាសន្នហ្នឹង ហើយនិងវិធានការចាំបាច់ដែលយើងត្រូវតែមាននោះ គឺការជំរុញឲ្យការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ឲ្យបានលឿន ដើម្បីប្រើប្រាស់វាជាយន្តការនៅក្នុងគ្រប់គ្រង ការកាត់បន្ថយ និងដោះស្រាយបញ្ហាទាក់ទងនឹងផលវិបាកគ្រឿងស្រវឹងហ្នឹង ហើយខ្ញុំលើកបែបនេះ មិនមែនមានន័យថា ខ្ញុំប្រឆាំង មិនឲ្យលក់គ្រឿងស្រវឹងនៅក្នុងសង្គមខ្មែរទេ តាមពិតខ្មែរយើង មិនមានច្បាប់ហាមឃាត់ទេ ប៉ុន្តែសុំឲ្យការលក់ដូរនិងការផ្សព្វផ្សាយហ្នឹង មានសីលធម៌ មានការទទួលខុសត្រូវធ្វើ ហើយគិតអំពីផលវិបាកដែលកើតមានឡើងដោយសារតែគ្រឿងស្រវឹង នៅក្នុងសង្គមផង ហើយជាពិសេសហ្នឹង គឺខ្ញុំចង់ឃើញរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ជំរុញឲ្យមានការអនុម័តច្បាប់ហ្នឹង ឲ្យបានលឿន ដើម្បីជាប្រយោជន៍សម្រាប់ការគ្រប់គ្រងនិងកាត់បន្ថយផលវិបាកដោយសារតែគ្រឿងស្រវឹង ។ តាមពិតទៅ ច្បាប់ហ្នឹងវាជួយរដ្ឋាភិបាល ទៅវិញទេ នៅក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើសុខភាព និងសុខុមាលភាព ក៏ដូចជាសេដ្ឋកិច្ចរបស់សង្គមទាំងមូលហ្នឹង ហើយដើម្បីធ្វើឲ្យសង្គមយើងហ្នឹងវាមានសុខភាពល្អ សង្គមអាចក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដូចអ្វីដែលរដ្ឋាភិបាល ប៉ងធ្វើហ្នឹង នៅក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ពីព្រោះបើសិនជាសង្គមយើង ប្រជាពលរដ្ឋយើង នៅតែជោកជាំដោយសារគ្រឿងស្រវឹងហ្នឹងហួសប្រមាណ ខ្ញុំមិនសូវជាមានសុទិដ្ឋិនិយមប៉ុន្មានទេ ដែលថា កម្ពុជាយើង អាចនឹងក្លាយទៅជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ពីព្រោះផលវិបាកដែលកើតឡើងដោយគ្រឿងស្រវឹងនេះ វាមានច្រើនប្រភេទ ហើយវាអាចជាឧបសគ្គធំមួយក្នុងចំណោមឧបសគ្គដទៃទៀត ដែលរារាំងកម្ពុជា មិនឲ្យសម្រេចទៅមុខបាន“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមទៀតថា “ជាសំណូមពរ និងអំពាវនាវ ទី១ ចំពោះយុវជន និងប្រជាពលរដ្ឋយើង ខ្ញុំគ្រាន់តែសំណូមពរថា រឿងការផឹកស៊ីហ្នឹង វាជាសិទ្ធិសេរីភាព ប៉ុន្តែសុំកុំភ្លេចរឿងការថែទាំងសុខភាព និងគិតគូរអំពីផលវិបាកនៃការសេពគ្រឿងស្រវឹងហួសប្រមាណ ពីព្រោះនៅក្នុងពិភពលោកនេះ វាមិនមានប្រទេសណាមួយដែលក្លាយទៅជាប្រទេសអ្នកមាន ឬក៏ប្រជាពលរដ្ឋគេហ្នឹង ក្លាយទៅជាអ្នកមានជីវភាពធូរធារ ដោយសារតែការផ្សងសំណាង ឬក៏ដោយសារការផ្សងសំណាងសេពគ្រឿងស្រវឹងហ្នឹងទេ។ ទី២ សុំសំណូមពរដល់អាជីវករ អ្នករកស៊ីខាងឧស្សាហកម្មគ្រឿងស្រវឹង សូមយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយហ្នឹង កុំឲ្យវាមានលក្ខណៈបញ្ចុះបញ្ចូល អូសទាញខ្លាំងពេក ហើយសូមយកចិត្តទុកដាក់ពាក់ព័ន្ធនឹងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ពីព្រោះនៅសង្គមយើងមានបញ្ហាទៅ យើងមានម្នាក់ឯងហ្នឹងក៏រស់មិនសួ្រលដែរ។ ហើយទី៣ អង្គការសង្គមស៊ីវិល មជ្ឈដ្ឋានអប់រំ ព្រះសង្ឃ និងអ្នកដឹកនាំខាងផ្នែកសាសនាហ្នឹង ក៏សូមជួយលើកកម្ពស់ការយល់ដឹង និងអំពាវនាវឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់អំពីវិបាកដែលកើតឡើងដោយគ្រឿងស្រវឹង ។ តាមពិតវិបាកនៃគ្រឿងស្រវឹង វាមិនមែនតែខ្ញុំ ឬក៏លោកជំទាវ ឱ វណ្ឌឌីន លើកឡើងទេ ព្រះពុទ្ធ បានទូន្មាន ព្រះអង្គរកឃើញតាំងពី ២០០០ឆ្នាំ មុនគ្រិស្តសករាជឯណោះ ។ ដូច្នេះរឿងហ្នឹង វាមិនមែនជារឿងថ្មីទេ ប៉ុន្តែពេលខ្លះមនុស្សលោកយើង ប្រជាពលរដ្ឋ ពុទ្ធសាសនិកយើងហ្នឹង មិនសូវបានចាប់អារម្មណ៍។ ហើយចំណុចចុងក្រោយ អំពាវនាវឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត សូមជំរុញការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងស្រវឹងហ្នឹង ដើម្បីឲ្យយើងមានយន្តការច្បាប់ ជាបង្អែកក្នុងការដោះស្រាយ និងកាត់បន្ថយនូវហានិភ័យ ហើយជាពិសេសគឺខាងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែមានសេវាកម្ម ក៏ដូចជាយន្តការនៅក្នុងការជួយប្រជាពលរដ្ឋមួយចំនួនដែលញៀនគ្រឿងស្រវឹង ដែលញៀនស្រាហ្នឹង គួរតែមានកន្លែងមជ្ឈមណ្ឌលថែទាំនិងព្យាបាលអ្នកដែលញៀនគ្រឿងស្រវឹង ញៀនស្រាហ្នឹងផង ដើម្បីជួយលើកកម្ពស់សុខភាពរបស់គាត់“ ។

គួរបញ្ជាក់ថា ថ្លែងក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ ”ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការផ្សាយផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា“ នាសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការទទួលទានគ្រឿងស្រវឹង បានផ្ដល់ផលប៉ះពាល់ជាច្រើនដល់មនុស្សដែលនឹកស្មានមិនដល់ ដោយគ្រឿងស្រវឹងនេះ បានផ្ទុកនូវសារធាតុអេតាណុល ធ្វើឲ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗរបស់មនុស្ស ហើយគ្មានកម្រិតគ្រឿងស្រវឹងណាបានផ្ដល់ផលវិជ្ជមាននោះទេ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា “អ្វីដែលខ្ញុំចង់ចាប់ផ្ដើមនៅទីនេះ គឺយើងត្រូវនិយាយថា គ្រឿងស្រវឹង ប៉ះពាល់សុខភាពរបស់យើង តាំងពីកែវដំបូង ហើយមិនមានកម្រិតគ្រឿងស្រវឹងណាដែលបានបញ្ជាក់ថា វាមានសុវត្ថិភាពសម្រាប់សុខភាពយើងនោះទេ ។ ក្នុងគ្រឿងស្រវឹង មានផ្ទុកនូវសារធាតុម្យ៉ាងដែលហៅថា អេតាណុល ដែលសារធាតុអេតាណុល នេះនឹងធ្វើឲ្យខូចទៅដល់សរសៃប្រសាទរបស់មនុស្ស ធ្វើឲ្យមនុស្សផ្លាស់ប្ដូរអត្តចរិត ប្រើប្រាស់អំពើហិង្សា ។ ជាពិសេស គ្រឿងស្រវឹង បានបង្កនូវការក្ដីបារម្ភជាច្រើន តាមរយៈការកើនឡើងនៃជំងឺមិនឆ្លង ខណៈដែលចំនួនអ្នកជំងឺដែលបានស្លាប់ដោយការប្រើប្រាស់គ្រឿងស្រវឹង មានរហូតដល់ ៤,៧% នៃចំនួនអ្នកស្លាប់ទាំងអស់ ។ មួយវិញទៀត ការស្រាវជ្រាវដែលចេញដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកទទួលទានគ្រឿងស្រវឹង នឹងទទួលនូវផលប៉ះពាល់ជាច្រើន ដែលក្នុងនោះរួមមានប៉ះពាល់ដល់ថ្លើម លំពែង មាត់ និងបំពង់ករបស់មនុស្ស ហើយនឹងអាចឈានចូលទៅដល់ជំងឺក្រិនថ្លើម និងមហារីកថ្លើម ។ ក្នុងនោះផងដែរ គ្រឿងស្រវឹង ក៏បណ្ដាលឲ្យមនុស្សខ្វះការគិតពិចារណា បាត់បង់សតិ ក្រោយទទួលទាន ដែលអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សាទៅលើគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា «នេះជាការស្រាវជ្រាវ ហើយចេញផ្សាយដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក យើងឃើញថា អ្នកដែលប្រើប្រាស់គ្រឿង វាធ្វើឲ្យខូចសរីរាង្គមនុស្សហ្នឹងមានអ្វីខ្លះ? នៅទីនេះ ខ្ញុំសូមជម្រាបជូនថា ខូចទី១ គឺថ្លើម ពីព្រោះថ្លើម មានមុខងារនៅក្នុងការបន្សាបជាតិអេតាណុល អ៊ីចឹងប៉ុន្មានភាគរយនៃថ្លើមហ្នឹង ដែលគេនិយាយហ្នឹង វាមានក្រិនថ្លើម ហើយអ្នកដែលក្រិនថ្លើម មិនយូរមិនឆាប់ទេ នឹងវិវត្តទៅរកមហារីកថ្លើម ។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ខ្ញុំសូមស្នើទៅដល់អ្នកទទួលទានគ្រឿងស្រវឹងទាំងអស់ ជាពិសេសយុវជន គួរតែបញ្ឈប់ការទទួលទាន ខណៈសារធាតុប្រភេទនេះ បានផ្ដល់នូវផលវិបាកយ៉ាងច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសអាចនឹងឈានដល់ការបាត់បង់ជីវិតថែមទៀតផង។ ក្នុង១នាក់ ក្នុង១ឆ្នាំ ជាមធ្យម ១៦.២លីត្រ ។ បុរសគាត់ប្រើប្រាស់ ២១.៨លីត្រ ហើយស្រី ៨.១លីត្រ ក្នុង១ឆ្នាំ ក្នុង១នាក់។ អ៊ីចឹងយើងត្រូវមើលអីទៀត? តើផលប៉ះពាល់ក្រៅពីជំងឺដែលខ្ញុំជម្រាបជូនខាងដើម ប៉ះទៅលើអី? វាប៉ះទៅលើសេដ្ឋកិច្ច ។ សេដ្ឋកិច្ច មាន២ ។ ទី១ សេដ្ឋកិច្ចបុគ្គល និងសេដ្ឋកិច្ចគ្រួសារ ទី២ គឺ health care cause មានន័យថា ប៉ះពាល់ទៅលើតម្លៃនៃការប្រើប្រាស់សម្រាប់ថែទាំសុខភាព» ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍បន្តទៀតថា «អ៊ីចឹងខ្ញុំសុំឆ្លៀតពេលបង្ហាញអានេះបន្តិច! សម្រាប់បុគ្គល ក្នុង១នាក់ ក្នុង១ឆ្នាំ គាត់ត្រូវចំណាយលើការទិញប្រើប្រាស់គ្រឿងស្រវឹងនេះ ដែលវាមិនមានផលប្រយោជន៍អីសម្រាប់សុខភាពសោះឡើយនេះ អស់ប៉ុន្មាន? អស់៤៨៦ដុល្លារ ក្នុង១នាក់ ក្នុង១ឆ្នាំ ។ យើងមើលទៅឃើញដូចតិចណាស់ ៤៨៦ ក្នុង១ឆ្នាំ តិចណាស់ តែមិនមែនតិចទេណា ក្នុង១នាក់ទេ ។ អ៊ីចឹងខ្ញុំសាកល្បង អត់មានអ្នកណាគុណទេ ខ្ញុំគុណខ្លួនខ្ញុំទេ ព្រោះយើងចង់យល់ដែរ ។ ដល់យកអាហ្នឹងទៅគុណ ឥឡូវយើងប៉ាន់ប្រមាណមើលតាមតួលេខដែលបានសិក្សា ៥០% តែឥឡូវខ្ញុំគុណនេះ អត់បាន៥០% ផង ខ្ញុំយកតែ ៤លាននាក់ នៃប្រជាជនកម្ពុជា ពី១៥ឆ្នាំឡើង ត្រូវចំណាយអស់ប៉ុន្មាន? ១៩៤៤លាន មិនមែន ១លានទេ គឺ១៩៤៤លានដុល្លារអាមេរិក នៅក្នុង១ឆ្នាំ ។ លុយច្រើនណាស់ ១ឆ្នាំនេះ សឹងតែថា យកទៅសង់ធ្វើអីៗបានច្រើនណាស់ ។ ឥឡូវយើងមើលលើការថែទាំសុខភាព អស់ប៉ុន្មាន? លើការថែទាំសុខភាព ខ្ញុំគិតនៅក្នុងចំណោមអ្នកដែលឈឺ ១ពាន់នាក់ ដែលបណ្ដាលមកពីគ្រឿងស្រវឹង ឃើញយ៉ាងម៉េច? មហារីក ខ្ញុំជម្រាបជូនមិញហ្នឹង គាត់ត្រូវចំណាយអស់ប៉ុន្មាន ដើម្បីព្យាបាល? ២៨៣លានដុល្លារ ក្នុង១ឆ្នាំ ច្រើនណាស់ ទិញថ្នាំ ថ្លៃពេទ្យ ថ្លៃអីសព្វបែបយ៉ាងទាំងអស់ មធ្យោបាយសព្វបែបយ៉ាង ដើម្បីព្យាបាលមហារីក ច្រើន ព្រោះថ្នាំពេទ្យ ឥឡូវថ្លៃ ។ មួយទៀត Stroke ដាច់សរសៃឈាមខួរក្បាល ៥៩លានដុល្លារ ។ គាំងបេះដូង សុខៗគាំងបេះដូង អស់ ២២.៥លានដុល្លារ ។ Mental Health បញ្ហាខួរក្បាលនេះ ៤៨លានដុល្លារសហរដ្ឋអាមេរិក…” ៕ កុលបុត្រ

RELATED ARTICLES